ស្ត្រី​ពលករ​ម្នាក់​នៅ​ប្រទេស​ថៃ​ប្រឹងរក​ប្រាក់​ឱ្យ​កូន​ទៅ​រៀន ទោះបី​ប្ដី​កំពុង​ជាប់​ពន្ធនាគារ

0:00 / 0:00

ស្ត្រី​ពលករ​ខ្មែរ​មួយ​រូប​ធ្វើ​កម្មករ​ក្នុង​ចំការ​កៅស៊ូ​ប្រទេស​ថៃ ធ្វើ​ការ​លក់​កម្លាំង​ស៊ីឈ្នួល​រក​ប្រាក់​ឱ្យ​កូនស្រី​ពីរ​នាក់ បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ បើ​ទោះ​ជា​ប្ដី​របស់​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​នេះ ទាំង​អយុត្តិធម៌​ជាង ​១​ឆ្នាំ​ហើយ​ក្ដី។ តើ​ស្ត្រី​ពលករ​ខ្មែរ​តស៊ូ​ជំនះ​ឧបសគ្គ​អ្វីខ្លះ​នៅ​ប្រទេស​ថៃ?

ជា​កម្មករ​ធ្វើការ​ក្នុង​ចំការកៅស៊ូ បាន​ប្រាក់កម្រៃ​ ២៧០​បាត ឬ​ជាង ​៧​ដុល្លារ​ក្នុង​មួយថ្ងៃ លោកស្រី ជ័យ មុំ រក​ប្រាក់​ចំណូល ការ​ចំណាយ​ស្ទើរ​ស្មើគ្នា ដែល​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ ត្រូវធ្វើ​ការងារ​ពី​មួយ​ខែ​ទៅ​មួយ​ខែ គ្មាន​ថ្ងៃ​សម្រាក ​ដើម្បី​បាន​ប្រាក់​ទិញ​អង្ករ ទិញ​ម្ហូប ឱ្យប្រាក់​ឱ្យ​កូនស្រី​ពីរ​នាក់​ទៅ​រៀន និង​ផ្ញើ​ប្រាក់​ខ្លះទៀត ឱ្យ​ប្ដី​នៅ​ពន្ធនាគារ​ទៀត​ផង។ មាន​រាង​តូច​ល្អិត តែ​ចិត្តធំ ស្ត្រី​ពលករ ជ័យ មុំ អាយុ​ ៤០​ឆ្នាំ មាន​កូន​ស្រី​ពីរ ម្នាក់​រៀន​ថ្នាក់​ទី​៥ ម្នាក់ទៀត​រៀន​ថ្នាក់​ទី​៦ នៅ​ប្រទេស​ថៃ។

លោកស្រី ជ័យ មុំ៖«ពីរ​បី​ថ្ងៃ​ទិញ(ទិញ​អង្ករ)មួយ​រយ បី​បួន​ដប់​ថ្ងៃ​ខ្ញុំ​ទិញ​មួយ​រយ ខ្ញុំ​អត់​មាន​ប្រាក់ បើ​ខ្ញុំ​មាន​លុយ​ខ្ញុំ​ទិញ​មួយ​បេ(មួយ​បាវ)ហូប​បាន​យូរ មួយ​រយ​បាន​តែ​បួន​គីឡូ​កន្លះ អត់​បាន​ប្រាំ​គីឡូ​ទេ។ រៀន សាំង​ម៉ូតូ អង្ករ​ហូប ខោស​អាវ សៀវភៅ​កូន​រៀន ទិញ​មួយ​សព្វ។ ខោ​អាវ​សុទ្ធតែ​ទិញ​មិនមែន​គ្រូ​ចែក​ឱ្យ​ទេ មួយ​ឆ្នាំ​បាន​តែ​កំប្លេ បួន​កំប្លេ ទិញ​ខ្លួន​ឯង​ចំណាយ​ទាំង​អស់។ នេះ​បើ​ឈុត​នេះ​វិញ ឈុត​ជាតិ​ហ្នឹង​មួយ​ឈុត​ហ្នឹង ១ពាន់​ជាង(ប្រាក់​បាត)១ពាន់ ៣រយ។ សរុប​ទាំង​ស្បែក​ជើង ១ពាន់ ៥រយ។ កូន​ខ្ញុំ​ចូល​ថ្ងៃ​ទី១៦ ខែ៥(ខែ​ឧសភា)ខ្ញុំ​ខ្ចី​លុយ​គេ ៣ពាន់»។

