សហគមន៍​មាន​ជម្លោះដីធ្លី​មួយ​នៅ​ខេត្ត​ព្រះវិហារ​ប្រឹង​បង្រៀន​កូន​អ្នកភូមិ​ក្រោម​ដើម​ឈើ​រហូត​អាជ្ញាធរ​ទទួល​ស្គាល់​ជា​សាលារៀន​រដ្ឋ

ដោយ សន ចាន់រដ្ឋា
2023.06.05
សហគមន៍​មាន​ជម្លោះដីធ្លី​មួយ​នៅ​ខេត្ត​ព្រះវិហារ​ប្រឹង​បង្រៀន​កូន​អ្នកភូមិ​ក្រោម​ដើម​ឈើ​រហូត​អាជ្ញាធរ​ទទួល​ស្គាល់​ជា​សាលារៀន​រដ្ឋ សាលា​អូរសណ្តាញាតិ ​ស្ថិតនៅ​ក្នុងភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហគមន៍​មាន​ជម្លោះដីធ្លី​មួយ​កន្លែង​នៅ​ក្នុង​ខេត្តព្រះវិហារ​បាន​ប្រឹងប្រែង​បង្រៀន​កូន​អ្នកភូមិ​តាំង​ពី​ក្រាល​កន្ទេល​បង្រៀន​ក្រោម​ដើមឈើ​ដោយ​មិន​មាន​ប្រាក់ខែ​រហូត អាជ្ញាធរ​ទទួល​ស្គាល់ ជា​សាលារៀន​របស់​រដ្ឋ។ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ជាំក្សាន្ត លើកឡើង​ថា អាជ្ញាធរ​ទទួល​ស្គាល់ និង​ប្រឹងប្រែង ជួយ​បន្ថែម​បន្ទាប់ពី​ឃើញ​ក្មេង​តូចៗ​នៅ​តំបន់​នោះ​ចង់​រៀន រួម​ទាំង​មាន​ការ​ប្រឹងប្រែង ជួយ​ពី​ឪពុកម្ដាយ​សិស្ស និង​គ្រូបង្រៀន​ស្ម័គ្រចិត្ត។

គ្រូ​បង្រៀន​និង​មេដឹកនាំ​សហគមន៍​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២០​ពួក គាត់​បាន​ដូរ​ទីតាំង បង្រៀន​បន្ត​បន្ទាប់ ដោយ​ម្តង​ក្រាលកន្ទេល​បង្រៀន​ក្រោម​ដើមឈើ​ម្តង​បង្រៀន​ក្រោម​ផ្ទះ​អ្នកភូមិ​។ ពួកគាត់​ឱ្យ​ដឹង​ថា ការ​បង្រៀន​នេះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចេញ មុខរា​រាំង​ម្តងម្កាល​ដែរ ដោយ​ចោទ​ថា ពួកគេ​រស់នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ខុសច្បាប់​មិន​អាច​ជួបជុំ​បង្រៀន ឬ​បង្កើត ជា​សាលា​បានទេ។

មូលហេតុ​តែមួយ​គត់​ដែល​អ្នកភូមិ​គាំទ្រ និង​មាន​អ្នកស្ម័គ្រចិត្ត​បង្រៀន​ដោយ​មិន​គិតថ្លៃ​ទាំង​ប្រឈមមុខ​នឹង​អាជ្ញាធរ​រារាំង​នោះ គឺ​ពួកគេ​ប្រឹងប្រែង​ដើម្បី​ឱ្យ​ក្មេង​មាន​ចំណេះដឹង មាន​អនាគត​ល្អ និង​ក្លាយជា​ពលរដ្ឋ​ល្អ​នៅ​ថ្ងៃ​អនាគត។

