អ្នក​ច្បាប់​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​សំណុំ​រឿង​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ

ដោយ ប្រាជ្ញ ចេវ
2015.11.21
ស្ពាន​ពេជ្រ ៦២០ ទិដ្ឋភាព​នៅ​លើ​ស្ពាន​ពេជ្រ​បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ រូបថត​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០
Photo: RFA

អ្នក​ច្បាប់ និង​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​សើរើ​សំណុំ​រឿង​រត់​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ កាល​ពី ៥​ឆ្នាំ​មុន​នោះ​ឡើង​វិញ ខណៈ​ដែល​រឿង​នេះ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ថា សំណុំ​រឿង​នេះ​បាន​បិទ​បញ្ចប់​រួច​រាល់​ហើយ។

សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​រិះគន់​ថា ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ មិន​ទាន់​បាន​ទទួល​ខុស​ត្រូវ​សមស្រប​ដូច​នឹង​ការ​បាត់​បង់​ដ៏​ធំ​ធេង​របស់​ជន​រងគ្រោះ និង​សាច់ញាតិ​របស់​គេ​នោះ​ទេ។ ការ​ទទូច​ជា​ថ្មី​នេះ ខណៈ​ដែល​មន្ត្រី​ទទួល​ខុស​ត្រូវ​លើ​ការងារ​នេះ បាន​ត្រឹម​សម្ដែង​ការ​សោកស្ដាយ ប៉ុន្តែ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ច្បាប់ គេ​មិន​ទាន់​ឃើញ​មន្ត្រី​ណា​មួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​លា​លែង​ចេញ​ពី​តំណែង​ឡើយ។

មេធាវី​ជា​សមាជិក​នៃ​គណៈ​មេធាវី លោក សំ សុគង់ ថា ការ​ផ្តល់​ថវិកា​កន្លង​មក​របស់​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ គ្រាន់​តែ​ជា​ទឹក​ចិត្ត​មនុស្ស​ធម៌ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់ និង​វិជ្ជាជីវៈ​ការងារ​នោះ​ទេ។ លោក​មេធាវី ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ត ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ដែល​ជា​ម្ចាស់​ស្ពាន​ដែល​បង្ក​គ្រោះថ្នាក់ ត្រូវ​ទទួល​ខុស​ត្រូវ ឬ​ប៉ះប៉ូវ​បន្ថែម​ផ្នែក​សំណង​លើ​ជន​រងគ្រោះ និង​សាច់ញាតិ​របស់​ជន​រងគ្រោះ៖ «ទាក់ទង​ការ​ខូចខាត យើង​មើល​ឃើញ​កន្លង​មក ជន​រងគ្រោះ​មិន​ទាន់​រក​ឃើញ ឬ​មិន​ទាន់​ឃើញ​ច្បាស់លាស់ គ្រាន់​តែ​ជំនួយ​សប្បុរសធម៌ ប៉ុន្តែ​ប្រសិន​បើ​រក​ឃើញ​មាន​កំហុស អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សំណង»

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា អ្នក​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ គឺ​រដ្ឋាភិបាល និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC)។ លោក អំ សំអាត ថា ការ​ទទួល​ខុស​ត្រូវ​កន្លង​មក មិន​ទាន់​គ្រប់គ្រាន់​ទេ ទាំង​ផ្នែក​ច្បាប់ និង​សំណង។ យ៉ាង​ណា​មិញ​លោក​ថា ជន​រងគ្រោះ​នៅ​សេសសល់​ជីវិត​ពី​ហេតុការណ៍​នេះ មាន​អ្នក​ខ្លះ​ពិការ និង​អ្នក​ផ្សេង​ទៀត ប៉ះពាល់​សតិ​អារម្មណ៍​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ៖ «យើង​មិន​អាច​ទុក​ចិត្ត​ការ​ស៊ើប​អង្កេត​កន្លង​មក​ទេ ត្រូវ​មាន​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ​មួយ ព្រោះ​លទ្ធផល​ក្រោម​ការ​ស៊ើប​អង្កេត​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្រោយ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បដិសេធ​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ទាក់ទង​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​របស់​រដ្ឋាភិបាល​លើ​រឿង​នេះ ដោយ​បង្វែរ​ការ​ទទួល​ខុស​ត្រូវ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សាកសព​អ្នក​រត់​ជាន់​គ្នា​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ រូបថត​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០
សាកសព​អ្នក​រត់​ជាន់​គ្នា​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ រូបថត​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០

 

