កងកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញជាង១០០នាក់ បានចេញមករារាំងក្រុមគ្រូបង្រៀន ដោយមិនអនុញ្ញាតឲ្យក្រុមគ្រូទាំងនោះ យកញត្តិរបស់ខ្លួនទៅដាក់នៅក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធនោះទេ។ ការរារាំងនេះធ្វើឡើងក្នុងពេលក្រុមគ្រូបង្រៀនប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិ ៥តុលា នៅសួនច្បារប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
ការប្រារព្ធ «ទិវាគ្រូបង្រៀនពិភពលោក» ក្រោមការរឹតបន្តឹងសន្តិសុខនៅពេលនេះត្រូវបានក្រុមគ្រូបង្រៀនរិះគន់ថា របបថ្មីលោក ហ៊ុន សែន នៅតែរឹតបន្តឹងសិទ្ធិសេរីភាពនៃការសម្ដែងមតិដដែល។ គ្រូបង្រៀនមកពីបណ្ដាខេត្តនានា និងក្រុងភ្នំពេញប្រមាណ ១០០នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ក្នុងខណ្ឌឫស្សីកែវ និងគ្រោងដង្ហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា ក្រសួងអប់រំ និងខុទ្ទកាល័យលោក ហ៊ុន សែន ប៉ុន្តែកងកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ១០០នាក់ដែរនោះបានចេញមករារាំងក្បួនរបស់គ្រូបង្រៀន។
ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន ពន្យល់មូលហេតុដែលគ្រូបង្រៀនមាន បំណងដង្ហែក្បួនយកញត្តិ ទៅដាក់នៅក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធព្រោះញត្តិរបស់គ្រូបង្រៀនកន្លងទៅមិនដែលឃើញក្រសួងអប់រំឆ្លើយតបនោះទេ។ លោកបន្តថា ថ្ងៃនេះលោកចង់យកក្បាលមេក្រូទៅស្រែកមុខក្រសួងអប់រំតែម្ដងដើម្បីឲ្យក្រសួងអប់រំបានដឹងពីទុក្ខកង្វល់គ្រូបង្រៀន៖ «រាល់លិខិតសមាគម សហជីព អត់ដែលឆ្លើយតបទេ ប៉ុន្តែមានការឆ្លើយតបម្ដងពីក្រសួងមហាផ្ទៃ ក្រៅពីណឹងអត់សោះ អ៊ីចឹងបានខ្ញុំចង់កាន់ក្បាលមេក្រូទៅស្រែកនៅមុខក្រសួងអប់រំ»។
ប៉ុន្តែ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និយាយក្នុងពេលដឹកនាំកម្លាំងរារាំងក្រុមគ្រូបង្រៀនថាការសម្ដែងមតិ មិនមែនសំដៅទៅលើការដង្ហែក្បួនដាក់ញត្តិនោះទេ។ លោកបន្តថា ការជួបជុំ និងសម្ដែងមតិនៅទីលានប្រជាធិបតេយ្យនេះគឺគ្រប់គ្រាន់ហើយ។ ជាង នេះទៅទៀត លោកអភិបាលរងរាជធានីរូបនេះនិយាយថា ការមិនអនុញ្ញាតឲ្យហែក្បួនដាក់ញត្តិគឺអនុវត្តតាមស្មារតីនៃកិច្ចប្រជុំរបស់កិច្ចសាលាក្រុង និងសមាគមគ្រូបង្រៀន៖ «សិទ្ធិសេរីភាពសម្ដែងមតិមិនមែនទាល់តែដើរទេ បានន័យថាបើកសិទ្ធិសេរីភាពទេ សារព័ត៌មានគ្រប់ប៉ុស្តិ៍មកយកព័ត៌មាននៅទីនេះ»។
សមាគមគ្រូបង្រៀនឯករាជ្យប្រារព្ធទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ “សិទ្ធិ ទទួលបានការអប់រំ និងសិទ្ធិទទួលបានគ្រូបង្រៀនមានគុណភាព”។ ចំណែកលោក ហ៊ុន សែន ក៏បានរៀបចំអបអរសាទរទិវាគ្រូបង្រៀននេះដែរ នៅវិទ្យាស្ថានជាតិអប់រំក្រោមប្រធានបទ៖ «គុណភាពគ្រូជាគុណភាពមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព» ។
អ្នកគ្រូម្នាក់ឡើងថ្លែងការក្នុងពិធីនេះបានលើកឡើងថា ក្រៅពីមុខរបបគ្រូបង្រៀនអ្នកគ្រូត្រូវឆ្លៀតពេលលក់ដូរបន្ថែមទៀតទើបអាចទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកគ្រូបាន។ អ្នកគ្រូសំណូមពរដល់ក្រសួងអប់រំដំឡើងប្រាក់ដល់គ្រូបង្រៀនដើម្បីឲ្យពួកគាត់អាចរស់បានសមរម្យដោយ មិនចាំបាច់ចេញរកស៊ីបន្ថែមដើម្បីទុកពេលវេលានោះស្រាវជ្រាវឯកសារបង្រៀនសិស្សទើបមានប្រយោជន៍ចំពោះសង្គមជាតិ៖ «គ្រូបង្រៀនល្អ កូនសិស្សក៏ល្អដែរជាទំពាំងស្នងឫស្សី គ្រឹះមូលដ្ឋាន ប្រទេសណាក៏គេមើលក្រសួងអប់រំដែរតើអប់រំនេះមានវិន័យល្អទេបើសិនប្រាក់ខែមិនគ្រប់»។
លិខិតចំហរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារទៅរបបលោក ហ៊ុន សែន ដំឡើងប្រាក់ខែចំនួន២លានរៀលក្នុងមួយខែដល់គ្រូបង្រៀន និងទាមទារប្រាក់ឧបត្ថម្ភកូនគ្រូបង្រៀន៤ម៉ឺនរៀលព្រមទាំងប្រពន្ធ៥ម៉ឺនរៀល ប្រាក់គរុកោសល្យ៤ម៉ឺនរៀន ប្រាក់ទ្រទ្រង់សុខភាព និង អត្ថប្រយោជន៍ផ្សេងៗដល់គ្រូបង្រៀន។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ថា ទាល់តែមានការដំឡើងប្រាក់បៀវត្សរ៍គោលគ្រូឲ្យបានសមរម្យ គឺចំនួន២លានរៀលនិងការផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដល់ពួកគេ ទើបធ្វើឲ្យគ្រូបង្រៀនមានជីវភាពថ្លៃថ្នូរទើបលែងឆ្លៀតទៅរកមុខរបរទី២ និងលែងជំរិតទារលុយពីសិស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
