អ្នក​ឃ្លាំ​មើល​ថា​វត្តមាន​វិនិយោគិន​ចិន​មិន​កើន​ប្រាក់​ចំណូល​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2017.09.03
Share on WhatsApp
Share on WhatsApp
កាស៊ីណូ ព្រះសីហនុ ២០១៧ ១៤៤០ កាស៊ីណូ​របស់​ជនជាតិ​ចិន នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ក្នុង​ក្រុង​ព្រះសីហនុ។ រូបថត​កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៧
RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រតិបត្តិករ​ទេសចរ​ភាគច្រើន​បាន​អះអាង​ថា ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​កុះករ​នា​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន មិន​បាន​បង្កើន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​មូលដ្ឋាន​នេះ​ទេ ប៉ុន្តែ​បាន​កើន​ប្រាក់​ចំណូល​តែ​ចំពោះ​បុគ្គល​មាន​ផ្ទះ សណ្ឋាគារ និង​ដី​សម្រាប់​លក់ ឬ​ជួល​ឲ្យ​ជនជាតិ​ចិន តែ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​អះអាង​ថា អ្នក​វិនិយោគទុន​ចិន បង្ហាញ​វត្តមាន​ច្រើន​នា​ខេត្ត​ព្រះសីហនុ មិន​មាន​ផល​ប្រយោជន៍​ច្រើន ឬ​មិន​បាន​កើន​ដល់​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​សម្រាប់​អាជីវករ​ជនជាតិ​ខ្មែរ​មាន​របរ​តូចតាច ពិសេស​ពលរដ្ឋ​រស់នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទេ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បង្ហាញ​ទស្សនៈ​ថា វត្តមាន​អ្នក​វិនិយោគទុន​ចិន ឬ​ជនជាតិ​ចិន ទាំងនោះ ពួក​គេ​ភាគច្រើន​បាន​មក​រក​ស៊ី និង​វេច​លុយ​ត្រឡប់​ទៅ​កាន់​ស្រុក​គេ​វិញ​ស្ទើរ​ទាំងស្រុង។ អ្នកស្រី​បន្ត​ថា វត្តមាន​ជនជាតិ​ចិន នា​ខេត្ត​ព្រះសីហនុ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ភ្ញៀវ​ទេសចរ​មក​ពី​សហគមន៍​អឺរ៉ុប ដោយ​ពួក​គេ​ចូល​មក​ទស្សនា ឬ​ចូល​មក​ខេត្ត​ព្រះសីហនុ បាន​យក​លុយ​មក​ចាយ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ ហើយ​ចំណេញ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​មាន​របរ​ខ្នាត​តូច​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ។

អ្នកស្រី សុធារី កត់​សម្គាល់​ថា អ្នក​ដែល​បាន​ទទួល​ផល​ប្រយោជន៍​ភាគច្រើន​តែ​ទៅ​លើ​បុគ្គល ឬ​អ្នក​មាន​សំណង់​អគារ​ធំៗ​មាន​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​សម្រាប់​ដាក់​ជួល ឬ​លក់​ឲ្យ​ចិន បើក​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ប្រតិបត្តិករ​ទេសចរ ឬ​អាជីវករ​ប្រកប​របរ​តូចតាច មិន​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​វត្តមាន​អ្នក​ជំនួញ​ចិន និង​ភ្ញៀវ​ទេសចរ​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ នោះ​ទេ៖ «ឃើញ​ថា​វា​ជា​ឱកាស​មាស​ពេជ្រ​សម្រាប់​អ្នក​ដែល​មាន​លុយ មាន​ខុនដូ (Condo) ផ្ទះ​ជួល ឬ​សំណង់​អគារ​ធំៗ​ជួល​ឲ្យ​ចិន តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​ធម្មតា​បាន​ទទួល​ប្រយោជន៍​ពី​វត្តមាន​វិនិយោគទុន​ចិន តិចតួច។ ហើយ​បើ​យើង​និយាយ​ពី​ផល​ប៉ះពាល់​វិញ គឺ​រាល់​ថ្ងៃ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ ឬ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពី ១​ករណី​ដែរ ដែល​បង្ក​គ្រោះថ្នាក់​ដោយសារ​ការ​បើកបរ​នៅ​លើ​ផ្លូវ​សាធារណៈ​របស់​ជនជាតិ​ចិន»