កាល​ពី​ថ្ងៃ​ទី​បី​នៃ​ពិធី​បុណ្យ​អុំ​ទូក ត្រូវ​នឹង​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ មាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៥៣​នាក់។ ហេតុការណ៍​រន្ធត់​នេះ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​សម្រក់​ទឹក​ភ្នែក ក្នុង​ពេល​ឈរ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ប៉ុន្តែ​មិន​បាន​ថ្លែង​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​ទេ ក្រៅ​ពី​ផ្តល់​ថវិកា​មួយ​ចំនួន​ធំ​ដល់​សាច់ញាតិ​ជន​រងគ្រោះ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា សំណុំ​រឿង​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ រដ្ឋាភិបាល​ដោះស្រាយ​រួច​រាល់​អស់​ហើយ។ លោក​បន្ត​ទៀត​ថា សាលា​រាជធានី​ភ្នំពេញ​មិន​លើក​រឿង​នេះ​មក​ជជែក​ទៀត​ទេ៖ «ខ្ញុំ​អត់​ដឹង​ថា​មាន​រឿង​អី​ទៀត​ត្រូវ​ស្រាវជ្រាវ​បន្ថែម​ទេ ព្រោះ​រឿង​នេះ​កើត​ឡើង​យូរ​ហើយ»

ដូច​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា សំណុំ​រឿង​នេះ​គ្មាន​អ្វី​ស៊ើប​អង្កេត​ផ្តល់​សំណង​បន្ថែម​ឡើយ ហើយ​បើ​អ្នក​ណា​មិន​សុខ​ចិត្ត អាច​ដាក់​ពាក្យ​មក​តុលាការ​បាន។

ក្រោយ​ពី​ការ​រត់​ជាន់​គ្នា​នេះ​ដែរ សាធារណៈ​មតិ​មួយ​ចំនួន ទាមទារ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មេ​ប៉ូលិស អភិបាល​រាជធានី​ភ្នំពេញ​ដែល​នៅ​ពេល​នោះ គឺ​លោក កែប ជុតិមា ចេញ​មុខ​ទទួល​ខុស​ត្រូវ។ ជាង​នេះ​ទៅ​ទៀត មាន​យុវជន​ម្នាក់​ឈ្មោះ សួង សុភណ្ឌ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​តុលាការ និង​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​តំណែង។

ឆ្លើយ​រាល់​ការ​ទាមទារ​លើ​រឿង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មួយ​ក្នុង​ក្រសួង​សង្គមកិច្ច យុទ្ធជន និង​យុវ​នីតិសម្បទា នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បដិសេធ​នៃ​ការ​លា​លែង​ចេញ​ពី​តំណែង៖ «ថា​យើង​អសមត្ថភាព​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​លើក​ឡើង​ឲ្យ​យើង​លា​លែង​ចេញ​ពី​តំណែង ខ្ញុំ​ចង់​បញ្ជាក់​ទៅ​វិញ​ថា ប្រធានាធិបតី​អាមេរិក តើ​ចៅហ្វាយ​ក្រុង​ញីវយ៉ក លា​លែង​ទេ នៅ​ពេល​គេ​ព្យាករ​ថា នឹង​មាន​ភេរវកម្ម​កើត​ឡើង»

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា អ្នក​ដឹក​នាំ​កម្ពុជា គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ។ ការ​លើក​ឡើង​បែប​នេះ ខណៈ​ដែល​មាន​ករណី​ស្រដៀង​គ្នា​កើត​ឡើង​នៅ​ប្រទេស​ផ្សេងៗ មន្ត្រី និង​អ្នក​ពាក់ព័ន្ធ ចេញ​មុខ​ទទួល​ខុស​ត្រូវ។ ករណី​ជាក់ស្តែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ឆ្នាំ​២០១៤ គ្រូបង្រៀន​ថ្នាក់​មធ្យម​សិក្សា​ម្នាក់​ឈ្មោះ លោក កាំង មិន ក្យូ (Kang Min-Gyu) បាន​ចង​ក​សម្លាប់​ខ្លួន បន្ទាប់​ពី​សិស្ស​របស់​លោក​ជាង ៣០០​នាក់ បាន​លង់​ទឹក​ស្លាប់​ក្នុង​ហេតុការណ៍​លិច​កប៉ាល់ ខណៈ​រូប​លោក និង​សិស្ស​របស់​លោក​ធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្រ។

មឈូស​សម្រាប់​ដាក់​សាកសព​អ្នក​រត់​ជាន់​គ្នា​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ រូបថត​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០
មឈូស​សម្រាប់​ដាក់​សាកសព​អ្នក​រត់​ជាន់​គ្នា​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ រូបថត​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០

