សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​កិច្ច​គាំពារ​បន្ថែម​លើ​គ្រូបង្រៀន

ដោយ ទីន ហ្សាការីយ៉ា
2022.10.05
Share on WhatsApp
Share on WhatsApp
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​កិច្ច​គាំពារ​បន្ថែម​លើ​គ្រូបង្រៀន សង្គមស៊ីវិល និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​៥ តុលា ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លើកឡើង​ថា លោកគ្រូ​អ្នកគ្រូ​ដែល​មាន​តួនាទី​ជា​អ្នក​អប់រំ បណ្ដុះបណ្ដាល​ចំណេះដឹង​ទៅដល់​ធនធាន​ជំនាន់​ក្រោយ​នោះ បច្ចុប្បន្ន​កំពុង​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ហើយ​រដ្ឋាភិបាល​មិនបាន​ផ្ដល់​កិច្ច​គាំពារ​ជូន​ពួកគាត់​នោះ​ទេ។ ក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ តុលា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សង្គម​ស៊ីវិល ព្រមទាំង​ក្រុម​យុវជន ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ក្របខណ្ឌ​ការងារ​ជា​គ្រូបង្រៀន​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃទី​៥ តុលា បាន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​គោលបំណង​សម្ដែង​មតិ​ទៅកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​គិតគូរ​ផ្ដល់​ការ​យកចិត្តទុកដាក់ ផ្តល់​កិច្ច​គាំពារ​លើ​គ្រូបង្រៀន​ឡើងវិញ​។ ពិធី​នេះ មាន​ការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រូបង្រៀន កូដករ​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) សហជីព ក្រុម​យុវជន​ខ្មែរ​ថាវរះ យុវជន​សកម្មជន និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ព្រមទាំង​សិស្សានុសិស្ស​សរុប​ប្រមាណ ១​រយ​នាក់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ថា រដ្ឋាភិបាល​មិនបាន​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​កម្ពស់​សិទ្ធិ​សេរីភាព និង​ការ​ផ្ដល់​តម្លៃ​ក្របខណ្ឌ​ការងារ​ជា​គ្រូបង្រៀន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ​ទេ​។ លើស​ពី​នេះ គ្រូបង្រៀន និង​កម្មករ​មួយចំនួន​មក​ចូលរួម​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ ក៏​ត្រូវ​បាន​អាជ្ញាធរ សួរនាំ និង​រឹតត្បិត​ពួកគាត់​ទៀត​ផង​។ អ្នកស្រី បន្ថែម​ថា ការ​ប្រារព្ធ​ទិវា​នេះ​ឡើង គឺ​ក្នុង​គោលបំណង​រម្លឹក​គុណ​ដល់​គ្រូបង្រៀន​ដែល​ចូលរួម​តស៊ូ​មតិ និង​ទាមទារ​ដល់​រដ្ឋាភិបាល​ឱ្យ​បើក​លំហ​សេរីភាព​បញ្ចេញមតិ​របស់​គ្រូបង្រៀន ព្រមទាំង​ដំឡើង​ប្រាក់បៀវត្ស​សម្រាប់​គ្រូបង្រៀន៖ «ថ្ងៃនេះ​ត្រូវ​មាន​វត្តមាន​នៅ​ទី​នេះ [​ទីលាន​ប្រជាធិបតេយ្យ​] ច្រើន​កុះករ ប៉ុន្តែ នៅ​តាម​សាលា​នីមួយៗ​មាន​ការ​តាមដាន កត់​ឈ្មោះ​អ្នក​ដែល​ចូលរួម​កម្មវិធី​ថ្ងៃនេះ​ដែរ​។ នេះ​គឺ​ការ​សោកស្ដាយ​របស់ខ្ញុំ​។ ប្រជាពលរដ្ឋ យើង​សព្វថ្ងៃ​កំពុងតែ​ពិបាក​ចេញ​ព័ត៌មាន បញ្ចេញ​យោបល់ តាម​បណ្ដាញ​សង្គម​ក្ដី ការ​រឹតត្បិត​សេរីភាព ការ​រឹតត្បិត​ការសម្ដែង​មតិ កាន់តែ​ខ្លាំង​ឡើង នេះ​ហើយ​ដែល​លោកគ្រូ​អ្នកគ្រូ យើង​មួយចំនួន​ភ័យខ្លាច»

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​រៀបចំ ថ្ងៃ​ចំ​ទិវា​គ្រូបង្រៀន​ពិភពលោក​ក្នុងឆ្នាំនេះ​ក្រោម​ប្រធាន​បទ​ស្ដីពី «​កម្រិត​ស្ថានភាព​នៃ​គ្រូបង្រៀន​» ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​កូវីដ​១៩ និង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ ធ្វើ​ឱ្យ​ទំនិញ​គ្រប់មុខ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​ដែល​ជា​ហេតុនាំ​ឱ្យ​គ្រូបង្រៀន​ប្រឈម​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​គិតគូរ និង​លើកទឹកចិត្ត​គ្រូបង្រៀន​តាមរយៈ​ការដំឡើង​ប្រាក់ខែ​ជូន​គ្រូបង្រៀន​ស្មើនឹង ១​ភាគ​៤ នៃ​ប្រាក់ខែ​សមាជិកសភា​។ ក្រៅ​ពី​នេះ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​គ្រូបង្រៀន​ចំនួន ៥​នាក់​កំពុង​ជាប់ឃុំ និង​ទាមទារ​ឱ្យ​គ្រូបង្រៀន​ចំនួន ១០​នាក់​អាច​ចូល​បំពេញ​តួនាទី​បង្រៀន​សិស្ស​ឡើងវិញ​ក្រោយពី​ក្រសួង​បាន​ដក​ពួកគាត់​ចេញ​ក្របខណ្ឌ​គ្រូបង្រៀន​ដោយសារតែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន រឿង​និយាយ​រិះគន់​មន្ត្រី​រដ្ឋាភិបាល​។ បន្ថែម​ពី​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី​រក​ដំណោះស្រាយ​ជូន​បុគ្គលិក​កម្មករ​ណាហ្គាវើលដ៍ ព្រមទាំង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​រួម​ទាំង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ។

