កញ្ញា សាសា បដិសេធ​ការ​សុំ​ទោស​ជា​សាធារណៈ​និង​សំណង​ពី​លោក​ឧកញ៉ា សុខ ប៊ុន

0:00 / 0:00

កញ្ញា ឯក សុជាតា ហៅ សាសា អតីត​ពិធីការនី​ទូរទស្សន៍ ស៊ីធីអិន (CTN) ប្រកាស​ភ្លាមៗ​បដិសេធ​ការ​សុំ​ទោស​ជា​សាធារណៈ និង​រាល់​ការ​សម្រុះសម្រួល​សង​សំណង​ជា​ប្រាក់​ណា​មួយ​ពី​លោក​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង ត្រូវ​បាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្សព្វផ្សាយ​ពី​ខ្សែ​វីដេអូ​នៃ​ការ​ប្រើ​អំពើ​ហិង្សា​នោះ ចែក​ចាយ​ពី​មួយ​ទៅ​មួយ​នោះ។

ការ​ប្រកាស​មិន​ទទួល​យក​ការ​សុំ​ទោស ឬ​សំណង​នេះ ស្រប​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​បទបញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កញ្ញា ឯក សុជាតា ហៅ សាសា ចាត់​ទុក​ការ​សុំ​ទោស​របស់ លោក​ឧកញ៉ា សុខ ប៊ុន នាយក​ក្រុមហ៊ុន សុខ ប៊ុន គ្រុប (SBG) និង​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនវត្ថុ​នៅ​កម្ពុជា លើ​ការ​វាយ​តម្លៃ​លើ​រូប​នាង​ជា​ការ​សម្ដែង​ប៉ុណ្ណោះ ហើយ​នាង​ផ្ដាំ​ទៅ លោក សុខ ប៊ុន វិញ​ថា មិន​គួរ​គេចវេះ​នោះ​ទេ និង​ត្រូវ​តែ​ហ៊ាន​មក​ទទួល​ខុស​ចំពោះ​មុខ​ច្បាប់។

ការ​លើក​ឡើង​របស់​អតីត​ពិធីការនី​ទូរទស្សន៍ ស៊ីធីអិន នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ឧកញ៉ា សុខ ប៊ុន ប្រកាស​ទទួល​កំហុស​សុំ​ទោស​កញ្ញា​ជា​សាធារណៈ និង​ប្រកាស​លា​ឈប់​ពី​ងារ​ជា​ឧកញ៉ា និង​មុខងារ​បច្ចុប្បន្ន​ទាំងអស់ ដែល​ធ្វើ​ឡើង​តាម​លិខិត​មួយ​ច្បាប់​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ កក្កដា។ លើស​ពី​នេះ នៅ​ក្នុង​លិខិត​នោះ លោក សុខ ប៊ុន បាន​ស្នើសុំ​ចូលរួម​ជា​វិភាគទាន​ជួយ​ព្យាបាល​ដល់​កញ្ញា​ចំនួន ១០​ម៉ឺន​ដុល្លារ ដែល​កាល​ពី​មុន​លោក​ឲ្យ​មេធាវី​របស់​លោក​ទៅ​សម្រប​សម្រួល​ជាមួយ​ក្រុម​គ្រួសារ សាសា សង​សំណង​តែ ៤​ម៉ឺន​ដុល្លារ។

