បុគ្គលិក​ប្តឹង​ក្រុមហ៊ុន​កាស៊ីណូ​ចិន ឌឹសិនឆឺរី ដែល​មិន​ព្រម​ដោះស្រាយ​បញ្ហា​ការងារ

0:00 / 0:00

បុគ្គលិក​បន​ល្បែង​អនឡាញ​ចិន ឌឹសិនឆឺរី (the Century) បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​នេះ មិន​ព្រម​ដោះស្រាយ​បញ្ហា​ការងារ​ជូន​បុគ្គលិក អស់​ជាច្រើន​ខែ​មក​ហើយ។

កម្មករនិយោជិត ដែល​តំណាង​ដោយ​កញ្ញា ហ៊ឹម ហេង កញ្ញា ស្រ៊ី ស្រីលាង និង​លោក រី រ៉ែ​ន បាន​ដាក់​ពាក្យ​ប្តឹង​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០២១ សុំ​ឲ្យ​ក្រសួង​ការងារ ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​បន​ល្បែង​អនឡាញ ឌឹសិនឆឺរី ដោះស្រាយ​បញ្ហា​ការងារ​ជូន​បុគ្គលិក ព្រោះ​ជាង​បី​ខែ​មក​ហើយ គ្មាន​ដំណឹង​អ្វី​សោះ​ពី​ក្រុមហ៊ុន ថា តើ​ក្រុមហ៊ុន​នេះ​បើក​ឬ​បិទ​ឲ្យ​ពិតប្រាកដ​។ ក្រុម​បុគ្គលិក​លើក​ឡើង​ក្នុង​បណ្តឹង​នោះ ថា ភាព​មិន​ច្បាស់លាស់ និង​គ្មាន​ដំណោះស្រាយ​បែប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។

បណ្តឹង​នេះ​ធ្វើ​ឡើង ក្រោយ​ពី​កម្មករ​និយោជិត ដែល​ក្រុមហ៊ុន​ឲ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ​តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ​២០២១ មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី ថា ក្រុមហ៊ុន​នេះ​នឹង​ហៅ​បុគ្គលិក​ឲ្យ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ណា និង​ថា​តើ​ក្រុមហ៊ុន នឹង​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាង​ដូចម្តេច។

ប៉ុន្តែ ក្នុង​ពេល​រង់ចាំ​ដំណឹង​នេះ កម្មករ​និយោជិត​មួយចំនួន​នៃ​កាស៊ីណូ​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បែរជា​លួច​បើក​ល្បែង​អនឡាញ​នេះ​វិញ​ស្ងាត់ៗ និង​រើសអើង​បុគ្គលិក ដោយ​ហៅ​តែ​បុគ្គលិក​ចាស់ៗ​ណា ដែល​ថៅកែ​ចូលចិត្ត​ឲ្យ​ចូល​ធ្វើការ​វិញ ដោយ​ផាត់​ចោល​បុគ្គលិក​ផ្សេង​ទៀត ជាពិសេស​បុគ្គលិក ដែល​ធ្លាប់​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ។

