របាយការណ៍​បង្ហាញ​ថា ឡឥដ្ឋ​ក្លាយ​ជា​អំពើ​ទាសភាព​សម័យ​ទំនើប​នៃ​របប​ភ្នំពេញ

0:00 / 0:00

ភាព​ក្រីក្រ​បណ្ដាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ​បាន​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​រាប់ពាន់​គ្រួសារ​ធ្លាក់ខ្លួន​ជា​ទាសករ​ធ្វើ​ការងារ​នៅ​តាម​ឡឥដ្ឋ​ដើម្បី​ផ្គត់ផ្គង់​ឥដ្ឋ​ឲ្យ​សំណង់​អាគារ​នៅ​រាជធានី​ភ្នំពេញ។

របាយការណ៍​របស់​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ហូលូវេ (Holloway University) ផ្សាយ​កាលពី​ថ្ងៃទី​១៦ តុលា ថា ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុង​នោះ​រួមមាន​ទាំង​កុមារ ដែល​ជំពាក់​បំណុល​គេ កំពុង​ធ្វើ​ការងារ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ជាទីបំផុត ដើម្បី​បំពេញ​តម្រូវ​ការ​ឥដ្ឋ ដែល​របាយការណ៍​ចាត់ទុកថា ជា​ឥដ្ឋ​ឈាម សម្រាប់​ការសាងសង់។

របាយការណ៍​បន្ត​ថា ដើម្បី​បាន​កម្មករ​មក​ធ្វើការ​ងារ​នៅ​ឡឥដ្ឋ ម្ចាស់​ឡឥដ្ឋ​បាន​សង​បំណុល​ជំនួស​កសិករ​ដែល​ជំពាក់​លុយ​គេ ប៉ុន្តែ​តម្រូវ​ឲ្យ​កសិករ​ទាំងនោះ​ធ្វើ​ការងារ​នៅ​ក្នុង​ឡឥដ្ឋ​រហូតដល់​កាត់​បំណុល​ប្រមាណ​ពី មួយរយ​ដុល្លារ ដល់​បួន​ពាន់​ដុល្លារ ដែល​ជំពាក់​ម្ចាស់​ឡឥដ្ឋ​វិញ។

កម្មករ​ឡឥដ្ឋ​ទាំងអស់​នោះ ត្អូញត្អែរ​ថា ពួកគេ​រង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម ដោយសារ​គ្មាន​ឧបករណ៍​ការពារ​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​ការដកដង្ហើម​ពី​ចំហាយ និង​ធុលី​ឡឥដ្ឋ ហើយ​មាន​ករណី​ខ្លះ​កម្មករ​រង​គ្រោះ​ថា្នក់​ដល់​ពិការ​អវយវៈ​ទៀត​ផង។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេលណា​កម្មករ​ត្រូវការ​ព្យាបាល​ជំងឺ ឬ​ចង់​សម្រាក​ពី​ការងារ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសារ​ទៅ​ជា​មួយ​នោះ​ទេ ដើម្បី​ធានា​ថា អ្នក​ចាក​ចេញពី​ឡឥដ្ឋ​នឹង​វិលត្រឡប់​មកវិញ។

អង្គការ​ការងារ​អន្តរជាតិ បញ្ជាក់​ថា លក្ខខណ្ឌ​ការងារ​នៅ​វិស័យ​សំណង់​មិន​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​របប​លោក ហ៊ុន សែន យកចិត្ត​ដាក់​ដូច វិស័យ​រោងចក្រ​កាត់ដេរ​នោះ​ទេ ដោយសារតែ​វិស័យ​កាត់ដេរ​ជា​វិស័យ​មួយ​ជួយ​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។