បញ្ហា​នេះ​ដែរ មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី បាន​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះ ទាំង​អ្នក​វិនិយោគ​ជនជាតិ​ចិន និង​ភ្ញៀវ​ទេសចរ​ចិន ភាគច្រើន​បាន​គាំទ្រ​នៅ​តាម​ទីតាំង​បើក​ធ្វើ​អាជីវកម្ម​ដែល​មាន​ថៅកែ ឬ​ម្ចាស់​ជា​ជនជាតិ​ចិន គ្នា​គេ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​លោក​ថា ទាំង​ប្រាក់​ចំណាយ ឬ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​សេវា​ទិញ​លក់​ទំនិញ និង​សេវា​ផ្សេងៗ គឺ​ភាគច្រើន​បាន​នាំ​ចូល​ផ្ទាល់​ពី​ប្រទេស​ចិន ដោយ​ពួក​គេ​បាន​វេច​លុយ​វិល​ទៅ​ស្រុក​គេ​វិញ​ស្ទើរ​ទាំងស្រុង។

លោក វ៉ាន់លី បន្ត​ថា រាល់​ថ្ងៃ​នេះ​សម្រាប់​ប្រតិបត្តិករ​ជនជាតិ​ខ្មែរ​បម្រើ​សេវា​ទេសចរណ៍​ខ្នាត​តូច និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ អាច​រក​ការងារ​ធ្វើ​ជា​បុគ្គលិក ឬ​កម្មករ​មាន​តួនាទី​តូចតាច និង​ទទួល​បាន​ប្រាក់​ចំណូល​ទាប ព្រោះ​បុគ្គល​ជំនាញ​មាន​តួនាទី​ខ្ពស់ និង​មាន​ប្រាក់​ចំណូល​ច្រើន គឺ​ជា​ជនជាតិ​ចិន៖ «ទន្ទឹម​គ្នា​ការ​អភិវឌ្ឍ គឺ​សូម​ឲ្យ​ការ​អភិវឌ្ឍ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ទទួល​បាន​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​រីក​ចម្រើន។ មិន​មែន​ការ​អភិវឌ្ឍ​ដើម្បី​តែ​ជនជាតិ​ចិន ឬ​អ្នក​វិនិយោគ​ជនជាតិ​ចិន ហើយ​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​នោះ​ទេ»

ចំណែក​អាជីវករ​បម្រើ​វិស័យ​ទេសចរណ៍​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ អះអាង​ថា​អ្នក​វិនិយោគទុន​ជនជាតិ​ចិន និង​ភ្ញៀវ​ទេសចរ​ចិន ហ៊ាន​ជួល​សំណង់​អគារ​ធំៗ ផ្ទះ​សំណាក់ សណ្ឋាគារ កាស៊ីណូ និង​ក្លឹប​កម្សាន្ត​ជាដើម ក្នុង​តម្លៃ​ខ្ពស់​ដើម្បី​បើក​ធ្វើ​អាជីវកម្ម ហើយ​ភ្ញៀវ ឬ​អតិថិជន​គាំទ្រ​ភាគច្រើន គឺ​ជា​ជនជាតិ​ចិន គ្នា​គេ​តែ​ម្តង។

ប្រតិបត្តិករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ភាគច្រើន​នៃ​អ្នក​វិនិយោគទុន​ចិន ចាប់​យក​ជំនួញ​លើ​វិស័យ​ឧស្សាហកម្ម រោងចក្រ សណ្ឋាគារ កាស៊ីណូ ក្លឹប​កម្សាន្ត និង​ភោជនីយដ្ឋាន​ជាដើម ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ជា​អតិថិជន​គាំទ្រ​ការ​ធ្វើ​ជំនួញ​របស់​អ្នក​វិនិយោគទុន​ចិន ទាំងនោះ។

អាជីវករ​ភាគច្រើន​បាន​អះអាង​ថា ពួក​គេ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ជនជាតិ​ចិន មក​រក​សេវា​បម្រើ​ការ​ធ្វើ​អាជីវករ​លក់ដូរ​ទំនិញ សេវា​បម្រើ​លក់​ម្ហូប​អាហារ និង​សេវា​ដឹក​ជញ្ជូន​ជាដើម គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

