ក្រសួងការពារជាតិ​អាមេរិក ទទួលស្គាល់​ថា មាន​បញ្ហា​ប្រឈម​នៃ​ទំនាក់ទំនង​ផ្នែក​ការពារ​ជាតិជាមួយ​កម្ពុជា

ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង (Daniel Kritenbrink) និង​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក យេត រ័យ យ៉ាល់ (Jed Royal) បាន​ជួបពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ សីហា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី នៃ​ប្រទេស​ទាំងពីរ និង​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី២៦ កុម្ភៈ ប៉ុន្តែ​ស្ថានទូត​អាមេរិក​ទើប​ប្រកាស​ថ្ងៃ​២៨ ខែ​កុម្ភៈ បញ្ជាក់​ថា ភាគី​ទាំងពីរ ក៏​បាន​ជជែក​ពី​ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ប្រឆាំង​ប្រទេស​កូរ៉េខាងជើង ការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្សី ទៅលើ​ប្រទេស​អ៊ុយក្រែន ការ​ពិនិត្យ​ទៅ​លើ​វិស័យ​នានា ដូចជា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការបង្កើត​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។

ដោយឡែក​ក្នុង​កិច្ចប្រជុំ​រវាង​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក Jed Royal ជាមួយ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​សេនីយ៍ វង្ស ពិសេន ក៏​ផ្ដោត​សំខាន់ អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ លើ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សារសំខាន់​នៃ​ការ​ធានា​បាន លើ​កិច្ចការពារ​អធិបតេយ្យភាព​នៃ​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា ក្រសួងការពារជាតិ​អាមេរិក ទទួលស្គាល់​ថា មាន​បញ្ហា​ប្រឈម​នៃ​ទំនាក់ទំនង​ផ្នែក​ការពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​សហរដ្ឋអាមេរិក​បញ្ជាក់​ជាថ្មី នូវ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​គោលដៅ​ដែល​ជា​ប្រយោជន៍​រួម។

លោក​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ក៏បាន​ស្នើសុំ​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំងពីរ​ឡើងវិញ រួមមាន​កាត់បន្ថយ​បញ្ហា​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ការ​ដោះ​មីន​មនុស្សធម៌ និង​ការ​ចូលរួម​បន្ថែម​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​និង​វគ្គ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​សន្តិសុខ Daniel K. Inouye សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាដើម។

រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​ឆ្លើយតប ចំពោះ​ការ​ស្នើ​សុំ​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​ឡើងវិញ របស់​សហរដ្ឋអាមេរិក នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។