ពលរដ្ឋ​អះអាង​ថា​ថៃ​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ​ប្រមាណ​២​គីឡូ​ម៉ែត្រ​បន្ថែម​ទៀត​នៅ​ប៉ៃលិន

ដោយ ម៉ម មុនីរតន៍
2014.09.30
Share on WhatsApp
Share on WhatsApp
ព្រំដែន ប៉ៃលិន ៦២០ ភ្នំ​នៅ​ចំណុច​ទួលរំដេង ត្រង់​បង្គោលឡាក់​លេខ​៦៧ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ពលរដ្ឋ​អះអាង​ថា ថៃ​រំលោភ​យក។ រូបថត​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤
Photo: RFA

ដី​តាម​ព្រំដែន​កម្ពុជា​ថៃ នៅ​ប៉ៃលិន កំពុង​រង​ការ​រំកិល​ខិត និង​ចូល​គ្រប់គ្រង​ដោយ​ទាហាន​ថៃ។ ការ​រំកិល​ចូល​មក​គ្រប់គ្រង​លើ​ដី​ខ្មែរ​នេះ ដោយសារ​ភាគី​ខ្មែរ​ចេះ​តែ​ចាត់​ទុក​តំបន់​មួយ​ចំនួន ថា​ជា​តំបន់ “ស” ហើយ​អាជ្ញាធរ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ បង្កបង្កើនផល និង​សាងសង់​ផ្ទះ​ស្នាក់​នៅ។

តើ​គោល​នយោបាយ​ថយ​ក្រោយ​របស់​ខ្មែរ​នេះ ធ្វើ​ឲ្យ​ខ្មែរ​កាន់​តែ​បាត់​ដី​ត​ទៅ​ទៀត​ឬ​ទេ?

លោក ម៉ម មុនីរតន៍ មាន​សេចក្ដី​រាយការណ៍​ពី​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បរយ៉ាខា ជុំវិញ​ការ​រំកិល​ព្រំដែន​ពី​ភាគី​ថៃ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដូច​ត​ទៅ៖

លោក​បន្ត​ថា៖ «បង្គោល​នៅ​ឯណេះ ហើយ​ឡាក់​នៅ​ឯណេះ ហើយ​យក​នៅ​ឯណេះ។ វា​កាត់​ភ្នំ​មិន​ទំនង។ យើង​ឃើញ​ថា យក​អ៊ីចឹង​វា​មិន​កើត​ទេ ព្រោះ​ដី​ខ្មែរ​ទេ»

កំពុង​អង្គុយ​លើ​ផ្ទះ​ដែល​មាន​ទម្រ​ខ្ពស់​ពី​ដី​បន្តិច និង​យូរៗ​ម្ដង លើក​ស្រា​ស​ក្លែម​ខ្យង​បណ្ដើរ​ផង និយាយ​បណ្ដើរ​ផង​នោះ បុរស​ដែល​មាន​វ័យ​ប្រមាណ ៤០​ឆ្នាំ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ភាគី​ថៃ អាច​រំកិល​ព្រំដែន​បន្ថែម​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា បាន​ទៀត​នៅ​ពេល​នេះ គឺ​ជា​កំហុស​របស់​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៅ​ថ្នាក់​មូលដ្ឋាន។

