គណៈកម្មការ​រៀបចំ​បុណ្យ​បណ្ឌិត កែម ឡី ថា​ពិធី​បុណ្យ​១០០​ថ្ងៃ​អាច​នឹង​ធ្វើ​នៅ​វត្ត​ថាន់

ដោយ ឡេង ម៉ាលី
2016.09.27
Share on WhatsApp
Share on WhatsApp
សព​លោក កែម ឡី ២០១៦ ៨៥៥ ប្រជាពលរដ្ឋ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​នៃ​សព​លោក​បណ្ឌិត កែម ឡី មាន​សញ្ញា​អំពី​ទីតាំង​ធ្វើ​បុណ្យ​ហើយ​នៅ​ពេល​នេះ ក៏ប៉ុន្តែ​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​នេះ​កំពុង​ពិភាក្សា​គ្នា ដើម្បី​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​នៃ​សព​បណ្ឌិត កែម ឡី គឺ​លោក សៅ កុសល ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២៧ កញ្ញា ថា ទីតាំង​សម្រាប់​រៀបចំ​ពិធី​បុណ្យ​នៅ​រាជធានី​ភ្នំពេញ អាច​នឹង​ធ្វើ​បាន​នៅ​វត្ត​ថាន់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

លោក សៅ កុសល ថ្លែង​បន្ត​ថា នេះ​ជា​សញ្ញា​ល្អ​មួយ​បន្ទាប់​ពី​គណៈកម្មការ​ព្យាយាម​សុំ​ទៅ​ព្រះចៅ​អធិការ​វត្ត​នេះ៖ «ខ្ញុំ​បាន​ជួប​ព្រះចៅ​អធិការ​វត្ត​ថាន់ នោះ ព្រះគ្រូ​ចៅអធិការ​លោក​មាន​សង្ឃ​ដីកា​ឯកភាព​ឲ្យ​ធ្វើ គ្រាន់​តែ​ថា សុំ​បន្ត​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​បន្ត​ទៀត​ទៅ។ ចំពោះ​លោក​អត់​បញ្ហា​អី​ទេ»

ទោះ​បី​ជា​ទទួល​បាន​សញ្ញា​អំពី​ការ​ផ្ដល់​ទីតាំង​ពី​ព្រះចៅ​អធិការ​វត្ត​ថាន់ ដូច្នេះ​ក្ដី ក៏​ទីតាំង​នេះ​ហាក់​នៅ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ រហូត​ទាល់​តែ​មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ។ គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​នៃ​សព​បណ្ឌិត កែម ឡី បាន​ជួប​ប្រជុំ​គ្នា​សម្រេច​ការងារ​នេះ ហើយ​នឹង​ធ្វើ​លិខិត​ទៅ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​យូរ ២​ថ្ងៃ​ទៀត៖ «យើង​នឹង​ធ្វើ​លិខិត​ទៅ​ក្រុង ដើម្បី​រៀបចំ​កម្មវិធី​ហ្នឹង។ យើង​ថា យើង​បាន​ព័ត៌មាន​ពី​ព្រះចៅ​អធិការ​វត្ត​ហើយ យើង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ ដើម្បី​បញ្ជាក់​ថា បុណ្យ​នឹង​ធ្វើ​នៅ​វត្ត​ថាន់។ ចាំ​មើល​ប្រតិកម្ម​របស់​អាជ្ញាធរ​យ៉ាង​ម៉េច​ដែរ​ចំពោះ​បញ្ហា​ហ្នឹង ព្រោះ​កាល​ពី​ម្សិល​ម្ង៉ៃ វី.អូ.ឌី (VOD) បាន​សម្ភាស​ទៅ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ចំពោះ​អាជ្ញាធរ​អត់​មាន​បញ្ហា​អី​ទេ ឲ្យ​តែ​លោក​ឯកភាព​ធ្វើ​នៅ​ទីណា គឺ​ធ្វើ​នៅ​ទីនោះ​ទៅ»

ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ កញ្ញា ថា ខាង​លោក​មិន​ទាន់​ដឹង​ថា​សម្រេច​យ៉ាង​ណា​ទេ ព្រោះ​លោក​មិន​ទាន់​ទទួល​បាន​លិខិត​ផ្លូវ​ការ​ពី​អ្នក​រៀបចំ​បុណ្យ​នៅ​វត្ត​ថាន់ នេះ​នៅ​ឡើយ។

គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ ១០០​ថ្ងៃ​នៃ​សព​បណ្ឌិត កែម ឡី ធ្លាប់​ស្នើសុំ​ទីតាំង​នៅ​វត្ត​បទុមវតី ម្ដង​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​សាធារណជន​អំពី​កម្មវិធី​រយៈពេល ៤​ថ្ងៃ​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា។ កម្មវិធី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ តុលា នៅ​រាជធានី​ភ្នំពេញ។ ថ្ងៃ​ទី​១៦ តុលា ហែ​រូប​សំណាក​របស់​លោក​បណ្ឌិត​ទៅ​ខេត្ត​តាកែវ ហើយ​កិច្ច​បង្ហើយ​បុណ្យ​នៅ​ថ្ងៃ​ទី​១៧ តុលា នៅ​ផ្ទះ​សព​ឯ​ខេត្ត​តាកែវ នោះ។

សម្រាប់​ទីតាំង​ធ្វើ​បុណ្យ​នៅ​ភ្នំពេញ មិន​ទាន់​មាន​ច្បាស់លាស់ ព្រោះ​មិន​ទាន់​បាន​អនុញ្ញាត​ពី​អាជ្ញាធរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។