សន្និបាត​អំពី​ការងារ​ប្រឆាំង​គ្រឿងញៀន​ប្រចាំ​ឆ្នាំ​២០១២

ឈ្មួញ​គ្រឿងញៀន​អន្តរជាតិ បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ជា​កន្លែង​ផលិត​គ្រឿងញៀន​មួយ​ងាយ​ស្រួល​ជាង​កន្លែង​ដទៃ ដោយសារ​ប្រទេស​នេះ​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​ត្រីកោណ​មាស ជា​ទី​កន្លែង​ផលិត​គ្រឿងញៀន​ចំនួន​ច្រើន។

0:00 / 0:00

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា បាន​ដឹង​អំពី​បញ្ហា​នេះ និង​បាន​រំលឹក​ឲ្យ​ប៉ូលិស​កំចាត់​គ្រឿងញៀន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាប់​គ្រឿងញៀន។

មន្ត្រី​ជាន់​ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អះអាង​ថា គ្រឿងញៀន​ភាគ​ច្រើន​ត្រូវ​បាន​ឧក្រិដ្ឋជន​នាំ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ និង​ច្រក​របៀង​តូចៗ​ជាប់​ព្រំដែន​កម្ពុជា និង​ឡាវ។ ច្រក​អន្តរជាតិ​នោះ​មាន​ដូច​ជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កំពង់ផែ​ខេត្ត​ព្រះសីហនុ និង​ច្រក​របៀង​ព្រំដែន​កម្ពុជា-ឡាវ ជាប់​ខេត្ត​ស្ទឹងត្រែង ជាដើម។

នៅ​ក្នុង​ពិធី​ប្រជុំ​សន្និបាត​ប្រចាំ​ឆ្នាំ អំពី​ការងារ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១២ កន្លង​មក​នេះ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី១២ ខែ​មីនា បាន​ព្រមាន​ថា ឈ្មួញ​ជួញ​ដូរ​គ្រឿងញៀន​ជាតិ និង​អន្តរជាតិ កំពុង​តែ​ប៉ុនប៉ង​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​ទី​កន្លែង​ផលិត​គ្រឿងញៀន ចែក​ចាយ​គ្រឿងញៀន ឆ្លង​កាត់​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់ ដោយសារ​តែ​កម្ពុជា ស្ថិត​នៅ​ក្បែរ​តំបន់​ផលិត​គ្រឿងញៀន​ត្រីកោណ​មាស។

របាយការណ៍​ជា​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៨១៨​ករណី ក្នុង​នោះ​ករណី​ធំៗ​ចំនួន ៤២​ករណី គឺ​ចាប់​ខ្លួន​មេខ្លោង និង​បណ្ដាញ​សំខាន់ៗ​ចំនួន ១០២​នាក់ រឹប​អូស​គ្រឿងញៀន​ចំនួន ៨១​គីឡូក្រាម រឹប​អូស​សារធាតុ​ផ្សំ​គ្រឿងញៀន​ចំនួន​ជាង ៥១​តោន និង​រឹប​អូស​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយ​ចំនួន ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ១.៧៨៨​នាក់។

របាយការណ៍​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១២ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន​មេតំហ្វេតាមីន (WY) ចំនួន​ជាង ៥.០០០​ក្រាម។ គ្រឿងញៀន​មេតំហ្វេតាមីន​ទឹកកក ត្រូវ​បាន​រឹប​អូស​ចំនួន​ជិត ៣.០០០​ក្រាម។ គ្រឿងញៀន​ហេរ៉ូអ៊ីន ត្រូវ​បាន​រឹប​អូស​ចំនួន​ជាង ៣.០០០​ក្រាម និង​គ្រឿងញៀន​កូកាអ៊ីន ត្រូវ​បាន​រឹប​អូស​ចំនួន​ជាង ៤.០០០​ក្រាម។

លោក កែ គឹមយ៉ាន បាន​មាន​ប្រសាសន៍​ថា កម្ពុជា នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធំៗ​មួយ​ចំនួន​កន្លង​មក និង​ថ្ងៃ​អនាគត៖ «ស្ថានភាព​ភូមិសាស្ត្រ​ព្រំដែន​ដែល​ជា​ផ្លូវ​របៀង​តាម​ព្រំដែន​គោក ទឹក និង​ច្រក​របៀង​ជាច្រើន មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​កាត់​គ្រឿងញៀន ពិសេស​បណ្ដា​ព្រំដែន​ភាគ​ឥសាន​ជាមួយ​ប្រទេស​ឡាវ ជាមួយ​ប្រទេស​ថៃ និង​តំបន់​ផ្លូវ​ទឹក»

