ក្រុមគ្រូបង្រៀនឲ្យដឹងថា មកទល់ពេលនេះពួកគាត់ពុំបានទទួលទាំងលិខិតនិងប្រាក់តែងតាំងស៊ុបនៅឡើយ។ ហើយពួកគាត់មានការងឿងឆ្ងល់ មិនដឹងថាបណ្ដាលមកពីអ្វីដែលនាំឲ្យមានការយឺតយ៉ាវអូសបន្លាយយូរដូច្នេះឡើយ។ ប្រាក់តែងតាំងស៊ុប គឺជាផ្នែកមួយនៃចំនួនប្រាក់ខែ ដែលបានកាត់ពីប្រាក់ខែបង្រៀនសម្រាប់គ្រូដែលទើបចេញបង្រៀនថ្មី ពុំទាន់មានក្របខ័ណ្ឌពេញសិទ្ធនៅឡើយ។
គ្រូបង្រៀនអនុវិទ្យាល័យនៅខេត្តព្រៃវែង សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ ថ្លែងនៅថ្ងៃទី០៤ ធ្នូ ឆ្នាំ២០១៣ ថា ក្រសួងអប់រំបានកាត់ប្រាក់ខែគ្រូបង្រៀនអនុវិទ្យាល័យដែលពុំទាន់បានតែងតាំងស៊ុប១ខែ ចំនួន១សែនរៀលនៃចំនួនប្រាក់បៀវត្ស ៣៧ម៉ឺនរៀលរបស់បង្រៀនរៀងរាល់ខែ។
លោកបញ្ជាក់បន្ថែមថា ប្រាក់ចំនួន១សែនរៀលជាប្រាក់តែងតាំងស៊ុប ហើយប្រាក់ចំនួន១សែនរៀលនេះ ក្រសួងអប់រំនឹងប្រគល់ទៅឲ្យគ្រូបង្រៀនវិញ នៅពេលដែលពួកគាត់ទទួលបានលិខិតតែងតាំងក្របខ័ណ្ឌពេញសិទ្ធិ បន្ទាប់ពីបំពេញភារកិច្ចបង្រៀននៅអនុវិទ្យាល័យគ្រប់ចំនួន២ឆ្នាំ។ លោកថា ពួកគាត់បានបង្រៀនជិត ៣ឆ្នាំហើយ ប៉ុន្តែនៅពុំទាន់មាននរណាម្នាក់បានទទួលប្រាក់តែងតាំងស៊ុបនៅឡើយ៖ « មូលហេតុអីឆ្ងល់ចេញយូរហើយអត់ឃើញលិខិតតែងតាំងស៊ុប ហើយគ្រូបឋមគេចេញក្រោយ ១ឆ្នាំផង គេបានលិខិតតែតាំងស៊ុបមុន ហើយប្រាក់រើប៉ែលបានមុនដែរ។ មិត្តភ័ក្ដិខ្ញុំនៅស្វាយរៀងប្រាក់រើប៉ែលហ្នឹងគេធ្លាប់ឲ្យបាន ២ខែមុន។ ប៉ុន្តែដល់ពេលខ្ញុំនៅព្រៃវែង អត់បានអីសោះទទេ មិនទាន់បានរើប៉ែលឲ្យ ១ខែ ក៏សូម្បីតែ១ខែក៏មិនទាន់អាប៉ែលឲ្យដែរ »។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ទៀត និយាយថា ការយឺតយ៉ាវមិនបានបើកប្រាក់តែងតាំងស៊ុបធ្វើឲ្យពួកគាត់ជួបការលំបាកខ្វះខាតប្រាក់សម្រាប់ដោះស្រាយជីវភាពថ្ងៃ៖ « ខ្វះខាតខាងជីវភាពអ៊ីចឹងជួបការលំបាកអ៊ីចឹង។ បើយើងបានរកអីកើតបើយើងជាប់តែបង្រៀនអ៊ីចឹង។ អត់មានទៅប្រកបមុខរបរណាបាន បើយើងបានប្រាក់ហ្នឹងទៅបានជួយប្រើប្រាស់ទិញនេះទិញនោះកំពុងពេលខ្វះខាតអ៊ីចឹង។ យើងមិនបានរកស៊ីណាដិតដល់ដូចគេ បើយើងជាប់តែបង្រៀនអ៊ីចឹង »។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានមន្ទីរអប់រំខេត្តព្រៃវែង ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី០៤ ធ្នូ។
ក្រុមគ្រូបង្រៀនឲ្យដឹងថា ប្រាក់តែងតាំងស៊ុប ដែលពួកគាត់ពុំទាន់បានទទួល ក្នុងគ្រូបង្រៀនម្នាក់ប្រមាណ ២លានរៀល។ លោកថាប្រាក់នេះ បើតាមគ្រូដែលធ្លាប់បានបើកកន្លងមក គឺគ្រូបង្រៀនម្នាក់ទទួលប្រាក់តែងតាំងស៊ុបរបស់ខ្លួនត្រឹមតែជាង១លានរៀលប៉ុណ្ណោះ។
គ្រូបង្រៀនអនុវិទ្យាល័យជំនាន់ទី២១ នៅខេត្តព្រៃវែង ដែលនៅពុំទាន់បើកប្រាក់តែងតាំងស៊ុប និងលិខិតតែងតាំងក្របខ័ណ្ឌពេញសិទ្ធ មានប្រមាណជាង១រយនាក់(១០០)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
