ក្រោយសារសំឡេងលោក ហ៊ុន សែនបែកធ្លាយ ដែលបញ្ជាឲ្យដកតំណែងបុគ្គលិកជាន់ខ្ពស់ នៃស្ថានីយទូរទស្សន៍ CNC នៅពេលនេះទំព័រហ្វេសប៊ុក (Facebook Page) របស់ទូរទស្សន៍ CTN CTN International និង MYTV Plus ត្រូវជនអនាមិក លួចយកទៅគ្រប់គ្រង។ ជនអនាមិកបានយកសារជាសំឡេងលោក ហ៊ុន សែន នោះ មកបង្ហោះនិងបានសរសេរថា អ្វីដែលលោក ហ៊ុន សែន និយាយគឺជាការប្រមាថគំរាមកំហែងម្ចាស់ស្ថានីយ លោក គិត ម៉េង និងថា បុគ្គលិកទូរទស្សន៍ CNC CTN និង MYTV Plus ស្នើទៅលោក ហ៊ុន សែន រក្សាភាពថ្លៃថ្នូរកុំលូកដៃការងារផ្ទៃក្នុងក្រុមហ៊ុននេះ។
ស្ថានីយទូរទស្សន៍ CTN និង MYTV នៅថ្ងៃទី២៥ ធ្នូ បានដំណឹងជូនថា ករណីមានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើ ទំព័រហ្វេសប៊ុកទាំងនេះ មិនមែនជាការទទួលខុសត្រូវរបស់ស្ថានីយទូរទស្សន៍ CTN និង MYTV ឡើយ។
កាលពីសប្ដាហ៍មុន សារសំឡេងបែកធ្លាយរបស់ លោក ហ៊ុន សែន ត្រូវបានចែកចាយតាមបណ្ដាញសង្គម។ ក្នុងសារសំឡេងនោះ លោក ហ៊ុន សែន បានបញ្ជាឲ្យដកអគ្គនាយកថ្មី នៃស្ថានីយទូរទស្សន៍ ដែលត្រូវជាក្មួយរបស់សមាជិកគណៈអចិន្ត្រៃយ៍បក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី អ្នកស្រី ម៉ែន សំអន ចេញពីតួនាទី។
លោក ហ៊ុន សែនថែមទាំងបញ្ជាក់ថា ស្ថានីយ CNCនេះ ទទួលបានការឧបត្ថម្ភពីលោក ហើយបុគ្គលិកយកព័ត៌មានមួយចំនួនក៏ទទួលលុយពីលោក និងភរិយារបស់លោកដែរ។ លោក ហ៊ុន សែន គំរាមថា ប្រសិនបើលោក គិត ម៉េង មិនធ្វើតាមបំណងលោកនោះទេ ពាណិជ្ជកម្មរបស់លោក គិត ម៉េង នឹងមានបញ្ហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។