អ្នកចម្រៀងរ៉ែប (Rapper) វ័យក្មេងម្នាក់ ដែលត្រូវអាជ្ញាធរព្រមានចាប់ខ្លួនកាលពីប៉ុន្មានខែមុននោះ បានចេញផ្សាយបទចម្រៀងថ្មីមួយទៀតហើយអំពីសង្គម។ បទនេះមានលក្ខណៈជាការអប់រំបណ្តុះគំនិតឱ្យមនុស្សត្រូវតស៊ូក្នុងជីវិត និងប្រព្រឹត្តតែអំពើល្អ ប៉ុន្តែក៏មានផងដែរនូវតថភាពសង្គមខ្មែរបច្ចុប្បន្ន ដូចជា ការធ្វើចំណាកស្រុក និងគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាដើម។ បទនេះឆ្លុះបញ្ចាំងពីរឿងពិតរបស់ម្ចាស់ស្នាដៃ ហើយពលរដ្ឋខ្មែរមួយចំនួនក៏ទំនងជាមានបទពិសោធន៍ និងអតីតកាលដូចគ្នានេះដែរ។
នេះជា ខ្សែជីវិតរបស់អ្នកចម្រៀងរ៉ែប វ័យ ក្មេង ឈុន ឌីម៉ី និង បទផ្លូវជីវិត ដែលជាស្នាដៃថ្មី របស់គាត់ ដែលលោក ជុន ច័ន្ទបុត្រ នឹងរៀបរាប់ជូនដូចតទៅ ៖
ក្រោយពីស្ងប់ស្ងាត់អស់ជាង ២ខែ ពេលនេះអ្នកចម្រៀងរ៉ែបវ័យក្មេង ឈុន ឌីម៉ី ដែលមានរហស្សនាមថា ឌីម៉ីខេមបូ (Dymey-CAMBO) បានវិលត្រឡប់មកវិញហើយជាមួយនឹងបទចម្រៀងដ៏ថ្មីសន្លាងមួយ មានចំណងជើងថា "ផ្លូវជីវិត"។
អ្នកចម្រៀងរ៉ែបវ័យ ២៤ ឆ្នាំរូបនេះ បង្ខំចិត្តផ្អាកការតែងនិពន្ធចម្រៀងតាំងពីអំឡុងខែឧសភាមកម្ល៉េះ ដោយសារអាជ្ញាធរតាមរករឿង ដោយចោទថា លោកផលិតបទចម្រៀងញុះញង់ បន្ទាប់ពីចម្រៀងរបស់លោកមួយបទ ក្រោមចំណងជើងថា "សង្គមនេះ" ដែលរិះគន់អំពើអយុត្តិធម៌សង្គម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។
យុវជន ឈុន ឌីម៉ី ប្រាប់អាស៊ីសេរីថា បទចម្រៀងថ្មីនេះ មានគោលបំណងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប ពុះពារជម្នះរាល់ឧបសគ្គនៅក្នុងជីវិត ជាពិសេសអ្នកដែលមានជីវភាពក្រីក្រ។ លោកក៏បញ្ចូលខ្លឹមសារចង់ឱ្យមនុស្សកសាងតែអំពើល្អ ដើម្បីមានកេរ្តិ៍ឈ្មោះក្រអូបសាយនៅក្នុងសង្គមផងដែរ។ ជាមួយគ្នានេះ លោកក៏បានរំលេចពីស្ថានភាពជាក់ស្តែងនៃការធ្វើចំណាកស្រុក និងការតស៊ូដើម្បីក្រពះរបស់ពលរដ្ឋខ្មែរក្រីក្រទៀតផង។
ចម្រៀងរ៉ែបមួយបទនេះ ឆ្លុះបញ្ចាំងពីរឿងពិតរបស់អ្នកនិពន្ធ ដែលបានហែលឆ្លងរឿងរ៉ាវលំបាកជាច្រើនក្នុងជីវិត ដោយសារតែភាពក្រីក្រ។
