ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ការ​លំបាក ដោយសារ​តម្លៃ​វីសា​ការងារ​ឡើង​ថ្លៃ

ដោយ យ៉ង ចាន់តារា
2024.12.08
ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ការ​លំបាក ដោយសារ​តម្លៃ​វីសា​ការងារ​ឡើង​ថ្លៃ សកម្មភាពខ្លះៗ របស់ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកលេងស្រុកកំណើត ក្នុង​រដូវបុណ្យទាន ​កាលពីខែ​មេសា ២០២៣។
រូប៖ អង្គការ​សង់ត្រាល់

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​ពី​ជីវភាព​លំបាក បន្ទាប់ពី​តម្លៃ​សេវា​ធ្វើ​ទិដ្ឋាការ ការងារ ឬ​វីសា អឹម.អូ.យូ (MOU) ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន​សម្រាប់​ធ្វើ​ឯកសារ ខណៈ​ការងារ និង​ប្រាក់​កម្រៃ​កម្លាំង​ពលកម្ម​របស់​ពួកគាត់ កាន់តែ​ខ្សត់ និង​ធ្លាក់​ចុះ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​ការងារ​កម្ពុជា គួរ​ចុះ​ពិនិត្យ​មើល​ក្រុមហ៊ុន​នាំ​ពលករ​ទទួល​រត់ការ​ធ្វើ​វីសា ដើម្បី​កំណត់​ពី​តម្លៃ​សេវាកម្ម​ឱ្យ​បាន​ជាក់លាក់ និង​ជៀសវាង​ការ​យក​តម្លៃ​ថ្លៃ​ហួសហេតុ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ មួយ​ចំនួន​អះអាង​ថា ជីវភាព​ពួកគាត់​បច្ចុប្បន្ន គ្មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​នៅ​ស្រុក​កំណើត​នោះ​ទេ ដោយសារ​ការ​ចំណាយ​លើ​ឯកសារ​កាន់តែ​ឡើង​ថ្លៃ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ខេត្ត​រ៉ាក់យ៉ង (Rayong) ប្រទេស​ថៃ(Thai) លោកស្រី វណ្ណ ស្រីនាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ថា លោកស្រី​បាន​បន្ត​សុពលភាព​វីសា អឹម.អូ.យូ (MOU) ដោយ​ក្រុមហ៊ុន​នាំ​ពលករ​ទារ​ថ្លៃ​រត់​ឯកសារ​ចំនួន​ជាង ៦៤០ដុល្លារ ដែល​កាល​ពីមុន​លោកស្រី​ចំណាយ​អស់​តែ​ជាង ៤រយ​ដុល្លារ​ប៉ុណ្ណោះ។ លោកស្រី​លើកឡើង​ទៀត​ថា ចំពោះ​ការ​ដំឡើង​ថ្លៃ​ធ្វើ​វីសា​នេះ ធ្វើ​ឱ្យ​លោកស្រី​មិន​មាន​លទ្ធភាព​ចំណាយ​នោះ​ទេ ដោយសារ​បច្ចុប្បន្ន ការងារ​នៅ​ក្នុង​ស្រុក​ថៃ មិន​សូវ​សម្បូរ និង​រក​បាន​កម្រៃ​ដូច​កាល​ពីមុន​ឡើយ។

លោកស្រី វណ្ណ ស្រីនាង៖ «ពិបាក​ដែរ​ហ្នឹង​បង យើង​រក​លុយ​អត់​ទាន់ ហើយ​មិនមែន​យើង​ធ្វើ​តែ​ម្នាក់​ឯណា ពីរ​នាក់​អ៊ីចឹង​អស់​បួន​ប្រាំ​ម៉ឺន (បាត) ដែរ​ហ្នឹង។ ថ្លៃ​ធ្វើ​ដំណើរ​យើង​ចេញ​ខ្លួនឯង​ទៀត។ ធ្វើ​ដំបូង​អស់​ ១៨,០០០បាត ដើរ​រឿង​ដើរ​ឯកសារ។ ដល់​ពេល​ដាច់​វីសា​ត​សា​ថ្មី​អស់ ១៦,០០០បាត ឥឡូវ​នេះ​ដាក់​ត​ជាថ្មី​២២,០០០បាត»

ទិដ្ឋាការ អឹម.អូ.យូ គឺជា​វីសា​សម្រាប់​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​ប្រព័ន្ធ​អនុស្សរណៈ​យោគយល់​គ្នា ដែល​មាន​រយៈកាល​កំណត់ ២ឆ្នាំ ហើយ​នៅ​មុន​ពេល​អស់​សុពលភាព ពលករ​អាច​បន្ត​សុពលភាព​ជា​លើក​ចុងក្រោយ​បាន ២ឆ្នាំ​បន្ត​ទៀត ដោយ​ពលករ​ត្រូវ​ចំណាយ​ថ្លៃ​សេវា​អស់​តិច​ជាង​កាល​ធ្វើ​លើក​ទី​១។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​នាំ​ពលករ​ធ្វើការ​ក្នុង​ប្រទេស​ថៃ សេវាកម្ម​ធ្វើ​ទិដ្ឋាការ អឹម.អូ.យូ លើកដំបូង​សម្រាប់​ពលករ​កម្ពុជា មាន​តម្លៃ ៣៦៦ដុល្លារ និង​សេវា​បន្ត​សុពលភាព ២ឆ្នាំ​បន្ទាប់ មាន​តម្លៃ ១៤៣ដុល្លារ។