ជាង​មួយឆ្នាំ​មកនេះ លោកស្រី ជ័យ មុំ ត្រូវ​រក​ប្រាក់​តែម្នាក់ឯង នៅក្នុង​ចម្ការ​កៅស៊ូ មួយ​កន្លែង​ក្នុង​ខេត្ត​ឈុនបុរី (Chunbori) ប្រទេស​ថៃ (Thailand) លោកស្រី​នៅ​កន្លែង​កែច្នៃ​ឈើ​កៅស៊ូ​ជាមួយ​ស្ត្រី​ពលករ​ខ្មែរ​ពីរ​នាក់​បី​ទៀត ក្រោម​ការគ្រប់គ្រង​របស់​មេ​ការ​ជនជាតិ​ថៃ។ ការងារ​នេះ បើ​លោកស្រី​ធ្វើការ​ទើបបាន​ប្រាក់ ហើយ​ក្នុង​មួយ​សប្ដាហ៍​បាន​ប្រាក់​ជិត ​១.២០០ (​មួយ​ពាន់​ពីរ​រយ) បាត។

លោកស្រី ជ័យ មុំ៖«តស៊ូ​ហ្នឹង​ហើយ គ្រុន​អី​ខ្ញុំ​មិន​ដែល​ឈប់​ទេ ខ្ញុំ​ទៅ​ទាំង​គ្រុន​ធ្វើ​ការ។ បើ​ខ្ញុំ​ឈប់ អត់​អី​ហូប។ ខ្ញុំ​ធ្វើ​ការ​មិនដែល​បាន​ឈប់​ទេ។ ចេះតែ​ទៅ​បន្តិចៗ ខ្ញុំ​លំបាក។ បើ​ថា ធ្វើ​បាន​លុយ បើ​អត់​ធ្វើ គឺ​អត់​បាន។ ខ្ញុំ​បើក(បើក​ប្រាក់​ឈ្នួល)ខ្ញុំ​បើក​មក​ទិញ​អង្ករ​ទិញ​អី កូន​រៀន​​ហ្នឹង»។

ពលករ​ខ្មែរ​នៅ​ទីនេះ ថៅកែ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅក្នុង​បរិវេណ​ចំការ ដោយ​គេ​សង់​បន្ទប់​ជាប់ៗ ​គ្នា ធ្វើ​ពី​ឈើ​ក្រាល​បេតុង​ស៊ីម៉ងត៍​។ បើ​ទោះ​ជា​លោកស្រី ជ័យ មុំ ធ្វើការ​មួយថ្ងៃ​បាន​ប្រាក់​តែ​ជិត ​៣០០​បាត​ក្ដី លោកស្រីត្រូវ​ចំណាយ​ប្រាក់​ជិត ​១០០​បាត ឱ្យ​កូនស្រី​ទាំងពីរ​នាក់​របស់​ខ្លួន​ទៅ​រៀន ដែល​ប្រាក់​នោះ​សម្រាប់​ចំណាយ​លើ​ការ​ហូប​ចំណី និង​ថ្ងៃ​ទិញ​ឯកសារ។ ការ​ចំណាយ​នេះ​ មិនទាន់​រាប់បញ្ចូល​ការ​ចំណាយ​លើ​ថ្លៃ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ផង​។​

លោកស្រី ជ័យ មុំ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដឹង​ថា គ្រួសារ​លោកស្រី​សព្វថ្ងៃ​ត្រឹម​ហូប​ឱ្យ​ឆ្អែត​ក្រពះ ប៉ុណ្ណោះ ព្រោះ​គ្មាន​ប្រាក់​ទិញ​អាហារ​ឆ្ងាញ់ ហូប​ឡើយ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ថ្ងៃ​ខ្លះ​អត់​​លុយ​ឱ្យ​កូន​ទៅ​សាលា លោកស្រី​ត្រូវ​ដើរ​ខ្ចី​លុយ​អ្នកជិតខាង។