យុវជន ឈុន ឌីម៉ី កើតក្នុងគ្រួសារដែលមានជីវភាពក្រីក្រខ្លាំង ក្នុងតំបន់សំណង់អនាធិបតេយ្យនៃភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។ លោកជាកូនទីពីរក្នុងចំណោមបងប្អូនទាំងអស់ ៤ នាក់ ដែលមានឪពុកជាអ្នករត់ម៉ូតូឌុប និងម្តាយជាកម្មករសិប្បកម្មផលិតតុទូកៅអីមួយកន្លែង នៅក្នុងក្រុងសៀមរាប។
យុវជនរូបនេះរំឭកថា កាលពីនៅវ័យកុមារ រូបគេធ្លាប់ជាក្មេងដើររើសអេតចាយ ព្រោះតែជីវភាពខ្វះខាតខ្លាំងពេក។ លុះចម្រើនវ័យធំដឹងក្តីបន្តិច ឌីម៉ី បានធ្វើការងារបណ្តើរ រៀនបណ្តើរ ដើម្បីបានប្រាក់ខ្លះមកជួយគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ ឌីម៉ី បានធ្វើការងារជាជាងដែក ជាអ្នករត់តុការ ជាអ្នករត់តុបាយ និងជាអ្នកផ្ញើរកង់ម៉ូតូ រហូតទាល់តែប្រឡងជាប់បាក់ឌុប នៅឆ្នាំ២០១៦។
ប៉ុន្តែជារឿងគួរឱ្យសោកស្តាយ យុវជនដែលមានទេពកោសល្យខាងកំណាព្យរូបនេះ មិនបានចូលរៀននៅមហាវិទ្យាល័យតាមក្តីស្រម៉ៃរបស់ខ្លួនឡើយ ពីព្រោះតែគ្មានលទ្ធភាពបង់ថ្លៃសាលា។ ទើបតែនៅឆ្នាំ២០១៩ នេះទេ ដែល ឌីម៉ី មានឱកាសបានចូលរៀនថ្នាក់បរិញ្ញាបត្រនឹងគេ ដោយសារអ្នកទេសចរណ៍ជនជាតិបារាំងម្នាក់ជួយបង់ថ្លៃសាលាឱ្យ ក្នុងមួយឆ្នាំជិត៧០០ ដុល្លារ៖ «កា រពិតទៅ ពេលដែលចប់ភ្លាម ខ្ញុំមានបំណងថាចង់ចូលរៀនណាស់ ព្រោះអត់ចង់ឱ្យខាតឆ្នាំក្នុងការរៀន។ ខ្ញុំស្រឡាញ់ ការរៀន ច្រើនដែរ ប៉ុន្តែធ្វើម៉េចបើជីវភាពគ្រួសារយើងអត់មានចឹងទៅ ខ្ញុំក៏ព្យាយាមធ្វើការរកលុយ។ ប៉ុន្តែរកលុយសន្សំអត់សល់ទេ ព្រោះយើងផ្គត់ផ្គង់គ្រួសារ។ ហើយក៏មានមិត្តភក្តិម្នាក់ គាត់ធ្វើការនៅអូតែលចឹងទៅ គាត់ក៏បានទាក់ទងភ្ញៀវ ដោយសារតែភ្ញៀវគាត់ចង់ជួយដល់ក្មេងនៅកម្ពុជា។ អ៊ីចឹងទៅ មិត្តភក្តិខ្ញុំក៏បានទាក់ទងខ្ញុំថា មានមិត្តភក្តិម្នាក់គាត់ចង់រៀន ប៉ុន្តែគាត់អត់មានសមត្ថភាព។ អ៊ីចឹងទៅ បានមិត្តភក្តិទាក់ទងឱ្យទៅ ខ្ញុំក៏បានចូលរៀនដល់ឥលូវ»។
យុវជន ឈុន ឌីម៉ី បានចូលធ្វើការជាបុគ្គលិកផ្នែកអនាម័យនៃមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០១៧ កន្លងទៅ។ ជាងមួយឆ្នាំក្រោយមក រូបគេក៏ត្រូវបានតម្លើងជាប្រធានក្រុមផ្នែកអនាម័យនៅទីនោះ ដោយសារបំពេញការងារបានល្អ។
យុវជនរូបនេះបានក្លាយជាបង្គោលដ៏សំខាន់នៅក្នុងគ្រួសាររបស់គាត់។ ឌីម៉ី កំពុងបំពេញចិត្តកតញ្ញូចំពោះឪពុកម្តាយ ដោយបង់រំលស់ដីមួយកន្លែងនៅស្រុកអង្គរធំខេត្តសៀមរាប បំណងទុកសាងសង់គេហដ្ឋានឱ្យអ្នកមានគុណទាំងពីរនៅថ្ងៃអនាគត ព្រោះការរស់នៅសំណង់អនាធិបតេយ្យដូចសព្វថ្ងៃនេះ មិនមានភាពឋិតឋេរនោះឡើយ។