គ្រូ​ស្ម័គ្រចិត្ត​និង​ជា​អ្នក​ផ្ដួចផ្ដើម​បង្រៀន​កូន​អ្នកភូមិ លោក កាំង សុធា ឱ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០២០ លោក​ផ្ដួចផ្ដើម ឱ្យ​មាន​ការ​បង្រៀន​នេះ ដោយសារ​ឃើញ​កូន​អ្នកភូមិ​ក្នុង​វ័យ ចូល​សាលា រៀន​ជា ច្រើន​នាក់​មិន​មាន​កន្លែង​រៀន​។ លោក​បន្ត​ថា នៅពេល​ចាប់ ផ្តើម​នោះ ឪពុកម្ដាយ​សិស្ស​បាន​គាំទ្រ ប៉ុន្តែ​ពិបាក រក​កន្លែង​កន្លែង​បង្រៀន។

school3.jpg
សាលា​អូរសណ្តាញាតិ ​ស្ថិតនៅ​ក្នុងភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក កាំង សុធា៖ «កាល​ដំណើរការ​ដំបូង​មានការ​លំបាក​ខ្លាំង​តាំងពី​ការ​ធ្វើ​តុ​ឱ្យ​កូនសិស្ស​អង្គុយ​លំបាក​មែនទែន យើង​លំបាក​សព្វគ្រប់​ពេលខ្លះ​យើង​ក្រាលកន្ទេល​ក្រោម​ដើមឈើ​ក៏មានដែរ យើង​ធ្វើ​តុ​មិនទាន់»

លោក កាំង សុធា ជា​អតីត​គ្រូបង្រៀន​កិច្ចសន្យា​នៅ​ស្រុក​ម៉ាល័យ ខេត្ត​បន្ទាយមានជ័យ រយៈពេល​១០​ឆ្នាំ ។ ប៉ុន្តែ​ដោយសារ​បញ្ហា​ជីវភាព​ទើប​លោក​ចាក​ចេញពី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ស្រុក​ជាំក្សាន្ត​ខេត្តព្រះវិហារ ចាប់​យក​ដី​ដែល​ទំនេរ​ជាមួយ​អ្នកភូមិ​ផ្សេងទៀត។

គ្រូបង្រៀន​ស្ម័គ្រចិត្ត​រូប​នេះ ឱ្យ​ដឹង​ថា ដំបូង​ឡើយ​លោក​បារម្ភ​អនាគត​របស់​កុមារ​រាប់​រយ​នាក់​នៅក្នុង​សហគមន៍ ទើប​ពិភាក្សា​ជាមួយ​អ្នកភូមិ និង​ប្រធាន​សហគមន៍ ដើម្បី​រៀបចំ​ការ​បង្រៀន។

លោក កាំង សុធា៖ «ដោយសារតែ​ខ្លាច​ក្មេង​អនាគត​ទៅ​វា​អត់​វិជ្ជា ទៅ​គ្នា​លំបាក​ណាស់ អ៊ីចឹង​ក៏​សម្រេចចិត្ត​លះបង់​ពេលវេលា​ដើម្បី​បង្ហាត់​កូនក្មេង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ»

គ្រូបង្រៀន​ស្ម័គ្រចិត្ត​ម្នាក់​ទៀត លោក ហ៊ន លីម ថ្លែង​ថា លោក​ធ្លាប់​រៀន​បាន​ថ្នាក់​ទី​១០ ហើយ​ការ​ស្ម័គ្រ​បង្រៀន​នៅ​ថ្នាក់​ទី​៣ នៅក្នុង​សាលា​សហគមន៍​តាំងពី​ឆ្នាំ​២០២០ មក​ដោយសារ​អាណិត​ក្មេងៗ​។ លោក​ថា ទន្ទឹម​នឹង​ការ​លំបាក​ព្រោះ​ក្មេងៗ​មួយចំនួន​មិន​មាន​សម្ភារ​សិក្សា មិន​មាន​សម្លៀកបំពាក់ សិស្ស​នោះ គឺ​កាន់តែ​លំបាក​បើ​មាន​ភ្លៀង​និង​ខ្យល់​រៀន​មិនកើត​ទេ​ព្រោះ​ដំបូល​និង​ជញ្ជាំង​បិទ​មិន​ជិត។

school2.jpg
សាលា​អូរសណ្តាញាតិ ​ស្ថិតនៅ​ក្នុងភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ហ៊ន លីម៖ «សាលា​យើង​ធ្វើ​យើង​រើ​ស័ង្កសី​ចាស់​មក​ប្រក់ មាន​ប្រហោង​ពេល​ភ្លៀង​វា​លិច​ច្រើន​វា​សាច។ បើសិន​មេឃ​យើង​ធម្មតា​អត់​ភ្លៀង​អត់​អី អត់​សូវ​អី​ទេ​បើ​ថា​ក្តៅ​អាច​បង្រៀន​បាន។ ប៉ុន្តែ​បើ​ថា ភ្លៀង​ដឹង​តែ​បង្រៀន​អត់​កើត​ទេ»