លោកស្រី ជ័យ មុំ៖«អត់​ប្ដី​ទៅ​យើង​យ៉ាប់ យើង​ហូប​ខ្វះ ហូប​មិន​បាន​ឆ្ងាញ់ ពេល​ប្ដី​នៅ​ខ្ញុំ​ហូប​បាន​ឆ្ងាញ់ ពេល​ខ្វះ​ខាត​ខ្ញុំ​រត់​រក​ញាតិ​ជិត​ខាង ខ្ញុំ​ស្រណោះ​កូន ធ្វើ​ម៉េច​កូន​អត់​ដឹង​អី ដឹង​តែ​ឆ្អែតៗ ខ្ញុំ​លំបាក បាន​កូន​រៀន​ទៅ បាន​ការងារ​ធ្វើ​បាន​ល្អ។ ដូច​ខ្ញុំ​យ៉ាប់​ណាស់ ប្រថុយ​ឱ្យ​កូន​រៀន»។

ជីវិត​គ្រួសារ​លោកស្រី ជ័យ មុំ ទន្ទឹម​នឹង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព លោកស្រី​ក៏​ជួប​រឿង​អយុត្តិធម៌​មួយទៀត​ដែរ ដោយ​ប្ដី​លោកស្រី ពេលនេះ​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​ប្រទេស​ថៃ ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ​១​ឆ្នាំ​មក​ហើយ ព្រោះ​ថៅកែ​មុន​របស់​លោកស្រី ដែល​ជា​ថៅកែ​ចម្ការ​ដូងប្រេង បាន​ចោទ​ប្រកាន់​ថា ប្ដី​លោកស្រី​បាន​លួច​ដូងប្រេង​របស់​គេ​យក​ទៅ​លក់។

លោកស្រី ជ័យ មុំ រំលឹក​ថា កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២ មេការ​ជនជាតិ​ថៃ ដែល​គ្រប់គ្រង​ចម្ការការ​ដូងប្រេង​នោះ បាន​ចោទ​ប្រកាន់​ថា ប្ដី​លោកស្រី និង​ពលករ​ខ្មែរ​ម្នាក់​ទៀត​ថា លួច​ដូងប្រេង​ប្រមាណ ​១​តោន យក​ទៅ​លក់ ហើយ​ថៅកែ​ថៃ​ម្ចាស់​ចម្ការ ក៏​ជឿ​តាម​សំដី​របស់​មេការ​ថៃ និង​បាន​ប្ដឹង​សមត្ថកិច្ច​ថៃ ឱ្យ​ចាប់​ប្ដី​លោកស្រី និង​ពលករ​ខ្មែរ​ម្នាក់​យក​ទៅ​ឃុំ​។ លោកស្រី​បញ្ជាក់​ថា នៅពេល​សាកសួរ​នោះ សមត្ថកិច្ច​ថៃ​រក​មិនឃើញ​ភស្តុតាង​ថា ប្ដី​លោកស្រី​លួច​ដូងប្រេង​ទេ ហើយ​ប្ដី​លោកស្រី ក៏​មិនបាន​សារភាព​ដែរ​។​

​ទោះ​បែបនេះ​លោកស្រី​ថា ប៉ូលិស​ថៃបាន​សម្លុត​ប្ដី​លោកស្រី និង​ពលករ​ម្នាក់ទៀត​ឱ្យ​សារភាព ហើយ​ប៉ូលិស​ថៃបាន​កុហក​ថា បើ​ពួកគាត់​សារភាព​នឹង​បាន​រួចខ្លួន ហើយ​ក្រោយ​មក ពលករ​ខ្មែរ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​ប្ដី​លោកស្រី​នោះ​បាន​សារភាព តែ​សមត្ថកិច្ច​ថៃ​មិនបាន​ដោះលែង​ដូច​ការ​សន្យា​ទេ ហើយបាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ហើយ​តុលាការ​ថៃ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ពួកគាត់​ម្នាក់ៗ​ ឱ្យ​ជាប់ឃុំ​រយៈ​ ១៨​ខែ។

