កម្ពុជា​នៅ​លំដាប់​ទាប​បំផុត​ស្ដីពី​ការ​ផ្សព្វផ្សាយ​ថវិកា​ជាតិ

របាយការណ៍​ពាក់ព័ន្ធ​ថវិកា​ជាតិ រដ្ឋាភិបាល​កម្ពុជា មិន​សូវ​បញ្ចេញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​ទូទៅ​បាន​ដឹង​ទេ។ ប៉ុន្តែ សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ព្យាយាម​ស្វែង​រក​របាយការណ៍​នោះ ហើយ​បាន​វាយ​តម្លៃ​លទ្ធផល​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ជាតិ​ឆ្នាំ​២០១២ ដោយ​មាន​ដាក់​បង្ហាញ​ចំណាត់​ថ្នាក់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​សិក្ខាសាលា​នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មីនា។
ដោយ អ៊ុក សាវបូរី
2013.03.07
Share on WhatsApp
Share on WhatsApp
ផ្សព្វផ្សាយ​ថវិកា​ជាតិ ៣០៥ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​លទ្ធផល​នៃ​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា ឆ្នាំ​២០១២ នៅ​ប្រទេស​កម្ពុជា នា​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel) កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៣។
RFA/OUk Savborey

ប្រទេស​កម្ពុជា ស្ថិត​ក្នុង​លំដាប់​ទី១៥ ជា​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជាង​១០០ ដែល​គេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ថវិកា​ជាតិ ដោយ​មាន​តម្លាភាព និង​គណនេយ្យ​ភាព សម្រាប់​ឆ្នាំ​២០១២។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត ថ្លែង​នៅ​ថ្ងៃ​ទី៧ ខែ​មីនា ថា ថវិកា​ជាតិ គឺ​ជា​ថវិកា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បង់​ពន្ធ និង​បង់​កម្រៃ​សេវា​ផ្សេងៗ​សម្រាប់​ចំណូល​រដ្ឋ និង​ទូទាត់​បំណុល​ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ពី​បរទេស។ ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​ចង់​ដឹង​ពី​របៀប​ប្រមូល និង​ប្រើប្រាស់​ថវិកា​នោះ ហើយ​រាជ​រដ្ឋាភិបាល​មាន​ភារកិច្ច​គ្រប់គ្រង​ថវិកា និង​រាយការណ៍​ជូន​ប្រជាពលរដ្ឋ​វិញ​នូវ​ព័ត៌មាន​ទាំង​នេះ ប៉ុន្តែ ព័ត៌មាន​ថវិកា​ខ្លះ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​របាយការណ៍​ទាំងអស់​ទេ។

លទ្ធផល​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​សម្រាប់​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា កម្ពុជា ជាប់​លំដាប់​លេខ​១៥ ក្នុង​ចំណោម​ប្រទេស​ជាង​១០០ ដែល​បាន​បង្ហាញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ជាតិ មាន​តម្លាភាព និង​គណនេយ្យ​ភាព៖ «តម្លាភាព​ថវិកា ជួយ​លើក​កម្ពស់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ ហើយ​ឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​តម្លាភាព និង​គណនេយ្យ​ភាព អាច​ជួយ​រដ្ឋាភិបាល​រួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក៏​ដូច​ជា​ការ​គ្រប់គ្រង​ជំនួយ​អភិវឌ្ឍន៍​របស់​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ ដើម្បី​ធានា​ឲ្យ​បាន​ថា ថវិកា​ជាតិ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​ជា​អាទិភាព​នា​ពេល​បច្ចុប្បន្ន និង​វិនិយោគ​ឲ្យ​ចំ​គោលដៅ សម្រាប់​អនាគត​ក្មេង​ជំនាន់​ក្រោយ​ប្រកប​ដោយ​ប្រសិទ្ធភាព សមធម៌ និង​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ជីវិត​របស់​ពលរដ្ឋ​ក្រីក្រ បរិស្ថាន និង​សង្គម​ជាតិ​ទាំង​មូល»

