គ្រោះថ្នាក់​ចរាចរណ៍​បុណ្យ​ចូល​ឆ្នាំ ២០១៨​នេះ ថយ​ចុះ​ជាង​ឆ្នាំ​២០១៧

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​ថា រយៈពេល ១៨​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ មេសា គឺ​មុន និង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ មាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១៨​ករណី​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ១១៨​នាក់ និង​របួស​ចំនួន ៣៤៣​នាក់។

ចំនួន​នេះ​បាន​កើន​ឡើង​ចំនួន ៥៥​ករណី លើស​ពី​ថ្ងៃ​ធម្មតា ដែល​ជា​ថ្ងៃ​មិន​មាន​ពិធី​បុណ្យ ដោយ​គិត​ក្នុង​រយៈ​ពេល ១៨​ថ្ងៃ​ដូច​គ្នា​កាល​ពី​ខែ​មីនា​កន្លង​ទៅ គឺ​អ្នក​ស្លាប់​បាន​កើន​ឡើង ២០​នាក់ និង​របួស​ធ្ងន់​ស្រាល កើន​ជាង ១​រយ​នាក់។

ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរចចរណ៍​នេះ​ដែរ កាល​ពី​ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ឆ្នាំ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស មាន​ចំនួន ៥៥​ករណី ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ និង​របួស​ស្រាល និង​ធ្ងន់ ៨១​នាក់។ ចំនួន​នេះ​បាន​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៧។

កាល​ពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​គិត​ក្នុង​រយៈ​ពេល​ដូច​គ្នា​មាន​ចំនួន ៩៥​ករណី មនុស្ស​ស្លាប់ ៤៣​នាក់ និង​រង​របួស​ស្រាល​ធ្ងន់​ប្រមាណ ១៨០​នាក់។

របាយការណ៍​​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មេសា​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ​ រួម​មាន បើកបរ​លើស​ល្បឿន​កំណត់​ មិន​គោរព​សិទ្ធិ​គ្នា ជែង​គ្នា បើកបរ​ទាំង​ភាព​ស្រវឹង​ មិន​ប្រកាន់​ស្តាំ និង​បើកបរ​ទាំង​ងងុយ​ដេក​ជា​ដើម។

របាយការណ៍​​ដដែល បាន​បង្ហាញ​ថា​ រយៈ​ពេល ១​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៧​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៣.៥៣១​ករណី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១.៧៨០​នាក់​ និងរបួស​ចំនួន​ ៥.៥៣៩​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។