លោកស្រី ជ័យ មុំ៖ « ប្ដី​ខ្ញុំ​ថា ថត​មក​បើ​ថា ខ្ញុំ​យក​មែន ថត​មក​បង្ហាញ​ប៉ូលិស​មក​ថា ខ្ញុំ​យក​មែន ខ្ញុំ​សារភាព​បើ​ខ្ញុំ​មិន​បាន​យក​ផង ? ប្ដី​ខ្ញុំ​ទៅ​ដល់​តុលាការ​អត់​សារភាព​ទេ។ អា​មួយ​ហ្នឹង​សារភាព​អា​ជូន​ប្ដី​ខ្ញុំ​ហ្នឹង សារភាព។ វា​ថា វា​យក​មែន។ វា​ខ្លាច​គេ​វាយ ខ្លាច​គេ​វាយ ខ្លាច​គេ​ធ្វើ​បាប ដូចថា បើ​ប្រាប់​គេ គេ​លែង ដល់​ពេល​ប្រាប់​ទៅ​គេ​អត់​លែង​ឯណា ប្រាប់​ទៅ​គេ​ដាក់ ( ដាក់​ឃុំ ) ១៨ខែ​ពេញ​ប៊ឹប»

migrant_workers1.jpg
លោក ម៉េត បូលី ប្ដី​របស់​លោកស្រី ជ័យ មុំ ពលករខ្មែរ​ធ្វើការ​នៅប្រទេសថៃ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្ដី​របស់​លោកស្រី ជ័យ មុំ ឈ្មោះ ម៉េត បូលី អាយុ​ ៣៩​ឆ្នាំ ជា​កម្មករ​បេះ​ដូង​ប្រេង។ លោក​ជា​មនុស្ស​ស្លូតបូត មិន​ចេះ​ផឹកស្រា​ជក់បារី ឬលេងល្បែង​ទេ ហើយក៏​មិន​ចេះ​និយាយ​ភាសា​ថៃ​ដែរ។

លោកស្រី ជ័យ មុំ រំលឹក​ថា កាល​ពី​សមត្ថកិច្ច​ចាប់​ប្ដី​លោកស្រី​ថ្មីៗ​ នោះ លោកស្រីបាន​ហៅ​ទូរស័ព្ទ​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ស្ទើរ​រាល់ថ្ងៃ​ តែ​ខាង​ស្ថានទូត​មិនដែល​ទទួល​ទូរស័ព្ទ ឬ​ហៅ​ទូរស័ព្ទ​ត្រឡប់​មក​វិញ​ទេ ហើយ​ជាង​​មួយឆ្នាំ​មកនេះ​ ក៏​មិន​ដែល​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​រូប​ណា មក​សួរនាំ​លោកស្រី​ដែរ។

នៅពេល​ប្ដី​ដែល​ជា​ជន​បង្គោល​ជាប់​ឃុំ ការ​រក​ប្រាក់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ក៏​មិន​បាន​ល្អ​ដូច​គ្រួសារ​គេ​ដែល​មាន​ប្ដី​ប្រពន្ធ​នៅ​ជុំគ្នា​ដែរ។ កូនស្រី​របស់​ស្ត្រី​ពលករ​រូប​នេះ មិន​សូវ​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ឬ​មាន​អាហារ​មាន​សារជាតិ​ចិញ្ចឹម​ទទួលទាន​ទេ។ ពួកគេ​ទាំងពីរ​នាក់​មាន​ទឹកមុខ​ស្លេកស្លាំង។

កំពុង​អានសំបុត្រ ឪពុក​ផ្ញើ​មកពី​ពន្ធនាគារ កុមារី ឡី វិច្ឆិកា អាយុ​ ១៤​ឆ្នាំ កំពុង​រៀន​ថ្នាក់​ទី​៦ នៅ​ប្រទេស​ថៃ នាង​ជា​សិស្ស​ពូកែ​ក្នុង​ថ្នាក់ ដោយ​រៀន​បាន​ចំណាត់ថ្នាក់​លេខ​៤ ​ប្រចាំឆ្នាំ។ កុមារ ឡី វិច្ឆិកា ចេះ​និយាយ ចេះ​អាន​ភាសា​ថៃ យ៉ាង​ស្ទាត់​ ហើយ​នាង​អាច​អានសំបុត្រ​របស់​ឪពុក ដែល​សរសេរ​ជា​ភាសា​ថៃ មក​ជា​ភាសា​ខ្មែរ​បាន​ភ្លាមៗ​ ផង​ដែរ។

កុមារី ឡី វិច្ឆិកា អាន​សំបុត្រ៖«ប៉ា​ថា ម៉េច​ហើយ សុខសប្បាយ ឬ​អត់ ជិត​ចូល​ខែ​ភ្លៀង​ហើយ ប៉ា​បារម្ភ។ មើល​ម៉ែ​ផង ឱ្យ​ម៉ែ​យក​លុយ​មក​ឱ្យ​ប៉ា​ផង ប៉ា​យក​ទៅ​បង់​ឱ្យ​ប៉ូលិស​ថៃ ថ្ងៃ​ដែល​គេ​លែង​ប៉ា​មក។ ចាំ​ប៉ា​ទៅ​ឱ្យ​គេ។ បាន ឬ​មិន​បាន ប្រាប់​ប៉ា​ផង»។

