សង្គម​ស៊ីវិល​សាទរ​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​សម្រាប់​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​សាទរ​ក្រសួង​ការបរទេស​ចំពោះ​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​ធ្វើ​លិខិត​ឆ្លងដែន​ថ្មី​សម្រាប់​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី ប៉ុន្តែ​ស្នើ​ក្រសួង​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ពលករ​នៅ​បរទេស ហើយ​រដ្ឋាភិបាល​គួរ​បង្ការ​ការ​រំលោភ​បំពាន​ជា​ជាង​ដោះស្រាយ​ក្រោយ​ការ​រំលោភ​បំពាន​បាន​កើត​ឡើង​ហើយ។

មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា វា​ជា​វិធានការ​ល្អ​មួយ ប្រសិនបើ​ក្រសួង​អាច​ធ្វើ​ទៅ​បាន៖ «យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ ប្រសិនបើ​ការ​អនុវត្ត​វិធានការ​នេះ​អត់​មាន​ប្រសិទ្ធភាព ព្រោះ​កន្លង​មក​យើង​ឃើញ​ហូរហែ​អ៊ីចឹង​ដែរ តែ​វា​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព»

ក្រសួង​ការបរទេស កាល​ពី​ដើម​ខែ​កក្កដា ឱ្យ​ដឹង​ថា ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ សំដៅ​ស្វែង​រក​វិធី​សមស្រប​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលករ​សម្រាប់​ការ​ធ្វើ​លិខិតឆ្លងដែន​ថ្មី ក្រោយ​ពី​មាន​ព័ត៌មាន​ថា ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​ដោយ​ចំណាយ​ថវិកា​យ៉ាង​ច្រើន នៅ​ពេល​លិខិត​ឆ្លងដែន​ចាស់​អស់​សុពលភាព ហើយ​មិន​អាច​ពន្យារ​ត​ទៅ​ទៀត​បាន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី កាល​ពី​ពាក់​កណ្ដាល ខែ​កក្កដា មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ជុំវិញ​ករណី​នេះ៖ «កំពុង​តែ​ធ្វើ​ការ​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​វិធី​ធ្វើ​យ៉ាង​ម៉េច​កាត់​បន្ថយ​ទៅ​លើ​អ្នក​រត់ការ​កណ្ដាល»

ទន្ទឹម​នឹង​ការ​គាំទ្រ​នេះ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឱ្យ​បាន​ទូលាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​តាម​បណ្ដាញ​សង្គម ទូរទស្សន៍ វិទ្យុ ក្រសួង​ការងារ និង​តាម​គេហទំព័រ​ក្រសួង​ការបរទេស​ជាដើម ព្រោះ​ពលករ​ខ្លះ​នៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើ​ការ​នៅ​ខេត្ត​ឆ្ងាយ​ដែល​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន​នេះ។ លោក ឌី ថេហូយ៉ា ស្នើ​ថា ក្រសួង​ត្រូវ​តាម​ដាន​ការ​អនុវត្ត​នេះ​ឱ្យ​ច្បាស់លាស់ ជៀសវាង​មាន​ការ​អនុវត្ត​ណា​មួយ​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង។

លោក​បន្ត​ថា ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ពលករ ក្រសួង​ត្រូវ​រៀបចំ​ឃ្លិប​វីដេអូ​ខ្លីៗ រៀបរាប់​អំពី​នីតិវិធី នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ដូចជា កំណត់​រយៈពេល​សេវាកម្ម កំណត់​សោហ៊ុយ​ចំណាយ​ឱ្យ​ច្បាស់លាស់ ដើម្បី​ឱ្យ​ពលករ​នៅ​ម៉ាឡេស៊ី ឬ​ពលករ​ដែល​មាន​បំណង​ត្រៀម​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នោះ​បាន​ដឹង៖ «ដូចជា​រូប Carton អ៊ីចឹង​ទៅ ដូច​ថៃ គេ​ធ្វើ​អ៊ីចឹង គេ​មាន Proceed គេ step ទី​១ គេ​ត្រូវ​ត្រៀម​ស្អី ជំហាន​ទី​២ គេ​ត្រូវ​ត្រៀម​ស្អី អា​នីតិវិធី​នឹង​គេ​ធ្វើ​ងាយៗ អ្នក​ណា​ក៏​មើល​យល់​ដែរ អត់​ចេះ​អក្សរ​ក៏​អាច​មើល​ដឹង​ងាយ​យល់​អ៊ីចឹង​ដែរ»

