ប្រសិនបើពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកណាអស់សុពលភាព ឫផុតកំណត់លិខិតឆ្លងដែន ឥឡូវនេះស្ថានទូតខ្មែរប្រកាសបន្តសុពលភាពឲ្យដោយឥតគិតថ្លៃ។ សេចក្ដីជូនដំណឹងរបស់ស្ថានទូតខ្មែរ ផ្សាយកាលពីថ្ងៃទី៤ តុលា ថា សិស្ស និស្សិត និងពលរដ្ឋខ្មែរដែលសិក្សា ធ្វើការ ឫស្នាក់នៅបណ្ដោះអាសន្ន និងអចិន្ត្រៃយ៍ នៅសហរដ្ឋអាមេរិក គឺរាល់ការពន្យារសុពលភាពលិខិតឆ្លងដែន ការផ្ដល់ទិដ្ឋាការពិសេស ប្រភេទ (K) ឫហៅថាប្រភេទទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ និងការចេញលិខិតបើកផ្លូវធ្វើដំណើរបណ្ដោះអាសន្ន (Temporary Travel Document) គឺពុំមានការយកកម្រៃសេវាទេ លើកលែងតែការបញ្ជាក់នីត្យានុកូលកម្មលើឯកសារផ្សេងៗ គឺត្រូវបង់ថ្លៃសេវាទៅតាមការកំណត់ដែលមានស្រាប់នៅស្ថានទូត។
កន្លងមកមន្ត្រីស្ថានទូត និងការិយាល័យកុងស៊ុលតែងយកប្រាក់ពីពលរដ្ឋខ្មែរ ដែលទៅបន្តសុពលភាពលិខិតឆ្លងដែនតម្លៃ៥០ដុល្លារ ប៉ុន្តែ លេខាធិការទី១ស្ថានទូតទទួលបន្ទុកកិច្ចការកុងស៊ុល ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន លោក វង់ ចាន់ណុច បានឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃ ទី៥ តុលា ថាកាលពីឆ្នាំ២០១៧ កន្លងទៅ លោកមិនបានដឹងថា មានគេយកថ្លៃសេវា ឬក៏យ៉ាងណានោះឡើយ ប៉ុន្តែឥឡូវនេះគ្មានតម្រូវឲ្យបង់ថ្លៃនោះទេ៖ «ចាប់តាំងពីមានការប្រកាសរបស់ក្រសួងមកហ្នឹង យើងអត់បានយកកម្រៃសេវា ទៅលើប៉ាស្ព័រ ( លិខិតឆ្លងដែន ) ចំពោះការបន្តវីសាប្រភេទខេអាហ្នឹង យើងអត់បានយកយូរឆ្នាំមកហើយ មិនមែនទើបតែថ្មីៗនឹងទេ។ ពាក់ព័ន្ធទៅនឹង២០១៧កន្លងមក ពាក់ព័ន្ធអាថ្លៃសេវាប៉ាស្ព័រ រឺក៏លិខិតធ្វើដំណើរបណ្ដោះអាសន្នពីមុននឹង ប្រហែលជាអាចមានគេយក ព្រោះខ្ញុំមិនច្បាស់ទេអាហ្នឹង ប៉ុន្តែចាប់ពីមានការប្រកាសរបស់ក្រសួងមក ក្រសួងគាត់មានតម្លៃសេវាកំណត់ជារួមមួយគ្រប់ស្ថានទូតយើងក៏បានផុសក្នុងវេបសាយ ( គេហទំព័រ )»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញគោលការណ៍ស្ដីពីការផ្ដល់សេវានេះ ទៅដល់ការិយាល័យកុងស៊ុលនៃស្ថានទូតនៅ Washington DC និងនៅតាមកុងស៊ុលកិត្តិយស នៃបណ្ដាលរដ្ឋមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
