ពលរដ្ឋ​ចាញ់បោក​​​ក្រុមហ៊ុន ឡេង ចាន់ណា ថា មេធាវី​រដ្ឋាភិបាល​ហាក់​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​​ឱ្យ​បាន​លឿន

ពលរដ្ឋ​ចាញ់បោក​​​នឹងក្រុម​ហ៊ុន​​​ អ្នកស្រី ឡេង ចាន់ណា ​ចាត់​ទុក​ការ​រៀបចំ​នីតិវិធី​ផ្លូវ​ច្បាប់ ​របស់​​មេធាវី​រដ្ឋាភិបាល​ការពារ​ក្ដី​ ដល់​ជន​រងគ្រោះ​ ហាក់​ធ្វើ​ឡើង​​ ដោយ​​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​​ ដោយ​សារ​តែ​មាន​ការ​អូស​បន្លាយ​ពេល​វេលា​កាន់​តែ​យូរ។ រីឯ​ ពលរដ្ឋ​​​រាប់ពាន់​នាក់​ កំពុង​រស់​​ទាំង​​​ត្រដរ​​ ​ជា​មួយ​នឹង​បំណុល​ធនាគារ។

ពលរដ្ឋ​ដែល​ចាញ់​បោក​លុយ​រាប់​ម៉ឺន​ដុល្លារ ​ជា​មួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា ហាក់​ពុំ​ទាន់​ស្ងប់​ចិត្ត​នោះ​ឡើយ បើ​ទោះ​បី​ ពួក​គាត់​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​មេធាវី​ របស់​រដ្ឋាភិបាល​ ជួយ​​ការពារ​ក្ដី​ ហើយ​ក៏ដោយ។ ពួក​គាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល ជួយ​ពន្លឿន​​រឿង​នេះ ​ឱ្យ​បាន​ឆាប់​​ ព្រោះ​សព្វ​ថ្ងៃ ពួក​គាត់​កាន់​តែ​ លំបាក​ស្ទើរ​​គ្មាន​បាយ​ហូប​គ្រប់គ្រាន់ ព្រោះ​ ត្រូវ​សន្សំ​លុយ​បង់​បំណុល​ធនាគារ។

ពលរដ្ឋ​រង​គ្រោះ​ ពី​ការ​ឆបោក​ដោយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា រស់​នៅ​ខេត្ត​ព្រៃវែង​ លោក យ៉ា វិសាល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ថា លោក​ត្រូវ​បាន​ក្រុមហ៊ុន អ្នកស្រី របស់ ឡេង ចាន់ណា បោក​អស់​ជាង​២ម៉ឺន​ដុល្លារ។ លោក​បាន​ដាក់​ពាក្យ​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​របស់​រដ្ឋាភិបាល ការពារ​ក្ដី​ជិត ១​ខែ​មក​ហើយ​ ប៉ុន្តែ លោក​មិន​​សូវ​​​ស្ងប់​ចិត្ត​​នោះ​ទេ​​ ព្រោះ​នីតិវិធី​អូស​បន្លាយ​យូរ​ពេក។

លោក​បន្ត​​ថា ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​មក​នេះ​ ដំណោះស្រាយ ឬ​វិធានការ​ផ្សេងៗ​ ពី​តុលាការ​ មក​លើ​ ក្រុម​ហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) នៅ​ជាប់​គាំង​ដដែល។​ លោក​បន្ត​​ថា​ ពលរដ្ឋ​ចង់​ឃើញ​វិធានការ​ផ្លូវ​ច្បាប់​ ដក​ហូត​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​លក់​យក​លុយ​ ដើម្បី​សង​ពលរដ្ឋ​វិញ​ឆាប់ៗ​ នោះ​ទើប​ជា​ដំណោះស្រាយ ​ទាន់​សភាពការណ៍​ ស្រប​ពេល​ ដែល​ ​ពលរដ្ឋ​ ​កំពុង​​លំបាក​ខ្លាំង ​​ជា​មួយ​នឹង​ជីវភាព​ខ្វះខាត និង​ ​បំណុល​វ័ណ្ឌក។

លោក យ៉ា វិសាល៖«ខ្ញុំ​សូម​ស្នើ​សុំ​ដល់​ថ្នាក់​ដឹកនាំ ក៏​ដូច​ជា​មេធាវី របស់​រដ្ឋាភិបាល ​សូម​ជួយ​ពន្លឿន ដើម្បី​ឱ្យ​កូន​ចៅ​ទាំង​អស់​គ្នា ឆាប់​បាន​ដោះ​បំណុល​ឱ្យ​បាន​ឆាប់។​ កូន​ចៅ​រាល់​ថ្ងៃ​ពិបាក​ណាស់ ។ ពិបាក​ក្នុង​ជីវភាព​ព្រោះ​ជា​ជីវភាព​រាល់​ថ្ងៃ​នេះ ​ពេល​ខ្លះ​អត់​បាន​ ព្រោះ​យើង​រក​លុយ​មក ផ្គត់ផ្គង់​តែ​ធនាគារ។ ណា​មួយ​មាន​កូន​ខ្ចី​ត្រូវ​ ផឹក​ទឹក​ដោះ​គោ​ផង​ ណា​មួយ​យើង​ជំពាក់​បំណុល​ធនាគារ​ច្រើន»។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់​ទង​ប្រធាន​មេធាវី​របស់​រដ្ឋាភិបាល លោក គី តិច ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដោយ​ហៅ​ទូរស័ព្ទ​ ចូល​គ្មាន​អ្នក​ទទួល។

