ពលករ​ខ្មែរ​បន្ត​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ ដើម្បី​រក​ការងារ​ធ្វើ

0:00 / 0:00

ពលករ​ខ្មែរ​មួយចំនួន​នៅតែ​ឆ្លងដែន​ទាំង​ប្រថុយប្រថាន និង​ខុសច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ព្រោះ​បញ្ហា​ជីវភាព​ខ្វះខាត ជំពាក់​បំណុល​ធនាគារ ធ្វើ​ស្រែ​ចម្ការ​បាន​ផល​តែ​គ្មាន​ទីផ្សារ និង​គ្មាន​ការងារ​ធ្វើ​ក្នុងស្រុក។ ពួកគាត់​ថា មិន​ចង់​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត​មក​ធ្វើការ​ខុសច្បាប់​ក្នុង​ស្រុក​ថៃ​នោះ​ទេ ព្រោះ​ប្រឈម​នឹង​ប៉ូលិស​ថៃ​ចាប់​គ្រប់ពេល ហើយ​ការងារ​ធ្វើ​ក៏​មិន​ទៀងទាត់​ទៀត តែ​ពុំ​មាន​ជម្រើស។

ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បន្ត​ធ្វើ​ចំណាកស្រុក​ទាំង​គ្មាន​ឯកសារ​ត្រឹមត្រូវ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ យក​ប្រាក់​មក​ដោះបំណុល ផ្គត់ផ្គង់​គ្រួសារ និង​ចាយវាយ​ប្រចាំថ្ងៃ។

ពលករ​មួយ​រូប លោក ពេញ ឡុញ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ថា លោក និង​ប្រពន្ធ​បាន​លួច​ឆ្លងដែន​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​បាន​ជិត​មួយឆ្នាំ​ហើយ ដោយសារ​នៅ​ស្រុក​លោក​ធ្វើស្រែ​មិន​បាន​ផល រក​ការងារ​ធ្វើ​គ្មាន និង​ជំពាក់​បំណុល​ធនាគារ​ទៀត​។ លោក​បន្ត​ថា ការ​ឆ្លង​ដែន​ចូល​មក​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​នេះ ប្រឈម​នឹង​គ្រោះថ្នាក់ ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព ទើប​លោក​បង្ខំចិត្ត​ធ្វើ​បែបនេះ​។ លោក​ឱ្យ​ដឹង​ថា ពេល​លោក​ឆ្លងដែន​ចូល​មក​ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់​ចូល​មក​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ ហើយ​ពួកគាត់​បាន​ដើរ​ឆ្លងកាត់​ព្រៃ កាត់​ស្ទឹង​ចូល​មក​ថៃ​ដែរ។

លោក ពេញ ឡុញ៖ «ដោយសារតែ​យើង​នៅ​នោះ​វា​អត់​មានការ​ងារ​ធ្វើ យើង​ត្រូវតែ​មក​រក​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល ព្រោះ​បើ​យើង​នៅផ្ទះ​វា​អត់​មានការ​ងារ​អី រក​ប្រាក់​ចំណូល​មិនបាន​វា យើង​ត្រូវ​ការ​ចំណាយ​ទិញ​ហូបចុក​រាល់​ថ្ងៃ​នោះ ហើយ​ណាមួយ​យើង​ជំពាក់​បំណុល​គេ​ផង បើ​យើង​មិន​មក​ធ្វើ​ម៉េច​បាន​ប្រាក់​សងបំណុល​គេ អ៊ីចឹង​យើង​ត្រូវ​មក»។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ម្នាក់ទៀត​លោកស្រី រេន បញ្ញា ប្រាប់​ថា លោកស្រី​បាន​ចូល​មក​ប្រទេស​ថៃ តាមផ្លូវ​កាត់​ដោយមាន​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ ហើយ​គេ​យក​ក្នុង​ម្នាក់​បី​ពាន់​បាត ឬ​ជិត ១​រយ​ដុល្លារ​។ លោកស្រី​បន្ត​ថា លោកស្រី​បាន​មក​ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​១០​ឆ្នាំ​ហើយ ហើយ​លោកស្រី​ទើបតែ​ទទួល​បាន​ប័ណ្ណ​ការងារ ដើម្បី​ធ្វើការ​ស្របច្បាប់​។ លោកស្រី​ថា បើ​នៅ​កម្ពុជា​មាន​ការងារ​ធ្វើ​សមរម្យ លោកស្រី​នឹង​មិន​មក​ថៃ​ធ្វើការ​នោះ​ទេ។

