មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលលទ្ធផលនៃសេចក្តីសម្រេចដកហូតឆ្នេរសមុទ្រពីក្រុមហ៊ុន ឬឯកជន មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិវឌ្ឍបម្រើវិស័យទេសចរណ៍ ថាតើនឹងមានប្រសិទ្ធភាពកម្រិតណាក្រោយពីអភិបាលខេត្តបានសន្យាហើយនោះ?
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានកត់សម្គាល់ថា សព្វថ្ងៃនេះឃើញអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តនេះ បានចុះបើករបងហ៊ុមព័ទ្ធឆ្នេរ និងកាប់ឆ្ការព្រៃសម្អាតបរិស្ថាននៅតាមឆ្នេរមួយចំនួន ដើម្បីឲ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ អាចមើលឃើញទឹកសមុទ្រ និងអាចចុះងូតទឹកកម្សាន្ត។
ការទន្ទឹងរង់ចាំស្តាប់លទ្ធផលនៃការចុះអនុវត្តសេចក្តីសម្រេចដកឆ្នេរសមុទ្រពីក្រុមហ៊ុន ឬឯកជន របស់មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដូចនេះ នៅគ្រាពិធីបុណ្យឆ្លងឆ្នាំសកល និងបុណ្យផ្សេងៗទៀតនាឆ្នាំ២០១៥ នេះជិតចូលមកដល់។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះពិនិត្យនៅតាមឆ្នេរមួយចំនួននៅថ្ងៃអង្គារ ទី១ ខែធ្នូ មានប្រសាសន៍ថា ទោះបីរដ្ឋាភិបាលបានសម្រេចដកឆ្នេរសាធារណៈពីឯកជនដែលគ្មានការអភិវឌ្ឍ មកគ្រប់គ្រងវិញបែបណាក្តី ក៏ប៉ុន្តែឆ្នេរភាគច្រើននាមូលដ្ឋាននេះ នៅបន្តបិទរបងថ្ម និងរបងដែកទុកចោលដដែល។ ឆ្នេរទាំងនោះមានដូចជា ឆ្នេរជ័យជម្នះ ឆ្នេរហាវៃ ឆ្នេរលំហែកាយ និងឆ្នេរឯករាជ្យ ជាដើម។ លោកថា ឆ្នេរទាំងនេះ គឺត្រូវគេហ៊ុមព័ទ្ធរបងទុកចោល ហើយភ្ញៀវទេសចរមិនអាចដើរចេញចូល ឬចូលងូតទឹកកម្សាន្តបានទេ។
លោក ប៊ួន ណារិទ្ធិ ទទួលស្គាល់ថា ថ្នាក់ដឹកនាំខេត្តព្រះសីហនុ សព្វថ្ងៃនេះ កំពុងយកចិត្តទុកដាក់ក្នុងការថែរក្សាអនាម័យ និងសោភណភាពឆ្នេរសមុទ្រខេត្តនេះគួរឲ្យកត់សម្គាល់។ ជាងនេះ ក៏ឃើញសកម្មភាពរបស់អាជ្ញាធរបានចុះបើករបងដែលឯកជន ហ៊ុមព័ទ្ធរបងទុកចោលយូរឆ្នាំជាបណ្ដើរៗរួចហើយ មានដូចជា ឆ្នេរជ័យជម្នះ ជាដើម៖ «ប្រជាពលរដ្ឋភាគច្រើនដែលបានមកកម្សាន្តខេត្តព្រះសីហនុ គាត់តែងតែត្អូញត្អែរថា គ្មានកន្លែងកម្សាន្តឲ្យបានទូលំទូលាយដូចពេលមុនទៀតទេសព្វថ្ងៃនេះ។ ភ្ញៀវទេសចរបានលើកឡើងថា ឆ្នេរភាគច្រើននៅខេត្តព្រះសីហនុ ឃើញបិទរបងទុកចោលគ្មានការអភិវឌ្ឍ ហើយមិនបានឃើញសមុទ្រនោះទេ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានស្នើដល់រដ្ឋាភិបាល និងថ្នាក់នាំខេត្តព្រះសីហនុ ជួយពន្លឿនការចុះអនុវត្តដកហូតដីតំបន់ឆ្នេរពីឯកជន និងអភិវឌ្ឍឆ្នេរទាំងនោះ សម្រាប់បម្រើដល់វិស័យទេសចរណ៍ឲ្យបានឆាប់ នៅមុនដាច់ឆ្នាំ២០១៥ នេះ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បានស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ ចុះអនុវត្តសេចក្តីសម្រេចដកហូតឆ្នេរពីឯកជនដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញឲ្យបានឆាប់ ឬយ៉ាងហោចណាស់ ជំរុញសកម្មភាពបើករបងថ្ម ឬដែក ដែលឈ្មួញ និងឯកជនហ៊ុមព័ទ្ធទុកចោល ដើម្បីឲ្យភ្ញៀវទេសចរអាចចេញ ឬចូលទៅកម្សាន្តឲ្យបានទូលំទូលាយដូចដើមវិញ៖ «រដ្ឋាភិបាលត្រូវជំរុញដកហូតដីពីឯកជនដែលគេកំពុងធ្វើសំណង់រឹងមាំនៅឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់នេះឲ្យបានឆាប់បំផុត ព្រោះសំណង់នេះកំពុងសាងសង់ ដើម្បីជៀសវាងសំណង់ធ្វើរួចរាល់ អាចមានផលវិបាកផ្លូវច្បាប់ក្នុងការហាមឃាត់»។
