របបក្រុង​ភ្នំពេញ​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​ថៃ អំពី​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ

0:00 / 0:00

អ្នកនាំពាក្យរបបក្រុងភ្នំពេញ​អះអាង​ថា ក្រសួង​ការងារ​ក្រសួង​ការ​បរទេស និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ កំពុង​ជួប​ជជែក​ជាមួយ​ភាគី​ថៃ ដើម្បី​សម្របសម្រួល​ករណី​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់ នៅ​ប្រទេស​ថៃ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ កន្លង​មក​សង្គម​ស៊ីវិល លើក​ឡើង​ថា អាជ្ញាធរ​បាន​រំលោភ​សិទ្ធិ​ពលករ​ខ្មែរ ដោយ​ការ​ចាប់​បញ្ជូន​ពួក​គេ​មក​កម្ពុជា​វិញ​ធ្វើ ឲ្យ​គ្មាន​ស្តង់ដារ ដោយសារ​ចាប់​ពួក​គេ​ដាក់​ក្នុង​ទ្រុង​ដូច​សត្វ​ធាតុ។

លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងថ្ងៃទី១៧ ខែ​វិច្ឆិកា​ថា ទន្ទឹម​នឹង​ការ​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​ពលករ​នេះ សមត្ថកិច្ច​កម្ពុជា ក៏​កំពុង​ស្វែងរក​ចាប់​មេ​ខ្យល់​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ថៃ​ផង​ដែរ ព្រោះ​ក្រុម​មេ​ខ្យល់​នេះ គឺ​ជា​ប្រភព​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់។

អ្នកនាំពាក្យរូបនេះ​បញ្ជាក់ថា របប​លោក​កំពុង​ព្យាយាម​ប្រែ​ក្លាយ​ពលករ​ធ្វើ​ការងារ​នៅ​ថៃ​ខុស​ច្បាប់​ឲ្យ​ស្រប​ច្បាប់​វិញ៖ «កំពុង​រៀបចំ​ធ្វើ​ឲ្យ​ពួក​គាត់​ក្លាយ​ជា​អ្នក​ធ្វើការ​ស្រប​ច្បាប់​តែ​ម្តង។ បាទ​កំពុង​តែ​បន្ត​ការ​សម្របសម្រួល​ដល់​ពលករ ដែល​ចូល​ធ្វើ​ការ​រួច​ហើយ ដែល​ខុស​ច្បាប់​នេះ​ឯង »

មន្ត្រីកម្មវិធីសិទ្ធិការងារនៃអង្គការ​​សម្ព័ន្ធភាព​ការងារ​និង​​សិទ្ធិ​​មនុ​ស្ស ​​ហៅ​កាត់​​ថា ​សង់ ត្រាល់ លោក ឌី ថេហូយ៉ា ស្នើសុំ​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​កម្ពុជា និង​ថៃ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ពលករ​អាច​ស្នើសុំ​ឯកសារ​ស្រប​ច្បាប់។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​រៀបចំ​កន្លែង​ធ្វើ​ឯកសារ​ឲ្យ​មាន​សេវាកម្ម​ល្អ គ្មាន​អំពើ​ពុក​រលួយ ឬ​គ្មាន​អ្នក​រត់​ការ​ខុស​ច្បាប់៖ « បើ​តម្លៃ​ប៉ុណ្ណា​ប៉ុណ្នឹង ទៅ​កុំ​ឲ្យ​មាន​អ្នក​រត់​ការ​ក្រៅ​ស្មុគស្មាញ និយាយ​ឲ្យ​ស្រួល គឺ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលករ​ក្នុង​ការ​ធ្វើ​ឯកសារ »

សមត្ថកិច្ចអន្តោប្រវេសន៍​ថៃ​រាប់​ពាន់​នាក់​កំពុង​សម្រុក​ចុះ​ចាប់​​ខ្លួន​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ និង​រស់​នៅ​ខុស​ច្បាប់​លើ​ទឹក​ដី​ថៃ​ដល់​កន្លែង​ពួក​គេ​​ស្នាក់នៅ​ កន្លែង​ពួក​គេ​ធ្វើការ និង​ទីក​ន្លែង​ដែល​មាន​ពលករ​ខ្មែរ​ក្នុង​យុទ្ធនាការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដើម្បី​សេចក្តី​សុខ​ពលរដ្ឋ​ថៃ។

អាស៊ីសេរីនៅមិន​ទាន់​មាន​តួលេខ​ពលករ​ខ្មែរ​ត្រូវ​ចាប់​ខ្លួន​សរុប​នៅ​ឡើយ​ទេ ប៉ុន្តែ ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​បង្ហាញ​របាយការណ៍រយៈ​ពេល ១០ខែ ឆ្នាំ​២០១៨ នេះ​ថា សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ ​ដែល​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិត ៣ម៉ឺន​នាក់។

របាយការណ៍​ក្រសួង​មហាផ្ទៃគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះបង្ហាញថា ពលករ​ខ្មែរ ១លាន ៥ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​មាន​ពលករ​ស្រប​ច្បាប់​តែ​ជាង ៥សែន​នាក់​ប៉ុណ្ណោះ៕