ប្រធាន​សហគមន៍​លោក ឡយ លីហួរ មាន​ប្រសាសន៍​ថា ក្នុង​ពេល​ចាប់ផ្តើម​គ្រូបង្រៀន​ស្ម័គ្រ ចិត្ត​ក៏​ក្រលំបាក ឪពុកម្ដាយ​សិស្ស​ក៏​ក្រលំបាក​។ លោក​បន្ត​ថា ពេលខ្លះ​ឪពុកម្ដាយ​សិស្ស​មិន​មាន ថវិកា​ជួយ​ទ្រទ្រង់​គ្រូ​បង្រៀន​ក៏​ដោះដូរ​ដោយ​ផលដំណាំ​ជំនួស​លុយ។

លោក ឡយ លីហួរ៖ «បើ​ប៉ុន្មាន​ឆ្នាំមុន​អត់​មាន​ប្រាក់ខែ​ទេ រៃ​ពី​ម៉ែឪ​សិស្ស​អ៊ីចឹង​ទៅ​ជួនកាល​បាន​ជួនកាល​មិនបាន ក៏​កាត់​ចេក​មួយ​ស្ទង​ទៅ​យក​ទៅ​ទិញ​អង្ករ​យក​ទៅ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ទៅ​។ គាត់​អត់​មាន​លុយ​គាត់​ឱ្យ​យើង​កាត់​ចេក​យក​ទៅ​លក់​ទៅ ហើយ​លោកគ្រូ​អ្នកគ្រូ​គាត់​យក​ទៅ​លក់​ទៅ​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ​លោកគ្រូ​អ្នកគ្រូ​ហើយ​អ្នកគ្រូ​ក៏​គាត់​អត់​ដែរ​អ៊ីចឹង»

ក្រោយពី​ឆ្លងកាត់​ការ​លំបាក​ដោយសារ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​បង្រៀន គ្មាន​ទីតាំង និង​ខ្វះខាត សម្ភារ​គ្រប់បែប​យ៉ាងនោះ ស្ថានភាព​ហាក់​ធូរស្រាល​បន្តិច​វិញ ក្រោយពេល​ការិយាល័យ អប់រំ​ស្រុក​ជាំ​ក្សាន្ត​ទទួលស្គាល់​សាលា​នេះ​ថា ជា​សាលា​រដ្ឋ។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ជាំក្សាន្ត លោក ជុំ ថឹង ឱ្យ​ដឹង​ថា មូលហេតុ ដែល​លោក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួលស្គាល់​សាលារៀន​សហគមន៍​នេះ​ទៅជា សាលា​រដ្ឋ ដោយសារតែ​មើលឃើញ​កុមារ​តូចៗ​ចង់​រៀន ហើយ​ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ឪពុកម្តាយ សិស្ស​និង​អាជ្ញាធរ​មូលដ្ឋាន។

លោក ជុំ ថឹង៖ «នៅ​ហ្នឹង​សហគមន៍​ក៏​គាត់​សស្រាក់សស្រាំ​គ្រូ​ស្ម័គ្រចិត្ត​ក៏​គាត់​សស្រាក់សស្រាំ​កូនសិស្ស​ក៏​គាត់​ចូលចិត្ត​មក​រៀន​ដែរ។ យើងខ្ញុំ​ចុះទៅ​ដំបូង​ឃើញ​គាត់​ស្រ​ស្រាក់​ស្រ​ស្រាំ​ទាំង​សិស្ស​ទាំង​គ្រូ​អ៊ីចឹង​ទៅ​ក៏​ដាក់​ស្នើ​ទៅ​ក្រសួង​ទៅ​។ ហើយក៏​ចាប់ផ្តើម​ជ្រើសរើស​ក្របខណ្ឌ​កិច្ចសន្យា​ប៉ុន្តែ​យើង​អត់​ទទួល​បាន​ទាំងអស់​ទេ បានតែ​ម្នាក់​ហើយ​៦​នាក់​ទៀត​យើង​សុំ​ថវិកា​ពី​គ្រូ​កិច្ចសន្យា​ផ្សេងទៀត»