កុមារ ឡី វិច្ឆិកា មិន​ជឿ​ថា ឪពុក​របស់​នាង​លួច​ដូងប្រេង​គេ ដូច​ការចោទប្រកាន់​ឡើយ ឪពុក​នាង​ជា​មនុស្ស​ឧស្សាហ៍ ថៅកែ​ប្រើ​ឱ្យធ្វើ​អ្វី​គាត់​មិនដែល​ប្រកែក​ឡើយ ណាមួយ​ទៀត​ឪពុក​ប្អូនស្រី​មិន​ចេះ​បើកឡាន មិន​ចេះ​ភាសា​ថៃ តើ​ធ្វើ​ដូចម្ដេច​អាច​យក​ដូងប្រេង​នោះ​ទៅ​លក់​កើត?។

បើ​ទោះជា​ស្ថានភាព​គ្រួសារ កំពុង​ជួប​ការ​លំបាក ឃើញ​ម្ដាយ​ធ្វើការ​ហត់​រក​ប្រាក់​តែឯង នៅពេល​ទំនេរ​ពី​ការ​រៀនសូត្រ កុមារ ឡី វិច្ឆិកា តែងតែ​ជួយ​បោក​ខោអាវ លាងចាន និង​ជួយ​ធ្វើ​ការងារ​ផ្ទះ​ម្ដាយ។ កុមារ ឡី វិច្ឆិកា ថា នាង​ប្រឹងប្រែង​រៀនសូត្រ ព្រោះ​រំពឹង​ថា ពេល​ខ្លួន​ធំ​ដឹងក្ដី រៀប​ចប់​អាច​រក​ការងារ​ល្អ​បាន​ធ្វើបាន​ប្រាក់ខែ​ខ្ពស់ ដើម្បី​យក​ប្រាក់​នោះ​​មក​ជួយ​ឪពុក​ម្ដាយ​វិញ។

កុមារី ឡី វិច្ឆិកា៖«ចង់​រៀន​ទៅ​មុខ​ទៀត ចង់​ប្រឡង​ឱ្យ​ចប់ រៀន​បញ្ចប់ បាន​ការ​ធ្វើ​ល្អ យក​លុយ​ឱ្យ​ម៉ែ​ច្រើនៗ​។ ពេល​អត់​ប៉ា​ទៅ​ម៉ែ​ពិបាក​ ម៉ែ​មើល​ថែ​ពួក​ខ្ញុំ​ពីរ​នាក់ ខ្ញុំ​អត់​សូវ​ជួយ​ម៉ែ​រក​លុយ​បាន​ទេ។ ពេល​មាន​ប៉ា​ អត់​ខ្វះ​លុយ​ទេ តែ​អត់​មាន​ប៉ា​ខ្វះ​លុយ ពេល​ទៅ​មើល​ប៉ា ម៉ែ​ដើរ​ខ្ចី​លុយ​គេ​សិន»។

ទាក់ទង​រឿង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​អនុព័ន្ធ​ការងារ​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក អាន សុខខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ​នៅ​ថ្ងៃទី​១៧ ខែមិថុនា។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​ថា ទម្រាំ​លោក​បានដឹង ករណី​ចោទប្រកាន់​ប្ដី​លោកស្រី ជ័យ មុំ គឺ​យឹត​ពេល​ទៅ​ហើយ តុលាការ​ថៃ​បានសម្រេច​ចោទប្រកាន់​លើ​ប្ដី​លោកស្រី ជ័យ មុំ ទៅ​ហើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ពលរដ្ឋ​រូប​នេះ​ថា ប្រសិនបើ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​តាមដាន និង​ស៊ើបអង្កេត ឬ​ផ្ដល់​ជំនួយ​ផ្នែក​ផ្លូវច្បាប់ លើ​រឿង​នេះ​ទាន់​ពេល ក្រុម​ពលករ​ដែល​កំពុង​ជាប់ឃុំ​ទាំងនេះ ទំនង​រួចផុត​ការ​ចោទប្រកាន់ ព្រោះ​លោក​សង្កេត​ឃើញ​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​លើ​ក្រុម​ពលករ​ខ្មែរ។ លោក លឹង សុផុន ដែល​តាមដាន​ដំណើរ​រឿង​នេះ បន្ត​ទៀត​ថា ការ​ប្រឹងប្រែង​តស៊ូ​របស់​លោកស្រី ជ័យ មុំ ដែល​មិន​បោះបង់​ក្ដី​សង្ឃឹម ប្រឹង​ធ្វើការ​រក​ប្រាក់​ឱ្យ​កូនស្រី​ទាំងពីរ​នាក់ អាច​បន្ត​ការសិក្សា គឺជា​គំរូ​ល្អ និង​ជា​ការ​លះបង់​ធំធេង​របស់​ស្ត្រី​ពលករ​រូប​នេះ។

