កម្មវិធី​តម្លាភាព​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ជំរុញ​ឲ្យ​មាន​ការ​អនុលោម​តាម​បទដ្ឋាន​ការងារ

ដោយ មាន ឫទ្ធិ
2018.01.23
កម្មករ​កាត់​ដេរ​តំបន់​សេដ្ឋកិច្ច ស្វាយរៀង ២០១៤ ៨៥៥ ៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៣៤ របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ ស្តី​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា រក​ឃើញ​ថា កម្មវិធី​តម្លាភាព​របស់​គម្រោង​នេះ​កំពុងតែ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​តាម​បទដ្ឋាន​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​នានា។

កម្មវិធី​តម្លាភាព​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នេះ អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​អនុវត្ត​របស់​រោងចក្រ​នីមួយៗ ទៅ​លើ​បញ្ហា​ចម្បងៗ​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ។

​របាយការណ៍​ឲ្យ​ដឹង​ថា ការ​កែលំអ​គួរ​ឲ្យ​កត់សម្គាល់​រួម​មាន ការ​ផ្តល់ ការ​បណ្ដុះបណ្ដាល​ដល់​កម្មករ​និយោជិត អំពី​ការ​ជម្លៀស​បន្ទាន់ និង​ការ​ធានា​ថា ច្រក​ទ្វារ​ចេញ​ចូល​របស់​រោងចក្រ មិន​ត្រូវ​បាន​ចាក់​សោ​ក្នុង​អំឡុង​ពេល​ម៉ោង​ធ្វើការ​ដែល​បញ្ហា​ទាំង​ពីរ​នេះ​មាន​សារសំខាន់​បំផុត​ក្នុង​ការ​បង្កើន​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់។

​របាយការណ៍​ក៏​រក​ឃើញ​ផង​ដែរ​ថា មាន​ការ​ធ្លាក់​ចុះ​នូវ​អត្រា​នៃ​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ ពោល​គឺ​ពី ៧៤​ករណី នៅ​ពេល​ចេញ​របាយការណ៍​លើក​ទី​៣១ មក​នៅ​ត្រឹមតែ ៤​ករណី នៅ​ពេល​ចេញ​របាយការណ៍​បច្ចុប្បន្ន។ បញ្ហា​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ គឺ​ជា​បញ្ហា​ដែល​មិន​អាច​អនុគ្រោះ​បាន​ឡើយ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ។

ក្រៅ​ពី​របក​គំហើញ​ខាង​លើ​នេះ បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែល​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។ របាយការណ៍​គូស​បញ្ជាក់​ថា ការណ៍​នេះ​គឺ​ដោយសារ​តែ​រោងចក្រ​មិន​អាច ឬ​មិន​ចង់​ចំណាយ​ច្រើន​ទៅ​លើ​ធនធាន​ចាំបាច់​នានា ដូចជា ការ​ប្រើប្រាស់​ឧបករណ៍ ភ្លើង​បំភ្លឺ និង​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ រោងចក្រ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​នីតិវិធី និង​គោលការណ៍​ច្បាស់លាស់ ឬ​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ​នៅ​ឡើយ​ទេ។

​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៣៤ របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ ស្តី​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ផ្អែក​តាម​ទិន្នន័យ​ពី​របាយការណ៍​វាយតម្លៃ​ចំនួន ៣៩៥ របាយការណ៍ ដែល​ប្រមូល​បាន​មក​ពី​ការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​រោងចក្រ​សរុប​ចំនួន ៤៣៩ រោងចក្រ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។