ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ការ​សិប្បកម្ម

0:00 / 0:00

ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្នែក​សិប្បកម្ម​ចំណី​អាហារ​នៅ​កម្ពុជា លើក​ឡើង​ថា កង្វះ​បច្ចេកវិទ្យា និង​ដើម​ទុន កំពុង​ក្លាយ​ជា​បញ្ហា​វាយ​លុក​ទៅ​លើ​អាជីវកម្ម​របស់​ពួក​គេ។ ករណី​នេះ គឺ​ជា​បញ្ហា​ប្រឈម និង​ជា​ផល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ពិសេស​ក្លាយ​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អាជីវកម្ម ដើម្បី​ឈាន​ជើង​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

តើ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង​នោះ ប្រឈម​បញ្ហា​អ្វី​ខ្លះ?

ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា បារម្ភ​បញ្ហា​ប្រឈម​ធំៗ​ទាក់ទង​នឹង​កង្វះ​បច្ចេកទេស និង​ដើម​ទុន កំពុង​ក្លាយ​ជា​កត្តា​រាំង​ស្ទះ​ដល់​ការ​បង្កើន​ផលិតកម្ម​ស្បៀង​អាហារ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាជន​ក្នុង​ប្រទេស និង​ផលិត​ឲ្យ​លើស​សម្រាប់​ការ​នាំ​ចេញ។

ការ​លើក​ឡើង​របស់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ និង​ឧស្សាហកម្ម និង​យន្តការ​ក្នុង​ការ​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅ​កម្ពុជា ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា នា​រាជធានី​ភ្នំពេញ។ សិក្ខា​សាលា​នេះ មាន​បំណង​ចែក​រំលែក​បទពិសោធន៍ និង​ស្វែង​យល់​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​នៅ​កម្ពុជា។

ប្រធាន​សមាគម​ទំពាំងបាយជូរ​ព្រៃ និង​ជា​តំណាង​សហគ្រាស​ស្រា​ទំពាំងបាយជូរ​ព្រៃ ខេត្ត​ពោធិ៍សាត់ លោក មាស វីរៈ ឲ្យ​ដឹង​ថា សិប្បកម្ម​ផលិត​ស្រា​ទំពាំងបាយជូរ​ព្រៃ​របស់​សហគ្រាស​លោក ប្រឈម​បញ្ហា​ច្រើន។ លោក​ថា ដោយសារ​សិប្បកម្ម​ទំពាំងបាយជូរ​ព្រៃ ជា​គំនិត​ផ្ដួចផ្ដើម​បង្កើត​ថ្មី ដូច្នេះ​បាន​ជួប​នឹង​បញ្ហា​បច្ចេកទេស ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​ស្តង់ដារ​គុណភាព​ដែល​ត្រូវ​ផលិត ដើម​ទុន​ដើម្បី​ទ្រទ្រង់​ពង្រីក​សិប្បកម្ម កង្វះ​ព័ត៌មាន​ជុំវិញ​ដំណើរ​ការ​សិប្បកម្ម កង្វះ​ទីផ្សារ​សម្រាប់​ផលិតផល កង្វះ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត។

លោក​ថា បញ្ហា​ទាំង​នេះ​ហើយ​បាន​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​ដំណើរ​ការ​សិប្បកម្ម ពិសេស​មិន​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ​អាស៊ាន​បាន៖ «វា​ពិត​ជា​ប្រឈម​នឹង​បញ្ហា​ច្រើន​ណាស់​តាំង​ពី​ចាប់​ផ្ដើម​បង្កើត​សហគ្រាស​ទំពាំងបាយជូរ​ជា​លើក​ដំបូង រហូត​មក​ដល់​បច្ចុប្បន្ន តាំង​ពី​ការ​ប្រមូល​ធនធាន។ ម្យ៉ាង​ទៀត ធនធាន​ដើម្បី​ផលិត​បាន​ពី​ព្រៃ គឺ​ជា​វត្ថុ​ធាតុ​ដើម​ក្នុង​ព្រៃ ចឹង​វា​អត់​មាន​ស្តង់ដារ​មួយ ដើម្បី​បញ្ជាក់​ពី​ស្តង់ដារ ផ្លែ​វា​ទុំ​កម្រិត​ណា​នោះ​ទេ ហើយ​ពី​មួយ​ឆ្នាំៗ​យើង​ចេះ​តែ​ប្រឹង​ទិញ​ផ្លែ​ទំពាំងបាយជូរ​ព្រៃ​ពី​ប្រជាជន ធ្វើ​ឲ្យ​ការ​ផលិត​កើន​ឡើង​ខ្ពស់ តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​មិន​មាន​ទីផ្សារ​ទៅ​វិញ»