ទោះ​បី​ជា​មាន​ការ​សុំ​ទោស និង​សន្យា​សង​សំណង​យ៉ាង​នេះ​ក្ដី កញ្ញា ឯក សុជាតា ហៅ សាសា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ កក្កដា ថា កញ្ញា និង​ក្រុម​គ្រួសារ សោកស្ដាយ​ចំពោះ​ទង្វើ​របស់ លោក សុខ ប៊ុន ដែល​មិន​ព្រម​ទទួល​ខុស​ចំពោះ​មុខ​ច្បាប់ និង​តែងតែ​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​ផ្ដល់​សំណង ដើម្បី​បញ្ចប់​សំណុំ​រឿង​ក្រៅ​ច្បាប់​បែប​នេះ។ កញ្ញា សាសា បាន​បន្ត​ថា ទាំង​កញ្ញា និង​ក្រុម​គ្រួសារ នៅ​តែ​រក្សា​ជំហរ​យក​ច្បាប់​ជា​ធំ ព្រោះ​គ្រួសារ​កញ្ញា​មិន​ស្រឡាញ់​លុយ​ជាង​ច្បាប់​នោះ​ទេ។ កញ្ញា​បញ្ជាក់​ថា អ្វី​ដែល​រូប​កញ្ញា និង​ក្រុម​គ្រួសារ​កញ្ញា​ចង់​បាន គឺ​ចង់​ឃើញ​តុលាការ​កាត់​សេចក្ដី​រឿង​នេះ​តាម​ផ្លូវ​ច្បាប់ និង​យុត្តិធម៌ ដើម្បី​ជា​គំរូ​មួយ​ដល់​ជន​រងគ្រោះ​ដទៃ​ទៀត៖ «គាត់​មិន​គួរ​បន្ត​អូស​បន្លាយ​ពេលវេលា​រហូត​ជិត​កន្លះ​ខែ​នោះ​ទេ ដូច្នេះ​គ្រួសារ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន និង​គ្មាន​ន័យ​នោះ​ទេ ព្រោះ​ភ្លើង​វា​បាន​ឆាប​ឆេះ​រួច​ទៅ​ហើយ។ គ្រួសារ​ខ្ញុំ​មិន​សំខាន់​រឿង​លុយ​នោះ​ទេ លើស​ពី​នេះ លិខិត​ដែល​គាត់​សុំ​សង​សំណង​ឲ្យ​ខ្ញុំ ១០​ម៉ឺន​ដុល្លារ គាត់​មិន​គួរ​ណា​ធ្វើ​អ៊ីចឹង​នោះ​ទេ ព្រោះ​គាត់​ក៏​មាន​មុខ​មាត់ ឋានៈ បុណ្យ​ស័ក្តិ​នៅ​ក្នុង​សង្គម​ម្នាក់​ដែរ»

នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល កញ្ញា សាសា អះអាង​ថា លោក​ឧកញ៉ា សុខ ប៊ុន បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង​កាល​ពី​រាត្រី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២ កក្កដា នោះ គឺ​ឃើញ​មាន​ការ​ប្រកែក​គ្នា​រវាង​ក្រុម​ឧកញ៉ា សុខ ប៊ុន និង​កញ្ញា សាសា។ ភ្លាមៗ​នេះ កញ្ញា សាសា បាន​យក​ទូរស័ព្ទ​ដៃ​គប់​ទៅ​លើ​ក្រុម​លោក​ឧកញ៉ា សុខ ប៊ុន ស្រាប់​តែ លោក សុខ ប៊ុន និង​អង្គរក្ស​ប្រើ​អំពើ​ហិង្សា​លើ កញ្ញា សាសា ឲ្យ​របួស។ កញ្ញា សាសា បញ្ជាក់​ថា ស្ថានភាព​របួស​របស់​នាង​បាន​ធូរ​ស្បើយ​បន្តិច​ហើយ បន្ទាប់​ពី​នាង​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។