ទោះជា​បែបនេះ​ក្ដី ពលករ​ខ្មែរ ធ្វើការ​នៅ​ខេត្ត​ឈុនបុរី (Chonburi) លោក សុខ គឹមឡាង ឱ្យ​ដឹង​ថា វីសា អឹម.អូ.យូ របស់​លោក​នឹង​ត្រូវ​អស់​សុពលភាព​នៅដើម​ឆ្នាំ២០២៥ ខាង​មុខ​នេះ ប៉ុន្តែ​ចំពោះ​ការ​បន្ត​សុពលភាព ២ឆ្នាំ​បន្ត​ទៀត​នេះ ក្រុមហ៊ុន​នៅតែ​យក​ថ្លៃ​សេវា ដូច​កាល​ធ្វើ​លើក​ទី១ ដដែល។ លោក​បន្ត​ថា តម្លៃ​សេវា​ដ៏​ច្រើន​លើសលប់​នេះ មិន​សមាមាត្រ​ទៅ​នឹង​ប្រាក់​កម្រៃ​របស់​ពលករ ដែល​បាន​មក​ពី​ការ​លក់​កម្លាំង​ពលកម្ម​ឡើយ ព្រោះ​វីសា អឹម.អូ.យូ នេះ​មាន​សុពលភាព​ត្រឹមតែ ២ឆ្នាំ​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​ពលករ​បន្ត​សុពលភាព​រួច ពួកគាត់​គ្មាន​សល់​ប្រាក់កាស​អ្វី​នោះ​ឡើយ។

លោក សុខ គឹមឡាង៖ «ចំណាយ​ច្រើន​ណាស់​បង និយាយ​ទៅ​ចំណាយ​ច្រើន​មែន ដល់​ពេល​ត (វីសា) ម្ដងៗ​ពិបាក។ ការងារ​រកស៊ី​ដូច​តែ​ជីវិត​យើង​នៅ​ខ្មែរ​អ៊ីចឹង តែ​យើង​បាន​តម្លៃ​កម្លាំង​ពលកម្ម​រាង​ថ្លៃ​បន្តិច។ តែ​ជួនកាល​យើង​មក​ស្រុក​មក​អី ជំពាក់​ធនាគារ​ទៀត»

ទាក់ទិន​រឿង​នេះ ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន​នាំ​ពលករ​ម្នាក់​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ដឹង​ពី​តម្លៃ​ដើម​របស់​វីសា​ការងារ ដែល​រដ្ឋាភិបាល​ថៃ​បាន​កំណត់​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា ថៅកែ​ក្រុមហ៊ុន​បាន​យក​ថ្លៃ​សេវា​ធ្វើ​វីសា​ឱ្យ​ពលករ​លើស​ពី​តម្លៃ​ដើម​ជាច្រើន នៅ​ក្នុង​នោះ​ប្រាក់​ចំណេញ​មួយ​ចំនួន ក្រុមហ៊ុន​បាន​បែកចែក​ទៅ​ឱ្យ​ក្រសួង​ការងារ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «មិន​ច្បាស់​ទេ​ប្អូន​អើយ ព្រោះ​ណាយណា (មេខ្យល់) អ្នក​នាំ​មុខ អ្នក​នាំ​ផ្លូវ។ ច្បាប់​ខ្មែរ ច្បាប់​ថៃ អា​រឿង អឹម.អូ.យូ នាំ​ពលករ​ពី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ បើ​និយាយ​តាម​ច្បាប់ៗ​ខាង​ក្រៅ តែ​បើ​ឱ្យ​ច្បាស់លាស់​អត់​មាន​ទេ​ប្អូន។ កន្លែង​ខ្លះ​ទៅ គេ​យក ពីរ​ម៉ឺន​ប្រាំមួយ​ពាន់ ពីរ​ម៉ឺន​ប្រាំពីរ​ពាន់ ពីរ​ម៉ឺន​បី​ពាន់ ពីរ​ម៉ឺន​ប្រាំ​ពាន់ ព្រោះ​អី​ច្បាប់​ខ្មែរ​ច្បាប់​ថៃ ច្បាប់​មាន​តែ​មាត់»