ពាក់ព័ន្ធ​ការ​វាយ​តម្លៃ​ពី​លទ្ធផល​អង្កេត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ឆ្នាំ​២០១២ នេះ លោក ហ្វិញ រិទ្ធិពល ប្រធាន​ការិយាល័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ថា កង្វះ​ធនធាន​មនុស្ស និង​ថវិកា បាន​ជំរុញ​ឲ្យ​ការងារ​ផ្សព្វផ្សាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ផ្សាយ​បាន​ទាំងអស់​ទេ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​ផ្តល់​ព័ត៌មាន​អំពី​ថវិកា​នោះ​ទៅ​រតនាគារ​ជាតិ ដែល​មាន​មន្ត្រី​នៅ​ទី​នោះ​ជា​អ្នក​សរសេរ​របាយការណ៍៖ «ឥឡូវ​ហ្នឹង យើង​កំពុង​បង្រៀន​ក្រសួង ស្ថាប័ន ឲ្យ​ចេះ​រៀបចំ​របាយការណ៍​លទ្ធផល​មួយ​ទៀត មិន​ត្រឹម​របាយការណ៍​ហិរញ្ញវត្ថុ​ទេ។ របាយការណ៍​លទ្ធផល​ហ្នឹង ដែល​យើង​នឹង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ដឹង​នោះ​ថា នៅ​ពេល​ដែល​យើង​ធ្វើ​របាយការណ៍​លទ្ធផល​ហ្នឹង តើ​លុយ​ដែល​យើង​ដាក់​ទៅ​ហ្នឹង យើង​បាន​ស្អី​មក​ហើយ»

លោក ឈិត សំអាត ឲ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​លទ្ធផល​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ជាតិ នៅ​កម្ពុជា គឺ​បាន​ធ្វើ​លើក​ទី៣​ហើយ ដែល​លើក​ទី១ ធ្វើ​នៅ​ឆ្នាំ​២០០៨ កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១១ លើក​ទី២ នៅ​ឆ្នាំ​២០១០ កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៥ និង​ឆ្នាំ​២០១២ កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៥ ដូច​គ្នា ព្រោះ​តែ​កម្ពុជា មិន​បាន​ផ្សាយ​អំពី​ថវិកា​ពលរដ្ឋ។ ការ​អង្កេត​នេះ គឺ​វាយ​តម្លៃ​លើ​ឯកសារ​ថវិកា​គោល​ចំនួន​៨ តែ​ប្រទេស​កម្ពុជា មាន​ឯកសារ​តែ​៧ គឺ​នៅ​ខ្វះ​ឯកសារ​គម្រោង​ថវិកា​ប្រជាពលរដ្ឋ។

ចំណែក​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហ្វិញ រិទ្ធិពល ឲ្យ​ដឹង​ថា គម្រោង​ថវិកា​ពលរដ្ឋ គឺ​មិន​បាន​ធ្វើ​តែ​ម្តង ដោយសារ​តែ​ខ្វះ​ធនធាន​មនុស្ស​ផង និង​ខ្វះ​ថវិកា​ក្នុង​ការ​បោះពុម្ព​ផ្សាយ​ផង ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ក្រសួង​នេះ​កំពុង​តែ​រៀបចំ​បណ្ដុះ​បណ្ដាល​មន្ត្រី​ឲ្យ​ចេះ​រៀបចំ​សរសេរ​របាយការណ៍​នោះ ដើម្បី​ផ្សព្វផ្សាយ។

អ្នកស្រី ឡាច អាព្រីល (Leah April) តំណាង​ធនាគារ​ពិភពលោក បាន​គាំទ្រ​ទៅ​នឹង​ការ​ប្រកាស​លទ្ធផល​អង្កេត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​ឆ្នាំ​២០១២ ដែល​បាន​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា (NGO Forum in Cambodia)។ អ្នកស្រី​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​បន្ត​អង្កេត​បញ្ហា​នេះ​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។