ចំណែក​នៅ​ប្រទេស​ឥណ្ឌា វិញ កាល​ពី​ឆ្នាំ​២០០០ រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន បាន​លា​ឈប់​ពី​តំណែង បន្ទាប់​ពី​មាន​ហេតុការណ៍​រថភ្លើង​ដឹក​អ្នក​ដំណើរ​បុក​គ្នា​ស្លាប់​មនុស្ស​អស់​ចំនួន ៤៦​នាក់ និង​របួស​ប្រមាណ ១៥០​នាក់។ ក្នុង​លិខិត​លា​លែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន អ្នកស្រី ម៉ាម៉ាតា បេនណឺជី (Mamata Banerjee) បញ្ជាក់​ថា «នៅ​ខណៈ​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ដែល​មិន​ពាក់ព័ន្ធ​នឹង​ភារកិច្ច​ត្រួត​មើល​ដំណើរ​ប្រតិបត្តិការ​រថភ្លើង​ប្រចាំ​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​គ្រប់គ្រង​បុគ្គលិក​កម្មករ​ចំនួន ១,៦​លាន​នាក់​ក្នុង​ក្រសួង​អយស្ម័យយាន ខ្ញុំ​មិន​អាច​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​នេះ​ទេ»

ទាក់ទង​ការ​ស៊ើប​អង្កេត​ករណី​នេះ​វិញ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​ស៊ើប​អង្កេត​ការ​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ លោក ព្រំ សុខា ឲ្យ​ដឹង​ថា រឿង​នេះ គណៈកម្មការ​ស្រាវជ្រាវ​បាន​ធ្វើ​ការងារ​នេះ​រួច​រាល់​អស់​ហើយ ដូច្នេះ គ្មាន​ហេតុផល​អ្វី​ដែល​សិក្សា​បន្ថែម​ទៀត​ទេ។ ចំពោះ​ការ​ទាមទារ​ផ្សេងៗ​ទៀត លោក ព្រំ សុខា ថា នេះ​ជា​សិទ្ធិ​ក្នុង​ការ​លើក​ឡើង។ ទោះ​យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​យល់​ថា ហេតុការណ៍​ដែល​កើត​ឡើង​ទៅ​ហើយ​នេះ​ជា​មេ​រៀន​ចំពោះ​សមត្ថកិច្ច ដែល​រៀបចំ​កម្មវិធី​ព្រឹត្តិការណ៍​ធំៗ​អ្វី​មួយ៖ «ការ​ទាមទារ​បែប​ណា​ទៀត​ជា​សិទ្ធិ​របស់​អ្នក​លើក​ឡើង ប៉ុន្តែ​យើង​បាន​ប្រកាស​ជូន​អស់​ហើយ​មក​ដល់​ម៉ោង​នេះ ទាំងអស់​គ្នា​គ្មាន​អ្នក​ណា​ម្នាក់​ថា​មិន​សោកស្ដាយ​ទេ»

ស្ពាន​ពេជ្រ ជា​ស្ពាន​ឆ្លង​ចូល​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ ស្ពាន​នេះ មាន​បង្គោល ឬ​សសរ​រាង​ជា​ត្បូង​ពេជ្រ​ចំនួន ៤ ដែល​គេ​បំពាក់​ភ្លើង​ចម្រុះ​ពណ៌​ផ្សេងៗ​គ្នា​សម្រាប់​បំភ្លឺ​នៅ​ពេល​រាត្រី​នោះ វា​ជា​ទី​កន្លែង​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ត្រូវ​បាន​វាយ​កម្ទេច​ចោល បន្ទាប់​ពី​កើត​ហេតុ។

ក្រុម​គ្រួសារ​អ្នក​រងគ្រោះ​ស្លាប់​នៅ​លើ​ស្ពាន​នេះ​មួយ​ចំនួន បាន​ចោទ​ប្រកាន់​ម្ចាស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ចំពោះ​ការ​វាយ​កម្ទេច​ស្ពាន​នោះ​ចោល ថា​ជា​រឿង​ចង់​បំបាត់​ភស្តុតាង​ដែល​មាន​មនុស្ស​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នោះ។

នៅ​ថ្ងៃ​ទី​២៤ ២៥ ២៦ ខែ​វិច្ឆិកា ខាង​មុខ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នឹង​ប្រារព្ធ​ជា​ផ្លូវ​ការ​នៅ​រាជធានី​ភ្នំពេញ។ បើ​ទោះ​ជា​មិន​មាន​ពិធី​អុំ​ទូក ប៉ុន្តែ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ចូលរួម​ពិធី​នេះ​ឲ្យ​បាន​កុះករ។ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក៏​ផ្ដើម​បង្ហោះ​រូប​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ ដើម្បី​រំឭក​ពី​ព្រឹត្តិការណ៍​នោះ​បណ្ដើរៗ​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។