អ្នកចម្រៀងរ៉ែបរូបនេះ ថ្លែងបន្តដោយសម្តីអួលដើមកថា ដោយសារតែចង់ឱ្យឪពុកម្តាយរស់រួចផុតពីការលំបាក ទើបលោកប្រឹងខាំមាត់សង្កត់ចិត្ត ធ្វើកិច្ចការគ្រប់យ៉ាងដើម្បីគ្រួសារ និងដើម្បីការសិក្សារបស់ខ្លួន៖ «ខ្ញុំគិតទៅលើគ្រួសារ ខ្ញុំចង់ឃើញឪពុកម្តាយគាត់រស់ស្រួល អ៊ីចឹងហើយខ្ញុំក៏បានខំប្រឹងតស៊ូរហូត ទោះបីយើងជួបឧបសគ្គយ៉ាងម៉េចក៏ដោយ។ ក្នុងស្ថានភាពណាក៏ដោយ ក៏យើងខំប្រឹងតស៊ូ ហើយម្តាយគាត់ចេះតែអប់រំទូន្មានយើងពាក្យល្អៗ ជំរុញទឹកចិត្តយើងឱ្យខំប្រឹងប្រែង ម៉ែអត់មានអីឱ្យកូនទេ ម៉ែគឺអ្នកក្រអ៊ីចឹងទៅ។ ឆាកជីវិតដែលខ្ញុំឆ្លងកាត់ទាំងអស់ហ្នឹងហើយ ដែលជំរុញឱ្យខ្ញុំព្យាយាមតស៊ូ អត់ចុះចាញ់ទេ ហើយបានជាខ្ញុំផលិតបទចម្រៀងផ្លូវជីវិតនេះមួយ»។
បច្ចុប្បន្ននេះ ឌីម៉ីត្រូវខំធ្វើការផង រៀនផង ចំនួន ៦ថ្ងៃក្នុងមួយសប្តាហ៍ ហើយថ្ងៃអាទិត្យ គឺជាពេលវេលាដែលលោកអាចភ្នកនឹកពីការផលិតចម្រៀងរ៉ែប ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន។
គិតត្រឹមពេលនេះ ឌីម៉ី បានចេញបទចម្រៀងចំនួន ២០បទហើយ ទាំងបទផលិតខ្លួនឯង និងច្រៀងបទរបស់អ្នកដទៃ។ ដោយឡែក ចំពោះចម្រៀងអំពីបញ្ហាសង្គមវិញ លោកផលិតបាន ៣បទហើយ គឺបទ "ផ្លូវជីវិត" ដែលលោកទើបផលិត និងបទ"សង្គមនេះ" ដែលលោកនិពន្ធនិងច្រៀងជាពីរបែប។
បទចម្រៀង "សង្គមនេះ"ទាំងពីរបទ មានចំនួនចូលទស្សនាជាង៦ លានដងហើយមកដល់ពេលនេះ។ ចំណែកបទ "ផ្លូវជីវិត" វិញ មានចំនួនទស្សនាជិត២ សែនដង បន្ទាប់ពីបង្ហោះនៅលើបណ្តាញសង្គមយូធូប (YouTube) បាន ៣ថ្ងៃ។
អ្នកចូលទស្សនាជាច្រើន បានបញ្ចេញយោបល់ចូលចិត្ត និងគាំទ្របទចម្រៀងរបស់យុវជន ឈុន ឌីម៉ី ដោយសារពួកគេយល់ថា បទចម្រៀងទាំងនោះឆ្លុះបញ្ចាំងការពិតនៅក្នុងសង្គម។ អ្នកចូលទស្សនាភាគច្រើន បានសំណូមពរឱ្យយុវជនរូបនេះ ផលិតបទចម្រៀងអំពីសង្គមឱ្យបានច្រើនបន្ថែមទៀត។
ទោះជាយ៉ាងណា ការបំពេញតាមសំណូមពររបស់អ្នកគាំទ្រ ពិតជាលំបាកមែនទែនសម្រាប់អ្នកចម្រៀងរ៉ែបអត្តខាត់រូបនេះ។