សាលារៀន​នេះ​ការិយាល័យ​អប់រំ​ស្រុក​ដាក់​ឈ្មោះ​ថា សាលា​អូរសណ្តាញាតិ ជា​ឈ្មោះ សាលា​ភ្ជាប់ នឹង​ឈ្មោះ​ទីតាំង​ភូមិសាស្ត្រ​នៅ​ទីនោះ។

សាលារៀន​នេះ​ស្ថិតនៅ​ក្នុងភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ សាលា​នេះ មាន​សិស្ស សរុប​១៣៥​នាក់​(​ស្រី​៧៥​នាក់​) និង​មាន​គ្រូបង្រៀន​ចំនួន​៧​នាក់​ក្នុង នោះ​ស្រី​៣​នាក់។

ក្រោយ​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​រយៈពេល​៦​ខែ​មកនេះ សាលា​បាន​ដូរ​ពីក្រោម​ដើមឈើ​ឬ​ក្រោម ផ្ទះ​អ្នក ភូមិ មក​រៀន​នៅក្នុង​ទីតាំង​មួយ​ដែល​រៀបចំ​បាន​៣​បន្ទប់។

បន្ទប់​ទាំង​៣​នេះ​ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់​បណ្តើរ រៀន​បណ្តើរ​ដោយ ជញ្ជាំង និង​ដំបូល​នៅ​មាន​ចន្លោះ​ដោយ​កន្លែង​នៅឡើយ។

លោក កាំង សុធា ថា រហូតដល់​ដើមខែ​មិថុនា​នេះ ការិយាល័យ​ស្រុក​បាន​ជួយ តុ​សម្រាប់ អង្គុយ​រៀន​ចំនួន​៦០ ចំណែក​អង្គការ​ទស្សនៈ​ពិភពលោក​ជួយ​ស័ង្កសី​ប្រក់​ដំបូល និង​ស៊ីម៉ង់ត៍ សម្រាប់​ធ្វើជា​បន្ទប់ទឹក​។ ក្រៅ​ពី​នេះ​សាលារៀន​ក៏​ទទួល​ជំនួយ​ពី​សប្បុរសជន និង ឪពុកម្ដាយ​សិស្ស​ជា​លុយ ជា​ឈើ និង​សម្ភារ​ផ្សេងៗ​ទៀត​សម្រាប់​សាងសង់​បន្ត។

school4.jpg
សាលា​អូរសណ្តាញាតិ ​ស្ថិតនៅ​ក្នុងភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ឡយ លីហួរ ថ្លែង​ថា សាលា​នេះ​កសាង​ឡើង​នៅ​លើ​ដី​សហគមន៍​ទំហំ​៣​ហិកតារ ដែល​មួយ ផ្នែក​កំពុង​កសាង​សាលា​កម្រិត​បឋម​ឱ្យ​សិស្ស​រៀន ហើយ​មួយ​ផ្នែក​ទៀត គណៈគ្រប់គ្រង គិត​ត្រៀម ទុក​កសាង​ជា​សាលា​អនុវិទ្យាល័យ​សម្រាប់​សិស្ស​រៀន​នៅ​ថ្ងៃ​អនាគត។ នៅពេល​បច្ចុប្បន្ន​លោក​បារម្ភ​ថា ទោះ​សាលា​៣​បន្ទប់​នេះ​សាងសង់​ជិត​ហើយក៏​ដោយ ក៏​នៅតែ​ចង្អៀត​ដដែល​ព្រោះ ក្មេង​ដែល​គ្រប់ អាយុ​ចូលរៀន​នៅ​ទីនោះ​មិនមែន​តែ​ជាង​១៣០​ដូច​បច្ចុប្បន្ន​ទេ គឺ​ចំនួន​ក្មេង​ដែល​គ្រប់ អាយុ ជាក់ស្តែង​មាន​ជាង​២០០​នាក់។

