កម្មកររោងចក្រ សឺពីយ៉ា SEPIA (CAMBODIA) GARMENT CO.,LTD. ប្រមាណ ១០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តការតវ៉ាជាថ្មី ទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ឈ្នួលសម្រាប់ខែសីហា ឲ្យពួកគេតាមការសន្យា បន្ទាប់ពីថៅកែរោងចក្របានសន្យាបើកប្រាក់ឈ្នួលសងពួកគេវិញ នៅថ្ងៃទី១០ ខែកញ្ញា។ ចំណែកក្រុមបុគ្គលិកនៃសណ្ឋាគារ ឡឺម៉េរីឌានអង្គរ (Le Meridian Angkor) នៅឯខេត្តសៀមរាប ក៏បន្តតវ៉ាទាមទារដំណោះស្រាយដែរនៅថ្ងៃទី១៤ ខែកញ្ញា។
តំណាងកម្មកររោងចក្រ សឺពីយ៉ា លោកស្រី ហែម សិរីសោភា ឲ្យដឹងថា លោកស្រី និងកម្មករជាច្រើនទៀត តវ៉ាទាមទារឲ្យថៅកែរោងចក្រនេះ បើកប្រាក់ឈ្នួលសម្រាប់ខែសីហា តែមួយចំណុចប៉ុណ្ណោះ ដែលថៅកែបានជំពាក់ពួកគេ។ លោកស្រីបន្តថា កម្មករបានដេកយាមនៅមុខរោងចក្រទាំងយប់ទាំងថ្ងៃជិតមួយខែហើយ ដើម្បីការពារមិនឲ្យថៅកែរោងចក្រនេះដឹកឥវ៉ាន់ចេញ។ លោកស្រីបន្តថា ថៅកែមិនបានគោរពតាមកិច្ចសន្យានោះទេ បន្ទាប់ពីបានដឹកឥវ៉ាន់ដែលមាននៅក្នុងរោងចក្រចេញរួច ហើយតែងតែយឺតយ៉ាវក្នុងការបើកប្រាក់ខែជូនកម្មករ ដោយបើកកន្លះខែ ជំពាក់កន្លះខែជាដើម។
លោកស្រី ហែម សិរីសោភា ត្អូញត្អែរថា កម្មកររោងចក្រភាគច្រើនពុំបានទៅស្រុកកំណើតជួបជុំឪពុកម្ដាយ បងប្អូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណី ដើម្បីធ្វើបុណ្យដូចគេនោះទេ ដោយសារពួកគេកំពុងជួបការលំបាក គ្មានប្រាក់បង់ថ្លៃបន្ទប់ជួល ប្រាក់បង់ធនាគារ និងគ្មានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃជាដើម៖ « អ្វីដែលទាមទារច្រើនចំណុច ប៉ុន្តែជាក់ស្ដែងឥឡូវហ្នឹង គឺកម្មករចង់បានលុយប្រាក់ខែក្នុងខែ៨ ដើម្បីគ្នាទូទាត់លុយថ្លៃផ្ទះឲ្យខាងម្ចាស់ និងធ្វើជាសោហ៊ុយទៅស្រុកធ្វើបុណ្យជូនម៉ែ ជូនឪធ្វើបុណ្យអ៊ីចឹងទៅ ព្រោះអីឥឡូវហ្នឹង គឺអត់មានលុយទេ គឺនាំគ្នានៅមុខរោងចក្រហ្នឹង ទន្ទឹងរង់ចាំខាងក្រសួង ខាងណាដែលពាក់ព័ន្ធអ៊ីចឹង ជួយដោះស្រាយឱ្យខាងកម្មករ ព្រោះអីអត់ទាន់មានខាងណាគេមកអន្តរាគមន៍ទេ » ។
កម្មករ-កម្មការិនីនៅរោងចក្រ សឺពីយ៉ា ធ្លាប់ដាក់ញត្តិជាច្រើនលើកមកហើយនៅក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ តែពុំឃើញមានដំណោះស្រាយជូនកម្មករនោះទេ។ ពួកគេស្នើឲ្យក្រសួងការងារបិទរោងចក្រនេះចោលតែម្តង ប្រសិនបើដំណើរការហើយមិនមានប្រាក់បើកឲ្យកម្មករដដែល។