យុវជន ឈុន ឌីម៉ី ឱ្យដឹងថា លោកមានគំនិតច្រើនក្នុងការតែងនិពន្ធ ក៏ប៉ុន្តែអ្វីដែលលោកខ្វះខាតនោះ គឺសម្ភារៈទាំងឡាយដែលបម្រើឱ្យការផលិតបទចម្រៀង។ លោករៀបរាប់ថា បទចម្រៀងទាំងឡាយដែលបានផលិតកន្លងមក គឺលោកបានខ្ចីឧបករណ៍ និងសុំស្ទូឌីយូមិត្តភ័ក្ដិថតទេ សូម្បីតែកុំព្យូទ័រកាត់តសំឡេង និងរូបភាព ក៏លោកខ្ចីគេដែរ។ លោកបញ្ជាក់ថា ប្រសិនបើលោកមានឧបករណ៍គ្រប់គ្រាន់ និងស្ទូឌីយ៉ូថតចម្រៀងត្រឹមត្រូវ លោកនឹងអាចផលិតបទចម្រៀងបានកាន់ច្រើន៖ «ក្តីស្រម៉ៃរបស់ខ្ញុំ ខ្ញុំចង់បានយូរហើយបង ឧបករណ៍ថតហ្នឹង ទាំងកុំព្យូទ័រ ទាំង Microphone ទាំងអ្វីផ្សេងៗដែលទាក់ទងនឹងការថតសំឡេងហ្នឹង ប៉ុន្តែក្តីស្រម៉ៃហ្នឹងមិនដឹងថា ពេលណានឹងក្លាយជាការពិតទេ ព្រោះអីពេលនេះកំពុងតែប្រើរបស់គេ។ យើងទៅថតតែនៅកន្លែងគេរហូត ហើយ បើមាន ខ្លួនឯង ខ្ញុំនឹងព្យាយាមធ្វើបទចម្រៀងឱ្យបានច្រើនសម្រាប់ជាចំណីអារម្មណ៍ឱ្យពុកម៉ែបងប្អូនបានស្តាប់ទាំងពីរឿងពិត រឿងលើកទឹកចិត្ត រឿងអប់រំ និងរឿងអីក៏ដោយ ខ្ញុំនឹងព្យាយាមសរសេរឱ្យបានច្រើនតាមអ្វីដែលខ្ញុំអាចធ្វើបាន។"
ទោះជាយ៉ាងណាភាពក្រីក្រ និងការខ្វះខាត មិនមែនជាឧបសគ្គសម្រាប់យុវជន ឈុន ឌីម៉ី ឡើយ។ ឌីម៉ី បញ្ជាក់ថា ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ គឺជាកម្លាំងចិត្តមួយដ៏ខ្លាំង ញ៉ាំងឱ្យលោកខិតខំផលិតបទចម្រៀងអំពីសង្គម អប់រំយុវជនខ្មែរឱ្យប្រព្រឹត្តអំពើល្អ ខំប្រឹងប្រែងរៀនសូត្រ និងមានគំនិតស្រឡាញ់ជាតិ៖ «ខ្ញុំចង់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាហ្នឹង ឱ្យពួកគាត់ខំប្រឹងប្រែងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់។ ទោះបីជាលំបាកក៏ដោយ ស្រួលក៏ដោយ យ៉ាងម៉េចក៏ដោយ យើងត្រូវតែតស៊ូទាំងអស់គ្នា កុំឱ្យចុះចាញ់ ហើយយើងធ្វើតែអំពើល្អទៅ។ អំពើល្អនឹងជួយយើងនៅពេលក្រោយ ហើយសម្រាប់យុវជនវិញ ខ្ញុំសំណូមពរតែមួយទេ គឺយើងព្យាយាមខិតខំប្រឹងប្រែងរៀនសូត្រដើម្បីប្រទេសជាតិយើង។ យើងកុំចំណាយពេលទៅធ្វើអីដែលអត់ប្រយោជន៍ ដូចជា ដើរលេងបង្កជារឿង សេពគ្រឿងញៀន ធ្វើអ្វីដែលសង្គមស្អប់ខ្ពើម។ យើងចំណាយពេលវេលាទាំងអស់ហ្នឹងទៅជាលេងកីឡា ធ្វើតន្ត្រី យើងមានការងារអីដើម្បីជួយគ្រួសារឱ្យគ្រួសារមានសុភមង្គលចំពោះយើង» ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។