ភ្ញៀវទេសចរ និងអាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការរស់នៅ
2018.11.25

ប្រជាពលរដ្ឋ ឬអាណាព្យាបាល និង ភ្ញៀវទេសចរមួយចំនួន រស់នៅខេត្តព្រះសីហនុ បានបង្ហាញការព្រួយបារម្ភ ចំពោះការបញ្ហាអសន្តិសុខក្នុងការរស់នៅ ព្រោះពួកគាត់សង្កេតឃើញថា មូលដ្ឋាននេះ បានបន្តកើតមានបទល្មើសចោរកម្មលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន និងក្មេងទំនើងជាដើម មិនទាន់មានសញ្ញាថយចុះទេ ទោះបីកម្លាំងសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថ និងនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាប និងចាប់បានជនល្មើសទៅផ្តន្ទាទោសជាច្រើនករណីបែបណាក្តី។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបង្ហាញអារម្មណ៍ពិតថា ប៉ុន្មានឆ្នាំមកនេះ ពួកគេធ្លាប់គិតថា លែងចង់នាំក្រុមគ្រួសារចូលមកកម្សាន្តនៅតាមឆ្នេរខេត្តព្រះសីហនុទៀតហើយៗ ក៏មានប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុខ្លះ បានបង្ហាញអារម្មណ៍ចង់ប្តូរលំនៅទៅកាន់ខេត្តផ្សេងថែមទៀតផង។
ពួកគេយល់ថា បទល្មើសមួយចំនួនមានជនសង្ស័យជាជនជាតិចិន។ ជាងនេះទៀត ចំពោះបទល្មើសគ្រឿងញៀន និងពេស្យាចារ ក៏កំពុងកើតមានពេញបន្ទុក និងមានភាពអនាធិបតេយ្យ នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹបរាំច្រៀងខារ៉ាអូខេ និងជ្រកក្រោមស្លាកសណ្ឋាគារ កាស៊ីណូជាដើម ដែលមានថៅកែជនជាតិចិន។
ប្រជាពលរដ្ឋ ចង់ឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសមត្ថកិច្ចគ្រប់ជំនាញនាខេត្តព្រះសីហនុ ឲ្យជួយបង្កើនសកម្មភាពចុះត្រួតពិនិត្យ នៅតាមក្លឹបកម្សាន្តរាត្រី ដែលសង្ស័យថា មានបើកបំរើសេវាកម្មផ្លូវភេទ បើកឲ្យមានការប្រើប្រាស់ និងចរាចរណ៍ម្លាំងការពាររក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនដោយការទទួលខុសត្រូវខ្ពស់។
លោក អំពាវនាវដល់ភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ ឲ្យចូលមកទស្សនាកម្សាន្តនាខេត្តទេសចរណ៍មួយនេះ ឲ្យបានច្រើនកុះករ៖ «សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរអញ្ជើញមកលេងខេត្តព្រះសីហនុ ហើយរួមគ្នាអភិវឌ្ឍខេត្ត របស់យើងឲ្យបានរីកចំរើនទាំងអស់គ្នា។ រាល់ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័ន្ធបានខិតខំបំរើសេវា និងការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដោយការទទួលខុសត្រូវខ្ពស់។ សូមបងប្អូនកុំជឿពាក្យឃោសនាថា ខេត្តព្រះសីហនុ អ៊ីចេះអ៊ីចុះ ដោយកន្លងមកមានអ្នកខ្លះបំផុសថា ខេត្តព្រះសីហនុ គគ្រេចខ្លាំងណាស់ និងអសុវត្ថិភាពជាដើមនោះ គឺមិនពិតនោះទេ។ អ្នកនិយាយរឿងអាក្រក់ៗ នៅខេត្តព្រះសីហនុហ្នឹងគឺ មានអ្នកខ្លះនិយាយបំភ្លើសការពិត ទាំងស្រុង ប៉ុន្តែទទួលស្គាល់ថា មានអ្នកខ្លះបាននិយាយត្រូវមួយចំនួនដែរ។ កុំឲ្យដូចពាក្យគេនិយាយតៗ គ្នា ក្អែកមួយ ក្អែកដប់ឲ្យសោះ។ ដូច្នេះសូមគោរពអញ្ជើញបងប្អូន និងភ្ញៀវទេសចរ ចូលមកលេងកម្សាន្តខេត្តព្រះសីហនុ ឲ្យបានច្រើន នៅគ្រារដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការអភិវឌ្ឍមូលដ្ឋានខេត្ត និងអភិវឌ្ឍក្រុងព្រះសីហនុ សូមអញ្ជើញបងប្អូនចូលមកលេងកម្សាន្តឲ្យបានច្រើន»។
ទោះជាយ៉ាងនេះក្តី បញ្ហាអសន្តិសុខ តាំងពីមានវត្តមានជនជាតិចិន ចូលមករស់នៅ និងរកស៊ីច្រើននៅខេត្តព្រះសីហនុនេះ ធ្វើឲ្យខេត្តទេសចរណ៍ជាប់មាត់សមុទ្រ ដែលធ្លាប់តែមានភ្ញៀវទៅលេងកម្សាន្ត និង លំហែកាយយ៉ាងច្រើនកុះករ កាលពីមុននេះ ឥឡូវនេះចំនួនអ្នកទៅលេងទីនោះ បានថយចុះជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។