ក្នុង​ឱកាស​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក (Facebook) ថា​ចាប់តាំងពី​ឆ្នាំ​១៩៩៧ មក កម្ពុជា​រៀបចំ​ទិវា​គ្រូបង្រៀន​ជា​រៀងរាល់​ឆ្នាំ​គឺ​នៅ​ថ្ងៃទី​៥ ខែតុលា ដើម្បី​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​នៃ​ការ​រម្លឹក​គុណ​ដ៏​ថ្លៃថ្លា​របស់​សិស្សានុសិស្ស​ចំពោះ​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​។ លោក ហ៊ុន សែន ថា​គ្រូបង្រៀន​ត្រូវ​បាន​ចាត់ទុក​ជា​មាតាបិតា​ទី​ពីរ ដែល​បាន​ផ្តល់​ការអប់រំ​ទាំង​ចំណេះវិជ្ជា និង​អត្តចរិត​ដល់​កុលបុត្រ កុលធីតា​ដែល​ជា​ទំពាំង​ស្នង​ឫស្សី។

ទោះបីជា​យ៉ាងណា ការ​លើកឡើង​របស់ លោក ហ៊ុន សែន បែបនេះ​ត្រូវ​បាន​អ្នកឃ្លាំមើល​បញ្ហា​សង្គម​ចាត់ទុកជា​ការសម្ដែង​ឱ្យ​ល្អ​តែ​មើល​តែប៉ុណ្ណោះ​។ ជាពិសេស បើ​លោក ហ៊ុន សែន ពិត​ជា មាន​ឆន្ទៈ​ផ្ដល់​កិច្ច​គាំពារ​ដល់​ការងារ​គ្រូបង្រៀន​ពិតមែន​នោះ មិនមែន​គ្រូបង្រៀន​ត្រូវ​បាន​អាជ្ញាធរ​លោក​ចាប់​ដាក់គុក ហើយ​គ្រូបង្រៀន​មួយ​ចំនួន​ទៀត​ឆ្លៀតពេល​ទៅ​រក​ការងារ​ក្រៅ​ម៉ោង​ដូចជា​រត់​ម៉ូតូឌុប​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​នោះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សូម្បី​តែ​ក្នុងពេលដែល​គ្រោង​រៀបចំ​ហែ​ក្បួន ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​គិតគូរ​ពី​ស្ថានភាព​គ្រូបង្រៀន​នេះ ក៏​ត្រូវ​អាជ្ញាធរ​រាប់​រយ​នាក់​ដាក់​កម្លាំង​ឡោមព័ទ្ធ​មិន​ឱ្យ​ហែ​ក្បួន​ដែរ​។ លោក​ចាត់ទុក​ទង្វើ​បែប​នេះ​ថា ជា​រូបភាព​អាក្រក់​មួយ​ដែល​បាន​រំលោភបំពាន និង​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន​ពលរដ្ឋ៖ «ទាំង​នាយករដ្ឋមន្ត្រី ទាំង​មន្ត្រីជាន់ខ្ពស់​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែ​ទទួល​ការ​អប់រំ​គ្រូបង្រៀន ហើយ​ប្រទេស​ដែល​រីកចម្រើន​ទៅ​បាន​អាស្រ័យ​ទៅ​លើ​ធនធានមនុស្ស​។ ធនធាន​មនុស្ស​កើត​មក​ពី​គ្រូបង្រៀន ហើយ​បើ​ប្រទេស​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ប្រទេស​ហ្នឹង​រីកចម្រើន​លឿន​។ ប៉ុន្តែ បើ​ប្រទេស​មួយ​មិន​យកចិត្តទុកដាក់ គ្រូបង្រៀន​ទុក​ឱ្យ​ក្ស័យ​ថវិកា​ដូច​ដូច្នេះ មិន​អាច​ជួយ​រុញច្រាន​ឱ្យ​សេដ្ឋកិច្ច សង្គម​រីក​ចម្រើន​បានទេ»

លោក រ៉ុង ឈុន បន្ថែម​ថា គ្រូបង្រៀន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ដល់​សមត្ថភាព​ធនធាន​របស់​សង្គម ដើម្បី​ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់​តែ​មាន​ភាពរឹងមាំ​។ លោក​ថា បើ​គ្រូបង្រៀន​នៅតែ​គ្មាន​ការ​ជួយ​ទំនុកបម្រុង​ពី​រដ្ឋាភិបាល​ដូច​សព្វថ្ងៃ​នេះ នោះ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ក៏​ប្រឈម​បាត់បង់​ធនធាន​មនុស្ស​ជំនាន់​ក្រោយ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​ច្រើន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។