ដំណឹង​នៃ​ការ​លួច​បើក​បន​ល្បែង​អន​ឡាញ ឌឹសិនឆឺរី វិញ​ស្ងាត់ៗ​នេះ បុគ្គលិក​កាស៊ីណូ​នេះ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា​ធ្វើ​ឡើង​តាំង​ពី​ខែ​តុលា ឆ្នាំ​២០២១ មក​ម្ល៉េះ ពោល​គឺ​ថៅកែ​ក្រុមហ៊ុន​ចិន​នេះ លួច​បើក​ក្រុមហ៊ុន​នេះ​ឡើងវិញ តាំងពី​ក្នុង​អំឡុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ផ្អាក ដើម្បី​បើក​ការ​ស៊ើបអង្កេត​រឿង​បើក​បន​ល្បែង​អនឡាញ​ខុសច្បាប់ និង​ការ​នាំ​ឲ្យ​ផ្ទុះ​កើត​ជំងឺ​កូវីដ​-១៩ ឆ្លង​បុគ្គលិក​ពេញ​កាស៊ីណូ (​ឆ្លង​ជាង ៤០០ នាក់​) និង​មាន​ស្លាប់​ម្នាក់​ផង ដោយសារ​ជំងឺ​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​លោក ម៉ម រិទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី៤ ខែ​មករា ថា ទាំង​ក្រុមហ៊ុន ទាំង​ក្រសួង​ការងារ មិន​បាន​ផ្តល់​ដំណឹង​អ្វី​ទាល់តែសោះ ដល់​កម្មករ​និយោជិត ដែល​កំពុង​ទន្ទឹង​រង់ចាំ​ដំណឹង និង​ដំណោះស្រាយ​ការងារ​។ លោក​ថា បច្ចុប្បន្ន កម្មករ​ស្ទើរតែ ៩០% អត់​មាន​បាន​ទទួល​ការងារ​នៅឡើយ​ទេ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​បាន​បើក​ឡើងវិញ​ដោយ​ស្ងាត់ៗ ហើយ​ហៅ​កម្មករ​ខ្លះ ដែល​ខ្លួន​ចូលចិត្ត​ឲ្យ​ធ្វើការ និង​រើស​ថ្មី​ខ្លះ។

លោក​បន្ត​ថា កម្មករ​ដឹង​រឿង​បើក​កាស៊ីណូ​អនឡាញ​នេះ វិញ ដោយសារ​ពួកគេ​ចូល​ឆែក​មើល​ក្នុង​ប្រព័ន្ធ​អនឡាញ​របស់​ក្រុមហ៊ុន​។ លោក​ចោទ ជា​សំណួរ​ថា តើ​កម្មករ​ដែល​ក្រុមហ៊ុន​ឲ្យ​ផ្អាក​ការងារ​ប្រមាណ ៤០០​នាក់ នោះ ថៅកែ​កាស៊ីណូ​នេះ​ត្រូវ​ដោះស្រាយ​យ៉ាងណា ម្តេច​ស្ងាត់ច្រៀប​បែបនេះ៖ « យើង​កំពុងតែ​មើល​រឿង​នេះ ថា​តើ​ល្បែង​អនឡាញ​ហ្នឹង​បើក​យ៉ាងម៉េច​ ? ធ្វើ​ម៉េច​បាន​បើក​ទៅ​កើត​ ? ហើយ​អាជ្ញាធរ​ទាំង​មន្ទីរ​ការងារ ទាំង​អាជ្ញាធរ​ខេត្ត ហេតុអ្វី​បានជា​អត់​ដឹង​ថា ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​បើក​ឡើងវិញ បើសិនជា​កម្មករ​គាត់​ឃើញ​ភស្តុតាង​ថា ក្រុមហ៊ុន​នេះ​បាន​បើក​ហើយ និង​មាន​តេ​ហៅ​មនុស្ស​ចូល​ធ្វើ​ការងារ ?»

រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ល្បែង​អនឡាញ ថា ជា​ល្បែង​ខុសច្បាប់ និង​ប្រកាស​ឲ្យ​បិទ​តាំងពី​ឆ្នាំ ២០១៩​។ ក៏ប៉ុន្តែ បន​ល្បែង​អនឡាញ ដឹសិនឆឺរី របស់​ថៅកែ​ចិន នៅ​ក្រុងព្រះសីហនុ​នេះ នៅតែ​បើក​បន្ត​រហូត​មក រហូត​ដល់​ផ្ទុះ​កើត​ជំងឺ​កូវីដ​-១៩ ឆ្លង​បុគ្គលិក​ជាង ៤០០ នាក់ គឺ​ពេញ​កាស៊ីណូ​នេះ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១។ ក្រោយ​ផ្ទុះ​ជំងឺ​នេះ​ខ្លាំង​ពេញបន្ទុក​ទៅ​ហើយ ក្រុមហ៊ុន​នេះ នៅតែ​បើក​ដំណើរការ​បន​ល្បែង​អនឡាញ​នេះ និង​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើការ​បន្ត​ទាំង​ឈឺ រហូត​ដល់​មាន​អ្នក​ស្លាប់​ម្នាក់។ ចុងក្រោយ​ទើប​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ ឲ្យ​បិទ​បណ្ដោះអាសន្ន ដើម្បី​ស៊ើបអង្កេត​។​

