អ្នកសិក្សាផ្នែកបច្ចេកវិទ្យាប្រាប់ពលរដ្ឋឱ្យ​ប្រយ័ត្ន ចំពោះ Phishing Email

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​សុវត្ថិភាព​ការងារ​ ស្រប​ពេល​ដែល​មាន​ជន​មិន​ស្គាល់​មុខ​ ​បាន​លួច​បន្លំ​ប្រើប្រាស់​ឈ្មោះ​របស់​បុគ្គលិក​អង្គការ​ធំ​ៗ ​នៅ​កម្ពុជា​ ​ផ្ញើ​សារ​អេឡិចត្រូនិក ​ឬ​អ៊ីមែល​ដើម្បី​បោកប្រាស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត​។ ​អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា ​ចាត់​ទុក​ថា​នេះ​ជា​ប្រភេទ​ Phishing Email ​ដែល​ពលរដ្ឋ​កម្ពុជា​គួរ​ស្វែងយល់​ ​ដើម្បី​ការពារ​ខ្លួន​កុំ​អោយ​ក្លាយ​ជា​ជនរងគ្រោះ​បច្ចេកវិទ្យា​។​​

ជន​មិន​ស្គាល់​មុខ​កាលពី​ដើម​សប្ដាហ៍​នេះ​ ​បាន​ប្រើប្រាស់​ឈ្មោះ​ ​ឬ​តាង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ផ្ញើ​សារ​អេឡិចត្រូនិក ​ឬ​អ៊ីមែល​ ​ទៅកាន់​បុគ្គលិក​អង្គការ​ដទៃ​ទៀត​ ​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ភ្ជាប់​ដែល​ជា​ព័ត៌មាន​បន្ថែម​ ​ឬ​ជា​ឯកសារ​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​នៃ​​សារ​អេឡិចត្រូនិក​នោះ​។

​ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​ ​នៃ​អង្គការ​លីកាដូ (LICADHO) ​លោក​ ​អំ ​សំអាត​ ​ឲ្យដឹង​ថា​ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​ឈ្មោះ​បុគ្គលិក​របស់​លោក​ ​ផ្ញើ​សារ​ចេញ​ទៅកាន់​បុគ្គលិក​អង្គការ​ផ្សេងទៀត​។

ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​ ​នៃ​អង្គការ​លីកាដូ (LICADHO) ​លោក​ ​អំ ​សំអាត

អ្នក​ដែល​ទទួល​អ៊ីមែល​ហ្នឹង​គឺ​ស្គាល់​ជាមួយ​បុគ្គលិក​ខ្ញុំ​ ​អញ្ចឹង​ដោយ​មាន​ការសង្ស័យ​ ​គេ​ក៏​អ៊ីមែល​មក​សួរ​យើ​វិញ​ ​ថា​មាន​ផ្ញើ​អ៊ីមែល​ទៅ​គេ ​ឬ​អត់​? ​អញ្ចឹង​យើង​ក៏​ភ្ញាក់​ថា​ ​បុគ្គលិក​យើង​អត់​មាន​ប្រើប្រាស់​អ៊ីមែល​នឹង​ លេខ​ទូរស័ព្ទ​នឹង​ទេ ​ប៉ុន្តែ​ឈ្មោះ​របស់​បុគ្គលិក​នឹង​ ​គឺ​ឈ្មោះ​នឹង​ ​ប៉ុន្តែ​គាត់​អត់​ដែល​ប្រើប្រាស់​អ៊ីមែល​នឹង​ ​ឬ​លេខ​ទូរស័ព្ទ​នឹង​ទេ​អត់​មាន​ទេ ​ដូច្នេះ​វា​ជា​ការ​ក្លែងបន្លំ ​ហើយ​គោលបំណង​ ​យើង​អត់​ដឹង​ថា​អ៊ីមែល​បន្លំ​នឹង​គាត់​ចង់បាន​អី​ទេ ​ទី​មួយ​គាត់​ចង់បាន​លុយ​ពី​គេ ​ឬ​ដើម្បី​អោយ​អ្នក​ដែល​ទទួល​ហ្នឹង​ ​គាត់​បើក​មើល​ទៅ​ ​ហើយ​មេរោគ​បញ្ចូល​ទៅ​ ​ដើម្បី​ហែ​គ ​(Hack) ​អ៊ីមែល​ ​(E-mail)​ របស់​គេ​ ​ឬ​បំផ្លាញ​ឯកសារ​របស់​គេ​ ​អា​ហ្នឹង​យើង​អត់​ដឹង​ថា​គោលបំណង​របស់​គេ​យ៉ាងម៉េច​ទេ​ ​បាទ​!​»។