ផ្ទុយ​ពី​ការ​អះអាង​នេះ សម្រាប់​អ្នក​មាន​សំណង់​អគារ​ធំៗ​សម្រាប់​ដាក់​ជួល ឬ​លក់ មាន​ដូចជា​អគារ​សំណង់​ធំៗ ផ្ទះ​សំណាក់ សណ្ឋាគារ ក្លឹប​កម្សាន្ត​ឌីស្កូ និង​ក្លឹប​ខារ៉ាអូខេ​ជាដើម​នា​ខេត្ត​ព្រះសីហនុ សម្រាប់​លក់ ឬ​ជួល​ឲ្យ​ជនជាតិ​ចិន បាន​គាំទ្រ​វត្តមាន​ជនជាតិ​ចិន ហូរ​ចូល​មក​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ឈ្មួញ​ទាំងនោះ​ចាត់​ទុក​វត្តមាន​របស់​ជនជាតិ​ចិន ឬ​អ្នក​វិនិយោគិន​ចិន ដែល​បាន​ជួល​អគារ​ធំៗ​មាន​ផ្ទះ​សំណាក់ សណ្ឋាគារ​ប្រណិតៗ និង​ក្លឹប​កម្សាន្ត​ជាដើម ក្នុង​តម្លៃ​ខ្ពស់​ថា បាន​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ជំនួញ​ពួក​គេ​មាន​កំណើន​ខ្ពស់។

ដោយឡែក​ងាក​មក​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចូល​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ ភាគច្រើន​បាន​រអ៊ូរទាំ​ថា វត្តមាន​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​កុះករ​បាន​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​ទៅ​វិញ។ ភ្ញៀវ​ជាតិ​ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ ពួក​គេ​សង្កេត​ឃើញ​មាន​បុគ្គល​ជនជាតិ​ចិន ខ្លះ​បាន​បង្ហាញ​អត្តចរិត​កោងកាច វាយ​កាប់​ចាក់​គ្នា​នៅ​តាម​ទី​សាធារណៈ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ដោយ​បង្ហាញ​កាយវិការ​មិន​ខ្លាច​ញញើត​កម្លាំង​សមត្ថកិច្ច​ថែម​ទៀត​ផង។

ត្រង់​ចំណុច​នេះ ភ្ញៀវ​ទេសចរ​ជាតិ​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្មភាព​របស់​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វត្តមាន​ភ្ញៀវ​ទេសចរ​បរទេស​ដទៃ​ទៀត ជាពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​រដ្ឋាភិបាល​ប្រសិទ្ធិនាម​ថា​ជា «តារា​រះ​នា​ទិស​និរតី»

ដោយឡែក​សម្រាប់​ស្ត្រី​បម្រើ​ការងារ​នៅ​តាម​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ ឬ​ហៅ​ខ្លី​ថា​ខេធីវី (KTV) ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ បាន​ចាត់​ទុក​វត្តមាន​ជនជាតិ​ចិន ពិសេស​ភ្ញៀវ​បុរស​បង្ហាញ​ខ្លួន​ច្រើន​នា​មូលដ្ឋាន​នេះ ថា​នាំ​ឲ្យ​របរ​កំដរ​ភ្ញៀវ​នៅ​ពេល​យប់​ព្រលប់​របស់​ពួក​គេ ទទួល​បាន​ភ្ញៀវ​ច្រើន ហើយ​អាច​រក​ប្រាក់​ចំណូល​កើន​មួយ​ទ្វេ​ជា ៣​ដង ឬ​ច្រើន​ជាង​នេះ បើ​ប្រៀបធៀប​ពេល​មុន។

ស្ត្រី​បម្រើ​ការ​នៅ​ក្លឹប​ខារ៉ាអូខេ​មួយ​ចំនួន ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​មុន​ពេល​មាន​វត្តមាន​ជនជាតិ​ចិន ហូរ​ចូល​មក​ខេត្ត​ព្រះសីហនុ គឺ​ការ​កំដរ​ភ្ញៀវ​ជនជាតិ​ខ្មែរ​របស់​ពួក​គេ​ទទួល​បាន​ថវិកា​ក្រោម ៥០​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​លើស​នេះ​បន្តិចបន្តួច​ទេ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន វិញ កំដរ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណូល​កើន​ទ្វេ​គុណ ដោយ​ទទួល​បាន​ទាប​បំផុត​ចន្លោះ​ពី​ជាង ១០០ ទៅ ២០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ។

