អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អញ្ជើញ​សង្គម​ស៊ីវិល​ចូល​រួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុប

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចេញ​លិខិត​ជូន​ដំណឹង និង​លិខិត​អញ្ជើញ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ក្រុមហ៊ុន និង​បុគ្គល​ឯកជន ឱ្យ​ចូល​រួម​សង្កេតការណ៍​ក្នុង​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ។ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ហាក់​នៅ​មាន​ភាព​មិន​ទាន់​ស្រប​គ្នា​នៅ​ឡើយ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ស្វាគមន៍​ចំពោះ​លិខិត​ជូន​ដំណឹង និង​លិខិត​អញ្ជើញ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន ចូល​រួម​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប នៅ​ខែ​សីហា ខាង​មុខ។

អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ មេសា ថា សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ត្រង់​ឧបសម្ពន្ធ​ទី​២ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ភាព​ជា​ដៃគូ រវាង​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល។

លោក សន ជ័យ៖ «គឺ​ហាក់​ដូច​ជា​បាន​បង្ហាញ​អំពី​ឱកាស​ទូលំទូលាយ​ក្នុង​ការ​ចូល​រួម ដូច​ជា​ការ​ផ្ដល់​លទ្ធភាព​ឱ្យ​មាន​ការ​ធ្វើ​ការ​ចូល​រួម​ពី​អង្គការ NGOs មាន​ពី​ក្រុមហ៊ុន អ្នក​ឯកជន មាន​ពី​មហាជន និង​អ្នក​ស្ម័គ្រចិត្ត​ពី​សហគមន៍។ អ៊ីចឹង​វា​ជា​ចំណុច​មួយ​ល្អ ហើយ​ក្នុង​នោះ​ដែរ ក៏​បើក​ឱកាស​ឱ្យ​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​ប្រកាស​ព័ត៌មាន អាច​ថា​ជា​ព័ត៌មាន​រួម​ជាមួយ​អង្គភាព​ប្រឆាំង​អំពី​ពុក​រលួយ ឬ​ក៏​អង្គការ​ហ្នឹង​មាន​សិទ្ធិ​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​របាយការណ៍​នៃ​ក្រុម​របស់​ខ្លួន​បាន​ធ្វើ​ការ​ហ្នឹង។ អ៊ីចឹង នេះ​ជា​ដំណើរ​ការ​មួយ​ខ្ញុំ​គិត​ថា ផ្ដល់​ឯករាជ្យ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​ចូល​រួម»

លិខិត​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ចេញ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​អង្គភាព​នេះ ចំពោះ​ការ​កែ​ទម្រង់​លើ​ការ​ប្រឡង​គ្រប់​ប្រភេទ​របស់​ក្រសួង​អប់រំ ដែល​កំណត់​ទិស​ស្លោក​ថា "អ្នក​ចេះ គឺ​ជាប់"។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អញ្ជើញ​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គល​ឯកជន ឱ្យ​ចូល​រួម​សង្កេតការណ៍​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែល​នឹង​ធ្វើ​នៅ​ខែ​សីហា ខាង​មុខ​នេះ ក៏​ជា​ការ​តាម​ដាន​វាយ​តម្លៃ និង​ធ្វើ​អន្តរាគមន៍ ដើម្បី​ឱ្យ​បទប្បញ្ញត្តិ​ទាំង​ឡាយ​របស់​ក្រសួង​អប់រំ និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ច្បាប់​នានា ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​ពី​គ្រប់​ភាគី នៅ​ក្នុង​ដំណើរ​ការ​ប្រឡង ក្នុង​ទិសដៅ​ពង្រឹង​ធ្វើ​ឱ្យ​មាន​ស្មើភាព យុត្តិធម៌ មាន​គុណភាព និង​ដោយ​តម្លាភាព ហើយ​បង្កើត​ជា​ទម្លាប់​ថ្មី​ល្អ​នៅ​ពេល​ខាង​មុខ។

ទោះ​ជា​ដូច្នេះ​ក្ដី អនុ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា អ្នកស្រី​នៅ​មិន​ទាន់​ប្រាកដ​ថា យន្តការ​ចូល​រួម​ត្រួត​ពិនិត្យ​ថ្មី​នេះ អាច​ធ្វើ​ឱ្យ​ភាព​យុត្តិធម៌​ក្នុង​ពេល​ប្រឡង​បាន​ប្រសើរ​ឡើយ៖ «តាម​គំនិត​ខ្ញុំ​គិត​ថា មិន​អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​ទេ ព្រោះ​អី​ដូច ហ៊ុន សែន គាត់​ស្រែក​ហើយ​ថា មិន​ឱ្យ​កាប់​ព្រៃ​ឈើ ប៉ុន្តែ​ព្រៃ​ឈើ​កាន់​តែ​រលស់ កាន់​តែ​អស់​ទៅៗ ហើយ​គាត់​សុខ​ចិត្ត​កាត់​ក្បាល​កាត់​អី។ អ៊ីចឹង​សួរ​ថា​មាន​ន័យ ឬ​អត់? វា​អត់​ន័យ។ ចុះ​ទម្រាំ​អំពើ​ពុក​រលួយ​តែ​បន្តិច​មួយ​ហ្នឹង។ អា​ហ្នឹង​រឿង​ជាតិ​ទាំង​មូល​នៅ​តែ​បាត់​បង់ ចុះ​ទម្រាំ​អំពើ​ពុក​រលួយ ហើយ​ទម្រាំ​ការ​ប្រឡង អា​ហ្នឹង​រឿង​កំប៉ិកកំប៉ុក​ផង ដូច​ខ្ញុំ​ថា​អ៊ីចឹង ត្រី​ងៀត​នៅ​តែ​ឆ្លៀត​ពង​អ៊ីចឹង»

ការ​ប្រឡង​យក​សញ្ញាបត្រ​ជា​រៀង​រាល់​លើក​នៅ​ប្រទេស​កម្ពុជា តែង​តែ​មាន​បាតុភាព​អំពី​អំពើ​ពុក​រលួយ​សូក​ប៉ាន់​មេ​ប្រយោគ ដើម្បី​ទទួល​បាន​ចម្លើយ​សម្រាប់​វិញ្ញាសា​ប្រឡង។

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សរសេរ​អំពី​យន្តការ​រៀប​ចំ និង​នីតិវិធី​ប្រឡង ព្រម​ទាំង​ការ​ដាក់​វិន័យ​ចំពោះ​បេក្ខជន​ប្រព្រឹត្ត​ខុស​ឆ្គង​នៅ​ពេល​ប្រឡង ដែល​ចេញ​ដោយ​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១១។ វិន័យ​ទាំង​នោះ មាន​ទាំង​ការ​កំណត់​ឱ្យ​ធ្លាក់ ការ​បណ្ដេញ​ពី​បន្ទប់​ប្រឡង ការ​ផ្អាក​មិន​ឱ្យ​ប្រឡង​ពីរ​ឆ្នាំ​បន្តបន្ទាប់។ ករណី​ខ្លះ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​គ្រឹះស្ថាន​សិក្សា រួច​ត្រូវ​បញ្ជូន​ទៅ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង។

កាល​បរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​២០១៤ នេះ គឺ​នៅ​ថ្ងៃ​ទី​៤ និង​ទី​៥ ខែ​សីហា ហើយ​ដំណើរ​ការ​តាម​មណ្ឌល​ប្រឡង​ដែល​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ខេត្ត រាជធានី និង​នៅ​ខេត្ត​ខ្លះ អាច​មាន​ដល់​ស្រុក​ជិត​ទី​រួម​ខេត្ត ប្រសិន​បើ​ចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។