ព្រះ​សង្ឃ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ថា​ការ​យក​រូប​ទង់ជាតិ​ខ្មែរ​ដាក់​ស្បែក​ជើង ឬ​ខោក្នុង​ គឺជា​ការ​ប្រមាថ​ដល់​ជាតិ និង​ព្រះ​មហាក្សត្រ

0:00 / 0:00

ព្រះ​សង្ឃខ្មែរ​នៅ​ឯ​នាយសមុទ្រថា​ការ​យក​រូប​ទង់ជាតិ​ខ្មែរ​ដាក់​ស្បែក​ជើង​ឬ​ខោក្នុង​គឺជា​ការ​ប្រមាថ​ដល់​ជាតិ និង​ព្រះមហាក្សត្រ។ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថាស្មារតី​ជាតិនិង​វត្ថុដែល​ជាទី​សក្ការៈ​របស់​ជាតិ​ដែលធំ​ជាង​គេគឺ​ទង់ជាតិ។ បន្ទាប់​មក​ទៀត គឺ​ព្រះបដិមា។

ព្រះអង្គថា បើ​របស់​អស់​ទាំង​នេះត្រូវ​គេយក​ទៅ​ធ្វើ​ជា​ស្បែក​ជើងឬ​ខោស្លៀក​ នៅក្រោមជើង​ឬក្រោម​គូទ​បែប​នេះគឺ​ជា​ការ​ជាន់ឈ្លី និង​ប្រមាថមួយ​ដ៏​អាក្រក់​ដែល​មិន​គួរ​អត់ឱន​ឲ្យ​បាន៖ «ព្រះ​មហាក្សត្រ​លោកយាង​ទៅ​ត្រង់​ណា ឃើញ​ទង់ជាតិ​ខ្មែរ លោក​ឱន​ព្រះសិរសា ដូច្នេះ​បើយក​ទង់​ជាតិ​ខ្មែរយក​ទៅ​ធ្វើ​ស្បែក​ជើង មាន​ន័យថា ជាន់​ព្រះ​សិរសា របស់​ព្រះមហាក្សត្រ ​។ អាហ្នឹង​ ប្រមាថ​ហើយ ! ប៉ុន្តែ​យើង​មើល​មិន​ឃើញ​ថា មិន​អី ! ដល់​តែ​រឿង​ដែល​អី គ្រាន់​តែគ្នា​បញ្ចេញមតិប៉ះពាល់​ព្រះមហាក្សត្រ​ ថា​ប្រមាថ​ចាប់​គ្នា​ដាក់​គុក ដល់​តែ​គេ​យ​ករបស់​នៅ​លើ​ព្រះ​សិរសា​ របស់​នៅ​ក្បាល ​ព្រះមហាក្សត្រ​ ទៅធ្វើ​ទ្រនាប់​ជើង យើង​អត់ ​ថាខុស​ យើង​ អត់ព្រម​ចាត់​វិធានការ»។

ប្រតិកម្ម​នេះធ្វើឡើង​ក្រោយ​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​ចែក​រម្លែក​រូបភាព​ស្បែក​ជើង​ផ្ទាត់ស្បែកជើង​ប៉ាតា និង​ខោក្នុង​ស្រ្តី ដែលមាន​រូបទង់​ជាតិ​ខ្មែរ និង​ដែល​គេដាក់​លក់​តាម​អនឡាញ​យ៉ាង​ព្រោងព្រាត។

ឆ្លើយទៅ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ី​សេរីដែល​សួរ​ថា តើ​ការ​យល់​ឃើញ​បែប​នេះ ព្រះអង្គ​មិន​ខ្លាច​គេ​ចោទ​ថា​ ព្រះអង្គ​មាន​ទស្សនៈជាតិ​ចង្អៀត​ចង្អល់​ខ្លាំង​ពេក​ដែ​រឬ​យ៉ាង​ណា​ព្រះ​អង្គ​មាន​ថេរដីកា​ថា​ទង់​ជាតិ​នេះ​អាច​យកទៅប្រើ​បាន​ដែរ និង​សមរម្យ​ និង​គួរ​អនុគ្រោះ​បាន​ដូច​ក្នុង​ករណី​ដូចជា​យក​វា​ទៅ​ដេរឬ​ដាក់​លើ​ក្រម៉ា​បង់​កអាវ មួក ក្រវ៉ាត់ក ដែលនៅ​ខ្ពស់លើ​ចង្កេះ។