លោកស្រី រេន បញ្ញា៖ «ចាស​ឆ្លងដែន​មក​កាត់​ដុប​កាត់​ព្រៃ​ដូច​តែ​គេ​ដូច​តែឯង​ដែរ​ហ្នឹង​។ មូលហេតុ​មកពី​ខ្ញុំ​ខាង​អ្នកស្រែ​អ្នកចម្ការ​ទៅ ដល់ពេល​យើង​ធ្វើស្រែ​ធ្វើ​ចម្ការ​ចេះតែ​ខាត ខាត​ទៅ ធ្វើ​ឲ្យ​យើង​ជំពាក់​បំណុល​គេ​ទៅ​បាន​សម្រេច​ចិត្ត​រត់​មក​ថៃ រត់​មក​ធ្វើការ​ដោះបំណុល​គេ»។

ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ពួកគេ​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង ដូចជា​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បង្ខំ​ធ្វើការ​ហួសកម្លាំង ប្រើ​ហិង្សា​លើ​រាងកាយ ប្រមាថមើលងាយ និង​មិន​បើកប្រាក់​ខែ​ឲ្យ​ជាដើម​។ ពួកគាត់​មិនដែល​បាន​ទទួល​យុត្តិធម៌​នោះ​ទេ នៅ​ពេល​ពួកគាត់​ទៅ​ប្ដឹង​ពី​ការរំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ថៃ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើង​ថា ពលករ​ខ្មែរ​ដែល​បន្ត​ឆ្លងដែន​ចូល​មក​រក​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ នៅតែ​មាន​ច្រើន ហើយ​ពួកគាត់​អាច​ប្រឈម​នឹង​បញ្ហា​ច្រើនយ៉ាង ដូចជា​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​ថៃ​ជាដើម​។ លោក​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចង់ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស គួរតែ​មក​ធ្វើការ​ដោយ​ស្របច្បាប់ ទើប​មាន​សុវត្ថិភាព ហើយ​រដ្ឋាភិបាល​គួរតែ​ជួយ​សម្រួល​ដល់​ដំណើរការ​ធ្វើ​ឯកសារ​ដល់​ពួកគាត់។

លោក លឹង សុផុន៖ «បើសិនជា​ពលករ ដែល​គាត់​មក​ដោយ​ត្រឹមត្រូវ មក​ស្របច្បាប់ មក​តាម​ប្រព័ន្ធMOUហ្នឹង ខ្ញុំ​ជឿ​ថា វា​សុវត្ថិភាព​ខ្ពស់ វា​ល្អ​ជាង មិន​សូវ​មាន​បញ្ហា​ប្រឈម​ណា​បាទ​!ហើយ​អាហ្នឹង​បើ​តាមតែ​ខ្ញុំ​គិត ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ពលករ​ហ្នឹង គាត់​មក​រក​ការងារ​ធ្វើ​ហ្នឹង​មក​តាម​ប្រព័ន្ធMOUតាម​ស្រប​ច្បាប់ តាមច្បាប់​ការងារ​របស់​ថៃ​ហ្នឹង ខ្ញុំ​គិតថា​គាត់​មិន​សូវ​មាន​បញ្ហា​ប្រឈម​ទេ សម្រាប់​ការស្វែងរក​ការងារ​នៅ​ថៃ​ហ្នឹង​ណា»។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ដោយ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ មាន​ប្រមាណ​មួយ​លាន​ពីរ​សែន​នាក់ ប៉ុន្តែ​អង្គការ​សង់ត្រាល់​ប៉ាន់ស្មាន​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​ជិត ២​លាន​នាក់ ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។