ចាប់​តាំង​ពី​​ខែ​ឧសភា រហូត​​ដល់​ខែ​មិថុនា​ នេះ មេធាវី​រដ្ឋាភិបាល​ ដែល​បាន​រៀបចំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ចុះ​ជួប​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​ ដើម្បី​​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​ការពារ​ក្ដី​តាម​ផ្លូវច្បាប់។

ទោះ​ជា​យ៉ាង​ណា​ ក្រៅ​ពី​ការ​ពឹង​ពាក់​មេធាវី​នេះ​ ពលរដ្ឋ​មួយ​ចំនួន ពួក​គាត់​ថា​ ​​គ្មាន​ជំនឿ​ចិត្ត​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ ​ ដោយ​សារ​តែ​ នីតិ​វិធី​ របស់​មេធាវី​ ហាក់​ធ្វើ​ឡើង​ ​ដើម្បី​​អូស​បន្លាយ​ពេល​វេលា ​ឬ​ស្អំ​ចិត្ត​ពលរដ្ឋ​ កុំ​ឱ្យ​ចេញ​តវ៉ា​ប៉ុណ្ណោះ​។ ពួក​ គាត់​​បន្ត​ថា​ ករណី​ ឆបោក​លុយ​ រាប់​ម៉ឺន​ដុល្លារ​​ ពី​សំណាក់​អ្នកស្រី ឡេង ចាន់ណា នេះ គឺ​ជា​ទោស​ព្រហ្មទណ្ឌ​ ដែល​តុលាការ​ត្រូវ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ពុំ​ចាំ​បាច់ ទាល់​តែ​មាន​ការ​ពឹង​ពាក់​មេធាវី​ពី​សំណាក់​​ពលរដ្ឋ​រងគ្រោះ​នោះ​ទេ។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​ពេល​វេលា​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ​ ជា​រឿង​ដែល​ពុំ​ល្អ​ឡើយ​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ចេញ​មុខ​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ពួក​គាត់​យក​លុយ​ទៅ​សង​ធនាគារ។

លោក នី សុខា៖ «ប្រសិន​បើ​រឿង​នេះ​ពលរដ្ឋ​មិន​ទទួល​បាន​យុត្តិធម៌​ឬក៏​មាន​ការ​អូស​បន្លាយ​ពេល​វេលា​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​មាន​ការ​រង​គ្រោះ។ ខ្ញុំ​គិត​ថា វា​ជា​គំរូ​មួយ​មិន​ល្អ​ហើយ​វា​អាច​ជា​ទម្រង់​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ន័យ​ថា បណ្ដោយ​ឱ្យ​ក្រុម​ហ៊ុន ឬ​ក៏​អ្នក​រក​ស៊ី​មិន​ទៀង​ត្រង់ ឬ​ក៏​អ្នក​រក​ស៊ី​ទុច្ចរិត មាន​ការ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ អី​ជា​ហូរហែ​ហ្នឹង។ អាច​ជា​គំរូ​មួយ​ហើយ​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ អស់​សង្ឃឹម​ទៅ​លើ​ការ​ដឹក​នាំ»។

គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​មិថុនា​ នេះ​​ មាន​ពលរដ្ឋ ជិត ៣.០០០​នាក់​ ហើយ​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​មេធាវី​ការពារ​ក្ដី។

បោះ​ទោះ​បី​ជា ​កន្លង​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី ឡេង ចាន់ណា ជា​បណ្ដោះអាសន្ន​ ក្នុង​គោលដៅ លក់​ឡាយឡុង​យក​ប្រាក់​សង​ម្ចាស់​បំណុល​ក្ដី​ ប៉ុន្តែ​​តុលាការ​ខេត្ត​សៀមរាប​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​សង្ស័យ​ថា​ មាន​ភាព​មិន​ប្រក្រតី ខណៈ​ដែល​កន្លង​ទៅ​ អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​ គឺ​ធ្លាប់​បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ធ្វើ​ឱ្យ​ករណី​នេះ​ គេ​សង្ស័យ​ថា​ ប្រហែល​ជា​មាន លោក​ ហ៊ុន ម៉ាណែត ចាំ​ការពារ​នៅ​ពី​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។