លោក​ឲ្យដឹង​បន្ថែម​ថា​ ​មក​ទល់​ពេលនេះ​ ​អង្គការ​របស់​លោក​នៅ​មិន​ទាន់​ដឹង​ពី​គោលបំណង​ពិត​នៃ​ការ​លួច​ប្រើប្រាស់​ឈ្មោះ​របស់​ក្រុមការងារ​របស់​លោក​ ​ផ្ញើ​សារ​អេឡិចត្រូនិក​​ក្លែងក្លាយ​នេះ​​​នៅឡើយ​ទេ​៖ «


លោក​ ​អំ ​សំអាត​ ​ឲ្យដឹង​ថា​នេះ​ជា​ ករណី​លើក​ទី​ពីរ​ហើយ​ ​ដែល​កើតឡើង​ចំពោះ​អង្គការ​របស់​លោក​ ​នៅ​មុន​ការបោះឆ្នោត​។​ កាលពី​ខែ​ឧសភា​ ​កន្លង​កុំព្យូទ័រ​របស់​បុគ្គលិក​អង្គការ​លីកាដូ ​បាន​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​ការវាយប្រហារ​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា ​ឬ​ Hacker ​ដែល​គាំទ្រ​ដោយ​រដ្ឋ​វៀតណាម​ ​ដែល​ប្រើប្រាស់​គេហទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើជា​ទីតាំង​សម្រាប់​វាយប្រហារ​។​

ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​ ​នៃ​អង្គការ​លីកាដូ ​លោក​ ​អំ ​សំអាត​ ​អះអាង​ថា​អង្គការ​របស់​លោក​កំពុង​ធ្វើ​ការស្រាវជ្រាវ​ ​ថា​តើ​ការប៉ុនប៉ង​វាយប្រហារ​ទាំង​ពីរ​ដង​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​ពិតប្រាកដ​។​

ក្រៅពី​អង្គការ​លីកាដូ​ ​ក្រុម​ចោរ​បច្ចេកវិទ្យា​ក៏​បាន​ប្រើប្រាស់​ឈ្មោះ​របស់​ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ ​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​ផ្ញើ​សារ​ទៅកាន់​អង្គការ​ផ្សេងទៀត​ ​ដោយ​ក្លែង​បន្លំ​ជា​ការ​អញ្ជើញ​ឱ្យ​អង្គការ​នោះ​ចូលរួម​ក្នុង​សន្និសីទ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ ​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​។ ក្មុង​ពេល​​ភ្លាម​ៗ​ ​វិទ្យាស្ថាន​នេះ ​បាន​ចេញ​លិខិត​ច្រានចោល​ចំពោះ​ ​ការ​ផ្ញើ​សារ​អេឡិចត្រូនិក ​ឬ​ Email ​ទៅ​អញ្ជើញ​អង្គការ​ផ្សេង​ៗ​ ​ក្នុងនាម​ជា​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​នេះ​។​

អ្នក​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ ​និង​ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​(CENTRAL) ​លោក​ ង៉ែត ​ម៉ូសេ ​ចាត់​ទុក​ថា​នេះ​ជា​ទម្រង់​ Phishing Email។​ Phishing Email ​សំដៅ​ដល់​ការ​ផ្ញើ​សារ​អេឡិចត្រូនិក ​ឬ​អ៊ីមែល​ ​ទៅកាន់​អ្នកណា​ម្នាក់​ដោយ​ក្លែង​បន្លំ​អត្តសញ្ញាណ​ជា​បុគ្គល​ ​ឬ​ជា​អង្គភាព​ណាមួយ​ ​ដោយ​ភ្ជាប់​ជាមួយ​ Link ​ឬ​តំណ​ភ្ជាប់​មេរោគ​ ​ឬ​ភ្ជាប់​ជាមួយ​កម្មវិធី​មេរោគ​ ​ដើម្បី​វាយប្រហារ​លើ​ជនរងគ្រោះ​​៖ «Phishing ​គឺជា​វិធីសាស្ត្រ​ងាយស្រួល​​​​ជាង​បំបែក​​កូដ ​ដើម្បី​ទទួល​បាន​នូវ​ Credential Information ​(​ព័ត៌មាន​សំខាន់​របស់​បុគ្គល​) ​ដូចជា​ User-name,​ Password,​ ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ​ឬ​លេខ​កាត ​វីសា ​(Visa Card)​,​ ​លេខ​ CVV ​អី​មួយចំនួន​ហ្នឹង​។ ​អ៊ីចឹង​បើ​គេ​ប្រើ​ Phishing ​គេ​បាន​លឿន​ជាង​ ​ដោយសារតែ​គេ​បោក​បញ្ឆោត​មនុស្ស​ ព្រោះ​គេ​ដឹង​ថា​ការ​បោក​បញ្ឆោត​ System ​ឬក៏​ការ​បំបែក​ប្រព័ន្ធ​កូដ​របស់​ System ​ហ្នឹង​វា​ពិបាក​ជា​ជាង​ការ​បោក​បញ្ឆោត​មនុស្ស​»។

