ចិន​ផ្តល់​ជំនួយជាង​២​លានដុល្លារ សំរាប់​សកម្មភាព​បោសសំអាត​មីន​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2021.07.20
ចិន​ផ្តល់​ជំនួយជាង​២​លានដុល្លារ សំរាប់​សកម្មភាព​បោសសំអាត​មីន​នៅ​កម្ពុជា គ្រាប់បែកចង្កោមបន្សល់ពីសម័យសង្គ្រាមប្រមូលដោយក្រុមស៊ីម៉ាក់ (CMAC) ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
រូប៖ CMAC

រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​២​លាន ៥សែនដុល្លារ (២,៥)ដល់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ​(CMAC) សំរាប់គាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះក្នុងអំឡុងឆ្នាំ២០២២។

អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ប្រាប់កាសែតក្នុងស្រុក​ថា គម្រោងនេះ​នឹង​ត្រូវ​ប្រើប្រាស់​កម្លាំង​ជំនាញជិត៣០០នាក់ សម្រា​ប់​បោស​សម្អាត​មីន នៅខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយ​ផែនការ​ត្រូវ​រំដោះ​ផ្ទៃដី​ចំការ​មីន ​និង​ចំការ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ជាង ១ពាន់ ៧រយ ហិកតា (១,៧០០)

លោក ហេង រតនា បន្តថា សម្រាប់លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២១ គំរោង​ជំនួយ​ចិន​ដែល​មាន​ទំហំ​ថវិកា​ដូច​ទៅ​នឹង​ឆ្នាំ ២០២២ ដែរនោះ បានរំដោះដីចំការមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ ចំនួនជាង ៥ពាន់គ្រាប់ លើផ្ទៃដីប្រមាណជា ១ពាន់ហិកតា (១,០៨៣)

ចំណែករដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ ក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១,៦ លានដុល្លារ (១លាន៦សែន) សំរាប់គម្រោងបោសសម្អាតមីន ចាប់ពីខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវប្រើប្រាស់កម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួនប្រមាណជាង ២០០នាក់។ សហរដ្ឋអាមេរិក អះអាងថា បានចំណាយថវិកាចំនួន ១៣១លានដុល្លារ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលនៅសេសសល់ពីសម័យសង្គ្រោម

មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជាអះអាងថា ​ក្នុង​ឆ្នាំ២០២០​ ​ស៊ីម៉ាក់ (CMAC) បាន​​រុក​រក​ឃើញ​គ្រាប់​​មីន​ និង​​យុទ្ធភណ្ឌ​​មិន​ទាន់​​ផ្ទុះ​​គ្រ​ប់​​ប្រភេទ​​សរុប​​ចំនួន​​ជិត​ ​៤ម៉ឺនគ្រាប់ (៣៩,២៤៩) លើផ្ទៃដីសរុប ​ជាង ​៩ពាន់ហិកតារ (៩,២០០)។ សម្រាប់ផែនការឆ្នាំ២០២១ វិញ មជ្ឈមណ្ឌលស៊ីម៉ាក់ ​គ្រោង​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់មិនទាន់​ផ្ទុះ​ ​ចំនួន​ប្រមាណ​ជាង​មួយម៉ឺន ១ពាន់ហិកតារ (១១,៣០០)

របាយការណ៍ស៊ីម៉ាក់​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ១៩៧៩ ដល់ឆ្នាំ ២០២០ ពលរដ្ឋ​ជិត២ម៉ឺននាក់ (១៩,៧៩៧) បាន​ស្លាប់ និង​រង​របួស​ពិការ​ដាច់​ដៃជើងចំនួន ជាង៤ម៉ឺន ៥ពាន់នាក់​ (៤៥,១២៣) នាក់​ផ្សេង​ទៀត ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ។ ចំនួន​អ្នក​ស្លាប់​ និង​រង​របួស បាន​ថយ​ចុះ​មក​ត្រឹម​ ៦៥​នាក់ ក្នុង​អំឡុង​ឆ្នាំ​២០២០ ដែល​កាល​ពី​ឆ្នាំ​១៩៩៦ មាន​អ្នក​ស្លាប់​ជាង ៤ពាន់ ៣រយនាក់ (៤,៣២០)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។