រស់នៅ​សង្កាត់​បរយ៉ាខា ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា ដី​ជាច្រើន​ហិកតារ​ជា​ប្រភេទ​ដី​ចម្ការ​របស់​ខ្មែរ​នៅ​ជិត​ព្រំដែន។ ឥឡូវ​នេះ ត្រូវ​បាន​ភាគី​ថៃ គ្រប់គ្រង​វិញ។ លោក​បន្ត​ថា ដើម​ឡើយ គ្រួសារ​របស់​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត​ជាច្រើន​គ្រួសារ បាន​ចូល​កាន់​កាប់​ដី​នៅ​តំបន់​មាន​ទំនាស់​នេះ ក៏ប៉ុន្តែ​ដោយសារ​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​ព្រំដែន​កម្ពុជា ជំទាស់​ថា​ជា​ដី​មិន​ទាន់​ជា​របស់​ភាគី​ណា​មួយ​នៅ​ឡើយ​នោះ ទើប​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ថៃ បាន​ចិត្ត និង​ចូល​កាន់​កាប់​ដល់​សព្វថ្ងៃ​នេះ៖ «នៅ​ឡាក់​ដើម​កណ្ដោល ព្រំ​ដី​បង​ឯង​លើ​នោះ ដែល​មាន​ដើម​កណ្ដោល​ធំ។ ខ្មែរ​យើង​ច្រើន​ចំណាំ​ប្រកាន់​យក​អា​ហ្នឹង។ ប៉ុន្តែ​ចុង​ក្រោយ​មក ថៃ បបួល​យក​អា​រោង​ក្រោម​ណេះ។ យក​តែ​ក្រោម​រោង​ហ្នឹង។ ចរចា​គ្នា​ចុះ​ឡើងៗ​រ៉ូងរ៉ាងៗ​មក ទាហាន​ថៃ គេ​សុំ​លា​ទៅ ក៏​ទាហាន​ចុះ​មក​ត្រឹម​រោង​ខ្ញុំ​ហ្នឹង។ ដល់​ចុង​ក្រោយ​ដក​យក​ត្រឹម​សសរ​រោង​ហ្នឹង ត្រឹម​កូន​តូច​ហ្នឹង ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ​ហ្នឹង។ យក​ទាំងអស់​តា​ហ្មង​ទៅ»

ប្រជាពលរដ្ឋ​នៅ​ភូមិ​បរថ្មី និយាយ​ថា ថៃ បាន​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ដី​ខ្មែរ​នេះ​ប្រមាណ​ជា ២​គីឡូ​ម៉ែត្រ​ពី​បង្គោល​កំណត់​ព្រំដែន​ឡាក់​លេខ​៦៧ នៅ​ចំណុច​ទួល​រំដេង។ រឿង​នេះ កើត​ឡើង​ប្រមាណ ១​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​នៅ​ត្រង់​បង្គោល​ឡាក់​លេខ​៦៤ កន្លង​ទៅ។ កាល​ណោះ អតីត​ប៉ូលិស​ប៉ុស្តិ៍​នៅ​បរយ៉ាខា លោក មួន ទឹម ហៅ ញន់ ត្រូវ​អង្គភាព​វរៈ​ការពារ​ព្រំដែន​ប្រចាំ​ទិស​បរយ៉ាខា ដក​ហូត​តួនាទី និង​ដាក់​ទណ្ឌកម្ម​អស់​ពេល​ជាច្រើន​ខែ​នៅ​ស្នងការ​ខេត្ត​ប៉ៃលិន។

មូលហេតុ​ដែល​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អតីត​មេ​ប៉ុស្តិ៍​រូប​នោះ បន្ទាប់​ពី​លោក​ត្រូវ​បាន​អង្គភាព​រក​ឃើញ​ពី​កំហុស​ជួយ​ការពារ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី ចុះ​សិក្សា​ពី​បង្គោល​ឡាក់​លេខ​៦៤ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ។

ប្រជាពលរដ្ឋ​អះអាង​ថា ចាប់​តាំង​ពី​ពេល​នោះ​ហើយ ទាំង​ដី​គ្រួសារ​របស់ លោក មួន ទឹម និង​គ្រួសារ​ដទៃ​ទៀត ត្រូវ​បាន​វរៈ​ការពារ​ព្រំដែន​គោក​ខាង​ភាគី​កម្ពុជា ដក​ហូត និង​ហាម​ឃាត់​មិន​ឲ្យ​អាស្រ័យ​ផល។ ហើយ​ក្រោយ​មក ត្រូវ​បាន​ភាគី​ថៃ ចូល​កាន់​កាប់​វិញ​ម្ដង​រហូត​មក​ដល់​ពេល​នេះ៖ «លើ​ភ្នំ​ហ្នឹង​គឺ​គេ​ហៅ​ថា​ភ្នំ​ឡាក់​៦៧ៗ គឺ​ភ្នំ​ខ្ពស់។ ខ្ពស់​ក្រោម ឬ​ក៏​អា​ខ្ពស់​លើ​នោះ។ អា​ខ្ពស់​លើ​នោះ ហើយ​ឡាក់​នៅ​ណា​ឡាក់។ ឡាក់​នៅ​លើ​ភ្នំ​នោះ»