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា អ្នក​វិនិយោគទុន​ចិន មាន​វត្តមាន​ច្រើន​នា​មូលដ្ឋាន​នេះ នឹង​រួម​ចំណែក​ជំរុញ​ឲ្យ​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេស​តម្លៃ​ទិញ ឬ​ជួល​អចលនទ្រព្យ និង​ការ​ទិញ​លក់​អគារ​សំណង់​ផ្សេងៗ​មាន​តម្លៃ​ខ្ពស់​កប់​ពពក ជាពិសេស​ជាង​នេះ វត្តមាន​វិនិយោគិន​ចិន រីក​ចម្រើន​ដល់​ការ​រក​ប្រាក់​ចំណូល​ពី​សេវា​បម្រើ​សេវា​ទេសចរណ៍​របស់​ប្រតិបត្តិករ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​ឲ្យ​មាន​ការងារ​ធ្វើ​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​កើន​ខ្ពស់​ជា​បន្តបន្ទាប់​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

លោក យន្ត មីន ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ប្រជាពលរដ្ឋ អាជីវករ និង​ផ្នែក​ពាក់ព័ន្ធ​នានា ត្រូវ​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​គាំទ្រ​អ្នក​វិនិយោគទុន​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​បោះ​ទុន​វិនិយោគ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ទាំងអស់​គ្នា ជៀសវាង​ការ​លាប​ពណ៌​គ្នា​បង្កើត​ឲ្យ​មាន​ជម្លោះ​ជាតិ​សាសន៍​រវាង​ជនជាតិ​មួយ​ទៅ​ជនជាតិ​ផ្សេង បង្ក​ឲ្យ​ជម្លោះ​បន្តិចបន្តួច បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​ជម្លោះ​ធំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន។

ជាមួយ​គ្នា​នេះ ពលរដ្ឋ​ភាគច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ឥរិយាបថ​បើកបរ​របស់​ជនជាតិ​ចិន ដែល​សកម្មភាព​ការ​បើកបរ​រថយន្ត​របស់​ពួក​គេ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង ពិសេស​នា​ពេល​រាត្រី​ភាគច្រើន ពួក​គេ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​បន្តបន្ទាប់​ដល់​អ្នក​ធ្វើ​ដំណើរ។

ត្រង់​ចំណុច​នេះ អាណាព្យាបាល​សំណូមពរ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ចេញ​បទបញ្ជា​មក​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បង្កើន​ការងារ​ចុះ​ត្រួត​ពិនិត្យ ពិសេស​នៅ​ពេល​យប់ ស្នើ​កុំ​ឲ្យ​ជនជាតិ​ចិន ទាំងនោះ​មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង​នា​ទីប្រជុំជន​ក្រុង​ព្រះសីហនុ ជា​បន្ត​ទៀត ព្រោះ​ឥរិយាបថ​បើកបរ​របស់​ជនជាតិ​ចិន ភាគច្រើន​មាន​ល្បឿន​លឿន ស្រវឹង មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឬ​ភ្លើង​បញ្ជា​ចរាចរណ៍ និង​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ជាច្រើន​ករណី។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ទាំង​អ្នក​វិនិយោគទុន និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ ឬ​អ្នក​វិនិយោគទុន​មក​ពី​បរទេស មាន​ដូចជា រុស្ស៊ី អាមេរិក វៀតណាម និង​មក​ពី​ប្រទេស​អង់គ្លេស ជាដើម។

យ៉ាង​នេះ​ក្តី លោក គ្រឹស្នា មិន​ទាន់​មាន​តួលេខ​នៃ​ចំនួន​ជនជាតិ​ចិន ឬ​អ្នក​វិនិយោគទុន​ចិន ដែល​ចូល​មក​ខេត្ត​ព្រះសីហនុ ទាំង​ភ្ញៀវ​ទេសចរ និង​មក​វិនិយោគ​មាន​ចំនួន​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​ក្រុមហ៊ុន​ឲ្យ​ពិតប្រាកដ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា អ្នក​វិនិយោគទុន​ចិន ភាគច្រើន​បាន​ប្រកប​អាជីវកម្ម​នៅ​លើ​វិស័យ​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។