លោក សុខ សុខុម បានរិះគន់ថា ឆ្នេរខេត្តព្រះសីហនុ ដែលជាឆ្នេរស្រស់ស្អាតមួយស្ថិតក្នុងចំណោមខេត្តឆ្នេរសមុទ្រដទៃទៀត បានជាប់ជាសមាជិកឆ្នេរស្រស់ស្អាតបំផុតនៅលើសកលលោក មិនគួរគ្មានឆ្នេរផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលកម្សាន្តដូចសព្វថ្ងៃនេះទេ។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក អ៊ី សុឡេង អភិបាលក្រុងព្រះសីហនុ បានគាំទ្ររដ្ឋាភិបាលដែលសម្រេចយកដីឆ្នេរសាធារណៈពីឯកជនមកឲ្យរដ្ឋគ្រប់គ្រង ខណៈមានជនឆ្លៀតឱកាសបានយកដីតំបន់ឆ្នេរធ្វើកម្មសិទ្ធិកន្លងមក។ លោក យន្ត មីន បញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរនៅតាមមន្ទីរ ឬស្ថាប័នពាក់ព័ន្ធខេត្តនេះ កំពុងកាប់ឆ្ការព្រៃ និងបើករបងដែក ឬថ្ម ដែលឯកជនហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ ឲ្យមានសោភណភាព ដើម្បីឲ្យទេសចរអាចចេញចូល ឬមើលឃើញទឹកសមុទ្រពេលធ្វើដំណើរឆ្លងកាត់តាមឆ្នេរមួយចំនួន មានឆ្នេរជ័យជម្នះ ជាដើម។ លោកថា សកម្មភាពសម្អាតបរិស្ថានឆ្នេរនេះ នឹងត្រូវចុះអនុវត្តដូចភ្លៀងរលឹម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ បានច្រើនថែមទៀត។
មន្ត្រីសង្គមស៊ីវិល មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានស្នើដល់រដ្ឋាភិបាលត្រូវអនុវត្តសេចក្តីសម្រេចដកហូតឆ្នេរពីឯកជន និងបើករបងថ្ម ឬដែកហ៊ុមព័ទ្ធឆ្នេរឲ្យបានមុនដាច់ឆ្នាំ២០១៥ ដើម្បីអាចឲ្យភ្ញៀវទេសចរមានឆ្នេរចូលកម្សាន្តបានទូលំទូលាយពេលឆ្លងឆ្នាំៗនេះ។
ទាក់ទិនបញ្ហានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានប្រកាសថា បន្ទាប់ពីរដ្ឋាភិបាលដកយកឆ្នេរនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រពីឯកជនវិញ រដ្ឋាភិបាលនឹងអភិវឌ្ឍឲ្យមានសោភណភាព ដើម្បីបម្រើឲ្យវិស័យទេសចរណ៍។ លោកសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ នឹងមិនអនុញ្ញាតឲ្យមានសំណង់រឹងមាំ ឬមានការគ្រប់គ្រងដីតំបន់ឆ្នេរសាធារណៈដោយឯកជនទៀតទេ។ ជាងនេះទៀត លោកនឹងអញ្ជើញ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មកណែនាំបន្ថែមលើបញ្ហាគ្រប់គ្រងឆ្នេរ ខណៈខេត្តទេសចរណ៍មួយនេះមានសកម្មភាពរំលោភបំពានដីតំបន់ឆ្នេរសមុទ្រពីឈ្មួញ និងបុគ្គលមានអំណាចនាពេលកន្លងមក។
ឆ្នេរសមុទ្រប្រទេសកម្ពុជា មានប្រវែងសរុប ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្ររួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ បានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្រស់ស្អាតបំផុតនៅលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