ដោយឡែក នៅថ្ងៃដដែលនេះ ក្រុមបុគ្គលិកសណ្ឋាគារឡឹមេរីឌានអង្គរ (Le Meridian Angkor) ស្ថិតនៅក្នុងខេត្តសៀមរាប នៅតែបន្តការតវ៉ាទាមទារ ដោយមានកាន់បដា និងដើរហែរក្បួនចូលតវ៉ានៅខាងក្នុងសណ្ឋាគារបន្តទៀត ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំសណ្ឋាគារនេះ ទទួលយកមេដឹកនាំ និងសកម្មជនសហជីពជាស្ត្រី ៣រូប បានចូលធ្វើការវិញ។
គណៈកម្មាធិការស្ត្រីរបស់សហជីពឡឺម៉េរីឌានអង្គរ កញ្ញា ឌឿម ឆៃយ៉ា បញ្ជាក់ថា រយៈពេល ៦ថ្ងៃហើយដែលបុគ្គលិកសណ្ឋាគារនេះធ្វើការតវ៉ា ដើម្បីរកយុត្តិធម៌ជូនថ្នាក់ដឹកនាំសហជីពរបស់ពួកគេ ដែលត្រូវបានថ្នាក់ដឹកនាំសណ្ឋាគារនេះ បញ្ឈប់ពីការងារ។ កញ្ញាបន្តថា ការអូសបន្លាយវិវាទការងាររហូតមកដល់ពេលនេះ ដោយសារតែខាងមន្ទីរការងារខេត្តសៀមរាបបានញែកវិវាទរបស់បុគ្គលិកសណ្ឋាគារជា ៣ចំណុច ដោយ ២ចំណុច ជាវិវាទរួម និង ១ចំណុចជាវិវាទបុគ្គល ប៉ុន្តែក្រុមអ្នកតវ៉ាចង់ឲ្យមន្ត្រីពាក់ព័ន្ធទាំងនោះ ដាក់វិវាទទាំង ៣ចំណុចនោះជាវិវាទរួម និងស្នើឲ្យបញ្ជូនករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
កញ្ញា ឌឿម ឆៃយ៉ា អះអាងថា ថ្នាក់ដឹកនាំសណ្ឋាគារនេះ មានការរើសអើងចំពោះសហជីព ដែលហ៊ានចេញមុខការពារអត្ថប្រយោជន៍របស់បុគ្គលិកមិនឲ្យម្ចាស់សណ្ឋាគារកាត់ប្រាក់ខែបុគ្គលិក ដែលមានប្រាក់ខែទាប។ កញ្ញាបន្ថែមថា នេះមិនមែនជាលើកទីមួយនោះទេដែលម្ចាស់សណ្ឋាគារ ធ្វើទុកម្នេញមកលើសហជីព ដោយបណ្ដេញចេញពីការងារនេះ៖ « ក្នុងនាមខ្ញុំដែលជាបុគ្គលិកបម្រើការនៅសណ្ឋាគារឡឺមេរីឌាន ក៏ដូចជាសមាជិកផ្សេងៗ សូមសំណូមពរដល់រាជរដ្ឋាភិបាលសម្ដេចតេជោ លោកជំទាវ សូមមេត្តាជួយមើលកូនចៅផង ពីព្រោះកូនចៅអត់ចង់ធ្វើទេ អាការដែលមកចេញឈរតវ៉ា ហើយចាក់ភ្លេង ចាក់អីពេញផ្លូវហ្នឹង ដោយសារតែអានេះជាភាពអយុត្តិធម៌ ដែលកូនចៅមិនអាចទទួលបានពីខាងមន្ទីរការងារខេត្តសៀមរាប អ៊ីចឹងសូមសំណូមពរឲ្យលោកមេត្តាជួយមើលដល់កូនចៅ ដល់កម្មករផង។ ថាកូវីដទៅវាលំបាកហើយដល់ពេលឥឡូវ គេមកបញ្ចប់ការងារហើយ គេមកអត់មានបើកប្រាក់ខែបើកអីទៀត គឺកូនចៅរឹតតែលំបាកមែនទែន » ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និង លោក សេង សក្តា