រស់នៅ​ភូមិ​បរថ្មី សង្កាត់​បរយ៉ាខា លោក តាំង គឹមម៉េង ដែល​ជា​ម្ចាស់​ដី​នៅ​ចំណុច​ទួល​រំដេង ដែល​ត្រូវ​បាន​ភាគី​ថៃ ដក​ហូត​ដែរ​នោះ ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ព្រំដែន​នេះ​ថា គឺ​ជា​កំហុស​របស់​យោធា​ព្រំដែន​កម្ពុជា។ លោក​ថ្លែង​ថា ដំបូង​ឡើយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ដី​នេះ​ជា​ហូរហែ​ធ្វើ​ចម្ការ​ដាំ​ល្ង និង​កសិផល​ដទៃ​ទៀត ក៏ប៉ុន្តែ​ដោយ​ការ​រារាំង​របស់​កម្លាំង​នគរបាល​គោក​វរៈ​ការពារ​ព្រំដែន​ប្រចាំ​ទិស​បរយ៉ាខា ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ទើប​ទាហាន​ថៃ ប្រកាន់​ថា ជា​ដី​របស់​ខ្លួន​ក្រោយ​កម្ពុជា រៀបចំ​ការ​បោះ​ឆ្នោត​សកល​រួច​កន្លង​ទៅ​ថ្មីៗ​នេះ៖ «ឥឡូវ​នេះ​បើ​ខ្ញុំ​ឥត​ធ្វើ ថៃ វា​ចូល​មក​ដល់​ហ្នឹង។ ចូល​មក​ដល់​ដី​ហ្នឹង​ហ្មង។ អា​រឿង​ថៃ ជួល​ណា​វា​ចូល​មក អស់​ចិត្ត​អស់​ចង់​ទៅ​វិញ​ទៅ។ ទាហាន​ខ្មែរ​យើង​ដេញ​ទៅ​វិញ​ទៅ ប៉ុន្តែ​បើ​យើង​ឥត​នេះ វា​មក​ទៅ»

លោក តាំង គឹមម៉េង ថ្លែង​បន្ត​ថា មហិច្ឆតា​របស់​ថៃ នេះ មិន​ត្រឹម​ចង់​បាន​ដី​ខ្មែរ​ត្រឹម​ព្រំ​ដី​ដែល​ពលរដ្ឋ​កម្ពុជា ត្រួសត្រាយ​ព្រៃ​រួច​នេះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដី​មួយ​ផ្នែក​ទៀត ដោយ​រួម​ទាំង​ដី​ផ្ទះ​របស់​លោក​ផង ក៏​ជា​តំបន់​ដែល​ភាគី​ថៃ ត្រូវ​វាតទី​យក​ដែរ៖ «ថៃ គម្រោង​វា​ហ្នឹង​ចង់​យក​អូរជ្រៅ នេះ​ទៀត។ អូរជ្រៅ នេះ។ នេះ​ដី​នេះ អូរ​ខ្ញុំ​ហ្នឹង។ អ៊ីចឹង​បាន​ខ្ញុំ​ដាំ​ស្វាយ។ ខ្ញុំ​បណ្ដុះ​មៀន​ហ្នឹង​ទៀត។ បើ​យក​ធំ​អស់​ល្មម ប៉ុន្តែ​បើ​យក​អា​នេះ​ទៀត យក​ទៅ​មិន​រួច​ទេ ព្រោះ​ឃ្លាំង​តា​ញើន​នៅ​ណេះ។ កាល​ឃ្លាំង​ទ័ព​ពី​មុន ហើយ​មន្ទីរពេទ្យ»

