ប៉ូលិស​បន្ត​ស៊ើប​អង្កេត​ករណី​បុរស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ព្រះវិហារ

បុរស​ម្នាក់​នៅ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ។
ដោយ ហង្ស សាវយុត
2013.04.06
Share on WhatsApp
Share on WhatsApp

សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ស៊ើប​អង្កេត​ជា​បឋម ហើយ​រក​ឃើញ​ថា បុរស​ដែល​គេ​សម្លាប់​នោះ​ជា​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​ប្រឆាំង នៅ​ក្នុង​តំបន់​ដែល​គាត់​រស់នៅ។

តើ​ការ​សម្លាប់​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​ផ្នែក​នយោបាយ ឬ​យ៉ាង​ណា?

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល និង​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​ជ័យសែន កំពុង​តែ​បន្ត​ការ​ស៊ើប​អង្កេត​ថែម​ទៀត ចំពោះ​មរណភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ ដើម្បី​តាម​រក​មុខ​ជន​ដៃ​ដល់ និង​មូលហេតុ​នៃ​ការ​សម្លាប់ ឱ្យ​បាន​ច្បាស់លាស់ តើ​បណ្ដាល​មក​ពី​ហេតុ​អ្វី?

ការ​អង្កេត បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​បុរស​ឈ្មោះ ហម សឿន អាយុ ៤៩​ឆ្នាំ ជា​អ្នក​ភូមិ​ធ្មា ឃុំ​ធ្មា ត្រូវ​ជន​មិន​ស្គាល់​មុខ វាយ​សម្លាប់​នឹង​ដំបង កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ហើយ​អូស​យក​ទៅ​ដាក់​ចោល​នៅ​ក្នុង​ខ្ទម​ស្រែ។

អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ច័ន្ទ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៦ ខែ​មេសា ថា តាម​ការ​អង្កេត​របស់​លោក បាន​រក​ឃើញ​ថា បុរស​ដែល​គេ​សម្លាប់​នោះ គឺ​ជា​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស សម រង្ស៊ី។ លោក ឡោ ច័ន្ទ បាន​សង្ស័យ​ថា ការ​ស្លាប់​របស់​បុរស​ម្នាក់​នោះ អាច​មាន​ជាប់​ពាក់ព័ន្ធ​ដល់​ការ​ស្អប់​ខាង​នយោបាយ៖ «ឃាតកម្ម​អត់​ដឹង​មូលហេតុ តែ​តាម​ការ​ស៊ើប​អង្កេត​របស់​ខ្ញុំ គាត់​ហ្នឹង​មាន​និន្នាការ​គណបក្ស​ប្រឆាំង ប៉ុន្តែ​យើង​អត់​ទាន់​ឃើញ​តារាង​ឈ្មោះ​របស់​គេ មែន ឬ​មួយ​មិន​មែន។ ក្រុម​គ្រួសារ​របស់​គាត់ មាន​ការ​លាក់​ដែរ​ហ្នឹង»

ក៏ប៉ុន្តែ មន្ត្រី​ប៉ូលិស​បាន​ច្រាន​ចោល​ការ​សម្លាប់​ដែល​ថា​សង្ស័យ​ពាក់ព័ន្ធ​ទៅ​លើ​ការ​ស្អប់​ខាង​គណបក្ស​នយោបាយ​នោះ។

អធិការ​រង​នគរបាល​ស្រុក​ជ័យសែន គឺ​លោក ខុន សុខៃ បាន​មាន​ប្រសាសន៍​ថា តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ឃាតកម្ម​នោះ​អាច​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ទេ។ ប៉ូលិស​សង្ស័យ​ទៅ​លើ​រឿង​គំនុំ​ច្រើន​ជាង ពីព្រោះ​តែ​បុរស​ឈ្មោះ ហម សឿន ដែល​ស្លាប់​នោះ ចូល​ចិត្ត​ដើរ​ផឹក​ស្រា និង​រក​រឿង​ឈ្លោះ​ជាមួយ​ក្រុម​គ្រួសារ និង​អ្នក​ដទៃ៖ «ពន្លឺ​នោះ យើង​កំពុង​តែ​ធ្វើ​ការ​អង្កេត​រាល់​ថ្ងៃ ក៏ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ដែល​អាច​ដៅ​មុខ​សញ្ញា អាច​ឱ្យ​យក​ទៅ​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ។ អាច​រឿង​គំនុំ​នៅ​ក្នុង​គ្រួសារ ឬ​ជាមួយ​អ្នក​ដទៃ ដូច​ជា​ផឹក​ស៊ី​អី​ទៅ ធ្វើ​បាប​ប្រពន្ធ​កូន»

ទោះ​យ៉ាង​ណា មន្ត្រី​ប៉ូលិស​ស្រុក​ជ័យសែន បាន​ទទួល​ស្គាល់​ថា បុរស​ដែល​គេ​សម្លាប់​នោះ​ពិត​ជា​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​មែន។

លោក សៅ សូយ ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ប្រចាំ​ឃុំ​ធ្មា បាន​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ ហម សឿន ដែល​ឃាតករ​មិន​ស្គាល់​មុខ​វាយ​សម្លាប់​នោះ គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​របស់​លោក​ម្នាក់​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត។ លោក សៅ សូយ បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អំឡុង​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ បុរស​ឈ្មោះ ហម សឿន នោះ ធ្លាប់​បាន​ផ្ដល់​ទីធ្លា​ផ្ទះ​របស់​គាត់​ឱ្យ​គណបក្ស សម រង្ស៊ី យក​ធ្វើ​ជា​កន្លែង​ឃោសនា​រក​សំឡេង​ឆ្នោត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។