អង្គការសង្គមស៊ីវិលថា ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយប៉ះតែលើមន្ត្រីតូចតាច
2023.01.20

ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ចំណាត់ការច្បាប់ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុវត្តបានតែលើមន្ត្រីតូចតាចប៉ុណ្ណោះ។ ការលើកឡើងនេះ ក្រោយពីស្ថាប័នមួយនេះ បានព្រមានផ្អាកតំណែងអភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន ពាក់ព័ន្ធករណីឃុបឃិតជាមួយឈ្មួញលក់ដីសាធារណៈរបស់រដ្ឋខុសច្បាប់។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពារពាក់ព័ន្ធដីធ្លី ព្រៃឈើ និងប្រឆាំងអំពើពុករលួយ ស្នើឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ដោយស្មើភាពគ្នា រវាងមន្ត្រីតូចតាច និងមន្ត្រីធំៗ ដែលប្រព្រឹត្តអំពើពុករលួយ។ ពួកគេសង្កេតឃើញថា ស្ថាប័នជាតិមួយនេះ នៅខ្វះចន្លោះច្រើន ក្នុងការអនុវត្តច្បាប់លើមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកមានអំណាច ដែលប្រព្រឹត្តអំពើពុករលួយដុះស្លែ។
កាលពីដើមសប្តាហ៍នេះ (ថ្ងៃច័ន្ទ ១៦ ខែមករា ) ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ញើលិខិត ទៅអភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន ឱ្យផ្អាកសកម្មភាព អ្នកស្រី វន់ ឈើវិនគីអានសាយណាវ ដែលបានប្រមូលទិញដីរដ្ឋខុសច្បាប់ ដោយមានលោក ស៊ិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋ ជាអ្នករៀបចំឯកសារ រំលោភយកដីសាធារណៈរបស់រដ្ឋ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត ដើម្បីលក់ឱ្យឈ្មួញ។
លិខិតដែលវិទ្យុអាស៊ីសេរីទទួលបានបន្ថែមថា នាយករដ្ឋបាលស្រុកបរសេដ្ឋ លោក ស៊ិន សារុន បានឃុបឃិតជាមួយឈ្មួញ រំលោភយកដីក្នុងតំបន់ទំនប់មួយកន្លែង ស្ថិតក្នុងស្រុកបរសេដ្ឋ ដើម្បីលក់ទៅឱ្យឈ្មួញ ហើយបានធ្វើលិខិតចម្លង ដៃម៉ារឺវេន (កុងតាកបិទបើកទ្វារទំនប់) បើកទំនប់ទឹក បណ្តាលឱ្យទឹកក្នុងអាងទំនប់រីងគោករាក់ងាយស្រូលវាស់វែងយកដីលក់។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ(ACNCIPO) លោក ជា ហ៊ាន ចោទថា លោក ឈឺន សុធន បានប្រព្រឹត្តកំហុសច្រើន ក្នុងពេលគាត់កាន់តួនាទីជាប្រធានមន្ទីរបរិស្ថាននេះ។ លោកបញ្ជាក់ថា អតីតប្រធានមន្ទីររូបនេះ បានបណ្តោយឱ្យក្រុមឈ្មួញទិញលក់ដីព្រៃអភិរក្ស ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់អស់រាប់រយហិកតារ ឋិតក្នុងឃុំតាសាល និងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
លោក ជា ហ៊ាន៖ «ឧទ្យានជាតិគិរីរម្យ និងតំបន់ជួរភ្នំក្រវាញ ឃើញមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋច្រើន ។ ខ្ញុំស្វាគមន៍ចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ការគ្រប់គ្រងដីរដ្ឋ បើសិនជាពាក់ព័ន្ធអំពើណាមួយមានភាពមិនប្រក្រតីយើងត្រូវអនុវត្តច្បាប់។ ពិនិត្យឃើញថា មានការពាក់ព័ន្ធលក់ដីរដ្ឋ ឬសមគំនិតជាមួយឈ្មួញ ដើម្បីលក់ដីរដ្ឋត្រូវអនុវត្តដូចៗគ្នា»។