ទោះជាយ៉ាង​នេះ​ក្តីមន្ត្រី​ជាន់ខ្ពស់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឯណោះ​ទៅ​វិញលោក​ចាត់​ទុក​នេះ​ក៏​ជា​បញ្ហា​ដែរឲ្យតែយកទង់​ជាតិ​យក​មក​ធ្វើ​ជា​ឈុតស​ម្លៀក​បំពាក់។ ថ្លែងទៅ​កាន់​អ្នកសារ​ព័ត៌មាននៅ​មុខ​អង្គរវត្ត កាលពីថ្ងៃទី៧ ខែមីនា អគ្គនាយករង និង​ជាអ្នក​នាំ​ពាក្យ​អាជ្ញាធរជាតិ​អប្សរា លោក​ ឡុង កុសល ថាអាជ្ញាធរនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានតម្រូវឲ្យ​ក្រុមហ៊ុន​ថត​ចម្រៀង​វីដេអូ​មួយដក​ឈុត​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន ដែល​ធ្វើ​ពី​ទង់​ជាតិ​ខ្មែ​​រ​ចេញ។ លោក ឡុង កុសល ថាឈុ​តទាំងនោះ មិនខុសអ្វីនោះទេ គ្រាន់តែវាមិនសមរម្យ និង​​ប៉ះពាល់ខ្លាំងដល់កិត្យានុភាពរបស់ជាតិ។

ការយក​ទង់ជាតិ​ខ្មែរ​ទៅកាត់​ជា​ស្បែក​ជើងឬ​ខោក្នុង​របស់​ស្រ្តីជាដើម​នេះនៅ​តែ​បន្ត​កើត​មាន​ និង​មាន​​ដាក់លក់​តាម​បណ្តាញ​ទីផ្សារ​អនឡាញ​អន្តរជាតិ Amazon ថែមទៀត​ផង។

ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ ថាក្រសួង​ពាក់ព័ន្ធ​ជា​ច្រើនត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។ព្រះអង្គ​ថាជា​ពិសេស​ទីស្តីការ​គណៈរដ្ឋមន្រ្តីដែលជា​ភ្នែក​ជា​ច្រមុះ​របស់​រដ្ឋាភិបាលគួរ​ធ្វើការ​ឲ្យ​បាន​ល្អ​ជាង​នេះដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ៖ «រដ្ឋាភិបាល​មាន​តួនាទី​ធំ​ណាស់ ! រដ្ឋាភិបាល​ត្រូវ ចេញ​វិធានការ​ទៅ​ឲ្យ​ក្រសួង សាម៉ីពាក់ព័ន្ធ​ហ្នឹង ធ្វើការ​ត្រួត​ពិនិត្យ ទៅលើ​ផលិតផល​ដែល​គេ​ផលិត​ពាក់ព័ន្ធ​ជា​មួយ​នឹង​វត្ថុ​ដែល​ជាទី​សក្ការៈរបស់​ខ្មែរ វត្ថុដែលជាទីសក្ការៈ​របស់ខ្មែរ​ហ្នឹង ធំជាងគេជាទីសក្ការៈរបស់ជាតិ គឺទង់ជាតិហ្នឹង​ហើយ។ មិន​ចាត់​វិធាន​ការ​ អ្នកដែល​បណ្ដែត​បណ្ដោយឲ្យ ​ជាតិ​ខ្មែរអត់តម្លៃ​ គឺរដ្ឋាភិបាល​ហ្នឹង ​ហើ »។

វិទ្យុអាស៊ីសេរី មិនទាន់​អាច​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលគឺ​លោក ផៃ ស៊ីផាន បាន​នៅឡើយទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។