លោក ស ខេង ផ្ដល់​ប្រាក់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​ដល់​នគរបាល​ករណី​ចាប់​បាន​ក្រុម​រណសិរ្ស

អាស៊ីសេរី
2018.10.03
ស ខេង ៦២២ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ដល់​ថវិកា​ ៥​ម៉ឺន​ដុល្លារ ដើម្បី​លើកទឹកចិត្ត ដល់​កងកម្លាំង​សមត្ថកិច្ច ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​មួយ​ក្រុម ដែល​អាជ្ញាធរ​របស់​លោក ហ៊ុន សែន អះអាង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​លាក់​ទុក​អាវុធ​ខុសច្បាប់ ប៉ុនប៉ង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ។

សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​២ តុលា ឈ្មោះ ប៊ុន ប្រសើរ នៅ​ខេត្ត​ព្រះវិហារ និង​ចោទ​បុរស​វ័យ​៤២​ឆ្នាំនេះ ថា ជា​សមាជិក​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ និង​ជា​មេខ្លោង​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់ ប៉ុនប៉ង​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ បង្ក​អសន្តិសុខ និង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ។

ក្រោយ​ការ​ចាប់ខ្លួន និង​បញ្ជូន​ខ្លួន​ពី​ខេត្ត​ព្រះវិហារទៅ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ សមត្ថកិច្ច​ដកហូត​បា​ន កាំភ្លើង អាកា​៤៧ មួយ​ដើម អាវុធ​ខ្លី​មួយ​ដើម គ្រាប់បែក​៤​គ្រាប់ កាមេរ៉ា​១​គ្រឿង កុំព្យូទ័រ​១​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស ១​គីឡូក្រាម ម្សៅ​ពណ៌​លឿង ១​គីឡូក្រាម កាំជ្រួច​ដែល​អាច​កែច្នៃ​ធ្វើ​គ្រាប់បែក កែវឆ្លុះ​៣​គ្រឿង និង​លិខិតឆ្លងដែន​១។

កាលពី​ថ្ងៃ​ទី​២២ កញ្ញា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​មនុស្ស ​៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង ដោយ​ចោទ​ថា​លាក់​ទុក​អាវុធ​ ២៨​ដើម ស្ថិតនៅ​សង្កាត់​បន្សាំង ខណ្ឌ​ព្រែកព្នៅ។

សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​មនុស្ស​ទាំង ​៨​នាក់ ពី​បទ រៀបចំ​ចាត់តាំង​ក្រុម​ជន​ប្រដាប់​អាវុធ សន្និធិ​អាវុធ និង​រឿង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ចូលរួម​ក្នុង​ក្រុម​ជន​ប្រដាប់​អាវុធ តាម​មាត្រា​៤៨៥ ៤៨៦ និង​ ៤៨៩ នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទង​នឹង​រឿង​នេះ ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក សម សេរី បាន​បដិសេធ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២ តុលាថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មនុស្ស​៨​នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​នោះ​ឡើយ។ លោក សម សេរី ចោទ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ថា ប្រើ​ល្បិចកល​ទុច្ចរិត បង្កើត​ព្រឹត្តិការណ៍ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុម​របស់​លោក ដែល​មិនបាន​ប្រើ​អំពើ​ហិង្សា​សោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។