លោក ជា ហ៊ាន បន្ថែមថា លោក ឈឺន សុធន មិនបានចេញដីកាដកហូត ដីព្រៃអភិរក្សរាប់ពាន់ហិកតារ ដែលឈ្មួញកាន់កាប់ខុសច្បាប់ និងបញ្ជូនសំណុំរឿងទៅតុលាការនោះឡើយ ធ្វើឱ្យព្រៃអភិរក្សជាច្រើនតំបន់ប្រឈមការបាត់បង់ ដោយសារធ្វើឯកសារកាន់កាប់មិនប្រក្រតី ជាដើម។
លោក ឱម យ៉ិនទៀង បានសរសេរក្នុងលិខិតថា អភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន ត្រូវផ្អាកជាបន្ទាន់នូវសកម្មភាពរបស់ឈ្មួញដោយប្រគល់ដៃម៉ារឺវេន (កុងកាកបិទបើកទ្វារទំនប់) បើកទំនប់ទឹក ទៅឱ្យរដ្ឋបាលស្រុករក្សាទុកវិញ។ លោកចាត់ទុក ទង្វើនេះ ប៉ះពាល់ដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោកព្រមានថា ក្នុងករណីអភិបាលស្រុកបរសេដ្ឋ មិនព្រមបញ្ឈប់សកម្មភាពទាំងនេះទេ លោកនឹងស្នើទៅអាជ្ញាធរ ឱ្យផ្អាកមុខងារអភិបាលស្រុករូបនេះផ្អែកតាមមាត្រា ២៦ នៃច្បាប់ស្តីពីអំពើពុករលួយ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាននៅឡើយទេ នៅថ្ងៃទី១៩ មករា ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ រីឯអភិបាលស្រុកបរសេដ្ឋ លោក ឈឺន សុធន ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ សាទរចំណាត់ការនេះ ក៏ប៉ុន្តែលោកថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលស្ថាប័នមួយនេះ បានមើលរំលង និងមិនអើពើ អនុវត្តច្បាប់ចំពោះអំពើពុករលួយរបស់មន្ត្រីធំៗ និងឧកញ៉ាមួយចំនួន ដែលទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់។
លោកបន្ថែមថា នៅមានអំពើពុករលួយជាច្រើនរាប់មិនអស់ ដែលACU មិនទាន់ចាត់វិធានការ ហើយភាគច្រើនគឺជាប់ពាក់ព័ន្ធមន្ត្រីធំៗ របស់គណបក្សកាន់អំណាច។
លោក ប៉ែន ប៊ុណ្ណារ៍៖ «នីតិរដ្ឋត្រូវស្មើភាពគ្នាចំពោះមុខច្បាប់ មិនត្រូវលើកលែងមន្ត្រីណាម្នាក់ ដែលប្រព្រឹត្តល្មើសហើយ ក្នុងចំណោមរាប់ពាន់នាក់ ហើយធ្វើតែម្នាក់នោះទេត្រូវចាត់វិធានការទាំងអស់។ គ្រាន់ឃើញថា ធនធានធម្មជាតិគេចាក់លុប គេកាប់រានដីព្រៃ គេចេញកម្មសិទ្ធិខុសច្បាប់ សុទ្ធតែពាក់ព័ន្ធអំពើពុករលួយ ទាំងអស់នោះហើយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
អង្គការតម្លាភាពអន្តរជាតិ (TI) កាលពីដើមឆ្នាំ ២០២២ បានផ្សាយ របាយការណ៍ថ្មីមួយ រកឃើញថា កម្ពុជាទទួលបាន ២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ ក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេស។ អង្គការនេះវាយតម្លៃថា កម្រិតអំពើពុករលួយក្នុងប្រទេសក្រីក្រមួយនេះ មានភាពប្រសើរតិចតួចប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។