អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀនបន្តបង្ក្រាបបានក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន ១១នាក់បន្ថែមទៀត និងបានរឹបអូសគ្រឿងញៀន ដែលក្រុមឧក្រិដ្ឋជនផលិតសម្រេចបានជិត ២តោន និងសារធាតុគីមីផ្សំជាគ្រឿងញៀន ២៧៦តោនព្រមទាំងរកឃើញទីតាំងផ្ទុកសារធាតុញៀននៅតាមបណ្ដាខេត្តមួយចំនួន។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា រំហូរគ្រឿងញៀនបានបន្តកើនឡើងយ៉ាងគំហុកតាមរយៈជនជាតិចិនបើករោងចក្រផលិតកែច្នៃ។
អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្កកណ្តាល បន្តបង្ក្រាបបានក្រុមឧក្រិដ្ឋជនចិនសរុបចំនួន ១១នាក់ ដែលពួកគេបានលួចសម្ងំបើករោងចក្រផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា។ សមត្ថកិច្ចឱ្យដឹងថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំង ១១នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបាននៅចំណុចទីតាំងផ្សេងគ្នា។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៣ ខែកក្កដា បង្ហាញថា ការបង្ក្រាបទីតាំងរោងចក្រផលិតគ្រឿងញៀនចំនួន ៧ទីតាំងខុសៗគ្នារបស់ក្រុមឧក្រិដ្ឋជនចិន ទាំងនោះសមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៣ខែមកហើយ។ សមត្ថកិច្ចបញ្ជាក់ថា កន្លែង រោងចក្រផលិតគ្រឿងញៀន និងទីតាំងឃ្លាំងសម្រាប់ផ្ទុកសារធាតុគីមីផ្សំគ្រឿងញៀនទាំងនោះ មានដូចជា ស្ថិតនៅរាជធានីភ្នំពេញចំនួន ២ទីតាំង ខេត្តកណ្តាល២ទីតាំង ខេត្តស្វាយរៀង ២ទីតាំង ខេត្តព្រៃវែងមួយទីតាំង។ គ្រឿងញៀន ដែលសមត្ថកិច្ចរឹបអូសបានជាប្រភេទកេតាមីន (Ketamine) ជិត ២តោន សារធាតុគីមីផ្សំជាគ្រឿងញៀន ២៧៦តោន និងឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ ព្រមទាំងលិខិតកាន់កាប់ អចលនទ្រព្យ ចំនួន ៧កន្លែង ដែលជាទីតាំងសម្រាប់ផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជន។ សមត្ថកិច្ចអះអាងថា ជនជាតិចិនទាំង ១១នាក់នោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីរួចរាល់ហើយ។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វិទ្យុអាស៊ីសេរីថា ឧក្រិដ្ឋជនទាំង ១១នាក់នោះ បានដឹកជញ្ជូនល្បាយសារធាតុគីមីផ្សំគ្រឿងញៀន និងគ្រឿងម៉ាស៊ីនប្រតិកម្ម ចូលកម្ពុជាឆ្លងកាត់សមុទ្រវៀតណាម ចូលតាមច្រកកំពង់ផែក្រុងភ្នំពេញតាំងពីថ្ងៃទី៧ ខែមេសា។ លោកថា បន្ទាប់មក ក្រុមឧក្រិដ្ឋជនទាំងនោះ ចាប់ផ្ដើមបែងចែកស្តុកសារធាតុគីមីផ្សំ ទៅតាមឃ្លាំងផលិតរបស់ពួកគេតាមដំណាក់កាលនីមួយៗ។ លោកអះអាងថា ការណ៍ដែលជនជាតិចិនទាំងនោះ អាចនាំសារធាតុគីមីផ្សំចូលកម្ពុជាបានជាបន្តបន្ទាប់នេះ ដោយសារតែពួកគេបន្លំសារធាតុគីមីផ្សំទាំងនោះដាក់ក្នុងចំណោមសារធាតុគីមី ដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម៖ « វាបន្លំដាក់ចូលមក វាដាក់កុងទឺន័រ មកឧទាហរណ៍ថា ជាអាស៊ីដស្អីអ៊ីចឹងដែលក្រៅពីបញ្ជី ព្រោះធម្មតាសារជាតិគីមីវាមាននៅក្នុងតារាងបួន ដែលយើងហាមប្រាម។ អ៊ីចឹង វាដាក់មកដឹកជញ្ជូនមកបានន័យថាមិនមែនសារជាតិគីមីហ្នឹងទេ។ ដូចថាសារជាតិគីមីផ្សេងដែលយើងអត់ហាមហើយវាបន្លំយកទៅរៀបចំធ្វើល្បាយ។ ល្បាយហ្នឹងគេហៅថាល្បាយកេតាមីន (Ketamine) ឬក៏គេហៅថា កេតាមីនបាស់ (Ketamine) គោលដៅរបស់ពួកឧក្រិដ្ឋជនហ្នឹង គឺនាំទៅតៃវ៉ាន់ អូស្តា្រលី។ ធម្មតាវាចង់មិនមែនចង់ឥឡូវទេគឺចង់យូរហើយ។ វាចង់យកកម្ពុជាធ្វើកន្លែងផលិត ប៉ុន្តែឧបាយកលវាយើងវាយបំបាក់រហូត » ។
លោក ម៉ក់ ជីតូ ឱ្យដឹងទៀតថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិន ដែលពាក់ព័ន្ធនឹងករណីនេះ អាចមានចំនួនច្រើននាក់ទៀត ដែលកំពុងព្យាយាមរត់គេចខ្លួនចេញពីកម្ពុជា និងមានមួយចំនួនទៀតបានរត់គេចខ្លួនទៅក្រៅប្រទេស។ ប៉ុន្តែ លោកអះអាងទៀតថា ករណីឧក្រិដ្ឋកម្មគ្រឿងញៀនទ្រង់ទ្រាយធំៗ នារយៈពេលចុងក្រោយនេះ សមត្ថកិច្ចមិនមានតម្រុយណាមួយ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីអាជ្ញាធរ និងអ្នកមានអំណាចណាមួយនៅពីក្រោយខ្នងនោះទេ។