ម្ចាស់​សហគ្រាស​ស្រា​ទំពាំងបាយជូរ​ព្រៃ​រូប​នេះ​លើក​ឡើង​ទៀត​ថា កន្លង​មក ទោះ​ជា​អាជ្ញាធរ​មូលដ្ឋាន​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​ផលិត​ស្រា​ទំពាំងបាយជូរ​ព្រៃ​របស់​សហគ្រាស​លោក​ក្តី តែ​លោក​ចង់​ឃើញ​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ និង​អន្តរាគមន៍​ជា​បន្ទាន់ ព្រោះ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​ជា​សសរ​ស្ដម្ភ​ទី​៣ ដែល​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ។ ជាង​នេះ​ទៀត លោក​ថា ក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​រិះរក​គន្លឹះ​ដោះស្រាយ​ទីផ្សារ និង​ស្វែងរក​គំនិត​បច្ចេកទេស​បន្ថែម ដើម្បី​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ពង្រឹង​គុណភាព​ដំណើរ​ការ​ផលិត​របស់​ខ្លួន​នា​ពេល​អនាគត៖ «អ្វី​ដែល​យើង​ចង់​បាន​ឲ្យ​អាជ្ញាធរ ក៏ដូចជា​ស្ថាប័ន​រដ្ឋាភិបាល​ជួយ​ដោះស្រាយ គឺ​ចង់​ឲ្យ​គាត់​ជួយ​ពង្រីក​ទំនាក់ទំនង​ទីផ្សារ ទាំង​ក្នុង និង​ក្រៅ​ប្រទេស សម្រួល​លិខិត​បទដ្ឋាន​ផ្សេងៗ​ដើម្បី​ឲ្យ​គាត់​មាន​ដំណើរ​ការ​ងាយ​ស្រួល ហើយ​ត្រូវ​ទាញ​យក​បទពិសោធន៍​ផ្សេងៗ​មក​ចែក​ជូន​សហគ្រាស​ទាំងអស់»

របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.អ.អាយ (CDRI) បង្ហាញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ប្រឈម​មុខ​ខ្លាំង​នឹង​ឧបសគ្គ​ចម្បងៗ​ច្រើន ដូចជា បញ្ហា​ការិយាធិបតេយ្យ និង​ក្របខ័ណ្ឌ​ច្បាប់​អន់​ខ្សោយ ភាព​លំបាក​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ កង្វះ​ការ​គាំទ្រ និង​ផលិតផល​ទាប ជា​បន្ថែម​លើ​ការ​ចូលរួម​បាន​តិចតួច​នៅ​ក្នុង​សមាហរណកម្ម​ក្នុង​តំបន់។ ការ​សិក្សា​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ឡើយ និង​មិន​ទាន់​បាន​ត្រៀម​រួច​រាល់​សម្រាប់​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នោះ​ទេ។