នៅ​ចំណុច​គោលដៅ​ដែល​មាន​បញ្ហា គឺ​ត្រង់​បង្គោល​លេខ​៦៧ និង​បង្គោល​ឡាក់​លេខ​៦៦។ ទីតាំង​នេះ ស្ថានភាព​ដី​មាន​រាង​កោង​ដូច​ស្នែង​ក្របី។ បង្គោល​ឡាក់​លេខ​៦៧ ចូល​លយ​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ថៃ លើ​កំពូល​ភ្នំ។ ដោយ​ឡែក​បង្គោល​ឡាក់​លេខ​៦៦ ចូល​មក​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា។ ប្រជាពលរដ្ឋ​និយាយ​ថា ហេតុ​ដូច​នេះ​ហើយ បាន​ភាគី​ថៃ ប្រកាន់​យក និង​កាត់​តម្រង់​ពី​បង្គោល​ឡាក់​៦៥ និង​ឡាក់​៦៦ ឆ្ពោះ​ទៅ​បង្គោល​៦៨ ច្រក​អូរអែម ដោយ​កាត់​ផ្ដាច់​បង្គោល​ឡាក់​លេខ​៦៧ ចោល៖ «ឡាក់​៦៥ គឺ​ដើម​ឈើ​ធំ​ហ្នឹង មើល​ឃើញ​នោះ​ឡាក់​៦៥។ ដើម​ឈើ​ធំ​ហ្នឹង​ណា ហើយ​ចុះ​អា​ណា​ដែល​យើង​ទៅ​មើល។ អា​យើង​មើល​ណោះ ហួស​ផ្ទះ​ខ្ញុំ​លេខ​៦៤ ណោះ។ ៦៤-៦៥ ក្រឡាច់​មក​ណេះ​វិញ។ ៦៥-៦៦ នេះ ដល់ ៦៧ លើ​ភ្នំ​នោះ។ ភ្នំ​ឡាក់​៦៧ លើ​ភ្នំ​នោះ»

ឆ្លើយ​តប​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា អភិបាល​ខេត្ត​ប៉ៃលិន លោក កើត សុធា បដិសេធ​ថា រហូត​មក​ដល់​នេះ លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ភាគី​ថៃ រំកិល​ព្រំដែន​ចូល​មក​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ លោក​អះអាង​ថា នៅ​ចំណុច​ទួល​រំដេង ដែល​សង្ស័យ​ថា​មាន​ការ​រំកិល​ព្រំដែន​នេះ គឺ​ជា​តំបន់​ត្រូវ​ហាម​ឃាត់ និង​ថែម​ទាំង​ជា​តំបន់​ស​ទៀត​ផង។ លោក​បន្ត​ថា ការ​ពិត ទីតាំង​ទាំង​នោះ​គឺ​អាជ្ញាធរ​បាន​ជូន​ដំណឹង​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ពុំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​គាប់​គាស់ ឬ​ថា​ទៅ​បង្កបង្កើត​ផល​អ្វី​ឡើយ៖ «ការ​យល់​ច្រឡំ​ទេ ការ​វាយ​តម្លៃ ព្រោះ​កន្លែង​ហ្នឹង​គឺ​នៅ​ចន្លោះ​មួយ​ដែល​យើង​នៅ​ដូរ​ទេ។ វា​មិន​មែន​ជា​ការ​យក​មិន​យក​អី​ទេ តាម​ខ្ញុំ​មើល​នោះ​ណា។ ប៉ុន្តែ ដោយសារ​ប្រជាជន​យើង​គាត់​ឥត​សូវ​បាន​គិត​ពី​រឿង​ផល​ប៉ះពាល់​នៅ​តំបន់​ហ្នឹង​ទេ ព្រោះ​តំបន់​ហ្នឹង​តំបន់​ហាម​ឃាត់។ យើង​ហាម​ឃាត់​គាត់​មិន​ឲ្យ​ចូល​ទៅ​ផ្ដេសផ្ដាស​ទេ ព្រោះ​តំបន់​នោះ​ជា​តំបន់​ជាប់​ព្រំដែន​សីមា។ យើង​មិន​ទាន់​ច្បាស់​លាស់។ ដល់​អ៊ីចឹង គាត់​ចេះ​តែ​ចូល​ទៅ ហើយ​យើង​ហាម​ឃាត់​ឥត​បាន។ ដល់​អ៊ីចឹង​ទៅ ខាង​ណោះ​គេ​ឥត​អាច​មាន​អី ព្រោះ​ឥឡូវ​នេះ ខ្ញុំ​ឥត​ទាន់​ទទួល​ព័ត៌មាន​រឿង​ដី​ទេ»