ទន្ទឹម​នឹង​ជន​រងគ្រោះ​អន្ទង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នេះ នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន និង​បង្គោល​ខណ្ឌ​សីមា​ជូន​ដល់​អាជ្ញាធរ​ខ្មែរ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៤ កក្កដា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ តាម​ចាប់​លោក​ឧកញ៉ា សុខ ប៊ុន ដែល​វាយ​ដំ​លើ កញ្ញា សាសា យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន ទោះ​ជា​ជន​រូប​នេះ​រត់​ទៅ​ដល់​ទីណា​ក៏ដោយ។ លោក ស ខេង ក៏​ហាម​មិន​ឲ្យ​អ្នក​ធំ​ណា​ម្នាក់​រត់​ការ​ជួយ​សម្រប​សម្រួល​ក្នុង​ករណី​នេះ​ដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក សុខ ប៊ុន ដែល​កំពុង​លាក់​ខ្លួន​នេះ​បាន​នៅ​ឡើយ​ទេ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ។ ប៉ុន្តែ​មេធាវី​របស់ លោក សុខ ប៊ុន គឺ​លោក យិន សុភី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក​ថា លិខិត​សុំ​ទោស​របស់​កូន​ក្ដី​លោក ដែល​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​នោះ គឺ​ជា​លិខិត​ពិត​របស់ លោក សុខ ប៊ុន តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ជុំវិញ​រឿង​នេះ​យ៉ាង​ណា​បាន​នោះ​ទេ ព្រោះ​លោក​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​រឿង​នេះ៖ «ចំណាត់​ការ​បន្ត​យ៉ាង​ណា ខ្ញុំ​កំពុង​តែ​សិក្សា​បន្ត​លើ​រឿង​នេះ ហើយ​ខ្ញុំ​នឹង​ប្រាប់​ពេល​ក្រោយ»

មក​ទល់​ពេល​នេះ កញ្ញា សាសា លើក​ឡើង​ថា នាង​មិន​ទាន់​ទទួល​លិខិត​សុំ​ទោស​នេះ​នៅ​ឡើយ​ទេ តែ​នាង​បាន​ឃើញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ដូច​គ្នា។ កញ្ញា​អះអាង​ថា ទោះ​បី​ជា​កញ្ញា​បាន​ទទួល​លិខិត​នេះ​ក្ដី តែ​កញ្ញា​មិន​ព្រម​តាម​សំណើ​របស់​លោក​ឧកញ៉ា សុខ ប៊ុន នោះ​ឡើយ មាន​តែ​ការ​កាត់​ទោស​ដោយ​យុត្តិធម៌​ទេ​ដែល​នាង​ចង់​បាន។

មាត្រា​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៦​លាន​រៀល។

ទាក់ទង​ករណី​នេះ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់ លោក សុក សំអឿន បាន​ពន្យល់​ថា ការ​ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ​របស់ លោក សុខ ប៊ុន នៅ​ពេល​នេះ លោក​ថា​អាច​ទទួល​បាន​ការ​សម្រាល​ទោស អាស្រ័យ​ទៅ​លើ​ការ​ពិចារណា​របស់​តុលាការ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា​មិន​អាច​គេច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​បទ​ព្រហ្មទណ្ឌ​បាន​នោះ​ឡើយ៖ «ចំពោះ​ច្បាប់​ទោះ​ជា​មាន​ការ​សុំ​ទោស​យ៉ាង​ណា​ក៏ដោយ គឺ​រក្សា​នៅ​ក្នុង​បទ​ព្រហ្មទណ្ឌ​ដដែល តែ​បើ​សិន​ជា​ជន​រងគ្រោះ​សុខ​ចិត្ត​ទទួល​ការ​សុំ​ទោស និង​សម្រុះសម្រួល និង​ព្រម​ទទួល​យក​សំណង ទោស​គាត់​អាច​សម្រាល​ខ្លះ​បាន»

ចំពោះ​ដំណឹង​ដែល​ថា លោក សុខ ប៊ុន រត់​គេច​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​បញ្ហា​ព្រំដែន និង​បង្គោល​ខណ្ឌ​សីមា​ជូន​ដល់​អាជ្ញាធរ​ខ្មែរ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៤ កក្កដា នេះ​ថា លោក សុខ ប៊ុន ទំនង​ជា​មិន​មែន​គេច​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ គឺ​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ ហើយ​ថា ការ​ប្រកាស​ថា​នៅ​ក្រៅ​ប្រទេស​របស់​លោក​ឧកញ៉ា សុខ ប៊ុន កន្លង​មក គឺ​ជា​ការ​បោក​បញ្ឆោត​សមត្ថកិច្ច​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។