ឆ្នោត​​វៀតណាម និង​ឡូតូ​អនឡាញ គឺជា​ល្បែង​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សង្គម​ជាតិ

ដោយ យ៉ង ចាន់តារា
2023.11.02
ឆ្នោត​​វៀតណាម និង​ឡូតូ​អនឡាញ គឺជា​ល្បែង​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សង្គម​ជាតិ ទិដ្ឋភាព​នៅ​កន្លែង​​ភ្នាល់​ល្បែងតាម​អនឡាញ​​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដែល​គេ​ចាក់​បញ្ចាំង​ជា​ចំហ​លើ​អេក្រង់​ និង​បញ្ជា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ កាល​ពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​អះអាង ថា ឆ្នោត​កន្ទុយលេខ​វៀតណាម និង​ឡូតូ​អនឡាញ គឺជា​ល្បែង​ខុសច្បាប់ ដែល​ស្ថាប័ន​រដ្ឋាភិបាល​មិនបាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យធ្វើ​អាជីវកម្ម​ឡើយ ខណៈ​ល្បែង​ប្រភេទ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ។ សង្គម​ស៊ីវិល​ថា ក្រសួង​ថ្នាក់​ជាតិ​គួរ​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​ការ​បង្ក្រាប​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ​ធ្វើឡើង​ដោយ​ប្រសិទ្ធភាព។

ឆ្នោត​កន្ទុយលេខ​វៀតណាម និង​ឡូតូ​អនឡាញ គឺជា​ល្បែង​ពេញនិយម​របស់​ប្រជាពលរដ្ឋ​មួយចំនួន កំពុង​ពង្រីក​ខ្លួន​ពី​ទីប្រជុំជន ទៅកាន់​សហគមន៍​គ្រប់​ទីកន្លែង ដោយ​បើកចំហ ប៉ុន្តែ អាជ្ញាធរ ហាក់​មើល​រំលង និង​មិន​បាន​អើពើ ឬ​ទប់ស្កាត់​ឡើយ។

អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម (..) លោក រស់ ភីរុណ ប្រាប់​វិទ្យុ​អាស៊ីសេរី ឱ្យ​ដឹង​នៅ​ថ្ងៃទី១ វិច្ឆិកា ថា ឆ្នោត​កន្ទុយលេខ​វៀតណាម និង​ឡូតូ​អនឡាញ គឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ក្រុម​ល្បែង​ខុសច្បាប់​ដទៃទៀត​មាន​ដូចជា​បៀ និង​អាប៉ោង​ជាដើម ហើយ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា មិន​បាន​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ល្បែង​ប្រភេទ​នេះ ប្រកប​អាជីវកម្ម​ដោយ​ស្របច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​គឺជា​ស្ថាប័ន​ដែល​ត្រូវ​ទទួល​ខុល​ខុសត្រូវ​បង្ក្រាប និង​ទប់ស្កាត់​ការប្រព្រឹត្ត​ល្បែង​ខុសច្បាប់​នេះ។

លោក រស់ ភីរុណ៖ «វា​មាន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​នៅក្នុង​ការ​បង្ក្រាប នៅក្នុង​ការអនុវត្ត​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​។ ជា​ភារកិច្ច​របស់​គណៈកម្មការ​នេះ គឺ​នឹង​ពន្យល់​អប់រំ​ណែនាំ​ពី​ផល​ប៉ះពាល់​នៃ​ល្បែង​ដល់​ប្រជាពលរដ្ឋ​។ យើង​កំពុង​រៀបចំ​យុទ្ធនាការ​នេះ យើង​កំពុង​ធ្វើ​ឥឡូវនេះ​បាទ»

ល្បែងស៊ីសង​ឆ្នោត​វៀតណាម និង​ឆ្នោត​ឡូតូ​អនឡាញ នៅក្នុង​សហគមន៍ កំពុង​អូសទាញ​ប្រជាពលរដ្ឋ​មួយចំនួន ឱ្យ​ញៀន លែង​គិត​ពី​មុខរបរ​រកស៊ី​។ ទោះជា​បែបនេះ​ក្ដី ពលរដ្ឋ​ដែល​លេងល្បែង​ខុសច្បាប់​ទាំងនេះ មាន​ឱកាស​ឈ្នះ​តិចតួច​បំផុត ក្នុង​នោះ ពលរដ្ឋ​ខ្លះ​បាន​លក់​ដីស្រែ​ចម្ការ ទ្រព្យសម្បត្តិ និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ម្ហូបអាហារ និង​ការសិក្សា​របស់​កូន ដើម្បី​យក​ប្រាក់​មក​ផ្សងសំណាង ប៉ុន្តែ​នៅតែ​មិន​បាន​ទទួលផល​ចំណេញ​ពី​ការ​លេង​ល្បែង​នេះ​ឡើយ។

