ព្រឹទ្ធាចារ្យចាប៉ីដងវែង ប្រាជ្ញ ឈួន បានទទួលមរណភាពហើយក្នុងជន្មាយុ ៨២ឆ្នាំដោយជរាពាធនៅរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា។ មរណៈភាពរបស់លោក ប្រាជ្ញ ឈួន ធ្វើឲ្យមហាជនទូទៅសម្តែងការសោកស្តាយជាខ្លាំង។
សពលោក ប្រាជ្ញ ឈួន តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តបទុមវត្តី ក្រុងភ្នំពេញ រហូតដល់ថ្ងៃបូជាគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា។ រីឯវិធីបុណ្យគម្រប់ ៧ថ្ងៃនឹងរៀបចំនៅស្រុកកំណើតរបស់ លោកឋិតនៅភូមិសម៉រក្រោម ឃុំខ្វាង ស្រុកទ្រាំង ខេត្តតាកែវ។
លោក ប្រាជ្ញ ឈួន ជាជនពិការភ្នែកទាំងសងខាងតាំងពីអាយុ ៥ឆ្នាំ ដោយសាររោគកញ្ជ្រឹល លោកអាចឃើញព្រាលៗ តែប៉ុណ្ណោះ។ លោកកើតនៅឆ្នាំ១៩៣៦ ក្នុងគ្រួសារកសិករនិងមានបង ប្អូន៦នាក់។ ព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះចេះច្រៀងចាប៉ីពីឪពុកមាម្នាក់តាំងពីកុមារភាពម៉្លេះ និងទទួលបានការបង្ហាត់បង្រៀនខាងសាភាបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗ ពីព្រះសង្ឃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។