សពអ្នកម្នាង អ៊ុក ផល្លា ដែលរងគ្រោះថ្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបូជារួចហើយ នៅវត្តបទុមវតី កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ដោយវត្តមានព្រះអង្គម្ចាស់នរោត្តម ចក្រពង្ស ថ្វាយព្រះភ្លើងបូជាសពអ្នកម្នាង តំណាងឲ្យសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ពិធីបូជាសពនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច សមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន។ ក៏ប៉ុន្តែព្រះស្វាមីអ្នកម្នាង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនបានចូលរួមទេ ដោយសារព្រះអង្គកំពុងទទួលការព្យាបាលមុខរបួសធ្ងន់ធ្ងរ នៅមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។
អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យទី១៧ ខែមិថុនា នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ ហើយព្រះអង្គ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ទៅព្យាបាលនៅមន្ទីរពេទ្យក្រុងបាងកក។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្តឈ្នួលដឹកអ្នកដំណើរ ម៉ាកហាយឡែនឌើ (HighLander) មួយគ្រឿង បានបើកបុកចំព្រះទីនាំងរបស់សម្ដេចក្រុមព្រះ ខណៈដែលព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា យាងចុះទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ។
ចំណែកអ្នកបើកបររថយន្តឈ្នួលវិញ ត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