ដើម្បីសាកសួរអំពីការដោះស្រាយវិវាទការងារនេះបានទេ នៅថ្ងៃទី១៤ ខែកញ្ញា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា លោកមានការសោកស្ដាយនូវកិច្ចអន្តរាគមន៍ក្រសួងការងារ ដែលមិនបានព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការសម្របសម្រួលជំរុញឲ្យថៅកែរោងចក្រស៊ឺពីយ៉ា ទូទាត់ប្រាក់ខែជូនកម្មករ និងជំរុញឲ្យម្ចាស់សណ្ឋាគារ ទទួលយកថ្នាក់ដឹកនាំសហជីពទាំង ៣រូបចូលធ្វើការវិញ ។ លោកបន្តថា ក្រសួងការងារបានបរាជ័យជាច្រើនសារហើយក្នុងការសម្របសម្រួលឲ្យមានដំណោះស្រាយជូនកម្មករនិយោជិតដែលប្រឈមនឹងជីវភាពរស់នៅ និងជំពាក់បំណុលធនាគារ ដោយសារថៅកែរោងចក្រ។ មួយវិញទៀត លោកលើកឡើងថា ចំពោះករណីតវ៉ានៅខេត្តសៀមរាប គឺការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កម្មករសហជីព ត្រូវបានបំពាន និងរឹតត្បិត ដោយសារការលើកហេតុផលណាមួយក្នុងអំឡុងពេលកូវីដ មកបណ្ដេញសហជីពកម្មករចេញពីការងារ។ លោកចាត់ទុកថា ការបកស្រាយច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កម្មករ គឺជារឿងអយុត្តិធម៌៖ « ត្រូវធ្វើការស៊ើបអង្កេតធ្វើអធិការកិច្ចហ្នឹងឲ្យវាមានប្រសិទ្ធភាព តម្លាភាពអ៊ីចឹងហ្អា៎! ក្នុងករណីរកឃើញថា វិវាទដែលកើតឡើងហ្នឹង គឺជាការអនុវត្តនៅក្នុងច្បាប់ស្ដីពីការងារ ឈានទៅដល់មានការបញ្ឈប់ថ្នាក់ដឹកនាំសហជីព រោងចក្រហ្នឹង ត្រូវបានបិទមិនមានការជូនដំណឹងត្រឹមត្រូវ អ៊ីចឹងត្រូវជំរុញនូវការធ្វើអធិការកិច្ចហ្នឹង ប្រកបដោយតម្លាភាព ប្រសិទ្ធភាពហើយរកឲ្យឃើញថា មូលហេតុអី នៅខាងក្រោយការបិទរោងចក្រហ្នឹង ជាការក្ស័យធន់ វិបត្តិសេដ្ឋកិច្ច អាហ្នឹងវាត្រូវមានការអំណះអំណាងភស្តុតាងបញ្ជាក់ដើម្បីឲ្យភាគីទាំងសងខាងហ្នឹង គាត់ទទួលយកបាន។ ថៅកែគាត់បិទ គាត់រត់ចោលហើយគាត់មិនទទួលខុសត្រូវ អាហ្នឹងវិធានការនៃការអនុវត្តច្បាប់ហ្នឹង ក្រសួងសាមីហ្នឹងហើយ ក្រសួងការងារហ្នឹងត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹង » ។
កម្មករ និងបុគ្គលិកសណ្ឋាគារ ទាំង ២កន្លែងនេះ ប្ដេជ្ញានឹងធ្វើការតវ៉ាជាថ្មី រហូតទាល់តែក្រសួងការងារ ថ្នាក់ដឹកនាំសណ្ឋាគារ ថៅកែរោងចក្រ រកដំណោះស្រាយជូនពួកគេវិញ ទើបពួកគេបញ្ឈប់ការតវ៉ានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។