ក្រុម​ចោរ​បច្ចេកវិទ្យា ​ឬ​ Hackers ​តែង​ប្រមូល​ផ្តុំ​ព័ត៌មាន​ទូទៅ​របស់​​ជន​រង​គ្រោះ ​ដូចជា​​ឈ្មោះ​ ​តួនាទី​ ​អ៊ីមែល ​អាសយដ្ឋាន​ ទីកន្លែង​ដែល​អ្នក​ទៅ​ ​អង្គការ​ ​ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ​និង​ឈ្មោះ​អ្នក​ជិតស្និទ្ធ​ជាដើម​ ​ដែល​ជន​រង​គ្រោះ​តែង​តែ​​ចែក​រំលែក​​នៅ​​លើ​​បណ្ដាញ​​សង្គម​ Facebook,​ Twitter,​ LinkedIn,​ Google Plus ​ឬ​វែបសាយ ​ជាដើម​។​

ក្រុម​ចោរ​បច្ចេកវិទ្យា​នឹង​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​ ​ដើម្បី​ជា​ភស្តុតាង​ ​ឬ​ដើម្បី​ក្លែង​អត្តសញ្ញាណ​ឱ្យ​ជនរងគ្រោះ​ជឿ​ទុកចិត្ត​ថា ​សារ​អេឡិចត្រូនិក ​ដែល​បាន​ផ្ញើ​មក​នេះ​ ​គឺ​ផ្ញើ​ចេញ​ពី​ក្រុមហ៊ុន​ ​ឬ​ស្ថាប័ន​ ​ឬ​បុគ្គល​ដែល​អ្នក​ស្គាល់​ពិត​មែន​។​

ជាទូទៅ​សារ​អេឡិចត្រូនិក ​ដែល​ជនរងគ្រោះ​ទទួល​បាន​ ​គេ​តែង​សង្កេតឃើញ​ថា​មាន​ ​តំណ​ភ្ជាប់​ទៅកាន់​វែបសាយ​មេរោគ​ ​ឬ​ភ្ជាប់​ជាមួយ​កម្មវិធី​មេរោគ​ ​សម្រាប់​ជា​នុយ​បញ្ឆោត​ឱ្យ​ជនរងគ្រោះ​ចុច​ទស្សនា ​ឬ​ទាញ​យក​មក​មើល​។​

ក្នុង​ដំណាក់កាល​នេះ​ ​ប្រសិនបើ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មិន​បាន​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​បើក​ឯកសារ​ភ្ជាប់​ ​ដែល​បាន​ផ្ញើ​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា​នោះ​ទេ​ ​នឹង​មិន​បង្ក​គ្រោះថ្នាក់​ណាមួយ​ឡើយ​ដល់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​។ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​បើក​ឯកសារ​ភ្ជាប់​ ​ដែល​បាន​ផ្ញើ​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា ​ទើប​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​ក្រុម​ឱកាស​និយម​ឆ្លៀត​វាយប្រហារ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​។​