បើ​ទោះ​ជា​សាលារៀន​បាន​លេចចេញ​ជា​រូបរាង​បណ្តើរៗ​ហើយក៏​ដោយ ក៏​តំណាង​សហគមន៍ នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​ប្រឹងប្រែង​នេះ ត្រូវ​រលាយ​បាត់​ទៅវិញ ព្រោះតែ​ជម្លោះដីធ្លី នៅក្នុង​តំបន់​នោះ​នៅតែ​ស្ថិត​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់គ្នា​ខ្លាំង​រវាង​ក្រុមហ៊ុន​មេត្រីភាព និង​ប្រជាពលរដ្ឋ​ជាង​៧​រយ​គ្រួសារ។

លោក ឡយ លីហួរ អំពាវនាវ​សុំ​ឱ្យ​ថ្នាក់ដឹកនាំ​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា ដីធ្លី​រវាង ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ឱ្យ​ឆាប់​ចប់ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ពេល​ប្រកប អាជីវកម្ម​ចិញ្ចឹមជីវិត ចំណែក​សិស្ស​មាន​ភាព​នឹងនរ​ក្នុង​ការ​រៀន​ដោយ​មិន​បារម្ភ​មានការ​រារាំង​ជាថ្មី​ទៀត​នោះ​ទេ។

លោក ឡយ លីហួរ៖ «សូម​ឱ្យ​បង​ជួយ​ផ្សាយ​ដូចជា​សម្តេច​តេជោ​សូម​ឱ្យ​គាត់​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ហ្នឹង​ឱ្យ​គាត់​ឆាប់​ចប់ ព្រោះ​បើ​ទុក​ឱ្យ​គាត់​បន្ត​នៅ​អ៊ីចឹង ប្រជាជន​និង​រវាង​អាជ្ញាធរ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មានការ​ទាស់​គ្នា​តវ៉ា​មាន​ការ​កាប់​ចាក់​គ្នា​អ៊ីចឹង​រហូត វា​ពិបាក​ណាស់​បង។ ហើយ​អ្នក​ដែល​ជាប់​បណ្តឹង​តុលាការ​ចេះតែ​ជាប់​អ៊ីចឹង​រហូត​ទៅ»

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោក ជុំ ថឹង ឱ្យ​ដឹងថា បច្ចុប្បន្ន​លោក​បាន​ស្នើ​ទៅ​ថ្នាក់ លើ​ឱ្យ​បញ្ចូល​គ្រូបង្រៀន​ម្នាក់​បាន​ចូល​ក្របខណ្ឌ​ជា​គ្រូ​កិច្ចសន្យា​ក្នុងចំណោម​គ្រូ​ស្ម័គ្រចិត្ត​៧​នាក់​។ ចំណែក​គ្រូ​៦​នាក់​ផ្សេងទៀត​ក៏​រៀបចំ​កម្មវិធី​រៃ​អង្គាស​ប្រាក់​ពី​គ្រូបង្រៀន​នៅ​ទូទាំង​ស្រុក ដើម្បី​បាន​ប្រាក់​ខ្លះ​ជួយ​ឧបត្ថម្ភ​ដែរ។ លោក ជុំ ថឹង បន្ត​ថា ខាង​មន្ទីរ​មាន​គម្រោង ជួយ​សាលា​មួយ​ខ្នង ៣​បន្ទប់ បន្ថែម​ទៀត​នៅ​ឆ្នាំក្រោយ។

លោក ជុំ ថឹង ឱ្យ​ដឹង​ថា នៅក្នុង​ស្រុក​ជាំក្សាន្ត មាន​សាលា​រៀន​ចំនួន​១០​ផ្សេងទៀត ដែល​មាន​ស្ថានភាព​លំបាក ដូច​សាលា​អូរ​សណ្តា​ញាតិ​នេះ​ដែរ ហើយ​លោក​កំពុង​បង្កើត​កម្មវិធី​ផ្សេងៗ​ដើម្បី​ទ្រទ្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។