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា កម្ពុជា ជា​ជន​រងគ្រោះ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ដែល​ផលិត​គ្រឿងញៀន​សម្រាប់​ការ​នាំ​ចេញ៖ «ដូច​ជា​ភូមា និង​ឡាវ ជា​ប្រទេស​ដាំ​អាភៀន​ច្រើន​ជាង​គេ បន្ទាប់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន (Afghanistan)។ បើ​សិន​ជា​ប្រទេស​សមាជិក​អាស៊ាន​លះ​បង់ (Declare) ខ្លួន​ឯង​ថា​មិន​ពាក់ព័ន្ធ​នឹង​ការ​ដាំ មិន​ពាក់ព័ន្ធ​នឹង​ការ​ផលិត មិន​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ដោយសារ​តែ​គ្រឿងញៀន ខ្ញុំ​គិត​ថា ជួយ​បាន​ច្រើន នេះ​ជា​ចំណុច​ទី១។ ចំណុច​ទី២ បើ​សិន​ជា​អ្នក​ធំៗ អ្នក​ធ្វើ​ការ​មន្ត្រី​រាជការ យើង​រឹត​ត្បិត​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហ្នឹង។ ចំណុច​ទី៣ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ហ្នឹង​ក៏​ជា​អ្នក​មាន​ទោស​ដែរ កន្លែង​ហ្នឹង​ណា​ដែល​ធ្វើ​ឲ្យ UN WHO ឬ​មួយ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ពិសេស​អង្គការ​កសាង ចូល​ទៅ​ធ្វើ​ការ​ជាមួយ​ជន​រងគ្រោះ​ហ្នឹង​អត់​បាន​ទេ»

មន្ត្រី​ជាន់​ខ្ពស់​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា តួលេខ​ជា​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា កម្ពុជា មាន​អ្នក​ញៀន​គ្រឿងញៀន​ជិត ៥.០០០​នាក់ និង​មាន​មណ្ឌល​បន្សាប​អ្នក​ញៀន​គ្រឿងញៀន​ចំនួន ១០​កន្លែង ប៉ុន្តែ​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បាន​ប៉ាន់ស្មាន​ថា អ្នក​ញៀន​គ្រឿងញៀន​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ពិត​ប្រាកដ​រហូត​ដល់ ២ ឬ ៣​ដង​ឯណោះ។

បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កំពុង​តែ​ជំរុញ​ឲ្យ​មាន​សេវា​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​សហគមន៍​នៅ​មូលដ្ឋាន និង​បាន​បណ្ដុះ​បណ្ដាល​គ្រូពេទ្យ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​ជាង ២០០​នាក់ កាល​ពី​ឆ្នាំ​២០១២ កន្លង​មក​នេះ។

ស្ថានភាព​ជួញ​ដូរ​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក យូ ស៊ុនឡុង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១២ ខែមីនា ថា ក្រៅ​ពី​គ្រឿងញៀន​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា ពី​តំបន់​ត្រីកោណ​មាស​នោះ នៅ​មាន​គ្រឿងញៀន​ដទៃ​ទៀត​ពី​តំបន់​អាហ្វ្រិក និង​តំបន់​មជ្ឈិមបូព៌ា ក៏​នាំ​ចូល​មក​កម្ពុជា ដែរ។

លោក​ឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​បើក​សន្និបាត​បូក​សរុប​ការងារ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ថា ស្ថានការណ៍​ជួញ​ដូរ​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន​នៅ​លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​គ្មាន​សញ្ញា​ថយ​ចុះ​ឡើយ​រហូត​ដល់​ពេល​នេះ។

លោក​ឧត្តមសេនីយ៍ឯក យូ ស៊ុនឡុង ៖ «ដំណាំ​អាភៀន​នៅ​តែ​បន្ត​ការ​កើន​ដាំ​ដុះ​នៅ​តំបន់​អឌ្ឍចន្ទ​មាស និង​តំបន់​ត្រីកោណ​មាស ហើយ​ក៏​ជា​ប្រភព​ដ៏​ចម្បង​ផង​ដែរ​នៃ​ការ​ផលិត​ហេរ៉ូអ៊ីន និង​គ្រឿងញៀន​សំយោគ (ATS) ជាពិសេស​មេតំហ្វេតាមីន​ក្រាម​ម្សៅ កំពុង​តែ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ដែល​ការ​រឹប​អូស​កំពុង​មាន​ការ​កើន​ឡើង រីឯ​ដំណាំ​កញ្ឆា​ក៏​មាន​ការ​ដាំ​ដុះ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ជាច្រើន ហើយ​មាន​តម្លៃ​យ៉ាង​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក។ ប្រទេស​ដែល​មាន​ការ​ផលិត​គ្រឿងញៀន​ធំ​ជាង​គេ​នៅ​តំបន់​អឌ្ឍចន្ទ​មាស គឺ​ប្រទេស​អាហ្វហ្គានីស្ថាន ឯ​ចំណែក​កូកាអ៊ីន គឺ​មាន​នៅ​ប្រទេស​កូឡុំប៊ី (Colombia) និង​ម៉ិកស៊ីកូ (Mexico)»

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អះអាង​ថា នៅ​ឆ្នាំ​២០១២ កន្លង​មក​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំ​គោលដៅ​ជាច្រើន និង​បាន​ចាប់​ខ្លួន​មេខ្លោង និង​បណ្ដាញ​ជួញ​ដូរ​គ្រឿងញៀន​សំខាន់ៗ​ចំនួន ៤២​ករណី នៅ​ក្នុង​ចំណោម​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៨១៨​ករណី​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។