សមត្ថកិច្ចថៃ បន្តចាប់បញ្ជូនពលករខ្មែរដែលធ្វើការងារខុសច្បាប់រាប់រយនាក់ ត្រឡប់មកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមកវិញនេះ ភាគច្រើនជាពលករខុសច្បាប់ ដែលថៅកែរបស់ពួកគេឲ្យត្រឡប់មកធ្វើលិខិតឆ្លងដែនដើម្បីទៅធ្វើការងារស្របច្បាប់វិញ។ ទន្ទឹមគ្នានេះដែរ ពលករអះអាងថា មុននឹងសមត្ថកិច្ចថៃ បញ្ជូនមកប្រទេសកម្ពុជា នៅស្រុកអារញ្ញ ប្រទេសថៃ មានមនុស្សនិយាយភាសាខ្មែរបានទារប្រាក់ពីពួកគាត់ម្នាក់ជិត ៥ម៉ឺនរៀល ដើម្បីជាថ្នូរបានត្រឡប់មកកម្ពុជា វិញ។
ក្រុមពលករដែលត្រឡប់មកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគច្រើនជាយុវជនមានអាយុចន្លោះពី ១៨ឆ្នាំទៅ ៣០ឆ្នាំ ដោយខ្លះមានអីវ៉ាន់សំពីងសំពោងជាប់មកជាមួយផង ត្រូវបានប៉ូលិសថៃ ដឹកតាមរថយន្តទ្រុង ហើយឈរតម្រៀបគ្នាយ៉ាងណែនដើម្បីយកមកប្រគល់ឲ្យអាជ្ញាធរខ្មែរនៅក្រុងប៉ោយប៉ែត។
រថយន្តប៉ូលិសខេត្តស្រះកែវ របស់ថៃ ដឹកពលករប្រមាណពី ៤០នាក់ទៅ ៦០នាក់ក្នុងមួយឡាននៅថ្ងៃទី២ កក្កដា មកដល់ដីខ្មែរនៅជើងដំបូងប្រហែលម៉ោង ១២ថ្ងៃត្រង់ ហើយនៅពេលរថយន្តមកដល់សង្កាត់ប៉ោយប៉ែត មានអាជ្ញាធរខ្មែរចាំទទួល។ ចំណែករថយន្តក៏បានវិលត្រឡប់ទៅប្រទេសថៃ វិញភ្លាមៗ។
ពលការិនីម្នាក់រស់នៅខេត្តកំពង់ចាម កញ្ញា ហួរ ស្រីខូច ក្នុងវ័យ ២៣ឆ្នាំ ថ្លែងថា កញ្ញាធ្វើការជាកម្មករលក់នំនៅខេត្តប្រាក់ធំធានី ប្រទេសថៃ ដោយពុំមានលិខិតឆ្លងដែនទេ។ កញ្ញាអះអាងថា មូលហេតុដែលត្រឡប់មកខ្មែរ គឺដើម្បីប្រញាប់មកធ្វើលិខិតឆ្លងដែនទៅធ្វើការងារនៅកន្លែងដើមវិញ។ កញ្ញាឲ្យដឹងទៀតថា ប៉ូលិសថៃ ចាប់នៅពេលត្រឡប់មកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ កៀកនឹងព្រំដែនខ្មែរ តែពុំបានវាយធ្វើបាបនោះទេ។ ទោះជាយ៉ាងណា កញ្ញាអះអាងថា មុនពេលសមត្ថកិច្ចថៃ ចាប់បញ្ជូនមកព្រំដែន មានបុរសម្នាក់និយាយភាសាខ្មែរច្បាស់ តម្រូវឲ្យពួកគាត់បង់លុយចំនួន ៤០០បាត (លុយថៃ) ឬប្រហែល ៥ម៉ឺនរៀលក្នុងម្នាក់ ដើម្បីជាថ្នូរបានត្រឡប់ទៅដល់ទឹកដីខ្មែរ៖ « ខ្ញុំមកតាមផ្លូវអត់លំបាកអីផង ព្រោះខ្ញុំស្គាល់ផ្លូវ តែខ្ញុំអស់លុយនៅឲ្យមន្ត្រីខ្មែរនៅស្រុកអារញ្ញ ម្នាក់ ៤០០បាតប្រាក់ថៃ។ ខ្ញុំអត់ដឹងថាគេយកលុយហ្នឹងទៅធ្វើអីផង »។
ពលករម្នាក់រស់នៅខេត្តបន្ទាយមានជ័យ លោក លី រ័ត្ន ផ្ដល់សម្ភាសនៅពេលត្រៀមឡើងម៉ូតូឌុបត្រឡប់ទៅផ្ទះថា លោកធ្វើការងារជាកម្មករលក់ដូរក្នុងផ្សារនៅខេត្តប្រាក់ធំធានី ប្រទេសថៃ ប្រមាណ ៣ខែ បានប្រាក់ឈ្នួលប្រមាណ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ បុរសវ័យ ២៧ឆ្នាំរូបនេះនិយាយថា លោកត្រឡប់មកខ្មែរដោយខ្លួនឯង គឺដោយសារធ្វើការនៅប្រទេសថៃ ខុសច្បាប់ពិបាករស់នៅ។ លោកអះអាងថា ថៅកែជនជាតិថៃ ឲ្យលោកត្រឡប់មកធ្វើលិខិតឆ្លងដែនដើម្បីបានធ្វើការងារស្របច្បាប់៖ « ខ្ញុំទៅធ្វើការប្រទេសថៃ ដំបូងដោយខ្លួនឯង ប៉ុន្តែដល់តែគេចាប់ ខ្ញុំក៏ប្រញាប់ត្រឡប់មកវិញ។ ខ្ញុំស្គាល់ផ្លូវមកខ្មែរខ្លួនឯង ហើយខ្ញុំមិនព្រួយបារម្ភខ្លាចសមត្ថកិច្ចថៃ ទេ ព្រោះខ្ញុំចេញចូលប្រទេសថៃ ញឹកញាប់ »។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីគណៈកម្មការទទួលបន្ទុកពលករដែលថៃ បញ្ជូនមកខ្មែរតាមច្រកប៉ោយប៉ែត អ្នកស្រី ស៊ិន ណាំយ៉ុង ផ្ដល់សម្ភាសនៅទីស្នាក់ការមុនពេលរថយន្តសមត្ថកិច្ចថៃ ដឹកពលករមកដល់នៅព្រឹកថ្ងៃទី២ កក្កដា ថា អ្នកដែលយកប្រាក់ពីពលករខ្មែរនោះមិនមែនជាសមត្ថកិច្ចកម្ពុជា នោះទេ តែអាចជាសមត្ថកិច្ចថៃ ច្រើនជាង។ អ្នកស្រីបន្ថែមថា សមត្ថកិច្ចថៃ សម្រុកបញ្ជូនពលករមកកម្ពុជា តាមច្រកមួយនេះចាប់ពីថ្ងៃទី២៨ មិថុនា មក ដើម្បីឲ្យពលករទាំងនោះត្រឡប់មកធ្វើលិខិតស្នាម ហើយចូលទៅធ្វើការដោយស្របច្បាប់វិញ៖ « ពលករថៃ បញ្ជូនមកមានមកពីគ្រប់ខេត្តទូទាំងប្រទេស ជួនថ្ងៃណាមកពីកំពង់ចាម មួយថ្ងៃជាង ២០០នាក់ទៅ។ ថ្ងៃខ្លះខេត្តបន្ទាយមានជ័យ ជាង ១០០នាក់ទៅ។ វាអត់ទៀងទេ។ ពលករដែលចូលមក ខ្ញុំកត់ចំនួនមនុស្សប្រចាំថ្ងៃច្បាស់លាស់ មកពីតាមខេត្តនីមួយៗ ដើម្បីងាយស្រួលខ្ញុំធ្វើរបាយការណ៍ទៅថ្នាក់លើ »។

ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាងថា ការត្រឡប់មកវិញនេះជារឿងដ៏លំបាកមួយសម្រាប់ពលករខ្មែរដែលទៅធ្វើការខុសច្បាប់។ លោកបន្ថែមថា អ្វីដែលលំបាកជាងនេះ គឺមានមនុស្សមួយក្រុមនិយាយភាសាខ្មែរឆ្លៀតឱកាសចាំយកប្រាក់ពីពលករក្នុងទឹកដីថៃ។ លោកហៅទង្វើនេះថាជាទង្វើអាក្រក់ដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ ហើយសមត្ថកិច្ចខ្មែរ ត្រូវតែអន្តរាគមន៍ទៅខាងភាគីថៃ ជាបន្ទាន់៖ « ហើយយើងឃើញថារហូតមកដល់ថ្ងៃនេះ មានពលកររាប់ពាន់ហើយ។ អ៊ីចឹងទេ ពួកគាត់បង់លុយម្នាក់ ៤០០បាតមានចំនួនច្រើនណាស់ ដែលខ្ពស់ជាងតម្លៃប្រាក់ឈ្នួលពលករធ្វើការមួយថ្ងៃផង »។
របាយការណ៍គណៈកម្មការទទួលបន្ទុកពលករដែលថៃ បញ្ជូនមកខ្មែរតាមច្រកប៉ោយប៉ែត ឲ្យដឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី១ កក្កដា អាជ្ញាធរថៃ ចាប់បញ្ជូនពលករមកខ្មែរតាមច្រកមួយនេះមានជិត ៣ពាន់នាក់។ ដោយឡែកនៅថ្ងៃទី២ កក្កដា គិតត្រឹមម៉ោង ៦រសៀល ថៃ បញ្ជូនពលករមកចំនួនជាង ៤០០នាក់ ហើយចំនួននេះអាចនឹងកើនឡើងថែមទៀត ដោយសាររថយន្តរបស់ថៃ បន្តដឹកពលកររហូតដល់ម៉ោងជាង ៨យប់។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី១ កក្កដា ឲ្យដឹងថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យអំពីការគ្រប់គ្រងការធ្វើការរបស់ពលករបរទេសឆ្នាំ២០១៧ ក្នុងគោលបំណងបន្ថែមទំនាក់ទំនងដល់និយោជកដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មានឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករមកធ្វើការខុសច្បាប់ប៉ុណ្ណោះ។
សេចក្ដីប្រកាសដដែល អំពាវនាវឲ្យពលរដ្ឋកម្ពុជា ទាំងអស់រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករខ្មែរដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅធ្វើការប្រទេសថៃ។ ប្រសិនបើពលរដ្ឋចង់ទៅធ្វើការនៅប្រទេសថៃ ដើម្បីកុំឲ្យចាញ់បោកគេ ត្រូវរកក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងការងារ ហើយក្នុងករណីពលករដែលជួបបញ្ហា សូមទាក់ទងទៅកាន់លេខទូរស័ព្ទរបស់មន្ត្រីស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក៖ លេខ ០៩២ ៨០៥០ ៥៦១ លេខ ០៩៤ ០៩២៥ ៩០៥ និងលេខ ០៨៦ ៧៩៩៩ ៩៥៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