ពាក់ព័ន្ធ​រឿង​តំបន់​ស​នេះ អតីត​យោធា​ខ្មែរ​ក្រហម លោក ឃិន ប៉ុន ថ្លែង​ថា វា​ហាក់​ចម្លែក​បន្តិច​សម្រាប់​កម្ពុជា ដែល​តំបន់​ស​ឃើញ​មាន​តែ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ប៉ុណ្ណោះ។ ដោយ​ឡែក​ខាង​ភាគី​ថៃ វិញ គេ​កម្រ​ឮ​ថា​មាន​តំបន់​ស​ណាស់។ លោក​ចាត់​ទុក​ថា ប្រសិន​កម្ពុជា នៅ​តែ​ប្រកាន់​គោល​នយោបាយ​ដូច​នេះ អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​ដែល​មាន​ទំហំ​តូច​ស្រាប់​នេះ ប្រឈម​នឹង​ការ​បាត់​បង់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត លោក ឃិន ប៉ុន ចាត់​ទុក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​កម្ពុជា ចេះ​តែ​រួម​តូច​ដី​នៅ​តាម​ព្រំប្រទល់​ដែន​នេះ គឺ​ដោយសារ​កម្ពុជា ខ្វះ​មនសិការ និង​ជំនាញ​បច្ចេកទេស​រឿង​ដែន​ដី​របស់​ខ្លួន៖ «អាជ្ញាធរ​យើង​ហ្នឹង​ឥត​យក​ចិត្ត​ទុក​ក្នុង​ការ​មើល​ព្រំដែន ហើយ​ឥត​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​អភិវឌ្ឍ​ទៅ​ដល់​បន្ទាត់​ព្រំដែន​ទេ។ ប៉ុន្តែ​បែរ​ជា​ទៅ​ឃាត់ឃាំង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង មិន​ឲ្យ​អភិវឌ្ឍ​ទៅ​ដល់​ព្រំដែន។ ដល់​ពេល​អ៊ីចឹង​មក​ដល់​ពេល​នេះ ជា​ចំណុច​ជា​របស់​យើង​ហ្នឹង ត្រូវ​បាន​ទាហាន​ថៃ ហ្នឹង​មក​ហាម​ឃាត់ លែង​ឲ្យ​យើង​ធ្វើ ដោយ​គេ​ចាត់​ទុក​ថា ដី​ខ្មែរ​កាប់​ព្រៃ​អស់​ហើយ។ អ៊ីចឹង​ណា​នៅ​ដី​ព្រៃ​ជា​របស់​ថៃ។ អ៊ីចឹង ធ្វើ​ឲ្យ​យើង​បាត់​បង់​ទឹក​ដី ប្រហែល​ជា​អ៊ីចឹង យើង​មើល​ចន្លោះ​កូន​អូរ​ដល់​ទៅ​បី។ អ៊ីចឹង​ដី​ហ្នឹង​ប្រហែល​ជា​ជាប់​ពី​កន្លែង​បំបែក​ទៅ​ពី ២០០​ម៉ែត្រ ហើយ​ឡើង​រហូត​ទៅ​ដល់​ឡាក់​៦៧​ហ្នឹង។ វា​ឡើង​ចូល​ចង់​ទៅ ២​គីឡូ​ណោះ បណ្ដោយ​ដី​ហ្នឹង។ អ៊ីចឹង​យើង​ខាត​បង់​ទឹក​ដី​ហ្នឹង​ច្រើន»

