មន្ត្រីប៉ូលិសខេត្តឧត្ដរមានជ័យមួយក្រុមបានប្រទះឃើញគ្រាប់បេ-៤០ (B-40) ចំនួន ៤គ្រាប់ និងគ្រាប់ដេកា (DK) ១គ្រាប់ ដែលជនមិនស្គាល់មុខដាក់បង្កៃចោលនៅក្រោយអនុវិទ្យាល័យរួតចំប៉ី ហ៊ុន សែន នៅភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៦ មិថុនា។
គេហទំព័រស្នងការនគរបាលខេត្តឧត្ដរមានជ័យឲ្យដឹងថា គ្រាប់ទាំងនោះ គឺប្រភេទបេ៤០ (B-4) ដែលផលិតនៅប្រទេសសូវៀតកប់ក្នុងរណ្ដៅចំនួន ៣កន្លែង ឃ្លាតពីគ្នា ១០ម៉ែត្រ និងឃ្លាតពីគ្រាប់ដេកា (DK) ប្រមាណ ១០០ម៉ែត្រ ដោយមានរោយរំសេវនៅតាមរណ្ដៅនីមួយៗ ទៀតផង។
គេហទំព័រដដែលបានឲ្យដឹងទៀតថា ពួកគាត់បានទាក់ទងទៅអង្គការភាពកម្ចាត់មីនស៊ីម៉ាក់ (CMAC) ដើម្បីយកគ្រាប់កាំភ្លើងទាំងនោះចេញដោយសុវត្ថិភាព និងបានយកទៅកម្ទេចចោលរួចរាល់ហើយនៅថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
