ទីផ្សារអាកាសចរណ៍កម្ពុជាកើនខ្លាំងនៅដើមឆ្នាំ២០១៤
2014.07.24

ទីផ្សារអាកាសចរណ៍កម្ពុជាកើនឡើង ១០ភាគរយនៅត្រីមាសទី១ ដើមឆ្នាំ២០១៤ ទោះបីមានអស្ថិរភាពនយោបាយនៅប្រទេសជិតខាង និងទីផ្សារទេសចរណ៍វៀតណាមមកកម្ពុជា ថយចុះយ៉ាងណាក្ដី។
ផ្អែកតាម របាយការណ៍វិភាគរបស់មជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិមួយឈ្មោះថា កាប៉ា (CAPA) CENTRE FOR AVIATION) ចុះថ្ងៃទី២៤ កក្កដា មូលហេតុដែលនាំឲ្យទីផ្សារអាកាសចរណ៍កម្ពុជាកើនឡើងខ្លាំង គឺដោយសារថៃមានចលាចលនយោបាយ និងអាកាសចរណ៍ម៉ាឡេស៊ីធ្លាក់កេរឈ្មោះមិនល្អ ដោយសារមានយន្តហោះធ្លាក់ញឹកញាប់ពេក នៅឆ្នាំ២០១៤នេះ។ ទន្ទឹមពេលនេះ អ្នកទេសចរចិនបានសម្រុកមកលេងកម្ពុជាកាន់តែច្រើនឡើងៗ ទៀត។
កាប៉ា ដែលជាអង្គការមួយធ្វើការវិភាគទីផ្សារអាកាសចរណ៍នានាលើពិភពលោកនោះ ឲ្យដឹងថា គោលនយោបាយទីផ្សារអាកាសចរណ៍បើកជើងមេឃ របស់កម្ពុជា បានផ្ដល់ឱកាសល្អដល់អ្នកវិនិយោគនានា ឲ្យបង្កើតក្រុមហ៊ុនក្នុងស្រុកជាច្រើន ដើម្បីបម្រើសេវាទីផ្សារអាកាសចរណ៍ចិនដែលមានជើងហោះហើរពីគ្រប់ទិសទី ធ្វើឲ្យទីផ្សារអាកាសចរណ៍កម្ពុជាកើនឡើងប្រមាណ ១០ភាគរយ ទន្ទឹមពេលដែលអ្នកទេសចរចិន មកកម្ពុជាបានកើនឡើង ២០ ភាគរយនៅឆ្នាំនេះ។
ការវិភាគដដែលប្រមើលថា ទីផ្សារទេសចរណ៍កម្ពុជាជាមួយចិន នឹងកើនឡើងនៅទៀត នៅត្រីមាសទី២ ដោយសារមានការបង្កើនជើងហោះហើរ ច្រើនទៀត រវាងកម្ពុជានិងចិន ក្នុងនោះកម្ពុជាបានបើកជើងយន្តហោះឈ្នួល ២ ទៀត ដែលគាំទ្រដោយវិនិយោគិនចិន៕