អ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បញ្ជាក់ថា មូលហេតុដែលកម្ពុជា មិនដែលហ៊ាននិយាយពីវៀតណាមថាបានកសាងសំណង់រឹងមាំ តាមតំបន់ព្រំដែនក្នុងទឹកដីរបស់កម្ពុជាកន្លងមក ដូចជានៅក្នុងខេត្តកណ្តាល តាកែវ និងខេត្តស្វាយរៀង គឺបង្ហាញថា វៀតណាមនៅតែជាចៅហ្វាយរបស់កម្ពុជា។
លោកបន្ថែមថា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែនគឺខុសពីប្រទេសថៃ និងប្រទេសឡាវ ដោយសារតែរដ្ឋាភិបាលបានលើកកងទ័ពទៅទប់ទល់ប្រទេសទាំងនេះ ដើម្បីដោះស្រាយបញ្ហាព្រំដែន ចំណែកឯជាមួយវៀតណាមវិញ កម្ពុជា មិនដែលលើកកងទ័ពទៅដោះស្រាយនោះទេ។ ទង្វើនេះបង្ហាញថា កម្ពុជានៅតែរណបប្រទេសវៀតណាម៖«ឃើញថាចំណាត់ការជាមួយនិងឡាវ ជាមួយថៃ ឃើញថា គាត់ធ្វើបានត្រឹមត្រូវល្អគាត់ហ៊ានប្រឈមមុខជាមួយថៃ និងឡាវ។ ប៉ុន្តែជាមួយយួនគាត់អត់ហ៊ានទេដោយសារគាត់ជំពាក់គុណយួន។»
រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជា និងប្រទេសវៀតណាមបានជួបប្រជុំគ្នាលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ ដោយសន្យាថា ភាគីទាំងពីរនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង រួមគ្នារក្សាមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ប៉ុន្តែមិនបានលើកឡើងពីបញ្ហាព្រំដែនទេ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម លោក ផាម ប៊ិញមិញ(PHAM Binh Minh) សន្យាថាភាគីទាំងពីររិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ចំពោះរឿងព្រំដែនជាមួយប្រទេសវៀតណាមនេះ គណៈកម្មាធិការកិច្ចការព្រំដែនបានដាក់របាយការណ៍ និងឯកសារទាំងឡាយពាក់ព័ន្ធទៅស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ហេតុដូច្នេះលោកមិនចាំបាច់ឆ្លើយតបទៅនឹងការលើកឡើងពីមន្ត្រីបក្សប្រឆាំងទេ៖«អាហ្នឹងគេចោទម៉េច ក៏ចោទទៅ ជាធម្មជាតិរបស់គេៗចោទ ២០ ទៅ ៣០ ឆ្នាំមកហើយ។គេចោទកម្ពុជា ជាអាយ៉ងរបស់យួន គេចោទរួចស្រេចទៅហើយៗ គេចោទនៅស្រុកខ្មែរ សុទ្ធតែយួនទាំងអស់ ហើយបញ្ហាព្រំដែនទុកឱ្យគេមើលទៅ។ យើងមានរបាយការណ៍ត្រឹមត្រូវ យើងមានសេចក្តីប្រកាសព័ត៌មានត្រឹមត្រូវ។ យើងអត់ឆ្លើយឆ្លងដើម្បីឱ្យពួកហ្នឹងយករបៀបវារៈមកវៀតណាមមកបង្កើតសាច់រឿងហ្នឹងទេ។»
មេដឹកនាំកម្ពុជា និងវៀតណាម បានពិភាក្សាគ្នាកាលពីចុងខែវិច្ឆិកា តាមវីដេអូ ដោយមេដឹកនាំប្រទេសទាំងពីរបានបង្ហាញមោទនភាព ចំពោះសមិទ្ធផលទាក់ទងនឹងកិច្ចការព្រំដែន ដូចជា ការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងភាគីកម្ពុជា និងវៀតណាម ហើយនិងការឯកភាព លើពិធីសារទទួលស្គាល់ខណ្ឌសីមា និងការបោះបង្គោលព្រំដែនសម្រេចបាន ៨៤ភាគរយ។
បើទោះបីជាមានការអះអាងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា កម្ពុជាមិនមានបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមក៏ដោយ ក៏កាលពីចុងខែកក្កដាកន្លងទៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អាស៊ីសេរីថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែននៃភូមិសាស្ត្រខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។
កន្លងមកអាជ្ញាធរបានចាប់ខ្លួន ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដាក់នៅក្នុងពន្ធនាគារបន្ទាប់ពីពួកគេ បានរិះគន់ពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
