ពលរដ្ឋមួយចំនួនបារម្ភថា ករណីបាញ់បោះនៅកណ្ដាលទីក្រុងភ្នំពេញ ដែលបង្កឡើងដោយជនជាតិចិនមួយចំនួន កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ។ ពួកគាត់ស្នើដល់អាជ្ញាធរឲ្យចាត់វិធានការធ្ងន់ធ្ងរលើក្រុមជនល្មើស និងរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ។
ពលរដ្ឋមួយចំនួនបារម្ភថា ករណីបាញ់បោះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិយោគល្អៗ ដែលមានបំណងមកលេងកម្សាន្ត និងរកស៊ីនៅកម្ពុជា។
ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ លោក សុះ សល់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែកុម្ភៈថា ហេតុការណ៍ផ្ទុះអាវុធ នៅមុខព្រលានយន្តហោះ នៅកណ្ដាលរាជធានីភ្នំពេញ កំពុងល្បីសុះសាយដល់ប្រទេសថៃ ហើយមានជនបរទេសជាច្រើនផ្សេងទៀត កំពុងជជែកពីបញ្ហានេះ។
លោក សុះ សល់៖«សូម្បីតែជនបរទេសដែលនៅក្នុងប្រទេសជាមួយខ្ញុំនេះ ដែលជាជនជាតិរបស់គេនេះ ក៏គេឃើញថា កម្ពុជាជាប្រទេសមួយដែលមើលឃើញថា អសន្តិសុខ ហើយរាជរដ្ឋាភិបាលប្រកាសថា ប្រទេសហ្នឹងមានសន្តិភាព ប៉ុន្តែធាតុពិតនៅតែមានការប្រើអាវុធខុសច្បាប់ បាញ់បោះមនុស្សនៅតាមផ្លូវសាធារណៈ កន្លែងទីប្រជុំជន ដែលមើលទៅមានភ្ញៀវបរទេសច្រើន ។ អីចឹងយើងត្រូវគិតពីមុខមាត់របស់ប្រទេសជាតិ យើងខ្មាសគេណាស់នៅពេល ដែលយើងឃើញមានព័ត៌មានរឿងអាស្រូវរបៀបនេះ»។
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនលោក សោម សុជាតិ ថ្លែងថា ករណីជនបរទេស ជាជនជាតិចិនមួយក្រុមមានអាវុធនៅក្នុងដៃ ហើយយកមកប្រើប្រាស់ដោយខុសច្បាប់នៅកណ្ដាលរាជធានីភ្នំពេញនេះ បង្ហាញពីអសមត្ថភាពគ្រប់គ្រងអាវុធគ្រឿងផ្ទុះ របស់អាជ្ញាធរ ហើយបញ្ហានេះ កំពុងប៉ះពាល់ដល់មុខមាត់កម្ពុជា។
លោក សោម សុជាតិ៖«បញ្ហាដែលជនជាតិចិនអនាធិបតេយ្យកាន់កាំភ្លើងបាញ់គ្នា ដូចទៅនឹងរឿងហុងកុងនេះ វាឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលសព្វថ្ងៃអសមត្ថភាពក្នុងការគ្រប់គ្រងប្រទេស ព្រោះអីជនបរទេសមករស់នៅលើទឹកដីរបស់យើងហើយ គេអាចមានសិទ្ធិយកកាំភ្លើងមកបាញ់នៅទីសាធារណៈ ដោយមិនខ្លាចនូវអាជ្ញាធរ និងសមត្ថកិច្ចសព្វគ្រប់បែបយ៉ាង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីជនជាតិចិនមួយក្រុមមានគ្នា ចំនួន ៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្ត បានប្រើអាវុធប្រភេទអាកា (AK) ចំនួន ២ដើម និងអាវុធខ្លីចំនួន ១ដើម បាញ់ចំនួន៣គ្រាប់ សំដៅលើគូទំនាស់ក្នុងផឹកស៊ី ស្ថិតនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ នៅទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ ហេតុការណ៍បាញ់បោះនេះ ពុំបណ្ដាលឲ្យមានជនរងរបួសឡើយ ដោយសារតែភាគទំនាស់ម្ខាងទៀត បានដឹងខ្លួនមុន និងបានគេចខ្លួនពីកន្លែងកើតហេតុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
បន្ទាប់ពីហេតុការណ៍នេះ កើតឡើងអាជ្ញាធរបានរកឃើញរថយន្តចំនួន២គ្រឿង និងអាវុធវែង ប្រភេទអាកា (AK) ចំនួន ២ដើម ដែលជនសង្ស័យផ្លុងចោលនៅក្បែរទីតាំងកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃដដែលនោះ ហើយអាជ្ញាធរបញ្ជូនពួកគេមកបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសាកសួរជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៥ ខែមករា។
ទោះយ៉ាងណា លោក សំ វិច្ឆិកា ប្រាប់សារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី១៥ កុម្ភៈថា ករណីផ្ទុះអាវុធខាងលើនេះ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដើម្បីសាកសួរ និងបន្តនីតិវិធី។
ឯកអគ្គរដ្ឋទូតចិនប្រកាសថ្កោលទោស
ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះអាវុធនេះ ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនពីន (Wang Wenbin) សរសេរសារថ្កោលទោសនៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី១៤ កុម្ភៈថា «យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំងនិងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ»។
ទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជារឿយៗហេតុការណ៍ជនបរទេស ជាជនជាតិចិនមួយចំនួន ប្រើប្រាស់អាវុធខុសច្បាប់ បាញ់បោះនៅទីសាធារណៈ កំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋ ហើយបញ្ហានេះ នឹងប៉ះពាល់ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
លោក អំ សំអាត៖«ខ្ញុំគ្រាន់តែមើលឃើញថា បញ្ហានេះ វាមិនមែនជាលើកទី១ទេ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល លោកត្រូវតែបង្កើននូវការទប់ស្កាត់ និងការបង្ក្រាបទៅលើជនបរទេស ដែលប្រើប្រាស់អាវុធដោយខុសច្បាប់ ទាំងអាវុធវែង និងអាវុធខ្លី ជាពិសេសគឺបង្ក្រាបទៅលើការជួញដូរអាវុធ ការចរាចរណ៍អាវុធ និងការកាន់កាប់អាវុធដោយខុសច្បាប់ ។ ទី២ ត្រូវគ្រប់គ្រងឲ្យបានម៉ត់ចត់ និងតឹងរឹងចំពោះជនបរទេស បានន័យថា ជនអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជាយើង កុំឲ្យផលប៉ះពាល់ទៅដល់ជនបរទេសដែលគេល្អៗ»។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដើម្បីកាត់បន្ថយហេតុការណ៍ ជនបរទេសប្រើប្រាស់អាវុធខុសច្បាប់ បាញ់បោះអានាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។