លើស​ពី​នេះ ការ​សិក្សា​របស់ ស៊ី.ឌី.អ.អាយ ស្ដីពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ បាន​បង្ហាញ​លទ្ធផល​ដែរ​ថា កម្ពុជា ហាក់​ជា​ប្រទេស​អនុវត្ត​នៅ​ខ្សោយ​រាល់​ទិដ្ឋភាព​នៃ​គោល​នយោបាយ ស្ដីពី​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ក្នុង​នោះ​រួម​មាន ក្របខ័ណ្ឌ​ស្ថាប័ន លទ្ធភាព​ប្រើប្រាស់​សេវា​គាំទ្រ​នានា ការ​ចាប់​ផ្តើម​អាជីវកម្ម​បាន​លឿន​អស់​សោហ៊ុយ​តិច និង​មាន​បទបញ្ញត្តិ​ល្អ​ជាង​មុន លទ្ធភាព​បាន​ប្រើប្រាស់​ហិរញ្ញប្បទាន បច្ចេកវិទ្យា និង​ការ​ផ្ទេរ​បច្ចេកវិទ្យា ការ​ពង្រីក​ទីផ្សារ​អន្តរជាតិ ការ​ជំរុញ​ការ​អប់រំ​ពី​សហគ្រិនភាព និង​មាន​អ្នក​តំណាង​កាន់​តែ​មាន​ប្រសិទ្ធភាព។ របាយការណ៍ ក៏​បង្ហាញ​ដែរ​ថា រដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ដោះស្រាយ​ពី​ភាព​កម្សោយ​ទាំង​នេះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អនុប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ឈា ឡាយហ៊ី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចាត់​ទុក​សហគ្រាស​ធុន​តូច និង​មធ្យម ជា​ឆ្អឹង​ខ្នង​សំខាន់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ លោក​ថា វិស័យ​នេះ​បាន​ផ្តល់​ការងារ​យ៉ាង​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ពិសេស​បច្ចេកទេស និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ ក្រសួង​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​សិប្បកម្ម​ក្រោយ​ឆ្នាំ​២០១៥៖ «ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សូម​គាំទ្រ និង​រិះរក​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សហគ្រាស​ទាំង​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ទទួល​ស្គាល់​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ»

ការ​ធ្វើ​ជំរឿន​សហគ្រាស​កន្លង​ទៅ ធ្លាប់​បាន​បង្ហាញ​ថា កម្ពុជា មាន​សហគ្រាស​ធុន​តូច និង​មធ្យម កំពុង​ដំណើរ​ការ​ទូទាំង​ប្រទេស​ជាង ៥០​ម៉ឺន ប៉ុន្តែ​ការ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​មាន​ចំនួន ៥​ម៉ឺន​សហគ្រាស​ប៉ុណ្ណោះ។

នៅ​ចុង​ឆ្នាំ​២០១៥ នេះ កម្ពុជា និង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត បាន​ពួត​ដៃ​បង្កើត​ទីផ្សារ​រួម​គ្នា​តែ​មួយ​ជា​លើក​ដំបូង​នៅ​ក្នុង​តំបន់ ហៅ​ថា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)។ កិច្ច​ព្រមព្រៀង​នេះ ប្រមូល​ផ្តុំ​ប្រទេស​សមាជិក​អាស៊ាន​ឲ្យ​ក្លាយ​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ពោល​គឺ​ទីផ្សារ​រួម​គ្នា​តែ​មួយ ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប ២,៤​លាន​ដុល្លារ ពាណិជ្ជកម្ម​ក្នុង​តំបន់ ៦០០​ពាន់​លាន​ដុល្លារ និង​ប្រជាជន​សរុប ៦២៥​លាន​នាក់។

ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ជិត ៣០​នាក់ ដែល​បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ និង​ឧស្សាហកម្ម និង​យន្តការ​ក្នុង​ការ​គាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា នៅ​តែ​បារម្ភ​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​មិន​អាច​ទទួល​ផល​ចំណេញ​ពី​ទីផ្សារ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចុង​ឆ្នាំ​២០១៥ នោះ​ឡើយ។

ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ កង្វះ​ទីផ្សារ​បច្ចេកវិទ្យា និង​ផលិតភាព​ទាប ការ​កសាង​សមត្ថភាព លទ្ធភាព​ទទួល​បាន​ព័ត៌មាន និង​កសាង​ទំនាក់ទំនង​រវាង​សហគ្រាស​ធុន​ធំ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ។

សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​សុចរិត​ភាព​ធុរកិច្ច កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​បាន​ផ្ដល់​អនុសាសន៍​ថា ប្រសិន​បើ​ប្រទេស​កម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន កម្ពុជា នឹង​ទទួល​បាន​ចំណូល​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។