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សង់ត្រាល់​ ​(Central) ​លោក​ ង៉ែត ​ម៉ូសេ ​ពន្យល់​ថា​ ​នៅ​ពេល​ជនរងគ្រោះ​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​ទាញ​យក​កម្មវិធី​ដែល​ក្រុម​ចោរ​បច្ចេកវិទ្យា​ផ្ញើ​មក​នោះ​ ​វា​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ​តាម​លក្ខណៈ​ផ្សេង​ៗ​ ​រួមមាន​ ​ទាញ​យក​កម្មវិធី​មេរោគ​ដាក់​នៅ​លើ​កុំព្យូទ័រ ​ឬ​ទូរស័ព្ទ​ជនរងគ្រោះ​ ​ឬ​នាំ​ជនរងគ្រោះ​ទៅកាន់​វែប​សាយ​មាន​មេរោគ​ដែល​តម្រូវឲ្យ​ជនរងគ្រោះ​ដំឡើង​កម្មវិធី​ដំណើរ​ការ​លើ​កុំព្យូទ័រ​ កម្មវិធី​ទូរស័ព្ទ​ ​កម្មវិធី​ជំនួយ​សម្រាប់​ Internet Browser ​ឬ​ហៅ​ថា​កម្មវិធី​រុករក​វែប​សាយ ​ឬ​អាច​ទាមទារ​ឱ្យ​ជនរងគ្រោះ​បំពេញ​ព័ត៌មាន​គណនី​បណ្ដាញ​សង្គម ​អ៊ីមែល ​គណនី​ធនាគារ​ជាដើម​៖ «​យើង​ឃើញ​ក្នុង​របាយការណ៍​ Amnesty International ​មាន​ Spare Phishing ​ជា​ការវាយប្រហារ​មួយ​ដែល​គេ​ប្រើ​តំណ​ភ្ជាប់​​ធ្វើ​ដូច​អ្នក​ស្គាល់​គ្នា​អញ្ចឹង​នៅ​ក្នុង​ក្រុម​ ​នៅ​ក្នុង​បណ្ដាញ​សង្គម​ណាមួយ​ ​ឧទាហរណ៍​ថា​ ​នៅ​ក្នុង​ Facebook Group ​អញ្ចឹង​ទៅ​ ​គេ​ចូល​មក​ហើយ​ដាក់​តំណ​ភ្ជាប់​ក្នុង​នឹង​ទៅ​ ​ហើយ​យើង​ចុច​លើ​តំណ​ភ្ជាប់​នឹង​ទៅ​ ​នឹង​តម្រូវ​ឱ្យ​ចុះឈ្មោះ​ ​ឬ​បើក​ File ​ណាមួយ​។ ​ពេល​បើក​ File ​នឹង​ទៅ​ ​ប្រសិនបើ​មាន​ Software ​(​កម្មវិធី​កុំព្យូទ័រ​) ​នៅ​ក្នុង​នឹង​ ​វា​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ ​ហើយ​ទាមទារ​ឱ្យ​យើង​ដាក់​នូវ​ User-name &​ Password ​មួយ​ចំនួន​។ ​ឧទាហរណ៍​ថា​គេ​ Attack (​វាយប្រហារ​) ​មក​លើ​ Social Media ​(​បណ្ដាញ​សង្គម​) ​របស់​យើង​ ​គេ​នឹង​យក​ព័ត៌មាន​ទាំងអស់​នឹង​ ​គឺ​វា​ងាយស្រួល​ ​គឺ​គេ​ចង់បាន​អញ្ចឹង​ ​គេ​បោក​បញ្ឆោត​យើង​អញ្ចឹង​ ​ហើយ​យើង​អោយ​គេ​ដោយ​បែប​ហ្នឹង​ឯង​ ​»។

រូបភាព​មួយ​ដែល​ក្រុម​ចោរ​បច្ចេកវិទ្យា​បន្លំ​អ្នកប្រើប្រាស់​អ៊ីនធឺណិត ​អោយ​បញ្ចូល​ព័ត៌មាន​របស់​ខ្លួន​ ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ ​នោះ​គឺ​ការ​បង្កើត​រូបភាព​បញ្ចូល​ព័ត៌មាន​ក្លែងក្លាយ​មួយ​ ​ដែល​ដូច​ទៅ​នឹង​រូបភាព​កម្មវិធី​ដែល​ពួកគេ​ស្គាល់​។​

