សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​លក់​កាំភ្លើង​ឱ្យ​ជនជាតិ​ចិន​បាញ់​នៅ​មុខ​ព្រលាន​យន្តហោះ​ភ្នំពេញ

0:00 / 0:00

សមត្ថកិច្ច​រាជធានី​ភ្នំពេញ​មិន​ទាន់​វែក​មុខ​អ្នក​លក់​កាំភ្លើង​ឱ្យ​ជនជាតិ​ចិន​មួយ​ក្រុម​ដែល​ផឹកស៊ី និង​ដេញ​បាញ់​បោះ​គ្នា​នៅ​ទល់​មុខ​ព្រលាន​យន្តហោះ​រាជធានី​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន​នៅ​ឡើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​បារម្ភ​ថា សកម្មភាព​នៃ​ជនបរទេស​ប្រើប្រាស់​កាំភ្លើង​បាញ់​បោះ​នៅ​តាម​ទី​សាធារណៈ​នឹង​បន្ត​កើត​មាន​ដដែល ដោយសារ​តែ​សមត្ថកិច្ច​អសមត្ថភាព​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​ចំពោះ​មេខ្លោង​ដែល​ជួញដូរ​អាវុធ​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​ប្រើប្រាស់​លើ​ទឹក​ដី​ខ្មែរ។

មន្ត្រី​ប៉ូលិស​នៃ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៨ ខែកុម្ភៈ បាន​បង្ហាញ​មុខ​ជនជាតិ​ចិន​ចំនួន ៥​នាក់​ដែល​ពួកគេ​មាន​ជម្លោះ​ទាស់​ទែង និង​ប្រើប្រាស់​កាំភ្លើង​បាញ់​គ្នា​នៅ​ទល់​មុខ​ទីតាំង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចេញ​ចូល​រាល់​ថ្ងៃ​គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្នុង​ចំណោម​ជន​សង្ស័យ​ជនជាតិ​ចិន​ទាំង ៥នាក់​មាន​ម្នាក់​ទើប​មក​ពី​ប្រទេស​ចិន​ដល់​កម្ពុជា​ជិត ១០ថ្ងៃ​ប៉ុណ្ណោះ ចំណែក​មួយ​ចំនួន​ទៀត​ពួកគេ​មាន​ទី​កន្លែង​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។ លោក សំ វិច្ឆិកា បញ្ជាក់​ថា ដើមចម​សំខាន់​ដែល​ខ្មាន់​កាំភ្លើង​ម៉ាក់​អាកា (AK) និង​បក្ខ​ពួក​ទាញ​កាំភ្លើង​ដេញ​បាញ់​លើ​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត​នោះ​គឺ​កើត​ចេញ​ពី​ជម្លោះ​នៅ​កន្លែង​ស៊ី​ផឹក និង​ជា​ការ​សងសឹក​ដែល​ជនជាតិ​ចិន​មួយ​ក្រុម​នោះ​ប្រើ​កាំបិត និង​ដក​កាំភ្លើង​ខ្លី​ភ្ជង់​លើ​បក្ខពួក​ក្រុម​ខ្មាន់​កាំភ្លើង​ម៉ាក់​អាកា(AK)។

លោក សំ វិច្ឆិកា ឱ្យ​ដឹង​ទៀត​ថា ខ្មាន់​កាំភ្លើង​ម៉ាក់​អាកា (AK) និង​បក្ខពួក​បាន​បញ្ជា​ទិញ​កាំភ្លើង​ម៉ាក់​អាកា (AK) ចំនួន ២ដើម​ពី​ឈ្មួញ​នៅ​មុន​ហេតុការណ៍​កើត​ឡើង ១ថ្ងៃ​ប៉ុណ្ណោះ។ លោក​អះអាង​ថា កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ប្រភព និង​អ្នក​លក់​កាំភ្លើង​ឱ្យ​ជនជាតិ​ចិន​ទាំង​នេះ។