លោក ឌី ថេហូយ៉ា លើក​ឡើង​ថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពលករ ក្រសួង​ត្រូវ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់ (Hotline) ដែល​អាច​ឱ្យ​ពលករ​ទាក់ទង​រាយការណ៍​ពី​បញ្ហា​ប្រឈម​នានាៗ រួម​មាន​កា​រំលោភ​បំពាន​ផ្សេងៗ​ពី​សំណាក់​ថៅកែ ឬ​ជនបរទេស ការ​ទាមទារ​សំណង ឬ​ប្រាក់​បៀវត្ស​ផ្សេងៗ ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម។

​តប​នឹង​ការ​លើក​ឡើង​នេះ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា ក្រសួង​មិន​ទទួល​ធ្វើ​លិខិត​ឆ្លង​ដែន​ធម្មតា​របស់​ពលករ-​ពលការិនី​នោះ​ទេ៖ «បាទ! ដូច្នេះ​បញ្ហា​នេះ​វា​មិន​ពាក់ព័ន្ធ​ជាមួយ​ក្រសួង​ការបរទេស​ទេ ក្រសួង​ការបរទេស គឺ​ទទួល​ខុស​ត្រូវ​ចេញ​លិខិត​ឆ្លង​ដែន​ការទូត និង​លិខិត​ឆ្លង​ដែន​ផ្លូវការ»

ចំណែក​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​វិញ ក្រសួង​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ៖ «ក្រសួង​ការបរទេស​ខាង​ខ្ញុំ​ក៏​បាន​ធ្វើ​ប្រកាស​ផ្សាយ​ដែរ​ពី​រឿង​បញ្ហា​ទូរស័ព្ទ​លេខ Hotline ក្នុង​ករណី​មាន​ការ​អី មាន​បញ្ហា​អី ឱ្យ​ទាក់ទង​តាម​ទូរស័ព្ទ Hotline ហ្នឹង ហើយ​កន្លង​មក​មាន​ករណី​ជា​ច្រើន​ដែល​ស្ថានទូត​បាន​ដោះស្រាយ​ដោយសារ​ទទួល​ព័ត៌មាន​តាម Hotline នេះ​បាទ នៅ​ក្នុង Website របស់​ស្ថានទូត គឺ​អាច​ឃើញ​ហើយ​មាន​គេ​បាន​ប្រាប់​ហើយ​លេខ Hotline»

លោក ឌី ថេហូយ៉ា ស្នើ​ឱ្យ​ក្រសួង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​សង្គម​ស៊ីវិល សហការ​ជាមួយ​ក្រសួង​ការបរទេស ក្រសួង​ការងារ និង​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​គាំទ្រ​ពលករ​ខ្មែរ​នៅ​បរទេស។ គណៈកម្មការ​នេះ​ដើរ​តួនាទី​ការពារ​សិទ្ធិ​សេរីភាព​ពលករ តាម​ដាន​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​រវាង​ពលករ និង​ថៅកែ ដោយសារ​កន្លង​មក​ថៅកែ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ពលករ ហើយ​ពលករ​ខ្លះ​ទៀត ត្រូវ​បាន​ថៅកែ​កេង​ចំណេញ​ម៉ោង​ការងារ​ធ្វើការ​លើស​ពី ៨​ម៉ោង ក្នុង​១​ថ្ងៃ និង​ថៅកែ​មិន​បើក​ប្រាក់​ប្រចាំ​ខែ​ឱ្យ។ ពលករ​ខ្លះ​ទៀត ត្រូវ​បាន​ថៅកែ​បិទ​សិទ្ធិ​សេរីភាព​ដក​ហូត​លិខិត​ឆ្លង​ដែន​ទុក និង​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ ឬ​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា ក្នុង​ករណី​ចាំបាច់​ជាដើម។ បន្ថែម​ពី​នេះ គណៈកម្មការ​ត្រូវ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ថា តើ​ក្រុមហ៊ុន​ទាំង​នោះ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង ឬ​រដ្ឋាភិបាល​ដែរ ឬ​ទេ?

លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​បន្ត​ថា គណៈកម្មការ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​មួយ ដោយ​បញ្ចូល​ឈ្មោះ និង​ចំនួន​ពលករ អាយុ កាលបរិច្ឆេទ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​ទីតាំង​ពលករ​ធ្វើការ​ស្នាក់​នៅ​កុងត្រា​ការងារ រួម​ទាំង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ​បង្រៀន​ពលករ​ទាំង​នោះ​ឱ្យ​យល់​ដឹង​ពី​ភាសា វប្បធម៌ និង​ជំនាញ​ខ្លះ​ដើម្បី​អាច​ប្រើប្រាស់​បាន​មុន​នឹង​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស៖ «ព្រោះ​បើកាលណា​យើង​អត់​ឆ្លង​កាត់​អា​ហ្នឹង​ទេ បញ្ហា​កន្លង​មក​ស្ត្រី​ដែល​ត្រូវ​បាន​គេ​ធ្វើ​បាប​ខ្លាំង​បំផុត​ហ្នឹង គឺ​មូលហេតុ​តែ​មួយ​គត់​គាត់​អត់​ចេះ​ភាសា​ទេ ទី​២ គឺ​ថា​គាត់​អត់​យល់​ពី​របៀប​របប​ការ​រស់​នៅ​របស់​គេ ទី​៣ អា​ជំនាញ​ការងារ​ដែល​គាត់​ត្រូវ​ទៅ​បម្រើ​គេ គាត់​មិន​ចេះ គេ​គ្រាន់​ប្រើ​ឱ្យ​ទៅ​លើក​ទឹក គាត់​ទៅ​លើក​អ៊ី​ផ្សេង​អ៊ីចឹង​ទៅ»

ក្រសួង​ការបរទេស​ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថានទូត​បាន​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ និង​ពលករ-​ពល​ការិនី​ខ្មែរ​ចំនួន ១០ ប្រទេស។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នោះ ប្រទេស​ថៃ បាន​អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​ពលករ​ចាញ់​បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​ខុស​ច្បាប់​ចំនួន ១៧៨​នាក់ ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន ៤៤៥​នាក់ និង​ពលករ​ធ្វើការ​ខុស​ច្បាប់​ដោយ​ខ្លួន​ឯង​ចំនួន ១.០០០ ទៅ ១.២០០​នាក់ មួយ​សប្ដាហ៍។

ការ​ជួយ​សង្គ្រោះ​សំខាន់ៗ​រួម​មាន ប្រទេស​វៀតណាម បាន​អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​ពលករ​ចំនួន ៦៨​នាក់ ក្នុង​នោះ ៥៩​នាក់​រស់​នៅ និង​ធ្វើការ​ខុស​ច្បាប់ ៦​នាក់ ជា​នារី​រងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស និង​ប្រទេស​ចិន បាន​អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​ពលករ​ខ្មែរ ២២​នាក់ ក្នុង​នោះ ១៥​នាក់​ជា​ស្ត្រី​ដែល​ត្រូវ​មេ​ខ្យល់​បោក​បញ្ឆោត​នាំ​រៀបការ​ខុសច្បាប់​ជាមួយ​បុរស​ចិន ៤​នាក់ រស់​នៅ​មិន​ចុះសម្រុង​ជាមួយ​ប្តី​ជនជាតិ​ខ្មែរ ២​នាក់ ឆ្លង​ដែន​ខុស​ច្បាប់ និង​ម្នាក់​មាន​ទិដ្ឋាការ​ហួស​សុពលភាព។

បើ​ទោះ​បី​ជា​មាន​ការ​ជួយ​សង្គ្រោះ អន្តរាគមន៍​រៀបចំ​មាតុភូមិនិវត្តន៍​យ៉ាង​ណា​ក្តី ប៉ុន្តែ​សង្គម​ស៊ីវិល​ថា នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ឡើយ។ សង្គម​ស៊ីវិល​ចង់​ឱ្យ​ក្រសួង​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្ការ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ត​ទៅ​ទៀត។ ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មាន​ប្រសាសន៍​ថា ប្រសិនបើ​យើង​ក្រឡេក​មើល​តួលេខ​របស់​ក្រសួង​ការបរទេស​បង្ហាញ​នេះ វា​ជា​ភស្តុតាង​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បញ្ហា​របស់​ពលករ​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​កំពុង​តែ​មាន​បញ្ហា​នៅ​ឡើយ។ លោក​បន្ត​ថា វិធានការ​របស់​ក្រសួង​អត់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​នៅ​បញ្ហា​ទេ។ លោក មឿន តុលា បន្ត​ថា រដ្ឋាភិបាល​គួរ​ការពារ​បង្ការ​ជា​ជាង​ព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។