ឧទាហរណ៍៖ ​ការបង្កើតទំព័រហ្វេសប៊ុក​ក្លែងក្លាយ

ឧទាហរណ៍​ថា​អ្នកប្រើប្រាស់​ហ្វេសប៊ុក ​ដែល​កំពុង​ប្រើប្រាស់​ហើយ​ច្រឡំ​ចុច​លើ​តំណ​ភ្ជាប់​មេរោគ​ ​ភ្លាម​នោះ​វា​បាន​បើក​ផ្ទាំង​វែប​សាយ​ក្លែងក្លាយ​មួយ​ ​ដែល​ស្រដៀង​ទៅ​នឹង​ ​ទំព័រ​ហ្វេសប៊ុក​ ​និង​ទាមទារ​ឱ្យ​អ្នក​បញ្ចូល​អ៊ីមែល​ ​និង​ពាក្យ​សម្ងាត់​ ​ដើម្បី​ចូល​ប្រើប្រាស់​ហ្វេសប៊ុក​ឡើងវិញ​។ ​វិធី​នេះ​អាច​នឹង​នាំឲ្យ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ ​បញ្ជូន​អ៊ីម៉ែល​ ​និង​ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ ​ទៅ​ឱ្យ​ក្រុម​ចោរ​បច្ចេកវិទ្យា ​ទាំង​មិន​ដឹង​ខ្លួន​ ​ប្រសិនបើ​អ្នកប្រើប្រាស់​ ​មិន​បាន​សង្ស័យ​ និង​មិន​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​​អាសយដ្ឋាន​ ​ឬ​ URL ​នៅ​ក្នុង​របា​អាសយដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ​។​

ក្រៅពី​ផ្ញើ​សារ​អេឡិចត្រូនិក​ទៅកាន់​ជនរងគ្រោះ​ ក្រុម​ចោរ​បច្ចេកវិទ្យា​ប្រើ​សារ​ដែល​ភ្ជាប់​ជាមួយ​តំណ​ភ្ជាប់​ទៅកាន់​វែប​សាយ​មេរោគ​ ​ផ្ញើ​ទៅកាន់​គណនី​ហ្វេសប៊ុក ​ឬ​ប្រអប់​សារ​ក្នុង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ផ្ទាល់​តែ​ម្តង​។ ​

Phishing ​ត្រូវ​បាន​គេ​ឱ្យ​និយមន័យ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្ទូច​ត្រី​ ដរាបណា​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ ​ឬ​ជនរងគ្រោះ​ ​មិន​ស៊ីនុយ​របស់​ក្រុម​ចោរ​បច្ចេកវិទ្យា​នោះ​ទេ​ ​អ្នកប្រើប្រាស់​នឹង​មិន​ក្លាយ​ជា​ជនរងគ្រោះ​នោះ​ឡើយ​ ​ដូច្នេះ​មាន​ន័យ​ថា​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នឹង​មិន​រង​ការវាយប្រហារ​​ណា​មួយ​​ឡើយ​ ​ប្រសិនបើ​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មិន​បាន​ចុច​លើ​ ​តំណ​ភ្ជាប់​មេរោគ​ណាមួយ​ ​ដែល​ក្រុម​ចោរ​បច្ចេកវិទ្យា​ផ្ញើ​មក​នោះ​។​

លោក​ ង៉ែត ​ម៉ូសេ យល់​ថា​ ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ ​មិន​គួរ​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​នៅ​លើ​បណ្ដាញ​សង្គម​ច្រើន​ពេក​នោះ​ទេ​ ​ដូចជា​លេខ​ទូរស័ព្ទ ​អ៊ីមែល ​អាសយដ្ឋាន​ កន្លែង​ដែល​អ្នក​ឧស្សាហ៍​ទៅ​ជាដើម​។ ​ក្រៅពី​នេះ​លោក​ ង៉ែត ​ម៉ូសេ ក៏​ស្នើ​សុំុ​ឱ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ពិនិត្យ​ព័ត៌មាន​អ្នក​ផ្ញើ​មក​ឱ្យ​បាន​ច្បាស់​ ​មុននឹង​ចុច​លើ​តំណ​ភ្ជាប់​ ​ឬ​បើក​មើល​ឯកសារ​ភ្ជាប់​​ណា​មួយ​ ​ឬ​សាកសួរ​អ្នក​ដែល​ផ្ញើ​មក​ឱ្យ​បាន​ច្បាស់​នូវ​អ្វី​ដែល​ពួក​គេ​បាន​ផ្ញើ​មក​។​

លើស​ពី​នេះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​គួរ​សិក្សា​ ​និង​ស្វែងយល់​ពី​មូលដ្ឋានគ្រឹះ​ផ្នែក​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ ​និង​អ៊ីនធឺណិត​ ​ស្រប​ពេល​ដែល​សម្ភារៈ​បច្ចេកវិទ្យា​ ​និង​អ៊ីនធឺណិត​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។