លោក សំ វិច្ឆិកា៖ «ជន​ផ្ទុះ​អាវុធ ជនជាតិ​ចិន​នេះ​គាត់​ខឹង​នឹង​ជនសង្ស័យ​ម្នាក់​ដែល​កាន់​កាំបិត​ចាក់​គាត់​មុន ចាក់​ប្រមាណ ៦ ទៅ ៧ កាំបិត បណ្ដាល​ឱ្យ​រង​របួស។ អ៊ីចឹង​ស្អែក​ឡើង​បុរស​ដែល​កាន់​អាវុធ​នេះ​គាត់​ជា​ជនជាតិ​ចិន​ទេ តែ​គាត់​ទៅ​កុម្ម៉ង់​កាំភ្លើង​យើង​មិន​ទាន់​ដឹង​ប្រភព​មក​ពី​ខាង​ណា​ទេ យើង​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​យក​មក​ដើម្បី​សងសឹក​ជាមួយ​ក្រុម​ដែល​ធ្វើ​អំពើ​ហិង្សា​ជាមួយ​គាត់។ អ៊ីចឹង​ដល់​ពេល​ថ្ងៃ​កើត​ហេតុ​នេះ គាត់​មក​ដល់​មាន​ការ​ប្រទូសរ៉ាយ​គ្នា ហើយ​ក៏​គាត់​ទាញ​កាំភ្លើង ទៅ​បាញ់​ទៅ​គូបដិបក្ខ​របស់​គាត់ ប៉ុន្តែ​អត់​មាន​របួស​ស្នាម​ទេ គាត់​បាញ់​ផ្អប​នឹង​ដី​តែ​ប៉ុណ្ណោះ។ ក្រោយ​ពី​កើត​ហេតុ​ភ្លាម​គឺ​ពួក​នេះ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង​យក​ទៅ​ផ្លុង​ចោល​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ បន្ទាប់​មក​យើង​ក៏​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ដែល​គាត់​ទៅ​យក​រថយន្ត​ដែល​ផ្លុង​ចោល។ យើង​ដក​ហូត​បាន​កាំភ្លើង ២ដើម​ជាមួយ​កាំភ្លើង​ជ័រ មួយ​ដើម ជាមួយ​គ្រាប់​មួយ​ចំនួន និង​បង់​ចំនួន ២»។

ហេតុការណ៍​ផ្ទុះ​អាវុធ​ពុំបង្កឱ្យ​មាន​អ្នក​របួស​ទេ​

ហេតុការណ៍​ផ្ទុះ​អាវុធ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នៅ​បរិវេណ​មជ្ឈមណ្ឌល​កម្សាន្ត​រតនៈសម្បត្តិ​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ពុំ​មាន​អ្នក​រង​របួស​ទេ ដោយសារ​តែ​ដៃ​គូ​ជម្លោះ​របស់​ខ្មាន់​កាំភ្លើង​ម៉ាក់​អាកា​ទំនង​បាន​ដឹង​ខ្លួន​មុន និង​នាំ​គ្នា​រត់​គេច​ខ្លួន។

លោក សំ វិច្ឆិកា ឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ ៥នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៨ ខែកុម្ភៈ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ការ​កាន់​កាប់​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

អត្ថបទ​ដែល​ទាក់ទង៖

ពលរដ្ឋ​បារម្ភ​ថា ករណី​បាញ់បោះ​​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​កំពុង​ប៉ះពាល់​​កេរ្តិ៍ឈ្មោះ​កម្ពុជាOpens in new window ]

ជន​សង្ស័យ​៥​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ករណី​ក្លែង​បន្លំ​ឯកសណ្ឋាន​សមត្ថកិច្ច​ដើរជំរិត​ទារ​ប្រាក់Opens in new window ]

អ្នក​ជំនាញ​ច្បាប់​ថា ក្រសួង​យុត្តិធម៌​មិន​គួរ​ព្រងើយ​កន្តើយ​ចំពោះ​តម្រុយ​បទល្មើស​ឧក្រិដ្ឋ​ថ្នាក់​ជាតិ​ទេOpens in new window ]

