គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម កំពុងកសាងសំណុំរឿងឱសថ ឬថ្នាំពេទ្យខុសច្បាប់ និងក្រោម គុណភាពប្រមាណ ៤០តោន ទៅតុលាការ បន្ទាប់ពីបង្ក្រាបកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ សង្គមស៊ីវិលបានលើកឡើងថា ការហូរចូលនៃឱសថក្លែងក្លាយមកកម្ពុជាអាចមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការឃុបឃិតគ្នាជាប្រព័ន្ធ ហើយអាជ្ញាធរ គួរតែពង្រីកវិធានការឲ្យបានទូលាយ និងប្រសិទ្ធិភាពបន្ថែមទៀត។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា ថ្លែងក្នុងសនិ្នសីទសារព័ត៌មាននៅថ្ងៃទី២០ វិច្ឆិកាថា អាជ្ញាធរជំនាញបានបង្ក្រាប និងដកហូតជាបណ្តោះអាសន្ននូវផលិតផលឱសថខុសច្បាប់ និងអន់គុណភាពចំនួន ៧ពាន់ ៥០០ (៧.៥០០) កេស មានទម្ងន់ប្រហែល ៤០តោន ស្មើនឹង ១៨៥មុខ ។
លោកបញ្ជាក់ថា អាជ្ញាធរ កំពុងកសាងសុំណុំរឿងឱសថក្លែងក្លាយនេះ បញ្ជូនទៅតុលាការ ប៉ុន្តែ អាជ្ញាធរមិនទាន់ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនចែកចាយឱសថនេះនៅឡើយទេ ដោយគ្រាន់តែធ្វើលិខិត អញ្ជើញមកសួរនាំប៉ុណ្ណោះ៖ «»
លោក មៀច សុផាន់ណា បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា លើក្រុមហ៊ុនចែកចាយឱសថមួយឈ្មោះ ខេមបូឌា ខូអប់ភើរ៉េសិន ហ្វាម៉ា (Cambodian Cooperation Pharma company) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោកបន្ថែម ថា ក្រុមហ៊ុននេះ ដំណើការជាង ៧ឆ្នាំមកហើយ ដោយមានឱសថជាច្រើនប្រភេទមិនបានចុះបញ្ជីពីក្រសួងសុខាភិបាលទេ៖ «»
លោក មៀច សុផាន់ណា អំពាវនាវឲ្យប្រជាពលរដ្ឋ កុំប្រើប្រាស់ថ្នាំពេទ្យតាមការនឹកឃើញ ត្រូវតែទៅជួបពិគ្រោះជំងឺ និងមានវេជ្ជបញ្ជាពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ។ ជាពិសេសពេលទិញថ្នាំពេទ្យ ត្រូវយកវិក័យប័ត្រ ដើម្បីទុកធ្វើជាភស្តុតាង ពេលមានបញ្ហាកើតឡើង៖ «»
អ្នកជំនាញម្នាក់ក្នុងវិស័យសុខាភិបាលលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើអ្នកជំងឺ ប្រើប្រាស់ឱសថក្លែងក្លាយនេះ គឺមានន័យស្មើនឹងមិនបានព្យាបាល ហើយខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
រដ្ឋធម្មនុញ្ញមាត្រា ៦៤ ចែងយ៉ាងច្បាស់ថា រដ្ឋត្រូវហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់លើជនដែលនាំចូល ឬផលិតទំនិញក្លែងក្លាយ ប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់។
សង្គមស៊ីវិល ធ្លាប់ស្នើដល់ក្រសួងសុខាភិបាល ចាត់វិធានការឱ្យបានតឹងរ៉ឹង ដោយនាំខ្លួនម្ចាស់ក្រុមហ៊ុន ឬអ្នកនាំចូលផលិតផលឱសថក្លែងក្លាយទាំងអស់ យកមកផ្តន្ទាទោស ប្រសិនបើរកឃើញថាពួកគេពិតជាបានធ្វើល្មើសច្បាប់មែននោះ មិនមែនគ្រាន់តែប្រកាសហាមឃាត់តែមួយមុខបែបនេះទេ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថាចំណាត់ការរបស់ក្រសួងទាក់ទងនឹងផលិតផលឱសថក្លែងក្លាយ គឺគ្រាន់តែជាការរត់តាមពីក្រោយក្រុមហ៊ុន ឬអ្នកចែក ចាយតែប៉ុណ្ណោះ។ លោកបន្ថែមថា កន្លងទៅ ឃើញមានការរឹបអូស ផលិតផលឱសថក្លែងក្លាយ យកទៅបំផ្លាញចោលដែរ ប៉ុន្តែកម្រឃើញក្រសួងចាត់វិធានការ ចំពោះម្ចាស់អាជីវកម្ម ឬអ្នកនាំចូលទាំងនោះណាស់។
លោកជឿជាក់ថា មូលហេតុសំខាន់នៃការហូរចូលឱសថក្លែងក្លាយទាំងនេះ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការឃុបឃិតគ្នាជាប្រព័ន្ធ។
លោក សន ជ័យ និងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ជំរុញឱ្យក្រសួងសុខាភិបាលដាក់ ចេញនូវវិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ទូលាយ និងជាក់ស្តែងជាងពេលបច្ចុប្បន្ននេះ ដើម្បីធានាថា ឱសថក្លែងក្លាយនឹងអាចចរាចរលើទីផ្សារកម្ពុជាបានតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
