ម្ចាស់រថយន្តដឹកទំនិញធ្វើបាតុកម្មបិទផ្លូវជាតិលេខ៦
2013.03.09
ក្រុមអ្នកបើកឡានដឹកទំនិញ អះអាងថា ការបង្ខំអោយបង់ប្រាក់ពិន័យ គឺពុំត្រូវបានមន្ត្រីអនុវត្តច្បាប់ធ្វើឡើងដោយមានតម្លាភាព និងស្មើភាពគ្នាឡើយ។
ក្រុមអ្នកបើកឡានដឹកទំនិញ ទាមទារអោយអាជ្ញាធរអនុវត្តច្បាប់អោយបានស្មើភាពគ្នា នូវរាល់បទល្មើសដឹកជញ្ជូនលើសចំណុះ ចៀសវាងប្រកាន់បក្ខពួក ឬផាកពិន័យតែអ្នកដឹកទំនិញដែលគ្មានបក្ខពួកខ្នងបង្អែក។
អ្នកបើកឡានដឹកស្រូវ លោក លី ផល ដែលឡានរបស់លោក និងឡានមិត្តរួមអាជីព ៣គ្រឿងទៀត ត្រូវមន្ត្រីត្រួតពិនិត្យការដឹកជញ្ជូនលើសចំណុះ រកឃើញថា មានកំហុស និងត្រូវផាកពិន័យប្រាក់ចំនួន ១២លានរៀល។ លោកបន្តថា លោកចង់អោយមានការផាកពិន័យអោយដូចៗគ្នា មិនមែនផាកពិន័យតែពួកគាត់ ហើយបែរជាលើកលែងចំពោះអ្នកដទៃទៀតដែលដឹកទំនិញលើសចំណុះដូចគ្នានោះឡើយ។ យ៉ាងណា លោកស្នើសុំអោយមានការសម្របសម្រួលរកដំណោះស្រាយសមរម្យសម្រាប់ពួកគាត់។
ចាប់តាំងពីម៉ោងប្រមាណ ១០ព្រឹកថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ រថយន្តដឹកស្រូវជាង ១០គ្រឿង ត្រូវគេចតលើផ្លូវ ដើម្បីធ្វើជារបាំង ចំណែកឡានដឹកទំនិញធុនតូច និងមធ្យមជាច្រើនទៀត ក៏បានចូលរួមការតវ៉ានេះ។ របាំងរាំងផ្លូវនោះ បានធ្វើអោយចរាចរណ៍លើផ្លូវលេខ៦ ចំណុចភូមិស្តុកស្ដម្ភ ស្រុកសន្ទុក ខេត្តកំពង់ធំ កកស្ទះមួយរយៈពេល។ ប៉ុន្តែការកកស្ទះបានធូរស្រាលទៅវិញ បន្ទាប់ពីមធ្យោបាយដឹកជញ្ជូនតាមផ្លូវនេះ ត្រូវបង្វែរអោយវៀងចេញពីផ្លូវជាតិលេខ៦ ដោយចូលទៅតាមផ្លូវតូចក្នុងឃុំស្រះខ្ចៅ។ ផ្លូវវៀងនោះ អាចអោយមធ្យោបាយដឹកជញ្ជូនទាំងនោះត្រឡប់ចូលមករកផ្លូវជាតិលេខ៦ វិញនៅចម្ងាយផ្លូវប្រមាណ ២គីឡូម៉ែត្រ ពីកន្លែងតវ៉ា។
នៅរសៀលថ្ងៃដដែលនេះ ការចរចាមួយបានធ្វើឡើងរវាងអ្នកបើកឡានដឹកទំនិញ សមត្ថកិច្ចផ្នែកដឹកជញ្ជូន និងអាជ្ញាធរខេត្ត។ បើទោះបីជាពុំទាន់មានលទ្ធផល ក្រុមអ្នករត់ឡានបានរំសាយការតវ៉ាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយ។
អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ មានប្រសាសន៍ថា ការចរចារកដំណោះស្រាយ ជាការសម្រេចរបស់មន្ត្រីជំនាញ ចំណែកខាងអាជ្ញាធរខេត្ត បានសម្របសម្រួលអោយបើកផ្លូវឡើងវិញ។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំការអធិប្បាយពីមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ខាងផ្នែកជញ្ជីង ដែលត្រួតពិនិត្យចល័តតាមដងផ្លូវនេះបាននៅឡើយទេ នៅល្ងាចថ្ងៃទី៩ ខែមីនា។
កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ អ្នកបើករថយន្តដឹកទំនិញប្រមាណជាង ៥០នាក់ បានលើកគ្នាទៅតវ៉ានៅមុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បន្ទាប់ពីមន្ត្រីខាងផ្នែកជញ្ជីងត្រួតពិនិត្យចល័តតាមដងផ្លូវ បានធ្វើការចាប់ផាកពិន័យការផ្ទុកទំនិញលើសចំណុះរបស់ពួកគេធ្ងន់ធ្ងរបែបនេះម្ដងដែរ ហើយក៏ត្រូវអភិបាលខេត្តសម្របសម្រួលដោះស្រាយលើកលែងការផាកពិន័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។