ទន្ទឹម​គ្នា​នេះ វិទ្យុ​អាស៊ីសេរី បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ភ្នាក់ងារ​ក្រុមហ៊ុន​នាំ​ពលករ​ផ្សេង​ទៀត​មក​ថា ក្រុមហ៊ុន​ភាគច្រើន​បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្លែងក្លាយ ដោយ​ម្ចាស់​ក្រុមហ៊ុន​នាំ​ពលករ បាន​ចំណាយ​លុយ​ទិញ​អាជ្ញាប័ណ្ណ​បើក​ប្រតិបត្តិការ​នាំ​ពលករ​ពី​ក្រសួង​ការងារ ក្រោយមក​ពួកគេ​បាន​លក់​ចែកចាយ​អាជ្ញាប័ណ្ណ​នោះ ឱ្យ​ទៅ​អ្នកដទៃ​បន្ត​ជាច្រើន​អ្នក​ទៀត ក្រោម​រូបភាព​បំបែក​សាខា ឬ​ទីភ្នាក់ងារ​នាំ​ពលករ​ជាដើម។ ជាមួយគ្នា​នេះ មាន​មនុស្ស​មួយ​ចំនួន​ដែល​ចេះ​និយាយ និង​សរសេរ​ភាសា​ថៃ​ស្ទាត់​ជំនាញ បាន​បង្កើត​សេវាកម្ម​ធ្វើ​ឯកសារ និង​វីសា​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ខុសច្បាប់ ដែល​ទិញ​បន្ត​ពី​ក្រុមហ៊ុន​ធំ ដែល​ធ្វើ​ឱ្យ​តម្លៃ​វីសា អឹម.អូ.យូ(MOU) កាន់តែ​មាន​តម្លៃ​ថ្លៃ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​អគ្គ​នាយក​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ លោក សុខ វាសនា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា ចំនួន​ក្រុមហ៊ុន​នាំ​ពលករ​ស្រប​ច្បាប់​របស់​ថៃ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ការងារ​ប្រទេស​ថៃ មាន​ចំនួន ៣១៧ក្រុមហ៊ុន។ ចំណែក​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ស្របច្បាប់​របស់​កម្ពុជា ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​កម្ពុជា មាន​ចំនួន ៧៧ក្រុមហ៊ុន។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី ស្នើ​ឱ្យ​ក្រសួង​ការងារ​កម្ពុជា គួរ​ចុះ​ពិនិត្យ​មើល​ក្រុមហ៊ុន​នាំ​ពលករ​ដែល​ទទួល​រត់ការ​ធ្វើ​វីសា ដើម្បី​កំណត់​ពី​តម្លៃ​សេវាកម្ម​ឱ្យ​បាន​ជាក់លាក់ និង​ជៀសវាង​ការ​យក​តម្លៃ​ថ្លៃ​ហួសហេតុ។

លោក ឌិនពុទ្ធី៖ «ប្រទេស​ទាំង​ពីរ​ហ្នឹង គួរតែ​ចរចា​ធ្វើ​យ៉ាង​ម៉េច​សម្រួល​ឱ្យ​គាត់។ ជាពិសេស រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិនិត្យ​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ ព្រោះ​ដោយសារ​តែ​ក្រុមហ៊ុន​ធ្វើ​យក​តម្លៃ​ថ្លៃ​ណាស់​វីសា​ហ្នឹង ហើយ​ពួកគាត់​មិន​ចេះ​អក្សរ អ្នកខ្លះ​ក៏​ចេះ​ទៅ អ្នកខ្លះ​ក៏​មិនសូវ​ចេះ ជួនកាល​បំពេញ​ខុស​ទៅ​វា​ពិបាក អ៊ីចឹង​ពឹង​ពាក់​ក្រុមហ៊ុនៗ​បាន​ដៃ​ធ្វើ​តាម​ចិត្ត»

យ៉ាងណា​ក៏ដោយ​ចុះ ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន​នាំ​ពលករ លើកឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​តម្លៃ​សេវាកម្ម​ធ្វើ​វីសា​សម្រាប់​ពលករ លុះត្រាតែ​រដ្ឋាភិបាល​ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​នាំ​ពលករ មិន​ឱ្យ​បង្កើត​សេវាកម្ម​ធ្វើ​ឯកសារ​សម្រាប់​ពលករ ហើយ​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវ​បង្កើត​ក្រុម​ការងារ​អម​ស្ថានទូត​មួយ ដើម្បី​ទទួល​ខុសត្រូវ​រត់ការ​ធ្វើ​ឯកសារ​សម្រាប់​ពលករ។

របាយការណ៍​របស់​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២៤ ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់ ក្នុង​ចំណោម​ពលករ​សរុប​នៅ​ក្រៅ​ប្រទេស​ជាង ១ លាន ៣ សែន​នាក់ ប៉ុន្តែ​អង្គការ​ផ្នែក​សិទ្ធិ​ការងារ​វាយតម្លៃ​ថា ចំនួន​ពលករ​ខ្មែរ​នៅ​ថៃ​មាន​ប្រមាណ ២ លាន​នាក់ ដោយ​គិត​ទាំង​ពលករ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។