លោក លឹង សុផុន៖«យើង​ដឹង​ស្រាប់​ហើយ​ថា ជីវភាព​គាត់​លំបាក ហើយ​ណា​មួយ​ទៀត គាត់​ក៏​លើក​ចិត្ត​ខ្លួន​ឯង បាន​កូន​រៀន ហើយ​ណា​មួយ​ទៀត ខ្ញុំ​បាន​សួរ​គាត់​ផ្ទាល់​ដែរ​ថា ប្ដី​បាន​ផ្ញើ​លិខិត​ពី​គុក ដើម្បី​លើក​ទឹក​ចិត្ត​ជំរុញ​ឱ្យ​កូន ឱ្យ​ប្រពន្ធ​ចេះ​តស៊ូ​ក្នុង​ជីវិត​អ៊ីចឹង​ណ៎ា!ខ្ញុំ​គិត​ថា ជា​រឿង​ប្រសើរ​ដែរ សម្រាប់​គាត់​ណ៎ា!តែ​ជា​រឿង​អយុត្តិធម៌​មួយ ដែល​គាត់​មាន​បញ្ហា​ប្រឈម​បែប​ហ្នឹង ហើយ​អត់​ទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មក​ជួយ​តាមដាន»។

កាល​ពី​ពេល​ថ្មីៗ លោក លឹង សុផុន បាន​យក​ស្បៀងអាហារ​ជូន​គ្រួសារ លោកស្រី ជ័យ មុំ ដើម្បី ដោះ​ទ័ល​ក្នុង​គ្រា​លំបាក​នេះ។

ប្ដី​លោកស្រី ជ័យ មុំ ដែល​បាន​ជាប់ឃុំ​ចំនួន ​១៨​ខែ​មក​ហើយ នឹង​ត្រូវ​អនុវត្ត​ទោសចប់​ នៅ​ថ្ងៃទី​២៣ ខែ​សីហា ខាងមុខ​។ លោកស្រី ជ័យ មុំ ឱ្យ​ដឹង​ថានៅ​ពេល​ដោះលែង សមត្ថកិច្ច​ថៃ​បាន​បង្គាប់​លោកស្រី​បង់ប្រាក់​ឱ្យ​គេ​ចំនួន​ ១ម៉ឺន​បាត ឬ​ប្រមាណ​ ៣០០​ដុល្លារ ទើប​​សមត្ថកិច្ច​អាច​ដោះលែង​ឱ្យ​នៅ​ប្រទេស​ថៃ បើមិន​ដូច្នេះ​ទេ គេ​នឹង​បញ្ជូន​ទៅ​ខ្មែរ​វិញ។ លោកស្រី​ត្អូញត្អែរ​ថា លោកស្រី​គ្មាន​ប្រាក់ ​១​ម៉ឺន​បាត​បង់​ឱ្យ​ប៉ូលិស​ថៃ​ទេ។ បើ​ទោះ​ជា​លោកស្រីគ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច​ថៃ​ក្ដី នៅ​ថ្ងៃ​​ប៉ូលិស​ថៃ​ដោះលែង​ប្ដី​ លោកស្រីនឹង​ជិះ​ម៉ូតូ​ទៅ​ចាំ​ប្ដី​នៅមុខ​ពន្ធនាគារ ដើម្បី​បាន​ឃើញ​មុខ​ប្ដី និង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​ថៃ នឹង​បញ្ជូន​ប្ដី​លោកស្រី​យក​ទៅ​ណា​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។