អតិថិជន​បុរី​ពិភព​ថ្មី​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​រៀបចំ​ដែន​ដី​និង​ក្រុមហ៊ុន​ឱ្យ​ដោះស្រាយ​សំណង​សមរម្យ

ដោយ ខាន់ លក្ខិណា
2024.05.25
អតិថិជន​បុរី​ពិភព​ថ្មី​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​រៀបចំ​ដែន​ដី​និង​ក្រុមហ៊ុន​ឱ្យ​ដោះស្រាយ​សំណង​សមរម្យ អតិថិជន​ក្រុមហ៊ុន​បុរីពិភពថ្មីតវ៉ាមុខការិយាល័យក្រុមហ៊ុន​នៅខណ្ឌ​កំបូល កាលពីថ្ងៃទី២៨ តុលា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អតិថិជន​បុរី​ពិភព​ថ្មី​មួយ​ចំនួន បង្ខំ​ចិត្ត​ទទួល​ប្រាក់​ដើម ដែល​ក្រសួង​រៀប ចំ​ដែន​ដី និង​ក្រុមហ៊ុន​ដោះស្រាយ បើ​ទោះបី​ជា​ការ​ទូទាត់​នោះ មិន​សមរម្យ​ក៏​ដោយ ខណៈ​អ្នក​ខ្លះ​ទៀត នៅ​បន្ត​ទាមទារ​រក​ដំណោះស្រាយ។ ពួកគេ​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ ដើម្បី​បង្ហាញ​រដ្ឋាភិបាល​ថា ពិត​ជា​មាន​ ឆន្ទៈ​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ប្រាកដ​មែន។

អតិថិជន​បុរី​ពិភព​ថ្មី ទទូច​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី និង​ក្រុមហ៊ុន ពន្លឿន​ការ​ដោះស្រាយ​សម្រាប់​ពួកគាត់ ដោយ​ថា ការ​អូស​បន្លាយ​ពេល​នេះ គឺ​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង ខណៈ​អ្នក​ខ្លះ ផ្ទះ​ត្រូវ​ក្រុមហ៊ុន​រឹបអូស ហើយ​ជំពាក់​បំណុល​ធនាគារ​បន្ថែម​ទៀត។

អតិថិជន​បុរី​ពិភព​ថ្មី​នៅ​ផ្លូវ​ជាតិ​លេខ​៣ ខណ្ឌ​ដង្កោ លោកស្រី គង់ លីដា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែ​ឧសភា​ថា ដំណោះស្រាយ​របស់​ក្រុមហ៊ុន គឺ​ឱ្យ​លុយ​ដើម ដោយ​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​ទិញ​ចូល ៥០ភាគរយ (៥០%) ដូច​ក្រុមហ៊ុន​ បាន​សន្យា​ជាមួយ​អតិថិជន​នោះ​ឡើយ។

លោកស្រី​ថា អ្នកខ្លះ​បាន​បង្ខំ​ចិត្ត​ទទួល​យក​ត្រឹម​តែ​លុយ​ដើម ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ទទួល ដោយ​យល់​ថា អយុត្តិធម៌​ខ្លាំង​ពេល​សម្រាប់​ពួកគាត់។

លោកស្រី គង់ លីដា៖ «ខ្ញុំ​បង់​អស់ ៩ ម៉ឺន​ដុល្លារ​ហើយ​ហ្នឹង ដល់​ពេល​ឱ្យ​ខ្ញុំ​តែ​ជាង ២ ម៉ឺន​ដុល្លារ ខ្ញុំ​មិន​ម៉េច​ទទួល​យក​បាន វា​តិច​ពេក វា​មិន​សាក​សម​នឹង​លុយ​យើង។ វា​មិន​សក្ដិសម​នឹង​គោលការណ៍​បុរី ហើយ​ការ​ទាមទារ​នេះ មិន​មែន​យើង​ទាមទារ​ដោយ​ចិត្ត​ឯង​ទេ គឺ​បុរី​មាន​គោល​ការណ៍​ទិញ​ចូល​ដោយ​ខ្លួន​ឯង​តាំង​ដើម​មក​ម្ល៉េះ»

លោកស្រី គង់ លីដា ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​រៀបចំ​ដែន​ដី និង​ក្រុមហ៊ុន ពន្លឿន​ដំណោះស្រាយ​សម្រាប់​ពួកគាត់​ឱ្យ​បាន​ឆាប់។