ទោះជាយ៉ាងណាក្ដី ក្រុមមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភ និងសង្ស័យថា ដំណើរនៃការនាំចូលសារធាតុញៀនរាប់រយតោននេះ បើគ្មានអ្នកមានអំណាច ឬមន្រ្តីអាជ្ញាធរជួយសម្របសម្រួល គឺក្រុមឧក្រិដ្ឋជនទាំងនោះមិនអាចប្រព្រឹត្តទៅបានឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត ជំរុញដល់អាជ្ញាធរជំនាញឱ្យបើកការស៊ើបអង្កេតដោយតម្លាភាព និងបង្ហាញការអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់លើក្រុមឧក្រិដ្ឋជនទាំងនេះ។ លើសពីនេះ លោកថា ទីតាំងផលិតគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន ត្រូវឱ្យសមត្ថកិច្ចជំនាញចុះស្រាវជ្រាវឱ្យបានម៉ត់ចត់ ដើម្បីចាប់អ្នកពាក់ព័ន្ធ និងមេខ្លោងធំៗ នៅពីក្រោយ។
លោកសង្កត់ធ្ងន់ថា បើបញ្ហាគ្រឿងញៀននៅតែបន្តរាតត្បាតនៅកម្ពុជាដូចសព្វថ្ងៃនេះ នឹងប៉ះពាល់ដល់សន្តិសុខជាតិកាន់តែខ្លាំង ជាពិសេស វានឹងបំផ្លាញធនធានយុវជន ដែលជាសសរទ្រូងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត៖ « ហើយប្រសិនជា មានរោងចក្រផលិតណា ដែលវាមានទីតាំងសង្ស័យ ហើយខុសច្បាប់ អាហ្នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបង្ក្រាបនូវការទប់ស្កាត់ជាមុន។ អាហ្នឹងវាជារឿងល្អ។ យើងឃើញមានការឆកល្វែង នៅខ្វះចន្លោះអាជ្ញាធរដែលពាក់ព័ន្ធមានការបង្ក្រាប។ ប៉ុន្តែការត្រួតពិនិត្យ និងអធិការកិច្ចទៅលើរោងចក្រសហគ្រាស ដែលសង្ស័យហ្នឹង គឺជារឿងមួយដែលត្រូវពង្រឹងឡើងវិញ ដើម្បីធ្វើការត្រួតពិនិត្យ នូវរោងចក្រសហគ្រាសណា ដែលមានការសង្ស័យ ហើយចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានរឹងមាំទោះបីជាអ្នកហ្នឹងមានខ្នងបង្អែកប៉ុណ្ណាក៏ដោយត្រូវតែចាត់វិធានការទាំងអស់ » ។
ជាមួយគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គិមអេង យល់ថា ការបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសឱ្យជនជាតិចិន បន្តបើករោងចក្រផលិតគ្រឿងញៀននៅកម្ពុជាឥតឈប់ឈរបែបនេះ គឺជារឿងអាម៉ាស់មួយសម្រាប់រដ្ឋាភិបាល។ ក្រៅពីនេះ លោកមើលឃើញថា ការទប់ស្កាត់បទល្មើសគ្រឿងនេះនៅតែគ្មានប្រសិទ្ធភាព ដែលលោកថា បណ្ដាលមកពីអំពើពុករលួយរបស់មន្ត្រីអាជ្ញាធរ៖ « បញ្ហាមួយទៀត យើងឃើញថា ជនជាតិចិន ផលិតគ្រឿងញៀន ការជួញដូរគ្រឿងញៀននៅកម្ពុជា យកកម្ពុជា ជាកន្លែងផលិតកន្លែង ជួញដូរកន្លែងឆ្លងកាត់អីហូរហែហ្នឹងជាសោកនាដកម្មមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា។ គួរតែមានការប្រុងប្រយ័ត្នដែរសម្រាប់ពួកជនជាតិចិនបើកអាជីវកម្មផ្សេងៗ អាចផលិតសង្ស័យគ្រឿងញៀនហ្នឹងគួរតែមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ដែរ » ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា កម្ពុជានារយៈពេលចុងក្រោយនេះ កំពុងរងការញាំញីយ៉ាងខ្លាំងពីរំហូរគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលបន្តបើករោងចក្រផលិតគ្រឿងញៀនជាបន្តបន្ទាប់។ ពួកគាត់ ជំរុញដល់អាជ្ញាធរអនុវត្តច្បាប់ឱ្យមានប្រសិទ្ធ ដោយបន្តស៊ើបអង្កេតរកមន្ត្រីអាជ្ញាធរ និងអ្នកមានអំណាច ដែលបានឃុបឃិតគ្នាជាមួយក្រុមឧក្រិដ្ឋជន។ មន្រ្តីសង្គមស៊ីវិល ព្រួយបារម្ភថា បើអាជ្ញាធរគ្មានចំណាត់ច្បាស់លាស់ក្នុងការស្រាវជ្រាវរកមេខ្លោងធំៗ ទាំងនោះទេ រំហូរគ្រឿងញៀននឹងមិនអាចទប់ស្កាត់បានឡើយ ដែលជាហេតុនាំឱ្យសង្គមជាតិទាំងមូលនឹងកាន់តែមានភាពអនាធិបតេយ្យ និងវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។