ឥឡូវ​ជាង​បី​ខែ ក្រោយ​ការ​ស៊ើបអង្កេត​នោះ គ្មាន​របាយការណ៍ ឬ​សេចក្តី​ជូនដំណឹង​ណាមួយ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពី​លទ្ធផល​យ៉ាងណា​នៅឡើយ​។ វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​មន្ត្រី​ខេត្ត​នេះ ដូចជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​លោក យ៉ូវ ខេមរា និង​ស្នងការ​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ តាម​ទូរស័ព្ទ​ជាច្រើន​ថ្ងៃ និង​ច្រើនដង ប៉ុន្តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក ជួន ណារិន្ទ ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាំងពី​ចាប់ផ្តើម​ស៊ើបអង្កេត​រឿង​នេះ​ដំបូងៗ​មក​ម្ល៉េះ ថា​បន​ល្បែង​ចិន ឌឹសិនឆឺរី នេះ គឺ​បើក​ដោយ​ស្របច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ៖ « នៅ​ក្នុង​ហ្នឹង​កាស៊ីណូ​បាទ​ ! ពាក់ព័ន្ធ​នឹង​កាស៊ីណូ​តែម្តង​ ! ហើយ​ពាក្យ​ថា​កាស៊ីណូ​ហ្នឹង គឺ​គេ​ត្រូវតែ​អនុញ្ញាត​ទៅ​តាម​គោលការណ៍ ឡៃសិន (license នៅ​ទីតាំង​ហ្នឹង​មាន​ឡៃសិន (license) មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ »

ទោះបីជា​លោកស្នងការ​ខេត្ត​នេះ អះអាង​ថា ទីតាំង​បន​ល្បែង​ចិន​នេះ មាន​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្តែ​បន​ល្បែង​អនឡាញ គឺជា​សកម្មភាព​ខុសច្បាប់ ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ហាមឃាត់​រួចទៅ​ហើយ​។ ការណ៍​ដែល​ក្រុមហ៊ុន​ចិន​នេះ នៅតែ​អាច​បន្ត​បើក​បន​ល្បែង​អនឡាញ និង​មាន​ការ​បញ្ជាក់​ពី​បុគ្គលិក​ជាច្រើន ថា​ក្រុមហ៊ុន​នេះ ពិត​ជា​បើក​ល្បែង​ខុសច្បាប់​នេះ​មែន ប៉ុន្តែ​អាជ្ញាធរ​បែរជា​មិន​ចាត់ការ។ វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភិរម្យ ដែរ ប៉ុន្តែ​លោក​ក៏​មិន​លើក​ទូរស័ព្ទ។

ទោះជា​យ៉ាងណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ធ្លាប់​ព្រមាន​ហើយ​ថា បើ​គ្មាន​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​ក្នុង​រឿង​នេះ​ទេ សាធារណជន​ទូទៅ​ពិបាក​ទុកចិត្ត​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តែឯង​នោះ​ណាស់។

នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ កាលពី​ថ្ងៃទី៣ ខែ​មករា បាន​កោះហៅ​តំណាង​កម្មករ​និយោជិត​ទាំង​បី​នាក់​នោះ ដើម្បី​ទៅ​ជួប​នៅ​នាយកដ្ឋាន​នេះ នៅ​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែ​មករា​។ ដោយ​កម្មករនិយោជិត​នៅ​ក្រុមហ៊ុន​ចិន​នេះ គ្មាន​តំណាង​សហជីព លោក ម៉ម រិទ្ធី ថា​លោក​បាន​ចាត់ចែង​ឲ្យ​មាន​មន្ត្រី​ច្បាប់​ម្នាក់ ដើម្បី​អម​ជាមួយ​តំណាង​កម្មករនិយោជិត​ទាំង​បី​នាក់​នោះ ដែល​ត្រូវ​ទៅ​ជួប​មន្ត្រី​ការងារ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។