លោកស្រី គង់ លីដា៖ «សម្ដេច​ប្រកាស​យូរ​ហើយ​ឱ្យ​ទទួល​ទិញ ៥០ ភាគរយ​តាំង​ពី​មុន​រហូត​ដល់​ឥឡូវ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ ដំណោះស្រាយ​អី ៤ ទៅ ៥​ម៉ឺន​ដុល្លារ អ្នក​ខ្លះ​បាន ២ ទៅ ៣ ពាន់​ដុល្លារ​មក​វិញ​ហ្នឹង អ្នក​ខ្លះ​អត់​បាន​ទៅ​ទៀត។ អ៊ីចឹង​សូម​ជួយ​ដោះស្រាយ​ឱ្យ​បងប្អូន​យើង​ទៅ ទាំង​គេ​ទាំង​ខ្ញុំ​ពន្លឿន​ទៅ កុំ​ទុក​យូរ​គ្នា​កាន់​តែ​ដុនដាប​មែន​ទែន​ហើយ​មួយៗ​ជំពាក់​គេ ហើយ​រក​ចំណូល​អត់​បាន។ បើ​ដោះស្រាយ​បាន​លុយ​បាន​កាក់​ទៅ​បើក​មុខ​របរ រក​ស៊ី​អី​ផ្សេង ឬ​ទៅ​ជួល​ផ្ទះ​ណា​ៗអី​អ៊ីចឹង​ទៅ»

អតិថិជន​បុរីពិភព​ថ្មី​ម្នាក់​ទៀត នៅ​ខណ្ឌ​កំបូល សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា ថា ការ​ដោះស្រាយ​របស់​ក្រសួង​រៀបចំ​ដែន​ដី​កន្លងមក គឺ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន ហើយ​មក​បង្ខំ និង​គំរាមកំហែង​ពួកគាត់។ លោក​ស្រី​ហៅ​ការ​ដោះស្រាយ​នេះ ថា​ជា​រឿង​អយុត្តិធម៌។

លោកស្រី​រិះគន់​ឧកញ៉ា ហុង ពីវ ម្ចាស់​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ថា​មិន​ដោះស្រាយ​ សំណង​សមរម្យ​ឱ្យ​អតិថិជន បែរជា​ធ្វើ​ខ្លួន​ជា​មនុស្ស​សប្បុរសធម៌ យក​លុយ​រាប់​លាន​ដុល្លា​ទៅ​បរិច្ចាគ​ដល់​រដ្ឋាភិបាល និង​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​បិទ​បាំង​ អំពើ​អាក្រក់ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ជួប​រឿង​ អយុត្តិធម៌​នោះ ពួកគាត់​មាន​សិទ្ធិ​តស៊ូ​មតិ​បន្ត​ទៀត ដើម្បី​ទាមទារ​យុត្តិធម៌ និង​សំណង​សមរម្យ។

លោក​ថា រដ្ឋាភិបាល​ដើរ​តួនាទី​ក្នុង​ការ​សម្របសម្រួល ដើម្បី​ការពារ​ផល​ប្រយោជន៍​ ទាំង​ភាគី​ពលរដ្ឋ និង​អ្នក​វិនិយោគ ប៉ុន្តែ​ក៏​ត្រូវ​ថ្លឹង​ថ្លែង​ឱ្យ​ស្មើភាព​គ្នា​ដែរ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ច្រើន និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់។

លោក យង់ គិមអេង៖ «ព្យាយាម​ធ្វើ​ម៉េច​កុំ​ឱ្យ​ប្រជាពលរដ្ឋ​គ្នា​ខាត​បង់​ច្រើន​ពេក។ អ៊ីចឹង​កាលណា​គ្នា​ខាត​បង់​ច្រើន​ពេក គ្នា​ក៏​ពិបាក​ដែរ ហើយ​អ្នក​ខ្លះ លុយ​ដែល​គ្នា​យក​មក​បង់​ហ្នឹង ខ្ចីគេ​ផង​អី​ផង។ អ៊ីចឹង​បើ​គ្នា​យក​ទៅ​សង​គេ ក៏​សង​មិន​រួច​ដែរ ក៏​អាច​កាត់​បន្ថយ​បំណុល​បាន​បន្តិច​បន្តួច​ប៉ុណ្ណឹង​ទេ​មើល​ទៅ»

អស់​រយៈពេល​ជិត​១ឆ្នាំ​មក​ហើយ ដែល​ក្រុម​អតិថិជន​រងគ្រោះ​ពី​ការ​បង់​រំលស់​ផ្ទះ ពី​អ្នក​ឧកញ៉ា ហុង ពីវ ជាង ២០០នាក់ បាន​ចេញ​តវ៉ា​ស្វះស្វែង​រក​ដំណោះស្រាយ និង​បាន​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ អតិថិជន​មួយ​ចំនួន នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគាត់​នោះ​ទេ រហូត​ដល់​មាន​ប្រើ​ប្រាស់​អំពើ​ហិង្សា មាន​ការ​ចាប់​ខ្លួន និង​ឃុំខ្លួន​ពលរដ្ឋ​ម្នាក់​នៅ​ពន្ធនាគារ ខណៈ​អតិថិជន​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រីក្រ បាត់​បង់​ផ្ទះ​សម្បែង និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។