ក្រោយ​ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនពីន (Wang Wenbin) បាន​ប្រកាស​ថ្កោល​ទោស​ដល់​ជន​បង្ក​ហេតុ និង​គាំទ្រ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ដល់​ជនល្មើស។

ការប្រើប្រាស់​អាវុធ​តាមទំនើងចិត្ត​ «មកពី​ការគ្រប់គ្រង​ច្បាប់ធូររលុង»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា ចំណាត់​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​របស់​សមត្ថកិច្ច​កម្ពុជា​នៅ​ធូរ​រលុង ហើយ​លោក​ថា ការ​អនុវត្ត​ធូរ​រលុង​បែប​នេះ​គឺ​ជា ឱកាស​សម្រាប់​ក្រុម​ជនល្មើស​ប្រព្រឹត្ត​បទល្មើស និង​ប្រើប្រាស់​កាំភ្លើង​តាម​ទំនើង​ចិត្ត​បង្ក​អសន្តិសុខ​ដល់​សង្គម​កម្ពុជា។ ក្រៅ​ពី​នេះ លោក​រិះគន់​ថា អាជ្ញាធរ​ក៏​មិន​បាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ដែរ ដោយសារ​តែ​ជា​ញឹកញយ​ជនបរទេស​មួយ​ចំនួន​នៅ​តែ​អាច​មាន​កាំភ្លើង​ប្រើប្រាស់​បាញ់​បោះ​សេរី នៅ​ពេល​ពួកគេ​មាន​ជម្លោះ​ទាស់ទែង​គ្នា។

លោក អំ សំអាត៖ «បញ្ហា​ជនបរទេស​មួយ​ចំនួន​ហ្នឹង​គឺ​បង្ក​បទល្មើស​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​កម្ពុជា​យើង អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក​យើង​ឃើញ​មាន​ការណ៍​ដែល​ប្រព្រឹត្ត​ការ​ចាប់​ជំរិត ការ​បាញ់​សម្លាប់​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ ឬ​ទាក់ទង​ទៅ​ដល់​ប្រព្រឹត្ត​បទល្មើស​ការ​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម អា​ហ្នឹង​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍»។

លោក អំ សំអាត បន្ថែម​ទៀត​ថា ករណី​ជនជាតិ​ចិន​ដែល​ប្រើប្រាស់​អាវុធ​បាញ់​បោះ​នៅ​កម្ពុជា​បាន​កើត​មាន​ជា​ហូរហែ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​ហាក់​ខកខាន​ក្នុង​ការ​ស្វែងរក​មេខ្លោង​ធំៗ​ដែល​ជា​អ្នក​ចរាចរ និង​លក់​អាវុធ​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​ប្រើប្រាស់។ លោក​បន្ត​ថា សមត្ថកិច្ច​នៃ​ស្ថាប័ន​ជំនាញ​គួរ​បង្ហាញ​ឆន្ទៈ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ស្វែងរក​ឈ្មួញ​ជួញដូរ​អាវុធ​នៅ​កម្ពុជា​លក់​ឱ្យ​ជនបរទេស ព្រោះ​លោក​ថា ករណី​ជនបរទេស​ផ្ទុះ​អាវុធ​ជា​បន្តបន្ទាប់​នេះ​គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម សុវត្ថិភាព​ពលរដ្ឋ និង​ជា​រូបភាព​មួយ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មិន​ហ៊ាន​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា។

រយៈពេល​ពេញ​មួយ​ឆ្នាំ២០២៤ កន្លង​ទៅ​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​ជាង ៤រយ​ករណី (៤៤៩ករណី) និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៦រយ​នាក់ (៦៥៩នាក់) នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​មាន​បទល្មើស​ឧក្រិដ្ឋ​ចំនួន ៦៨ករណី​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ១រយ​នាក់ (១៤០នាក់)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។