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ នៅ​ក្នុង​រដ្ឋសភា​ហើយ​ថា កម្ពុជា មាន​សមត្ថភាព​ពេញលេញ​ទាំង​សមត្ថភាព និង​ជំនាញ​បច្ចេកទេស ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​រឿង​ព្រំដែន​នេះ។ លោក​ថ្លែង​ថា ការ​ចោទ​ប្រកាន់​ណា​មួយ​ប្រឆាំង​មន្ត្រី​ជំនាញ​របស់​លោក ដែល​រក​ឃើញ​ថា ខ្វះ​សមត្ថភាព​នោះ គឺ​មិន​ត្រឹមត្រូវ​ឡើយ៖ «សរុប​សេចក្ដី​មក ការ​លើក​ឡើង​ថា កម្ពុជា ខ្វះខាត​បច្ចេកទេស និង​ឧបករណ៍​វាស់វែង និង​ខ្វះខាត​ធនធាន​មនុស្ស​សម្រាប់​បំពេញ​ការងារ​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ។ ដូច​បាន​បញ្ជាក់​ពី​ខាង​លើ យើង​មាន​ធនធាន​មនុស្ស និង​ឧបករណ៍​ទំនើប រួម​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បំពេញ​បេសកកម្ម​ព្រំដែន​នេះ​ឲ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព ជាមួយ​និង​ប្រទេស​ជិត​ខាង»

ឆ្លើយ​តប​ក្នុង​រឿង​នេះ លោក រ៉ុង ឈុន តំណាង​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ហៅ​ការ​អះអាង​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​គ្រាន់​តែ​ដើម្បី​ប្រជាប្រិយភាព​ក្នុង​អំណាច​ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​តែ​និយាយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​រឿង​ព្រំដែន​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​សោះ​ឡើយ។ លោក​បន្ត​ទៀត​ថា ទាំង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ចេះ​បន្ត​រំកិល​ព្រំដែន​របស់​ពួក​គេ​ចូល​មក​ក្នុង​អធិបតេយ្យភាព និង​បូរណភាព​របស់​កម្ពុជា គ្រប់​រូបភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៖ «លោក ហ៊ុន សែន គ្រាន់​តែ​គាត់​និយាយ​ឲ្យ​តែ​ពីរោះ​ស្ដាប់។ ប៉ុន្តែ ការ​ប្ដេជ្ញា​ចិត្ត​ទាក់ទង​នឹង​បូរណភាព​ទឹក​ដី​ជាមួយ​ប្រទេស​ជិត​ខាង​ហ្នឹង មាន​ន័យ​ថា គាត់​កំសាក​បំផុត​ហើយ​ក្នុង​ចំណោម​មេ​ដឹក​នាំ​ទាំងអស់​ហ្នឹង ដែល​កំសាក​ជាង​គេ​ទាក់ទង​នឹង​បូរណភាព​ទឹក​ដី​ហ្នឹង បាន​តែ​ក្អេងក្អាង ធ្វើ​បាប​តែ​ប្រជាពលរដ្ឋ​ឯង»

ប្រជាពលរដ្ឋ​នៅ​សង្កាត់​បរយ៉ាខា ខេត្ត​ប៉ៃលិន និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ទីតាំង​ដែល​ពួក​គាត់​ធ្លាប់​គ្រប់គ្រង ត្រូវ​បាន​ភាគី​ថៃ រឹត​បន្តឹង និង​ពុំ​អនុញ្ញាត​ឲ្យ​ចេញ​ចូល​បាន​ដូច​ពី​មុន​ទៀត​ឡើយ។ បញ្ហា​នេះ នៅ​មិន​ទាន់​គិត​ពី​ចំណុច​ផ្សារ​ជប់គគីរ ក្នុង​ខេត្ត​ឧត្តរមានជ័យ តំបន់​ប្រាសាទ​ព្រះវិហារ និង​មួយ​ផ្នែក​ទៀត ដែល​ប្រជាពលរដ្ឋ​តែង​អះអាង​ថា ដី​ខ្មែរ​ស្រែ​ថៃ នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ​ផង។ ចំណុច​ទាំង​នេះ ភាគី​ថៃ តែង​ព្យាយាម​រំកិល​ចូល និង​ប៉ុនប៉ង​គ្រប់គ្រង​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​មិន​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។