មន្ត្រី​បក្ស​ប្រឆាំង​ថា​ កម្ពុជា​នៅ​តែ​រណប​វៀតណាម​រឿង​​ព្រំដែន

ហេង រស្មី
2020.12.22
មន្ត្រី​បក្ស​ប្រឆាំង​ថា​ កម្ពុជា​នៅ​តែ​រណប​វៀតណាម​រឿង​​ព្រំដែន តង់​ដែល​វៀតណាម​បោះ​កាល​ពី​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា ឆ្នាំ២០២០​ នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំដារ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​។
រូបថត៖​ ប្រជាពលរដ្ឋ​ទី​​១​ ធ្នូ ២០២០​

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​​​លោក​ អ៊ុំ សំអាន​ បញ្ជាក់​ថា​ មូល​ហេតុ​ដែល​កម្ពុជា​ មិន​ដែល​ហ៊ាន​និយាយ​ពី​វៀតណាមថា​បាន​កសាង​សំណង់​រឹងមាំ​ តាម​តំបន់​ព្រំដែន​ក្នុង​ទឹក​ដី​របស់​កម្ពុជា​កន្លង​មក​ ដូច​ជា​នៅ​ក្នុង​ខេត្ត​កណ្តាល​ តាកែវ​ និង​ខេត្ត​ស្វាយ​រៀង​ ​ គឺ​បង្ហាញ​ថា​ វៀតណាម​នៅ​តែ​ជា​ចៅហ្វាយ​របស់​កម្ពុជា​។​

លោក​បន្ថែម​ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ លើ​បញ្ហា​ព្រំដែន​គឺ​ខុស​ពី​ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​ ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​លើក​កង​ទ័ព​ទៅ​ទប់ទល់ប្រទេសទាំងនេះ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ ចំណែក​ឯ​ជា​មួយ​វៀតណាម​វិញ​ កម្ពុជា​ មិន​ដែល​លើក​កង​​ទ័ព​ទៅ​ដោះ​ស្រាយ​នោះ​ទេ​។​ ទង្វើ​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​រណប​ប្រទេស​វៀតណាម៖​«​ឃើញ​ថា​ចំណាត់​ការ​ជា​មួយ​និង​ឡាវ​ ជា​មួយ​​ថៃ ឃើញ​ថា​ គាត់​ធ្វើបាន​ត្រឹមត្រូវ​ល្អ​គាត់​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ថៃ​ និង​ឡាវ​។ ប៉ុន្តែ​ជាមួយ​យួន​គាត់​អត់​ហ៊ាន​ទេ​ដោយ​សារ​គាត់​ជំពាក់​គុណ​យួន។»

​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​ជួប​ប្រជុំ​គ្នា​លើក​ទី​១៨​ ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ វប្បធម៌​ ដោយ​​សន្យាថា​ ភាគី​ទាំង​ពីរ​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ រួម​គ្នា​រក្សា​មិត្តភាព​ជា​ប្រពៃណី​ និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​​ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ប៉ុន្តែ​មិន​បាន​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​ទេ​។​​​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក​ ប្រាក់ សុខុន​ និង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​វៀតណាម​ លោក​ ផាម ប៊ិញមិញ(PHAM Binh Minh) សន្យាថា​​ភាគី​ទាំង​ពីរ​រិះរក​វិធី​ និង​មធ្យោបាយ​​នានា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​វិសាល​ភាព​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ។

ប្រធាន​ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ មាន​ប្រសាសន៍​ថា​ ចំពោះ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាមនេះ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​បាន​ដាក់​របាយការណ៍ និង​ឯក​សារ​ទាំង​ឡាយ​ពាក់ព័ន្ធ​​​ទៅ​ស្ថាប័ន​រដ្ឋសភា​ និង​ព្រឹទ្ធសភា ហេតុ​ដូច្នេះ​លោក​មិន​ចាំ​បាច់​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​ពី​មន្ត្រី​បក្ស​ប្រឆាំង​ទេ៖​«​អា​ហ្នឹង​គេ​ចោទ​ម៉េច​ ក៏​ចោទ​ទៅ​ ជា​ធម្មជាតិ​របស់​គេ​ៗ​ចោទ​ ២០​ ទៅ​ ៣០​ ឆ្នាំ​មក​ហើយ​។​គេ​ចោទ​កម្ពុជា​ ជា​អាយ៉ង​របស់​យួន​ គេ​ចោទ​រួច​ស្រេច​ទៅ​ហើយ​ៗ​ គេ​ចោទ​នៅ​ស្រុក​ខ្មែរ​ សុទ្ធតែ​យួន​ទាំង​អស់​ ហើយ​បញ្ហា​ព្រំ​ដែន​ទុក​ឱ្យ​គេ​មើល​ទៅ​។​ យើង​មាន​របាយការណ៍​ត្រឹម​ត្រូវ​ យើង​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​ត្រឹម​ត្រូវ​។​ យើង​អត់​ឆ្លើយ​ឆ្លង​ដើម្បីឱ្យ​ពួក​ហ្នឹង​យក​របៀប​វារៈ​មក​វៀតណាម​មក​បង្កើត​សាច់​រឿង​ហ្នឹង​ទេ។»​​

មេដឹកនាំ​កម្ពុជា និង​វៀតណាម បាន​ពិភាក្សា​គ្នា​កាល​ពី​ចុង​ខែ​វិច្ឆិកា តាម​វីដេអូ​ ដោយមេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​មោទនភាព ចំពោះ​សមិទ្ធផល​ទាក់ទង​នឹង​កិច្ចការ​ព្រំដែន ដូចជា ការ​ផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​ភាគី​កម្ពុជា និង​វៀតណាម ហើយ​និង​ការ​ឯកភាព លើ​ពិធីសារ​ទទួលស្គាល់​ខណ្ឌ​សីមា និង​ការ​បោះបង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា​ កម្ពុជា​មិន​មាន​​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​ក៏​ដោយ​ ក៏​កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អាស៊ី​សេរី​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

កន្លង​មក​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​ រ៉ុង ឈុន​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ លោក​ សួង សុភ័ណ្ឌ​ ដាក់​នៅ​ក្នុង​ពន្ធនាគារ​បន្ទាប់​ពី​ពួក​គេ​ បាន​​រិះគន់​ពី​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។