ឆ្នោត​វៀតណាម គឺ​ចេញ​លទ្ធផល​មួយថ្ងៃ ២​ដង និង​មាន​បួន​ប៉ុស្តិ៍ ដោយ​អ្នកលេង អាច​ភ្នាល់​តាមរយៈ​បណ្ដាញ​សង្គម ដែល​ចងក្រង​គ្នា​ជា​ក្រុម​ជាមួយ​ប្រតិបត្តិ​ករ ឬ​មេ​ឆ្នោត​។ ដោយឡែក​ចំពោះ​ល្បែង​ឆ្នោត​ឡូតូ គឺជា​ប្រភេទ​ល្បែង​ដែល​បញ្ជា​ចេញ​លទ្ធផល​តាម​ម៉ាស៊ីន​កុំព្យូទ័រ នៅ​រៀងរាល់ ៥​នាទី​ម្ដង និង​លក់​ដោយ​បើកចំហ​នៅ​តាម​តូប​លក់​អីវ៉ាន់ និង​ហាង​កាហ្វេ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី១ វិច្ឆិកា។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញ​ថា អាជីវកម្ម​ល្បែងស៊ីសង និង​ឆ្នោត​កន្ទុយលេខ​ខុសច្បាប់ នៅក្នុង​សហគមន៍ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន ដែល​ទទួល​សំណូក​ពី​មេ​ឆ្នោត ឬ​ប្រតិបត្តិករ ជា​ថ្នូរ​នឹក​ការ​ធ្វើ​ព្រងើយកន្តើយ​។ លោក​បន្ត​ថា ដើម្បី​បង្ក្រាប​ល្បែង​ខុសច្បាប់​ទាំងនេះ នៅក្នុង​សហគមន៍​ឱ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ថ្នាក់​ជាតិ គួរ​ចុះ​ត្រួតពិនិត្យ ដើម្បី​តាមដាន​ការងារ​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​សហគមន៍ ចៀសវាង​ការ​ទទួល​សំណូក​ពី​ប្រតិបត្តិ​ករ​ទាំងនោះ។

លោក សេក សុជាតិ៖ «ប្រជាពលរដ្ឋ នៅតែ​អាច​លេង​បាន​ដដែល​។ ហើយ​បើ​មិន​ចាត់វិធានការ​បែប​នេះ​ទេ ទោះបីជា​ធ្វើ ១០​ឆ្នាំ ២០​ឆ្នាំ ឬ​១​រយ​ឆ្នាំ​ទៀត ក៏​មិនអាច​លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ប្រសិនជា​មានការ​ឃុបឃិត​រវាង​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន ឬក៏​សមត្ថកិច្ច នៅក្នុង​ចំនួន​តិច ឬក៏​ចំនួន​ច្រើន​ណាមួយ​នោះ»

ទោះជា​យ៉ាងណា លោក រស់ ភីរុណ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បញ្ជាក់​ថា ឆ្នោត​កន្ទុយលេខ​វៀតណាម និង​ឆ្នោត​ឡូតូ គឺជា​ល្បែង​ខុសច្បាប់ ដែល​គ្មាន​អាជ្ញាប័ណ្ណ ហើយ​ពលរដ្ឋ​ដែល​ចូលរួម​លេងល្បែង​ទាំងនេះ ក៏​ខុសច្បាប់ និង​អាច​ប្រឈមមុខ​នឹង​ច្បាប់​ផង​ដែរ។

មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែងស៊ីសង ចែងថា ជន​ណា​លេងល្បែង​ស៊ីសង នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១​ម៉ឺន​រៀល ដល់ ៥​ម៉ឺន​រៀល ឬ​ដាក់គុក​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​ខែ​។ ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥​ម៉ឺន​រៀល ដល់ ៥​សែន​រៀល និង​ដាក់គុក​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ​។ ចំណែក​មាត្រា​៥ ចែងថា អ្នក​បើក​កន្លែង​លេងល្បែង​ស៊ីសង អ្នកកាន់កាប់ អ្នក​ចាត់ចែង និង​ភ្នាក់ងារ​ស៊ីសង ត្រូវ​ពិន័យ​ប្រាក់​ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី​មួយ​ឆ្នាំ​ដល់ ៥​ឆ្នាំ។

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ក្រាប និង​ទប់ស្កាត់​ល្បែងស៊ីសង​នៅ​តាម​សហគមន៍​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ឱ្យ​ដូច​ភ្លៀងរលឹម ដោយ​មិន​ត្រូវ​ចុះ​អនុវត្ត​តែមួយ​ឆាវ ប្រៀប​ដូច​ភ្លើងចំបើង ដូច​កាលពី​ពេលមុន​ឡើយ ព្រោះ​ល្បែងស៊ីសង​ទាំងនេះ គឺជា​ឫសគល់ ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ក្រីក្រ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច​គ្រួសារ និង​ឈាន​ដល់​ការ​បង្ក​ឱ្យ​អសន្តិសុខ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។